ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្តេច​ប៉ាប Francis ប្រឈម​នឹង​ឧបសគ្គ​ផ្នែក​ការទូត​នៅ​ក្នុង​ដំណើរ​ព្រះ​រាជ​ទស្សនកិច្ច​ទៅ​មីយ៉ាន់ម៉ា និង​បង់ក្លាដែស


សម្តេច​ប៉ាប Francis ជួប​ជាមួយ​នឹង​មេដឹកនាំ​សាសនា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្នុងអគារ Archbishop's House ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេច​ប៉ាប​ Francis បាន​យាង​ទៅ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​ចន្ទ ហើយ​នឹង​យាង​ទៅ​ប្រទេស​បង់ក្លាដែស​ក្នុង​ពេល​ឆាប់ៗ​នេះ​ នៅ​ចំ​ពេល​ដែល​មាន​ការ​ខឹងសម្បារ​ពី​អន្តរជាតិ​ចំពោះ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ពណ៌នា​ថា ជា​ការ​បោសសម្អាត​ជាតិ​សាសន៍​ ទៅ​លើ​ពួក​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ក្នុង​ព្រះ​រាជទស្សនកិច្ច​ចាប់​ពី​ថ្ងៃទី២៦ ខែវិច្ឆិកា ដល់​ថ្ងៃទី២ ខែធ្នូ សម្តេច​ប៉ាប​នឹង​ជួប​ជាមួយ​នឹង​មេដឹកនាំ​យោធា និង​ស៊ីវិល​របស់​ប្រទេស​មីយ៉ាន់ម៉ា ព្រម​ទាំង​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។ គ្រប់​គ្នា​កំពុង​ផ្តោត​អារម្មណ៍​លើ​សម្តេច​ប៉ាប​ថា​តើ​ព្រះ​អង្គ​នឹង​ដោះស្រាយ​បញ្ហា​ការទូត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ភូមា​នោះ​ យ៉ាង​ដូចម្តេច។

នេះ​ជា​សារ​របស់​សម្តេច​ប៉ាប​ទៅ​កាន់​ពលរដ្ឋ​មីយ៉ាន់ម៉ា នៅ​ពេល​ព្រះអង្គ​ត្រៀម​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

«ខណៈ​ដែល​ខ្ញុំ​ត្រៀម​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ខ្ញុំ​ចង់​ផ្ញើ​សារ​សម្តែង​ការ​ស្វាគមន៍​ និង​មិត្តភាព​ទៅ​ដល់​មនុស្ស​គ្រប់​គ្នា។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ជួប​អ្នក​ទាំង​អស់​គ្នា។ ខ្ញុំ​មក​ប្រកាស​ពី​សារ​របស់​ព្រះ​យេស៊ូ​គ្រិស្ត អំពី​ការ​ផ្សះផ្សា សន្តិភាព និង​ការ​អត់ឱន»។

ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​សម្តេច​ប៉ាប​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កើត​ឡើង ៦ខែ​ក្រោយពី​ចំណង​ការទូត​ពេញលេញ​នានា​មាន​ភាព​រកាំរកូស​នៅក្នុង​ខែឧសភា នៅ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​មួយ​របស់​លោកស្រី អង់សាន ស៊ូជី ដែល​បាន​ទទួល​រង​សម្ពាធ​ពី​អន្តរជាតិ​ទាក់ទង​នឹង​ស្ថានភាព​របស់​ជនជាតិ​ភាគ​តិច​អំបូរ​រ៉ូហ៊ីងយ៉ា។

ពួក​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជាង​ពាក់​កណ្តាល​បាន​រត់​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ក្នុង​រដ្ឋ Rakhine កាល​ពី​ប៉ុន្មាន​ខែថ្មីៗ​នេះ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ក្នុង​ខែ​សីហា​ដោយ​ក្រុម​បះបោរ​រ៉ូហ៊ីងយ៉ា និងការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​យោធា។

ជន​ភៀស​ខ្លួន​ដែល​រស់​នៅ​ក្នុង​ជំរំ​ក្នុង​ប្រទេស​ជិតខាង​គឺ​ប្រទេស​បង់ក្លាដែស បាន​ចោទ​យោធា​មីយ៉ាន់ម៉ា​ពី​ការ​រំលោភ ការ​សម្លាប់​រង្គាល និង​ការ​បំផ្លិច​បំផ្លាញ​ភូមិ។ យោធា​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ។

