ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​អាស៊ាន នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​កិច្ច​ប្រជុំ​សប្តាហ៍​នេះ


ក្រុម​រដ្ឋមន្ត្រី​មក​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ បាន​​ឈ​រ​ថត​​ជុំ​​គ្នា​ នៅ​ទីក្រុង​កូឡាឡាំពួរ​ ​នៃ​ប្រទេស​​ម៉ាឡេស៊ី នៅ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៥។
ក្រុម​រដ្ឋមន្ត្រី​មក​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ បាន​​ឈ​រ​ថត​​ជុំ​​គ្នា​ នៅ​ទីក្រុង​កូឡាឡាំពួរ​ ​នៃ​ប្រទេស​​ម៉ាឡេស៊ី នៅ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៥។

ក្រុម​រដ្ឋមន្ត្រី​អាស៊ាន​រួម​ទាំង​កម្ពុជា​ផង ​នឹង​ប្រកាស​ពី​ជំហរ​ចុងក្រោយ​របស់​គេ​មួយ​ដើម្បី​តាក់តែង​​របៀប​អនុវត្ត​សេចក្ដី​ថ្លែង​ការណ៍​រួម​សមុទ្រ​ចិន​ខាង​ត្បូង​ឆ្នាំ​២០០២​ដែល​​ហៅ​ថា ​DOC។

ក្រុម​រដ្ឋមន្ត្រី​មក​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ក្នុង​កិច្ច​ប្រជុំ​។​ ក្រុម​រដ្ឋមន្ត្រី​អាស៊ានការបរទេសរួម​ទាំង​កម្ពុជា​ផង​នឹង​ប្រកាស​ពី​ជំហរ​ចុងក្រោយ​របស់​គេ​មួយ​ដើម្បី​តាក់តែងរបៀប​អនុវត្ត​សេចក្ដី​ថ្លែង​ការណ៍​រួម​សមុទ្រ​ចិន​ខាង​ត្បូង​ឆ្នាំ​២០០២​ដែលហៅ​ថា ​DOC។ ​ដំណើរការ​នេះ​គឺ​ជា​រឿង​មួយ​អាច​ឈាន​ទៅ​ដល់​ការ​តាក់តែង​សេចក្តី​ព្រាង​ក្រមប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ COC ​ ដែលគេ​យល់​ថា ចាំ​បាច់​សម្រាប់​ស្ថិរភាព​និង​សន្តិភាព​ក្នុង​តំបន់។

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​សប្តាហ៍​នេះ​ ជាទី​ កន្លែង​ដែល​ពួក​គេ​រំពឹង​ថា ​នឹង​ពិភាក្សា​អំពី​ជំហរ​ចុងក្រោយ​របស់​គេ​លើ​បញ្ហា​ សមុទ្រ​ចិន​ខាងត្បួង​ ហើយ​ឈាន​ទៅ​រក​កិច្ចព្រម​ព្រៀង​ជាច្រើន​ទៀត​ដើម្បី​ធានា​សន្តិភាព​ក្នុង​តំបន់។​ បើ​តាម​ឯកសារ​ដែល​ VOA ភាសា​ខ្មែរ​ទទួល​បាន​មុន​ពេល​កិច្ចប្រជុំ​ បាន​បញ្ជាក់​ថា​ក្រុម​រដ្ឋមន្ត្រី​រំពឹង​ថា​នឹង​បញ្ជាក់​ពី​ជំហរ​រឹងមាំ​របស់​ខ្លួន​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​ ក៏​ដូច​ជា​សេរីភាព​នាវាចរណ៍​ ពាណិជ្ជកម្ម​ដែល​គ្មាន​ការ​រំខាន​ ​និង​ការ​ហោះហើរ​លើ​តំបន់​នេះ​ជាដើម។

ក្រុម​រដ្ឋមន្ត្រី​ក៏​បាន​ធ្វើ​កិច្ចការ​ឆ្ពោះ​ទៅ​កាន់​សេចក្តី​ថ្លែងការណ៍​រួម​ DOC ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ពិភាក្សា​ឈាន​ទៅ​ដល់​ការ​តាក់តែង​ក្រម​ប្រតិបត្តិ ​COC​ មុន​កាល​កំណត់​ ដែល​នេះ​ជា​ច្បាប់​ឬ​ក្រម​ដែល​អាច​បង្កើត​យន្តការ​នានា​ដើម្បី​បញ្ចៀស​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ពេញ​ដោយ​អរិភាព​នោះ។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​រំពឹង​ថា​នឹង​អាន​ដោយ​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឯ​ទី​បញ្ចប់​នៃ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី៦ ​ខែ​សីហា​គឺ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី។

