ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ហ្វីលីពីន​ សហរដ្ឋ​អាមេរិក​ និង​ជប៉ុន​ធ្វើ​សមយុទ្ធ​យោធា​ក្បែរ​ដែន​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង

  • Simone Orendain

ឧត្តម​សេនីយ៍​ទោ​នៃ​កង​ទ័ព​ជើង​ទឹក​របស់​ហ្វីលីពីន (រូប​ស្តាំ) ចែក​រំលែក​ភាព​រីករាយ​ជាមួយ​ឧត្តម​សេនីយ៍​ទោ William Merz កំឡុង​ពិធី​បើក​នៃ​សមយុទ្ធ​ Cooperation Afloat Readiness and Training (CARAT) 2015 នៅ​ឯ​ស្នាក់​ការ​កណ្តាល​កង​ទ័ព​ជើង​ទឹក​នៅ​ក្នុង​ទីក្រុង Puerto Princesa ខេត្ត​ Palawan។

ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ហ្វីលីពីន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២២​ ខែ​មិថុនា​ ស្រប​ពេល​ដែល​កងទ័ព​ជើង​ទឹក​របស់​ជប៉ុន​ និង​ហ្វីលីពីន​ចាប់​ផ្តើម​ធ្វើ​ការ​ហ្វឹក​ហាត់​រួម​គ្នា​មួយ​ដែរ។​ ព្រឹត្តិការណ៍​ទាំង​ពីរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​កោះ​មួយ​នៅ​ក្នុង​ខេត្ត​ Palawan​ ដែល​ស្ថិត​នៅ​ក្បែរតំបន់​មាន​ជម្លោះ​ដ៏​ក្តៅ​គគុក​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

ការ​ធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក​មាន​ការ​ចូលរួម​ដោយ​ នាវា​ចម្បាំង​កងទ័ព​ជើង​ទឹក​ USS​ Forth​ Worth​ និង​យន្តហោះ​ឈ្លប​យក​ការណ៍​ P-3 Orion។​ កងទ័ព​ជើងទឹក​របស់​ហ្វីលីពីន​ បាន​ឲ្យ​ដឹង​ថា​ កងទ័ព​នឹង​ធ្វើ​ការ​ហ្វឹកហាត់​ក្នុង​ការ​ហោះហើរ​ឈ្លប​យក​ការណ៍​ និង​ធ្វើ​ការ​បាញ់​ដោយ​គ្រាប់​មែន​ទែន​ ហើយ​ធ្វើ​ការ​រុករក​ដោយ​ប្រើ​ប្រាស់​កប៉ាល់​ និង​អនុវត្ត​ការ​ទប់ស្កាត់​ចាប់​យក​នាវា​ ក្នុង​ចំណោម​ការ​ធ្វើ​សមយុទ្ធ​ដទៃ​ទៀត។​ មន្ត្រី​និយាយ​ថា​ ការ​ធ្វើ​សមយុទ្ធ​រួម​នោះ​នឹង​ប្រព្រឹត្ត​ឡើង​ក្នុង​ដែន​ទឹក​នៃ​ប្រទេស​ហ្វីលីពីន​នៅ​តាម​ច្រាំង​សមុទ្រ​ភាគ​ខាង​កើត​ដ៏​វែង​នៃ​កោះ​ Palawan។​

អ្នក​នាំ​ពាក្យ​កងទ័ព​ជើងទឹក​ហ្វីលីពីន​ លោក​ឧត្តម​សេនីយ៍​ឯក​ Lued​ Lincuna ​បាន​សង្កត់​បញ្ជាក់​ប្រាប់​ វីអូអេ​ ថា​ ការ​ធ្វើ​ការ​ជាមួយ​កង​កម្លាំង​ការពារ​ជើងទឹក​របស់​ជប៉ុន គឺ​ជា​សកម្មភាព​នាវាចរណ៍​មួយ​ មិន​មែន​ជា​សមយុទ្ធ​នាវាចរណ៍​មួយ​ទេ។​ លោក​ថ្លែង​ថា​ ការងារ​នេះ​នឹង​មាន​ការ​ផ្តោត​ខ្លាំង​ទៅ​លើ​ អំពើ​មនុស្ស​ធម៌​ និង​ការ​សង្គ្រោះ​ពី​គ្រោះ​មហន្តរាយ​ រួម​មាន​ការ​ស្វែងរក​ និង​ការ​ជួយ​សង្រ្គោះ។​

លោក​ Lincuna​ និយាយ​ថា​ យន្តហោះ​ប្រទេស​នីមួយៗ​ រួម​មាន​យន្តហោះ​ឈ្លប​យក​ការណ៍​ P-3C Orion​ របស់​ជប៉ុន​នឹង​ធ្វើ​ការ​ហោះហើរ​ពី​លើ​ដែន​ទឹក​របស់​ប្រទេស​ហ្វីលីពីន​ដែល​មាន​ ចម្ងាយ​២២​គីឡូម៉ែត្រ​ពី​ច្រាំង​សមុទ្រ។​

«គោល​គំនិត​ក្នុង​ការ​ធ្វើ​សកម្មភាព​នាវាចរណ៍​នោះ​គឺ​ យន្តហោះ​ទាំង​ពីរ​នឹង​ធ្វើការ​ហោះហើរ​ចេញ​ទៅ​ ហើយ​បន្ទាប់​មក​ឆ្ពោះ​ទៅ​តំបន់​មួយ​ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា​ទៅ​ទី​ណា​នោះ​ទេ​ ហើយ​ពួកគេ​នឹង​មាន​សកម្មភាព​នៅ​ទី​នោះ​ ទាក់ទិន​នឹង​ការ​ស្វែងរក​ និង​ការ​ជួយ​សង្រ្គោះ។»​

សមុទ្រ​ចិន​ខាងត្បូង​គឺ​ស្ថិត​លើ​ឆ្នេរ​ភាគ​ខាង​លិច​នៃ​កោះ​ Palawan​ ដោយ​មាន​កោះ​ជម្លោះ​ Spratly​ ស្ថិត​នៅ​ចម្ងាយ​ ៣០០​ គីឡូម៉ែត្រ​ឆ្ពោះ​ទៅ​ភាគ​និរតី។​ ចិន​កំពុង​សាងសង់​កោះ​សប្បនិម្មិត​នៅ​លើ​ផ្ទាំង​ថ្ម​យ៉ាង​តិច​៧នៅ​ទី​នោះ។​ ហ្វីលីពីន​ធ្វើការ​ទាមទារ​តំបន់​នោះ​ស្ទើរ​តែ​ទាំង​អស់។​

មន្ត្រី​យោធា​ថ្លែង​ថា​ សមយុទ្ធ​រួម​គ្នា​ជាមួយ​អាមេរិក​ឆ្នាំ​នេះ​មាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ និង​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ជម្លោះ​រវាង​ចិន​ និង​ហ្វីលីពីន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។​ ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា​ សមយុទ្ធ​ជាមួយ​ជប៉ុន​មាន​សារៈសំខាន់​ជា​និមិត្តរូប​សម្រាប់​ជប៉ុន។​

គណបក្ស​សម្ព័ន្ធភាព​សេ្នហា​ជាតិ​ថ្មី​នៃ​ប្រទេស​ហ្វីលីពីន​បាន​ធ្វើ​ការ​ប្រឆាំង​ទល់​នឹង​វត្តមាន​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។​ លោក​ Renato​ Reyes​ អគ្គលេខាធិការ​នៃ​គណបក្ស​នេះ​បាន​និយាយ​ថា​ បច្ចុប្បន្ន​នេះ​ហ្វីលីពីន​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណាប់​អារម្មណ៍​យោធា​របស់​ជប៉ុន​នៅ​ទី​នោះ។​

ពួកគេ​ប្រហែល​ជា​មាន​គម្រោង​ក្នុង​ការ​ពង្រឹង​កម្លាំង​យោធា​របស់​ពួកគេ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។​ ពួក​យើង​មិន​ចង់​ឲ្យ​គេ​ប្រើប្រាស់​ប្រទេស​យើង​ជា​ជណ្តើរ​ឡើង​មួយ​ទេ។​ ពួក​យើង​មិន​ចង់​ឲ្យ​គេ​ប្រើ​យើង​ជា​ស្ពាន​សម្រាប់​អន្តរាគមន៍​និយម​របស់​អាមេរិកាំង ​ឬ​ក៏​យោធា​និយម​របស់​ជប៉ុន​នោះ​ទេ។​

នៅ​ដើម​ខែ​នេះ​ ប្រធានាធិបតី​ហ្វីលីពីន​លោក​ Benigno​ Aquino​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន​ ហើយ​លោក​បាន​ថ្លែង​ថា​ ប្រទេស​ទាំង​ពីរ​នឹង​ស្វះស្វែង​ក្នុង​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​ ដើម្បី​ឲ្យ​កង​កម្លាំង​យោធា​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ សម្រាប់​បន្ថែម​កងទ័ព​ជប៉ុន​ផ្លាស់​វេន​គ្នា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន៕​

ប្រែ​សម្រួល​ដោយ​ ស្រេង លក្ខិណា

XS
SM
MD
LG