រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហររបស់ខ្លួននៅថ្ងៃអង្គារនេះថា ប្រទេសកម្ពុជានឹងនៅបន្តជាអ្នកសម្របសម្រួលដើម្បីបន្ធូរភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលជាប់គាំងដោយសារជម្លោះរវាងប្រទេសចិននិងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសកម្ពុជា។
លោកចែម វិទ្យា អនុរដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្តីការក្រសួង បន្ទាប់ពីជំនួបមួយរវាងលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបទេស និងលោកXu Bu ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសមាគមអាស៊ាន ថា ប្រទេសកម្ពុជាចង់ឃើញប្រទេសចិននិងអាស៊ានរក្សាទំនាក់ទំនងល្អដើម្បីឲ្យមានស្ថិរភាពនយោបាយ មានសន្តិសុខយូរអង្វែង ដែលជាកត្តាមួយធ្វើឲ្យកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក ស្ថិតស្ថេរយូរអង្វែង។
«កម្ពុជានឹងគឺថា ចង់សម្របសម្រួល ធ្វើយ៉ាងម៉េចឲ្យបន្ធូរបរិយាកាសរវាងប្រទេសអាស៊ាននិងចិន ព្រោះយើងយល់ថាដំណោះស្រាយនានាយើងមិនអាចធ្វើដោយយើងអត់និយាយជាមួយគ្នាទេ បើយើងធ្វើរកដំណោះស្រាយការទូតវាទាល់តែយើងនិយាយគ្នា បើយើងមិននិយាយគ្នាមិនអាចរកដំណោះស្រាយបានទេ»។
លោកXu Bu ឯកអគ្គរដ្ឋទូតចិនប្រចាំតំបន់អាស៊ានពុំបញ្ជាក់ឲ្យបានលម្អិតនៅចំពោះមុខអ្នកសារព័ត៌មាន លើបញ្ហាសមុទ្រចិនខាងត្បូងនេះទេ ដោយលោកគ្រាន់តែថ្លែងកោតសរសើរប្រទេសកម្ពុជាក្នុងការសម្របសម្រួលសន្តិសុខជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគេ្នយ៍។
ប្រទេសចិនធ្លាប់បានអះអាងថា ខ្លួនកាន់កាប់៩០ភាគរយនៃតំបន់ដែនទឹកយុទ្ធសាស្រ្តជាច្រើននៅក្នុងសមុទ្រចិនភាគខាងត្បូង ហើយចិនក៏ធ្លាប់បាននិយាយដដែលៗថា អាស៊ានមិនមែនជាភាគីនៃជម្លោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះទេ។ ប្រទេសចិនបានបញ្ជាក់ផងដែរថា ជម្លោះដែលកើតមាននៅក្នុងតំបន់សមុទ្រនេះ គួរត្រូវដោះស្រាយដោយទ្វេភាគី។ នៅក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មាន ប្រទេសវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ីបានប្រជែងអះអាងជាម្ចាស់កម្មសិទ្ធិក្នុងតំបន់សមុទ្រជម្លោះមួយនេះ។
រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសដែរថា ដំណោះស្រាយលើការអះអាងទាមទារធ្វើម្ចាស់ទឹកដីក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ត្រូវតែរកឲ្យបានដោយប្រទេសដែលជាប់ពាក់ព័ន្ធនឹងជម្លោះនេះ។
លោកបណ្ឌិតសុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ មានប្រសាសន៍ប្រាប់វីអូអេថា កម្ពុជាមានឥទ្ធិពលតិចតួចណាស់នៅក្នុងការសម្របសម្រួលបន្ធូរបន្ថយទំនាស់នេះ ដោយលោកបានពន្យល់ថា៖
«មិនៗ មិនច្រើនទេ មិនច្រើនទេ។ យើងដឹងហើយថាអាស៊ាន មានប្រព័ន្ធផ្សេងគ្នា អាស៊ានមានឈ្មោះតែអាស៊ានតែមួយជោគវាសនាតែមួយ មានតែពាក្យទេ។ ការណ៍ពិតអាស៊ានគឺបែកខ្ញែកគ្នាទាំងអស់។ យើងឃើញហើយអាស៊ានចិន អាស៊ានអាមេរិក អាស៊ានអូស្រ្តាលី មានបងធំនៅពីក្រោយខ្នងរៀងៗខ្លួន ហើយក្នុងការសម្របសម្រួលណាមួយខ្ញុំជឿជាក់ថានេះជាការលំបាក»។
លោកសុខ ទូចបានបន្ថែមថា ទោះបីប្រទេសចិនកំពុងមានទំនាស់ជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសចិននឹងមិនប្រើមធ្យោបាយក្តៅដោះស្រាយទំនាស់នេះទេ ដោយប្រទេសនេះនៅបន្តរក្សាយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៣០ គឺមុនពេលដែលបដិវត្តន៍លទ្ធិកុម្មុយនីស្តកើតឡើងនៅឆ្នាំ១៩៤៩។
នៅពេលដែលប្រទេសកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១២ សមាគមនេះខកខានមិនបានចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងដើម្បីបញ្ជាក់ពីជំហររបស់អាស៊ានក្នុងតំបន់សមុទ្រចិនភាគខាងត្បូងនេះ ចាប់ពីការបង្កើតឡើងនៃសមាគមអាស៊ានក្នុងឆ្នាំ១៩៦៧។
ប្រទេសចិនបានផ្តល់ជំនួយច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា ក្នុងនោះមានជំនួយហិរញ្ញវត្ថុ និងជំនួយគាំទ្រផ្នែកយោធា៕