ក្រុម​រដ្ឋមន្ត្រី​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ក្តី​បារម្ភ​ជុំវិញ​បញ្ហា​ការ​ទន្ទា្រន​និង​សាងសង់​សំណង់​លើ​ដែន​សមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​ពួកគេ​នឹង​បញ្ចុះ​បញ្ចូល​កុំ​ឲ្យ​មាន​សកម្មភាព​ជា​ឯកតោភាគី​ឬ​ការ​ប្រើប្រាស់​កម្លាំង​ដែល​អាច​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់។

តែ​បើ​តាម​ឯកសារ​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​តាក់តែង​សេចក្ដី​ថ្លែងការណ៍​រួម DOC​ ដែល​ VOA ​ទទួល​បាន​នោះ ​ក្រុម​ប្រទេស​អាស៊ាន​និង​ចិន​កំពុង​ធ្វើការ​តាក់​តែង​សេចក្តី​ថ្លែងការណ៍​រួម​ DOC ​ប្រកប​ដោយ​អត្តន័យ​ច្បាស់លាស់​ជាង​មុន។ ក្នុង​កិច្ច​ប្រជុំ​នៅ​ខែ​កក្កដា​និង​ខែ​សីហា​នេះ​ ក្រុម​ការងារ​ប្រទេស​អាស៊ាន​និង​ចិន​បាន​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ក្នុង​ស្មារតី​អ្នក​ជិត​ខាង​ល្អ​ ហើយ​ធ្វើ​ទៅ​តាម​ច្បាប់​ដែន​សមុទ្រ​អន្តរជាតិ។

នៅ​ក្នុង​កិច្ចប្រជុំ​ទាំងនោះ​ក្រុម​រដ្ឋមន្ត្រី​អាស៊ាន​និង​ចិន​បាន​ធ្វើ​ការ​បង្កើត​ចំណុច​ ទាក់ទង​សម្រាប់​កិច្ចការ​បន្ទាន់​រវាង​ក្រុម​មន្ត្រី​ជាន់ខ្ពស់ ​ដែល​រំពឹង​ថា​អាច​រារាំង​មិន​ឲ្យ​មាន​ជម្លោះ​កើន​ឡើង។​ ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី​ ឯកសារ​ជា​សេចក្តី​ព្រាង​បាន​កត់​សម្គាល់​ថា​មាន​«គម្លាត​កាន់​តែធំ‍​ឡើង»​រវាង​ការ​ចរចា​តាម​ផ្លូវ​ការ​ទូត​និង​ស្ថានភាព​ជាក់​ស្តែង​នៃ​កំណើន​ភាព​តាន​តឹង​នៅ​លើ​ទីតាំង​ផ្ទាល់។

ភាគី​មួយៗ​បាន​ព្រមព្រៀង​ត្រូវ​គោរព​និង​អនុវត្ត​ការ​ទប់ចិត្ត​ (self-restraint) ដើម្បី​ជៀសវាង​ជម្លោះ​និង​ជៀសវាង​ការតាំង​ទី​លំនៅ​លើ​កោះ​ដែល​សព្វ​ថ្ងៃ​គ្មាន​មនុស្ស​រស់​នៅ​ និង​តំបន់​ដែល​មាន​ការ​ប្រទាញ​ប្រទង់​ដទៃ​ទៀត។​ ភាគី​ទាំង​ពីរ​ក៏​កំពុង​ធានា​ថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិន​បង្ក​បញ្ហា​ដល់​ទំនាក់ទំនង​ជាទូទៅ​រវាងអាស៊ាន​ចិន​ទេ។ ជាមួយគ្នា​នេះ​ដែរ​ពួកគេ​ធ្វើ​ការ​ចរចា​ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​ COC ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ខណៈ​ដែល​មាន​ការ​ពង្រីក​ការ​ជឿ​ជាក់​និង​ទំនុក​ចិត្ត​ទៅ​វិញ​ទៅ​មក។

