ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ចិន ​ប្រកាស​ជួយ​អ៊ុយក្រែន ​ដែល​ធ្លាក់ចូល​ស្ថានភាព​«ធ្ងន់ធ្ងរ»


នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​​មួយ​ក្រោយ​ពី​ការ​បិទ​បញ្ចប់​សមាជជាតិ​របស់​ប្រជាជន (NPC) នៅ​រដ្ឋធានី​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២២។ (AP)
នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​​មួយ​ក្រោយ​ពី​ការ​បិទ​បញ្ចប់​សមាជជាតិ​របស់​ប្រជាជន (NPC) នៅ​រដ្ឋធានី​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២២។ (AP)

នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Keqiang កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ បាន​ហៅ​ស្ថានភាព​នៅ​ប្រទេស​អ៊ុយក្រែន​ថា ​«មាន​សភាព​ធ្ងន់ធ្ងរ» ហើយ​បាន​ប្រកាស​ជួយដើរ​«តួ​នាទី​ជាវិជ្ជមាន»​មួយ​ដើម្បី​សន្តិភាព​ខណៈ​ដែល​ចិន​បន្ត​បដិសេធ​ពុំ​ព្រម​រិះគន់​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AP។

ប្រទេស​ចិន​ ភាគ​ច្រើន​បាន​គាំទ្រ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ជម្លោះ​ដែល​ចិន​បាន​បដិសេធ​ពុំ​ព្រម ចាត់​ទុក​ថា​ជា​សង្គ្រាម​ឬ​ការឈ្លានពាន។ សហរដ្ឋ​អាមេរិក ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​ការជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​និង​មិនពិត​ចេញ​ពី​ទីក្រុង​មូស្គូ។

ចិន បាន​ស្នើ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នៃ​ការចរចា​រវាង​ភាគី​ទាំង​អស់ ​ថ្វីបើ​ចិន​មាន​បទ​ពិសោធន៍​តិច​តួច​នៅ​ក្នុង​តួនាទី​បែប​នេះ​ហើយ​និង​មិន​ទំនង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ភាគីអព្យាក្រឹត​ទេ។

លោក Li បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅឯ​សន្និសីទ​កាសែត​ប្រចាំ​ឆ្នាំ​ថា៖ «យើង​គាំទ្រ​និង​លើក​ទឹកចិត្ត​ការ​ខំប្រឹងប្រែង​ទាំង​អស់​ដែល​ជា​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​វិបត្តិ​នេះ។ ភារកិច្ច​បន្ទាន់​នៅពេល​ឥឡូវ​នេះ គឺ​រារាំង​ភាព​តានតឹង​កុំ​ឲ្យ​រីក​កាន់តែ​ធំឡើង​ឬ​លែង​ត្រួតត្រា​បាន»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​សប្តាហ៍​នេះ ​បាន​បញ្ជាក់​ថា ខ្លួន​បាន​បញ្ជូន​ជំនួយ​មនុស្សធម៌​រួម​ទាំង​ម្ហូបអាហារ​និង​របស់​របរ​ចាំបាច់​ដែល​មាន​តម្លៃ​៧៩១.០០០​ដុល្លារ​ទៅ​ឲ្យ​អ៊ុយក្រែន​ខណៈ ដែល​បន្ត​ជំទាស់​ប្រឆាំង​ការដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​អំពី​ការ​ឈ្លានពាន​របស់​ខ្លួន​ ហើយ​បាន​សន្យា​បន្តកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ធម្មតា​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ។

លោក Li ដែល​ជា​មេដឹកនាំ​ទី២របស់​ចិន បន្ទាប់ពី​ប្រធានាធិបតី Xi Jinping ជា​អ្នក​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​ក្នុង​ការ​ត្រួតត្រា​សេដ្ឋកិច្ច​ចិន​ដែល​មាន​លំដាប់​ថ្នាក់​ទី២​ក្នុង​ពិភពលោក​ បាន​ថ្លែង​បន្ទាប់ពី​បិទ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​ប្រថាប់​ត្រា​ចិន។ លោក ​បាន​និយាយ​ថា ​ចិន​នៅ​តែ​ជំទាស់​ប្រឆាំង​ការដាក់​ទណ្ឌកម្ម​ ពីព្រោះ ​ទណ្ឌកម្ម​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ការងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​សាកលលោក។

នាយក​រដ្ឋមន្ត្រី​ចិន​រូប នេះ​បាន​ថ្លែង​ទៀត​ថា៖ «វា​មិន​មែន​ជា​ផល​ប្រយោជន៍​របស់​នរណា​ទេ។ ចិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​ធ្វើ​ការខិតខំ​ការ​ស្ថាបនា​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ការ​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​សាកល​លោក​ហើយ​និង​លើក​ស្ទួយ​ការអភិវឌ្ឍ​និង​វិបុលភាព»៕

XS
SM
MD
LG