ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាមេរិក​ព្រមាន​រុស្ស៊ី ​ថា​ឧក្រិដ្ឋកម្ម​សង្គ្រាម​«ប្រហែល​បាន​កើត​ឡើង»​នៅ​អ៊ុយក្រែន


បុគ្គលិក​សង្គ្រោះ​បន្ទាន់​អ៊ុយក្រែន​និង​អ្នក​ស្ម័គ្រចិត្ត​សែង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ដែល​រង​របួង​ពី​អគារ​ខ្ទេចខ្ទាំ​​នៃ​មន្ទីរពេទ្យ​សម្ភព​មួយ​កន្លែង​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២២ ដែល​បាន​រង​ការ​វាយប្រហារ​ពី​រុស្ស៊ី។ (AP)
បុគ្គលិក​សង្គ្រោះ​បន្ទាន់​អ៊ុយក្រែន​និង​អ្នក​ស្ម័គ្រចិត្ត​សែង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ដែល​រង​របួង​ពី​អគារ​ខ្ទេចខ្ទាំ​​នៃ​មន្ទីរពេទ្យ​សម្ភព​មួយ​កន្លែង​ក្នុង​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២២ ដែល​បាន​រង​ការ​វាយប្រហារ​ពី​រុស្ស៊ី។ (AP)

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​មូស្គូ​អំពី​អ្វី​ដែល​អ្នក​សង្កេតការណ៍​ខ្លះ ​ពណ៌នា​ថា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី ​កំពុង​«ងាក​ទៅ​យុទ្ធសាស្ត្រ​កម្ទេច​ទីប្រជុំជន​ពលរដ្ឋ»​ក្នុង​ប្រទេស​អ៊ុយក្រែន ​នៅពេល​ដែល​ការ​ចរចា​កម្រិត​ខ្ពស់​មួយ​រវាង​ភាគី​ច្បាំង​គ្នា​នានា​មិន​មាន​ការ​ជឿន​លឿន​ទៅ​មុខ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​ថា៖ «យើង បាន​ឃើញ​សេចក្តី​រាយការណ៍​ដែល​អាច​គួរ​ឲ្យ​ទុកចិត្ត​បាន​បំផុត​ពី​ការវាយ​ប្រហារ​ដោយ​ចេតនា​លើ​ជន​ស៊ីវិល​ ដែល​ស្ថិត​នៅ​ក្រោម​អនុសញ្ញា​ទីក្រុង​ហ្សឺណែវស្តីពី​ឧក្រិដ្ឋកម្ម​សង្គ្រាម»។ ទោះ​ជា​យ៉ាងណា​ក៏ដោយ លោក​មិន​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ចំៗពី​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​បែប​នេះ ទេ។

លោក Price​ បាន​និយាយ​ពី​ការឈ្លានពាន​រយៈពេល​២​សប្តាហ៍​ថា៖ ​«ផែនការ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​ដណ្តើម​កាន់កាប់​យក​អ៊ុយក្រែន​ឲ្យ​បាន​ឆាប់​រហ័ស ​ឥឡូវ​នេះ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ផែនការ​នេះ ​បាន​បរាជ័យ។ ដូច្នេះ ​លោក ​Putin ​ឥឡូវនេះ ​កំពុង​ងាកទៅរក​យុទ្ធសាស្ត្រ​កម្ទេច​ទីប្រជុំជន​ពលរដ្ឋ​ដើម្បី​ព្យាយាម​បំបែក​ឆន្ទៈ​របស់​ពលរដ្ឋ​អ៊ុយក្រែន ​ដែលជា​រឿង​លោក ​ពូទីន​មិនអាច​ធ្វើបាន»។

រុស្ស៊ី បាន​ច្រាន​ចោល​ពី​ការ​ដៅ​ការវាយ​ប្រហារ​លើ​ពលរដ្ឋ​ស៊ីវិល​នៅ​ក្នុង​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ស្រី Kamala Harris បាន​ថ្លែង​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ថា លោក​ស្រី គាំទ្រ​ការស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ដែល​នឹង​ពិនិត្យ​មើល​«ការ​ចោទប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការរំលោភ​បំពាន​នានា​ ហើយនិងឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ផ្សេងទៀត»។

លោក​ស្រី Harris បាន​ថ្លែង​មុន​ជំនួប​នៅ​ក្នុង​រដ្ឋធានី​វ៉ាសូវី​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda នៅ​ក្នុង​ការបង្ហាញ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់​សម្ពន្ធមិត្ត​របស់​អង្គការ​អូតង់​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត។

លោក​ស្រី​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ទៀត​ថា៖ «ជា​ការពិត​ ត្រូវតែ​មាន​ការស៊ើប​អង្កេត ហើយ​យើង​ទាំង​អស់​គ្នា ​ត្រូវតែ​មើល​អំពី​បញ្ហា​នេះ»៕

XS
SM
MD
LG