សម្រាប់​ប្រទេស​ចិនៗ​ចង់​បាន​ជា​ចម្បង​ឲ្យ​មាន​ការ​រក្សា​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ អាស៊ាន​ ហើយ​នឹង​រក្សា​កិច្ច​សហប្រតិបត្តិការ​ចេញ​ពី​សេចក្តី​ថ្លែងការណ៍​រួម​ DOC ឆ្នាំ២០០២​ ដែល​បាន​ទទូច​ឲ្យ​មាន​សន្តិភាព​ ស្ថិរភាព​ មិត្តភាព ​និង​កិច្ច​សហ ប្រតិបត្តិការ​ជុំវិញ​បញ្ហា​សមុទ្រ​ចិនខាង​ត្បូង។

ឯកសារ​របស់​ចិន​ដែល​ VOA ទទួល​បាន​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ ​ហើយ​ពាក់ព័ន្ធ​នឹង​ក្រម​ប្រតិបត្តិ ​COC ​នោះ ​បាន​បញ្ជាក់​ថា៖

‍«ការ​អនុវត្តន៍​គម្រោង​ដែល​បាន​យល់ព្រម​ជាមួយ​គ្នា​ វិធានការ​បណ្តោះ​អាសន្ន គម្រោង​បញ្ចប់​កិច្ចព្រម​ព្រៀង​ឲ្យ​បាន​មុន​ពេល​កំណត់​ រួម​ទាំង​ការ​អភិវឌ្ឍ​រួម​គ្នា ក្រោម​ច្បាប់​ក្រម​ប្រតិបត្តិ​ គួរ​តែ​ត្រូវ​ធ្វើ​តាម​មូលដ្ឋាន​ជា​ឯកច្ឆន្ទ​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ ​ហើយ​នឹង​តាម​មូលដ្ឋាន​ស្ម័គ្រចិត្ត​ ហើយ​ប្រសិន​បើ​យល់​ថា​ ​មាន​សារៈសំខាន់​ សេវាកម្ម​នានា​នៃ​ក្រុម​អ្នក​ជំនាញ​ និង​អ្នក​មាន​ឥទ្ធិពល​នឹង​ត្រូវ​ផ្តល់​ធនធាន​ជាក់លាក់​ស្តី​ពី​គម្រោង​ពាក់ព័ន្ធ‍»។

បើ​តាម​ឯកសារ​គម្រោង​ជា​ទូទៅ​សម្រាប់​ការ​តាក់​តែង​ក្រមប្រតិបត្តិ​ដែល​ VOAខ្មែរ​ទទួល​បាន​ ហើយ​ស្នើ​ដោយ​ប្រទេស​ថៃ​នោះ ​បាន​បញ្ជាក់​ថា​ គោល​បំណង​ជា​ចម្បង​នៃ​ក្រម​ប្រតិបត្តិ ​COC​ គឺ​ដើម្បី​លើក​កម្ពស់​ការ​ជឿជាក់​និង​ទំនុក​ចិត្ត​រារាំង​ ហើយ​នឹង​ដោះស្រាយ​ព្រឹត្តិការណ៍​ដែល​កើតឡើង​ ដោយ​គ្មាន​ការ​ប៉ះពាល់​ចំពោះ​ការ​ទាមទារ​ជា​កម្មសិទ្ធិ។ ​ក្រម​ប្រតិបត្តិ​គួរ​តែជួយ​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ​តាម​ច្បាប់​អន្តរជាតិ រួម​ទាំង​កិច្ច​ព្រមព្រៀង​របស់​អ.ស.ប.​ឆ្នាំ​១៩៨២​ ស្តី​ពី​ច្បាប់​សមុទ្រ​ជាដើម។

សេចក្តី​ព្រាង​គម្រោង​នោះ​បាន​បញ្ជាក់​បន្ថែម​ថា៖

‍«ក្រម​ប្រតិបត្តិ​ COC​ មិន​មែន​មាន​ន័យ​ថា​ជា​ឧបករណ៍​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទេ។​ ជំនួស​មក​វិញ​ថា​ជា​គម្រោង​ផ្អែក​តាម​ច្បាប់ ​ដែល​មាន​របៀប​ជា​បទដ្ឋាន ក្រឹត្យ​ក្រម​និង​នីតិវិធី​ដែល​អាច​នាំ​ភាគី​នានា​ឲ្យ​ប្រតិបត្តិ​តាម​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង‍»។

