ប្រធានាធិបតីស.រ.អា. លោក Donald Trump បានធ្វើដំណើរទៅដល់ប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍នេះដើម្បីចូលរួមក្នុងការប្រារព្ធទិវា Bastille ដែលនឹងមានក្រុមទាហានអាមេរិកាំង និងបារាំងដើរក្នុងក្បួនព្យុះហយាត្រាជាមួយគ្នានៅថ្ងៃសុក្រស្អែកតាមមហាវិថី Champs Elysees ដ៏ល្បីល្បាញក្នុងក្រុងប៉ារីស។
ដំណើរទស្សនកិច្ចពីរថ្ងៃនេះអាចជាការសម្រាកពីការពិនិត្យពិច្ច័យដោយបណ្តាញផ្សាយព័ត៌មានអំពីការចោទប្រកាន់ថាមានការទាក់ទងរវាងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក Trump ជាមួយប្រទេសរុស្ស៊ី ក៏ប៉ុន្តែគេរំពឹងថាប្រធានាធិបតីអាមេរិកាំងរូបនេះនឹងប្រឈមនឹងសំណួរថែមទៀតនៅក្នុងសន្និសីទកាសែតមួយក្នុងក្រុងប៉ារីសនៅយប់ថ្ងៃព្រហស្បតិ៍នេះទាក់ទិននឹងជំនួបមួយកាលពីឆ្នាំទៅមិញរវាងកូនប្រុសគាត់ឈ្មោះ Donald Trump Jr. និងមេធាវីរុស្ស៊ីម្នាក់។ លោក Donald Trump Jr. បានលាតត្រដាងអ៊ីមែលដើម្បីបង្ហាញថាគាត់មានជំនឿថាជំនួបនោះគឺដើម្បីពិភាក្សាអំពីលទ្ធភាពនៃព័ត៌មានមិនល្អប្រឆាំងនឹងការឃោសនាបោះឆ្នោតរបស់លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យ។
នៅមុនការប្រារព្ធពិធីដ៏អធិកអធមនេះ លោកប្រធានាធិបតីស.រ.អា. Trump នឹងខិតខំព្យាយាមស្វែងរកការយល់ឃើញដូចគ្នាអំពីបញ្ហានានាដូចជាបញ្ហាប្រទេសស៊ីរី និងការប្រឆាំងនឹងភេរវកម្មជាដើមនៅក្នុងទំនាក់ទំនងរអាក់រអួលជាមួយលោក Emmanuel Macron ប្រធានាធិបតីថ្មីវ័យក្មេងនៃប្រទេសបារាំង។
គោលបំណងរបស់លោក Trump គឺចង់បង្ហាញថារដ្ឋបាលគាត់នៅតែទាក់ទងជាមួយពួកសម្ព័ន្ធមិត្តអឺរ៉ុបជាយូរយារមកហើយ៕