ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងឃុំព្រះដាក់ ខេត្តសៀមរាប បានឱ្យដឹងអំពីការពេញចិត្តរបស់ពួកគេ ចំពោះការអភិវឌ្ឍផ្លូវថ្នល់ និងការថែរក្សាបរិស្ថានល្អក្នុងភូមិឃុំ។
ដំណាលគ្នានឹងការអភិវឌ្ឍដែលកំពុងកើតឡើងនៅមូលដ្ឋាន ពលរដ្ឋមួយចំនួននៅក្នុងឃុំនេះ នៅប្រឈមនឹងបញ្ហាមួយចំនួនទៀត រួមមានការស្នើសុំអាជ្ញាធរជាតិអប្សរាធ្វើការកែលម្អ ឬជួសជុលផ្ទះ ឬក៏ការសាងសង់សំណង់តូចៗនៅជិតផ្ទះ និងកង្វះការតភ្ជាប់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
លោក ណុង ណាង អាយុ៣៣ឆ្នាំ កំពុងអង្គុយជជែកលេងជាមួយអ្នកភូមិផ្សេងទៀត នៅក្នុងឃុំព្រះដាក់ ទីដែលពលរដ្ឋបានត្រៀមចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យទី៥ ខែមិថុនានេះ។
លោកបានប្រាប់អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ)កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរភូមិឃុំបានយកចិត្តទុកដាក់លើការរស់នៅរបស់ប្រជាពលរដ្ឋច្រើន ដែលរួមមានការគិតគូរពីអនាម័យក្នុងភូមិ ការកាត់បន្ថយថង់ប្លាស្ទីក និងការកសាងផ្លូវបេតុងជាដើម។
ប៉ុន្តែទោះជាយ៉ាងណា លោកណាងនិយាយថា៖ «អ្វីដែលចង់បាន ដូចខ្ញុំនិយាយមិញ… ចង់ថាឱ្យ និយាយរួមទៅ មេភូមិ មេឃុំអីជួយរឿងគាត់ដែលអត់ ហើយគាត់ដែលមិនមានផ្ទះមានអី ឱ្យជួយដូចថា បើគាត់ស្នើសុំចង់ធ្វើអ្វីមួយជំរុញឱ្យគាត់បានលឿន កុំឱ្យយឺតយ៉ាវ។ ហើយទីមួយ បើយើងធ្វើអ្វីគឺថា វាយ៉ាប់មិនបានស្រួលដូចចិត្តទេ។ អ៊ីចឹងខ្ញុំចង់ឱ្យភូមិឃុំជួយអាកន្លែងហ្នឹងឱ្យលឿន…ទីមួយ។ទីពីរសេវាសាធារណៈធ្វើម៉េចឱ្យបានជួយសម្រួលប្រជាពលរដ្ឋដែលគាត់ស្នើសុំទៅធ្វើអីនៅកន្លែងសេវាសាធារណៈធ្វើម៉េចឱ្យលឿន។ កុំចាំគិតថា ថ្ងៃនេះថ្ងៃណោះ សម្រាកអី…. សំខាន់ ចង់ឱ្យជួយពន្លឿនគាត់ហ្នឹងឯង។ ចង់និយាយបាន តែប៉ុណ្ណោះឯង»។
អ្នកភូមិម្នាក់ទៀត គឺអ្នកស្រី សួស ណារុន អាយុ៤៤ឆ្នាំ ក៏មានសំណូមពរស្រដៀងគ្នានឹងលោក ណុង ណាង ផងដែរ។
ឈរនៅជាប់តូបលក់គ្រឿងភេសជ្ជៈតូចមួយ ក្នុងឃុំព្រះដាក់ អ្នកស្រី សួស ណារុន និយាយថា៖ «មានអ្នកផ្សេងៗចង់តផ្ទះ ធ្វើរោងលក់ធ្វើអីអ៊ីចឹងណា៎ វាពិបាក។ គាត់អត់ឱ្យធ្វើណាចា៎។ ដូចថា គាត់ខ្វះកន្លែងលក់ដូរ ដូចធ្វើរោងអីតាមផ្ទះតិចៗអ៊ីចឹង គាត់អត់ឱ្យធ្វើទេ»។