លោកស្រី ​Shihoko Goto ​អ្នកស្រាវជ្រាវ​កិច្ចការ​អាស៊ី​ម្នាក់​នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឈ្មោះ ​Wilson Center ​បាន​ថ្លែង​ថា​ ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​នៃ​វិធាន​នានា​ គឺ​ជា​រឿង​សំខាន់​សម្រាប់​កិច្ច​ពិភាក្សា​ខាង​មុខ​ ជាពិសេស​លើ​បញ្ហា​នៃ​ការ​ព្យាយាម​ថ្មីៗ​របស់​ចិន​ក្នុង​ការ​សាងសង់​សំណង់​នានា​នោះ។

«មាន​ការ​យល់​ច្បាស់​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដែល​ថា ​ទិដ្ឋភាព​ច្បាប់​មិន​ច្បាស់​លាស់​បច្ចុប្បន្ន​គឺ​បាន​បន្ថែម​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​រឿង​នេះ​ចាំ​បាច់​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់។ ​តែ​កិច្ចប្រជុំ​នៅ​ក្រុង​ Tianjin​នៅ​តែ​បង្ហាញ​ពី​វិធី​ដ៏​លំបាក​យ៉ាង​ណា​ដែល​កើត​ឡើង​ក្នុង​ការ​សម្រេច​បាន​គោល​បំណង​រួម​នោះ»។

លោកស្រី​បាន​បន្ថែម​ថា៖

«ជំហាន​វិជ្ជមាន​មួយ​ទៅ​មុខ​ចុងក្រោយ​ក្នុង​កិច្ចប្រជុំ​ក្រុង​ Tianjin​ គឺ​ការ​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​ថ្នាក់​រដ្ឋមន្ត្រី​ជា​បន្ទាន់​ ឬ Hotline ​ដើម្បី​ដោះស្រាយ​បញ្ហា​កើត​ឡើង​ជា​បន្ទាន់ៗ។​ ប៉ុន្តែ​ការ​ពិបាក​នោះ​គឺ​ការ​បង្កើត​ក្រមប្រតិបត្តិ ​COC ​ដែល​អាច​ពង្រីក​ការ​បែងចែក​កាន់​តែ​ធំ​ក្នុង​ចំណោម​ប្រទេស​ពាក់ព័ន្ធ​ទាំង​នោះ ​និង​ភាព​តាន​តឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង»។

ដំណាល​គ្នា​នេះ​ដែរ​ សហរដ្ឋ​អាមេរិក​ក៏​ចង់​ឃើញ​មាន​ការ​ឈាន​ដល់​ដំណោះស្រាយ​ដែរ​ ហើយ​លោកស្រី​ Shihoko​ បាន​បញ្ជាក់​បន្ត​ថា៖

«ដោយ​យល់​ឃើញ​ថា ​ប្រជាជាតិ​អាស៊ាន​ជាច្រើន​ចាប់​អារម្មណ៍​ចង់​ឲ្យ​មាន​ការ​ឈាន​ដល់​ដំណោះ​ស្រាយ​ក្នុង​ពេល​ឆាប់ៗ​ដោយ​ផ្តោត​លើ​ការ​កសាង​ទំនាក់ទំនង​ល្អ​ ជាមួយ​ចិន​នោះ ​ ការ​ចាប់​អារម្មណ៍​របស់​សរអា​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ជា​អន្តរជាតិ​ ក្នុង​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ ​ហើយ​ជា​ផ្នែក​នៃ​ការ​ព្យាយាម​ក្នុង​ការ​អនុវត្តន៍​តាម​បទដ្ឋាន​អន្តរជាតិ»។

លោកស្រី​ក៏​បាន​ថ្លែង​អះអាង​បន្ត​ថា ​បញ្ហា​មួយ​គឺ​ថា​តើ​ប្រទេស​ហ្វីលីពីន​ ដែល​ប្តឹង​ ប្រឆាំង​នឹង​ចិន​នៅ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​ អាច​នឹង​ប៉ះពាល់​ដល់​ការ​សម្លឹង​ទៅ​រក​ទំនាក់ទំនង​ទៅ​អនាគត​ជាមួយ​ចិន​យ៉ាង​ដូចម្តេច។​ ភាគី​ទាំង​ពីរ​ មិន​ចាំបាច់​រាប់​បញ្ចូល​ទៅ​វិញ​ទៅ​មក​នោះ​ទេ។ ​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ជា​ សមាជិក​អាស៊ាន​មួយ​ដែល​មាន​ចំណង​ទាក់ទង​ជិតដិត​ជាមួយ​ចិន​ អាច​មាន​តួនាទី​ក្នុង​កិច្ច​ប្រជុំ​នៅ​ពេល​ខាងមុខ​ ដែល​លោក​ស្រី​បាន​បន្ថែម​ថា ​នោះ​ គឺ​ជា​ការ​សាក​ល្បង​នៃ​កិច្ចការ​ទូត​ដ៏​ប៉ិនប្រសប់​របស់​រដ្ឋាភិបាល។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​កម្ពុជា​នៅ​តែ​មាន​ចំណាប់​អារម្មណ៍​ចង់​បញ្ចប់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

«ខ្ញុំ​ត្រូវការ​ឲ្យ​អាស៊ាន​និង​ចិន​បន្ត​ការ​ចរចា​និង​អនុវត្តន៍​ត្រឹមត្រូវ​តាម​សេចក្តី​ថ្លែងការណ៍​ភាគី​សមុទ្រ​ខាងត្បូង ​ដែល​ហៅ​ថា DOC​ និង​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ក្រម​ប្រតិបត្តិ ​COC ​ហើយ​នឹង​លើក​ទឹក​ចិត្ត​ផង​ដែរ​ដល់ប្រទេស​ពាក់ព័ន្ធ​ធ្វើ​ការ​សន្ទនា​គ្នា»។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រតិកម្ម​ជា​ថ្មី​ថា​ វា​ជា​រឿង​មិន​សមរម្យ​ទេ​ក្នុង​ការ​ស្តី​បន្ទោស​រដ្ឋាភិបាល​កម្ពុជា​ថា​លម្អៀង​ទៅ​រក​ចិន​ ហើយ​មិន​អាច​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ឆ្នាំ​២០១២​ក្នុង​ប្រទេស​កម្ពុជា ​មិន​អាច​មាន​លទ្ធផល ជាពិសេស​ក្រមប្រតិបត្តិ​ COC ។​ លោក​ថា​ ​ប្រទេស​ជាច្រើន​រាប់ទាំង​ ភូមា ព្រុយណេ​ និង​ម៉ាឡេស៊ី​មិន​អាច​ធ្វើ​ឲ្យ​ចេញ​លទ្ធផល​បាន​ដែរ​ តែ​មិន​រង​ការ​ត្រូវ​ស្តីបន្ទោស​ទេ។

លោក ​Achmad Rizal ​Purnama​ ជា​លេខា​ទូត​ទី១​នៃ​ស្ថានទូត​ឥណ្ឌូណេស៊ី​ក្នុង​ រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា ​ក្រមប្រតិបត្តិ​ COC ​នឹង​ជួយ​កសាង​ទំនុក​ចិត្ត​រវាង​ចិន​និង​អាស៊ាន ​តែ​វា​ជា​រឿង​ដែលគេ​មើល​ឃើញ​ថា​តើ ​ក្រម​ប្រតិបត្តិ​នេះ​នឹង​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​លើ​ផ្ទៃ​សមុទ្រ​យ៉ាងណា ​ទាក់ទង​នឹង​ការ​ធ្វើ​នាវាចរណ៍​ ព្រឹត្តការណ៍​យោធា​ដ៏​សំខាន់ៗ ​ហើយ​នឹង​រឿងរ៉ាវ​ផ្សេងៗ​ទៀត។​ លោក​ថា ក្រមប្រតិបត្តិ​នេះ​នឹង​ត្រូវការ​ពេល​វេលា​ខ្លះ​ក្នុង​ការ​តាក់តែង។​ តែ​លោក​ថា​ បើ​និយាយ​ឲ្យ​ពិត​គឺ​ក្រម​ប្រតិ្តបត្តិ​នេះ​នឹង​មិន​ត្រូវ​គេ​អនុម័ត​នៅ​ឆ្នាំនេះ​ទេ»៕

XS
SM
MD
LG