ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្ររបស់គណបក្សនយោបាយធំៗ កាលពីព្រឹកថ្ងៃសុក្រ បានដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនា ដែលមានរយៈពេល១៤ថ្ងៃ។
យុទ្ធនាការឃោសនារកសំឡេងឆ្នោត បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ នឹងចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
គណបក្សប្រជាជនកម្ពុជាបានដង្ហែក្បួនឃោសនាធំមួយដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួម។ នៅក្នុងក្បួនដង្ហែឃោសនានោះ មានការហែហមជាមួយរថយន្តជាច្រើនគ្រឿង ហើយភាគច្រើនសុទ្ធតែជារថយន្តទំនើបៗ ហើយក៏មានអ្នកចូលរួមដោយម៉ូតូជាច្រើនគ្រឿងផងដែរ។
នៅមុនការចេញដំណើរធ្វើការឃោសនា លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជាសម្រាប់ការដង្ហែក្បួននេះ បានថ្លែងទៅកាន់អ្នកគាំទ្រដែលបានប្រមូលផ្តុំគ្នានៅតាមបណ្តោយផ្លូវ៦០ម៉ែត្រថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកបញ្ជាក់ថា៖ «មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានសមត្ថភាព និងមានលទ្ធភាពពេញលេញក្នុងការដោះស្រាយបញ្ហាជាតិ បញ្ហាប្រជាជន និងស្ថិតនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ដើម្បីគណបក្សប្រជាជនយើងបន្តដឹកនាំគ្រប់សង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ មានគណបក្សប្រជាជនកម្ពុជាដឹកនាំសង្កាត់របស់យើងកាន់តែមានភាពរីកចម្រើនពិតប្រាកដ»។
លោក សុខ នូ អាយុ៦២ឆ្នាំ ជាអ្នកគាំទ្រម្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមឈរអបអរក្នុងយុទ្ធនាការនេះ។ ជើងកំពុងមានរបួសហើយដៃកាន់ឈើច្រត់ទាំងសងខាង លោកបានឈរក្រវីទង់ជាតិរបស់គណបក្សកាន់អំណាច នៅត្រង់ ចំណុចក្បាលថ្នល់ជាមួយប្រជាពលរដ្ឋផ្សេងៗទៀត។
លោក សុខ នូ បានឱ្យដឹងថាគាត់បានចូលរួមបោះឆ្នោតគ្រប់អាណត្តិទាំងអស់មិនថាថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលគាត់ត្រូវបោះឆ្នោតឱ្យជារៀងរហូត។
លោកប្រាប់វីអូអេថា៖ «គ្មានសង្រ្គាម គ្មានអី ខ្ញុំស្រឡាញ់សន្តិភាព ឱ្យតែមានសន្តិភាព គឺខ្ញុំបោះឆ្នោតជូនគណបក្សប្រជាជន។ ខ្ញុំអត់ផ្លាស់ប្តូរទេ ខ្ញុំស្រឡាញ់តែគណបក្សប្រជាជនតាំងពីដើមមក ពីព្រោះខ្ញុំទុកចិត្តលើគណបក្សប្រជាជន ព្រោះគណបក្សប្រជាជនជួយសង្គ្រោះប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ គេស្រលាញ់អ្នកណាគេបោះឱ្យអ្នកហ្នឹង បើតាមខ្ញុំ ខ្ញុំបោះឱ្យគណបក្សប្រជាជន»។
ចំណែកនៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅវិញ គណបក្សភ្លើងទៀន ក៏បានហែក្បួនធំមួយផងដែរ។ បេក្ខជនឈរឈ្មោះប្រជែងយកតំណែងចៅសង្កាត់នៅរាជធានីភ្នំពេញ បានបង្ហាញក្តីសង្ឃឹមថាពួកគេនឹងឈ្នះការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។
