ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​ជួបប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​ស្តីពី​អាវុធ​ជីវសាស្ត្រ​តាម​សំណើ​របស់​រដ្ឋាភិបាល​​ទីក្រុង​មូស្គូ


រូបឯកសារ៖ ក្រុមឯកអគ្គរដ្ឋទូត​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​ការគំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ក្រោយ​ការឈ្លានពាន​របស់​រុស្ស៊ី​មកលើ​អ៊ុយក្រែន នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ ក្រុមឯកអគ្គរដ្ឋទូត​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​ការគំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ក្រោយ​ការឈ្លានពាន​របស់​រុស្ស៊ី​មកលើ​អ៊ុយក្រែន នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​កោះ​ប្រជុំក្នុង​គ្រាអាសន្ន​នៅ​ថ្ងៃ​សុក្រ​នេះ​លើ​បទចោទប្រកាន់​ស្តីពី​ការផលិត​អាវុធ​ជីវសាស្ត្រ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទៅតាម​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ ដែល​ភាពគួរ​ឲ្យ​ទុកចិត្តបាន​ស្តីពី​អាវុធ​គីមី​នោះ បាន​ត្រូវ​ចោទសួរ​ក្នុង​សម័យ​ប្រជុំ​ស្តីពី​ប្រទេស​ស៊ីរី។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ពី​ការផ្តល់​ថវិកា​ដល់​ការស្រាវជ្រាវ​នៅ​ក្នុង​ការអភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​បាន​ប្រឈម​ការវាយ​ប្រហារ​ពី​កងទ័ព​រុស្ស៊ី​រាប់​ម៉ឺន​នាក់​ចាប់តាំង​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈមក។

ទាំង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​កៀវ បាន​ច្រានចោល​ការចោទប្រកាន់​នេះ ដោយ​សហរដ្ឋ​អាមេរិក និយាយ​ថា ការចោទប្រកាន់​នេះ​ជា​សញ្ញា​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ អាច​ប្រើ​អាវុធ​គីមី​ដោយ​ខ្លួន​ឯង​នៅពេល​ឆាប់ៗ​ខាង​មុខនេះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​ច្រានចោល​ការចោទប្រកាន់​ទាំង​នោះ​របស់​រុស្ស៊ី​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​និយាយ​ថា «គ្មាន​នរណា​កំពុង​អភិវឌ្ឍ​អាវុធ​គីមីឬ​អាវុធ​ប្រល័យ​លោក​ផ្សេង​ៗ​ទៀត» នៅ​ក្នុង​ប្រទេស​អ៊ុយក្រែននោះ​ឡើយ។

ប្រទេស​លោក​ខាង​លិច បាន​ចោទប្រកាន់​ថា រុស្ស៊ី កំពុង​ប្រើ​ឧបាយកល​ដោយ​ចោទប្រកាន់​គូប្រឆាំង​របស់​ខ្លួន​និង​សហរដ្ឋ​អាមេរិក​ពី​ការធ្វើ​អាវុធ​ជីវសាស្ត្រ​និង​អាវុធ​គីមី​ដើម្បី​ប្រើ​អាវុធ​ទាំង​នោះ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ជា​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​រង​ការ ចោទប្រកាន់​ថា បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ប្រេសិត​រង​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Richard Mills បាន​និយាយ​ថា «សហព័ន្ធ​រុស្ស៊ី បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ ប្រើ​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី»។

លោក James Kariuki ប្រេសិត​រង​របស់​ចក្រភព​អង់គ្លេស បាន​រិះគន់​ការវាយ​ប្រហារ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​លើ​ប្រទេស​អ៊ុយក្រែន ​ហើយបាន​និយាយ​ថា «ការណ៍​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា វា​ដូច​គ្នា​នឹង​សកម្មភាព​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែរ»៕

XS
SM
MD
LG