ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្ដេច​ប៉ាប​មាន​បន្ទូល​នៅ​ក្នុង​ការ​ជួបជុំ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​អំពី​ភាព​ចាំបាច់​ក្នុង​ការ «លើក​លែង​ទោស‍»


សម្តេច​ប៉ាប Francis លើក​ដៃ​ទៅ​កាន់​អ្នក​កាន់​សាសនា​គ្រិស្ត​ នៅ​ពេល​ព្រះ​អង្គ​​បាន​មក​ដល់​ក្នុង​ពិធី​ជួប​ជុំ​ដ៏​ធំ​មួយ​នៅ​កីឡដ្ឋានបាល​ទាត់​ក្នុង​ទីក្រុង​យ៉ាងហ្គូន កាល​ពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា។

សម្ដេច​ប៉ាប Francis បាន​មាន​បន្ទូល​អំពី​ភាព​ចាំបាច់​ក្នុង​ការ ​«លើក​លែង​ទោស‍» និង​ការ​ជៀសវាង​នូវ «ការ​សង​សឹក‍» នៅ​ថ្ងៃ​ពុធ​នេះ នៅ​ឯ​ការ​ជួបជុំ​ដ៏​ធំ​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ដែល​ជា​ទីក្រុង​ធំ​ទី​ពីរ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ព្រះអង្គ​ជៀស​វាង​មិន​លើក​ឡើង​ដោយ​ចំៗ​អំពី​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នោះ​ទេ ដែល​នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​ការ​ជៀស​វាង​ការ​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​អំឡុង​ពេល​ព្រះ​រាជ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៤ ថ្ងៃ របស់​ព្រះ​អង្គ បន្ទាប់​ពី​ព្រះអង្គ​បាន​មាន​បន្ទូល​ជា​ទូទៅ​អំពី​ការ​អត់​ឱន​ផ្នែក​សាសនា​នៅ​ឯ​ការ​ប្រជុំ​មួយ​ជាមួយ​នឹង​មន្ត្រី​ការទូត​នានា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ​កាតូលិក​ប្រហែល ១ សែន ៥ ម៉ឺន​នាក់ ដែល​មក​ពី​ទូទាំង​ប្រទេស បាន​មក​ចូលរួម​ការ​ជួបជុំ​នេះ​នៅ​ឯ​ទីលាន​កីឡា Kyaikkasan ដើម្បី​ស្ដាប់​ព្រះ​រាជ​បន្ទូល​របស់​សម្ដេច​ប៉ាប Francis ដោយ​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​តាំង​ពី​យប់​មក​ម្ល៉េះ​ដើម្បី​បាន​កន្លែង​អង្គុយ។

សម្ដេច​ប៉ាប​ Francis ដែល​ជា​អ្នក​តស៊ូ​មតិ​ដ៏​ខ្លាំងក្លា​មួយ​អង្គ​ពាក់​ព័ន្ធ​នឹង​រឿង​ជន​ភៀស​ខ្លួន មិន​បាន​ធ្វើ​អ្វី​ដូច​ការ​រំពឹង​ទុក​របស់​បណ្ដា​បស្ចិម​ប្រទេស​នានា ដែល​រំពឹង​ថា​ព្រះអង្គ​នឹង​មាន​បន្ទូល​ជា​សាធារណៈ​អំពី​វិបត្តិ Rohingya នោះ។

សកម្មជន​សិទ្ធិ​មនុស្ស​នានា​ក៏​បាន​ជំរុញ​ឲ្យ​ព្រះអង្គ​មាន​បន្ទូល​ជំនួស​ជន​អំបូរ​រ៉ូហ៊ីងយ៉ា ផង​ដែរ ដែល​ជា​ជន​ដែល​ត្រូវ​គេ​ប្រមាថ​មើល​ងាយ​ថា​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អ្នក​ចូលរួម​ស្ដាប់​ព្រះ​រាជ​បន្ទូល​របស់​សម្ដេច​ប៉ាប Francis ភាគ​ច្រើន នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ពេញ​ចិត្ត​ដែល​ព្រះអង្គ​មិន​បាន​លើក​ឡើង​អំពី​វិបត្តិ​រ៉ូហ៊ីងយ៉ា។

ព្រះអង្គ​មាន​បន្ទូល​ថា ព្រះ​រាជ​បំណង​ចម្បង​បំផុត​របស់​ព្រះអង្គ​ក្នុង​ការ​មក​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​លើក​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​កាន់​សាសនា​គ្រិស្ត។

នា​ពេល​ថ្មីៗ​នេះ ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្កើត​ទំនាក់​ទំនង​ការទូត​ជាមួយ​នឹង​វិមាន​វ៉ាទីកង់​របស់​សម្ដេច​ប៉ាប Francis នេះ៕

XS
SM
MD
LG