អ្នក​ជំនាញ​បាន​ព្រមាន​ថា សម្តេច​ប៉ាប​កំពុង​យាង​ចូល​ទៅ​ក្នុង​សមរភូមិ​ការ​ទូត​មួយ។

លោកRICHARD HORSEY ដែល​ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់​បាន​និយាយ​ថា៖

«មនុស្ស​ភាគច្រើន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មិន​ជឿ​លើ​ការ​រៀបរាប់​របស់​អន្តរជាតិ​ពី​ការ​រំលោភ​បំពាន​លើ​ពួក​រ៉ូហ៊ីងយ៉ា​ និង​ចំនួន​ជន​ភៀស​ខ្លួន​ដែលខ្ញុំ​កំពុង​មើល​ឃើញ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​នោះ​ទេ។ បញ្ហា​នេះ​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ការ​ពិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ ដូច្នេះ​ខ្ញុំ​គិត​ថា ប្រសិន​បើ​សម្តេច​ប៉ាប​យាង​មក​ ហើយ​ពិភាក្សា​ស៊ី​ជម្រៅ​លើ​បញ្ហា​នេះ​ វា​នឹង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ ហើយ​ភាព​តានតឹង​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​ជា​សាធារណៈ»។

សម្តេច​ប៉ាប Francis នឹង​ជួប​ជាមួយ​នឹង​លោក​ស្រី​អង់សាន ស៊ូជី ម្តង​ទៀត ហើយ​នឹង​ជួប​ជាមួយ​នឹង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ដាច់​ដោយ​ឡែក​ពី​គ្នា។

សម្តេច​ប៉ាប​ដែល​ធ្វើ​ការ​រិះគន់​ដោយ​មិន​ប្រណី​នោះ​ មាន​ការ​ប្រុង​ប្រយ័ត្ន​មិន​ប្រើ​សូម្បី​តែ​ពាក្យ​ «រ៉ូហ៊ីងយ៉ា» ខណៈ​ដែល​ប្រទេស​មីយ៉ាន់ម៉ា​មិន​ទទួល​ស្គាល់​ក្រុម​ជនជាតិ​ភាគ​តិច​នេះ​ថា​ជា​ក្រុម​ស្រប​ច្បាប់​នោះ។​

លោក MARK FARMANER នាយក​អង្គការ THE BURMA CAMPAIGN បាន​និយាយ​ថា៖

«ប្រសិន​បើ​ព្រះ​អង្គ​ប្រើប្រាស់​ពាក្យ​ រ៉ូហ៊ីងយ៉ា ពុទ្ធសាសនិក​មួយ​ចំនួន​ដែល​មាន​ភាព​ជ្រុល​និយមអាច​នឹង​ធ្វើ​ការ​តវ៉ា​អំពី​រឿង​នេះ។ អ្នក​កាន់​សាសនា​កាតូលិក​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មាន​ការ​បារម្ភ​ពី​បញ្ហា​នេះ​ណាស់ ដោយសារ​តែ​ពួកគេ​ខ្លាច​ថា ក្រុម​ជ្រុល​និយម​ទាំង​នោះ​នឹង​យក​ពួកគេ​ធ្វើ​ជា​គោលដៅ»។

សម្តេច​ប៉ាប​នឹង​យាង​ជួប​ជាមួយ​នឹង​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ​ដែល​មនុស្ស​រាប់​ពាន់​នាក់​កំពុង​ជ្រកកោន​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន។

ប្រទេស​មីយ៉ាន់ម៉ា​បាន​យល់​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​មួយ​ចំនួន​មក​វិញ ដរាប​ណា​ពួកគេ​អាច​បញ្ជាក់​ពី​អាសយដ្ឋាន​របស់​ពួកគេ​បាន ប៉ុន្តែ​ព័ត៌មាន​លម្អិត​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។

ខណៈ​ដែល​អ្នក​កាន់​សាសនា​កាតូលិក​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​រង់ចាំ​ការ​យាង​មក​ដល់​របស់​ព្រះ​អង្គ​នៅ​មុខ​ព្រះ​វិហារ ពួកគេ​ធ្វើ​ការ​អធិដ្ឋាន​ឲ្យ​ព្រះ​រាជ​ទស្សនកិច្ច​របស់​ព្រះអង្គ​នាំ​មក​នូវ​សន្តិភាព និង​ស្វែងរក​បាន​នូវ​អន្តរាគមន៍​ដើម្បី​បន្ធូរបន្ថយ​ភាព​តាន​តឹង៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG