ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្តេចប៉ាប​ Francis នឹង​ជួប​ជាមួយ​ជន​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​បង់ក្លាដែស


សម្តេច​ប៉ាប​ Francis ស្វាគមន៍​អ្នក​គោរព​សាសនា​ នៅ​ពេល​ព្រះ​អង្គ​មក​ដល់​ពិធី​ជួប​ជុំ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដែៃ​ កាល​ពី​ថ្ងៃទី​១ ខែ​ធ្នូ។

នៅ​ថ្ងៃ​សុក្រ​នេះ ​សម្តេច​ប៉ាប ​Francis​ បាន​បំបួស​បព្វជិត​កាតូលិក​ ១៦​នាក់​នៅ​ក្នុង​ពិធី​សូត្រ​ធម៌​រួម​គ្នា​ធំ​មួយ​នៅ​ក្រៅ​អាគារ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​បង់ក្លាដែស។

មាន​មនុស្ស​ប្រមាណ​១​សែន​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​សូត្រធម៌ រួម​គ្នា​នេះ​នៅ​ក្នុង​ឧទ្យាន ​Suhrawardy Udyan នៃ​ក្រុង​ដាកា។

មេដឹក​នាំនៃ​ក្រុម​អ្នក​កាន់​គ្រិស្តសាសនា​និកាយ​ Catholic ​អង្គ​នេះ​ មាន​កំណត់​នឹង​ជួប​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ថ្ងៃ​សុក្រ​នេះ​ជាមួយ​ពួក​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ កាន់​សាសនា​ឥស្លាម​ ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​ភូមា។

សម្តេច​ប៉ាប​បាន​ចំណាយ​ពេល​វេលា​បួន​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ភូមា​នៅ​មុន​ពេល​ព្រះ​អង្គ​យាង​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ពួក​សកម្មជន​ខាង​សិទ្ធិ​មនុស្ស​បាន​រិះគន់​សម្តេចប៉ាប​ Francis ​ដែល​មិន​បាន​មាន​ព្រះ​បន្ទូល​យោង​ជាពិសេស​ដល់​ពួក​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ ដែល​ជា​ពួក​ជន​អំបូរភាគ​តិច​ត្រូវ​បដិសេធ​សិទ្ធិ​ជា​មូលដ្ឋាន​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នៅ​ក្នុង​ប្រទេស​ភូមា​ ដែល​មាន​ប្រជា​រាស្ត្រ​ភាគ​ច្រើន​ជា​ក្រុម​អ្នក​គោរព​ព្រះ​ពុទ្ធ​សាសនា

ដោយ​ពួក​គេយល់​ឃើញ​ថា​ ពួក​រ៉ូហ៊ីងយ៉ា​ ជា​ក្រុម​ជន​អន្តោ​ប្រវេសន៍​មក​ពី​ប្រទេស​បង់ក្លាដែស​ ទោះ​ណា​ជា​តាម​ការ​ពិត​ជាក់​ស្តែង​ គ្រួសារ​រ៉ូហ៊ីងយ៉ា​ជាច្រើន​បាន​រស់​នៅ​ក្នុង​ប្រទេស​ភូមា​ច្រើន​ជំនាន់​មក​ហើយ​ក៏​ដោយ។

ស្ថានភាព​សម្រាប់​ពួក​រ៉ូហ៊ីងយ៉ា​ អាក្រក់​ខ្លាំង​ឡើងៗ​ចាប់​តាំង​ពី​ខែ​សីហា​មក​ នៅ​ពេល​ដែល​ពួក​យោធា​រដ្ឋាភិបាល​ភូមា​បាន​បើក​យុទ្ធនាការ​វាយ​ប្រហារ​លើ​ភូមិរបស់​ពួក​គេ​នៅ​ក្នុង​រដ្ឋ ​Rakhnine ​នា​ប៉ែក​ខាង​ជើង​ប្រទេស​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ា​ លើ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋាភិបាលភូមា។​

យុទ្ធនាការ​ឃោរឃៅ​នេះ​ ដែល​មាន​រួម​បញ្ចូល​ទាំង​របាយការណ៍​អំពី​ការ​រំលោភ​សេព​សន្ថវៈ​យ៉ាង​ទូលំ​ទូលាយ​ និង​ការ​សម្លាប់​គ្មាន​រើស​មុខ​បាន​បណ្តាល​ឱ្យ​មាន​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ ជាង​៦​សែន​២​ម៉ឺន​នាក់​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លដែស​ ដែល​ អ.ស.ប. បាន​ពណ៌នា​ថា​ជា «ការ​បោស​សម្អាត​ខាង​ពូជសាសន៍»៕

XS
SM
MD
LG