លោក កែវ មករា អាយុ៤០ឆ្នាំ ជាបេក្ខជនចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ថ្លែងថាប្រជាជនច្រើនបានគាំទ្រគណបក្សភ្លើងទៀន ហើយលោកសង្ឃឹមយ៉ាងខ្លាំងថានឹងឈ្នះឆ្នោត។
លោកបញ្ជាក់ថា៖ «ក្រោយពីយើងធ្វើការឃោសនា ផ្តល់ជាខិតបណ្ណជូនពួកគាត់ គាត់បានដឹងជ្រួតជ្រាបបានច្រើន ហើយសន្ទុះការគាំទ្ររបស់គាត់ខ្លាំងមិនចាញ់សង្រ្គោះជាតិទេ។ បើនិយាយអំពីទឹកចិត្តរបស់គាត់ គឺអត់មានការថមថយទេ គឺរង់ចាំតែគណបក្សប្រឆាំងរស់ឡើងវិញហើយគាត់នឹងធ្វើការគាំទ្រជាបន្តទៀត»។
ចំណែកអ្នកនាង ហេង ស្រីលាភ អាយុ២៤ឆ្នាំ រស់នៅក្នុងសង្កាត់ច្បារអំពៅ និយាយថាអ្នកនាងមកគាំទ្រគណបក្សភ្លើងទៀន ដោយស្ម័គ្រចិត្ត ហើយមិនមានការទិញទឹកចិត្តឡើយ។ អ្នកនាងយល់ថាគណបក្សភ្លើងទៀនអាចចូលរួមអភិវឌ្ឍប្រទេសជាតិបាននៅពេលខាងមុខ។
អ្នកនាងបញ្ជាក់ថា៖ «និយាយទៅខ្ញុំចង់ឱ្យប្រជាពលរដ្ឋនៅប្រទេសកម្ពុជារបស់យើងហ្នឹង ចូលរួមគាំទ្រគណបក្សភ្លើងទៀនយើង និងចូលរួមបោះឆ្នោតឱ្យគណបក្សខាងយើងបានជាប់ ដើម្បីចូលរួមអភិវឌ្ឍប្រទេសយើងទាំងមូល»។
នៅរាជធានីភ្នំពេញ កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រប្រមាណ៣៥ម៉ឺនសំឡេងឆ្នោត ស្មើប្រមាណ៤៤%។ ចំណែកអតីតគណបក្សសង្រ្គោះជាតិវិញទទួលបានប្រមាណ៤២ម៉ឺនសំឡេង ស្មើនឹងប្រមាណ៥២%។ បើគិតជាចំនួនចៅសង្កាត់វិញ គណបក្សសង្រ្គោះជាតិទទួលបានចៅសង្កាត់ចំនួន៥៧ ទល់នឹង៤៨របស់គណបក្សប្រជាជនកម្ពុជា។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានអំពាវនាវឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។ លោកបន្ថែមថាគណបក្សរបស់លោករងពាក្យបណ្តឹងច្រើនក្នុងរយៈពេល១៤ថ្ងៃឃោសនារកសំឡេងឆ្នោត។
លោកបញ្ជាក់ថា៖ «ប៉ុន្តែមិនអីទេ គណបក្សភ្លើងទៀន នៅតែតស៊ូ។ យើងជាអ្នកតស៊ូច្រើនឆ្នាំហើយ គឺដើម្បីឱ្យប្រជាជាតិយើងបានទទួលអ្នកដឹកនាំល្អក្នុងមូលដ្ឋាន។ គណបក្សភ្លើងទៀន នឹងបន្តការងារដោយមិនរួញរា និងមិនភ័យខ្លាច»។
ជាមួយគ្នាដែរ គណបក្សខ្មែររួបរួមជាតិ ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស ក៏បានចេញឃោសនារកសំឡេងឆ្នោតនៅថ្ងៃបិទបញ្ចប់យុទ្ធនាការបោះឆ្នោតនេះដែរ។ គណបក្សខ្មែររួបរួមជាតិមានអ្នកចូលរួមគាំទ្រដង្ហែក្បួនរាប់ពាន់នាក់ផងដែរ។
គួរបញ្ជាក់ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី៥នេះ ជាការបោះឆ្នោតថ្នាក់មូលដ្ឋានជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង១ម៉ឺននាក់នៅទូទាំងប្រទេស ដែលក្នុងនោះមានមេឃុំចៅសង្កាត់ប្រមាណ១.៦៥០នាក់៕