ឃុំព្រះដាក់ គឺជាឃុំមួយ ដែលគេឃើញប្រជាពលរដ្ឋប្រកបរបរលក់ដូរផ្សេងៗគ្នានៅខាងមុខផ្ទះរបស់ពួកគេ។ ឃុំនេះ គឺស្ថិតនៅមិនឆ្ងាយពីក្រុងសៀមរាបប៉ុន្មាននោះទេ និងមានចម្ងាយពីប្រាសាទអង្គរវត្តត្រឹមតែ១២គីឡូម៉ែត្រតែប៉ុណ្ណោះ និងចម្ងាយប្រមាណ២,៥គីឡូម៉ែត្រ ពីបារាយណ៍ខាងកើត។
បើទោះបីជា ឃុំនេះស្ថិតនៅមិនឆ្ងាយពីក្រុងសៀមរាបយ៉ាងណាក្តី ប្រជាពលរដ្ឋក្នុងឃុំស្ថិតក្នុងតំបន់ អភិរក្សរបស់អាជ្ញាធរជាតិអប្សរាមួយនេះ នៅមិនទាន់មានទឹកម៉ាស៊ីនប្រើប្រាស់ស្រួលបួលនៅឡើយទេ។ ពលរដ្ឋក្នុងឃុំនេះ ចង់ឱ្យមេឃុំដែលជាប់ឆ្នោត គិតគូរអំពីបញ្ហាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់រហ័ស។
ម្ចាស់ឱសថស្ថាន ឬកន្លែងលក់ថ្នាំពេទ្យមួយកន្លែង ក្នុងឃុំព្រះដាក់ គឺអ្នកស្រី ពៅ គឹមលាង អាយុ៦៤ឆ្នាំ ស្នើឱ្យអាជ្ញាធរមូលដ្ឋានរៀបចំឱ្យមានប្រព័ន្ធតភ្ជាប់ទឹកស្អាត និងត្រូវគិតគូរជួយអ្នកក្រីក្រ ព្រមទាំងការផ្តល់សេវាសាធារណៈនានាដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
អ្នកស្រីថ្លែងថា៖ «បញ្ហាទឹកស្អាតហ្នឹង ខ្ញុំក៏ចង់បានដែរ។ ចា៎ បើថាជាប់អាណត្តិក្រោយទៅ មេឃុំហ្នឹង ដូចថា បើគាត់អភិវឌ្ឍ គាត់មានប្រព័ន្ធស្អាត ក៏ប៉ុន្តែតាមឮនិយាយថា ចៅហ្វាយស្រុកដែលគាត់ឈរជើងសព្វថ្ងៃហ្នឹងបន្តឱ្យមានទឹកស្អាតចូលក្នុងភូមិឃុំ»។
ដោយឡែក លោក ហែម មុំ អាយុ៤៧ឆ្នាំ កម្មករជួសជុលទូកទេសចរណ៍ នៅភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀបរាម មើលឃើញពីបញ្ហាគ្រឿងញៀន និងបទល្មើសនេសាទ ដែលមេឃុំជាប់ឆ្នោតនៅពេលខាងមុខត្រូវបន្តទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាន។
លោកនិយាយថា៖«ខ្ញុំចង់បានឱ្យពង្រឹងថែមអារឿងបញ្ហាគ្រឿងញៀន គ្រឿងអី ហើយនិងបទល្មើសនេសាទដែលវាធំៗពេក»។
ពលរដ្ឋភាគច្រើន នៅក្នុងឃុំព្រះដាក់ និងឃុំផ្សេងទៀតក្នុង ខេត្តសៀមរាប បានឱ្យដឹងថា ពួកគេថានឹងទៅចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃអាទិត្យនេះ។ តែពលរដ្ឋមួយចំនួនហាក់មិនចាប់អារម្មណ៍នឹងការបោះឆ្នោត និងគោលនយោបាយរបស់បក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះ ដូចការបោះឆ្នោតអាណត្តិមុនប៉ុន្មានទេ។
បើតាមពលរដ្ឋមួយចំនួនដែលវីអូអេបានសម្ភាស ការបោះឆ្នោតគឺជាកាតព្វកិច្ចរបស់ពួកគេ និងដើម្បីបង្ហាញថា ពួកគេបានចូលរួមចំណែកក្នុងការជ្រើសរើសមេដឹកនាំថ្នាក់មូលដ្ឋានតែប៉ុណ្ណោះ៕