សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានចាប់ផ្ដើមការចរចាជុំទីមួយដ៏មានសារៈសំខាន់អំពីការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ដោយភាគីទាំងពីរបានបញ្ជាក់ថា វាដល់ពេលដែលត្រូវធ្វើឲ្យដំណើរការចរចានេះវិវត្តទៅមុខឲ្យបានឆាប់។
ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះ នៅឯទីស្នាក់ការកណ្ដាល Berlaymont របស់សហភាពអឺរ៉ុប រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប លោក David Davis បាននិយាយនៅពេលចាប់ផ្ដើមកិច្ចពិភាក្សារយៈពេល ៤ ថ្ងៃ អំពីដំណើរការចាកចេញនេះថា៖ «ដំណើរការចរចានេះមានសារៈសំខាន់ខ្លាំងណាស់ ហើយឥឡូវនេះ វាមានការវិវត្តទៅមុខយ៉ាងល្អ»។
ប្រធានខាងផ្នែកចរចាអំពីការចាកចេញរបស់ចក្រភពអង់គ្លេសរបស់សហភាពអឺរ៉ុប លោក Michel Barnier បាននិយាយថា៖ «យើងនឹងមិនកកូរកកាយរកចំណុចសំខាន់បំផុតរបស់បញ្ហានេះទេ។ យើងចាំបាច់ត្រូវពិនិត្យ និងប្រៀបធៀបគោលជំហររបស់ភាគីទាំងសងខាង ដើម្បីធ្វើយ៉ាងណាឲ្យការចរចានេះទទួលមានដំណើរការល្អទៅមុខ»។
លោកទាំងពីរបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនោះទេ ប៉ុន្តែលោក Michel Barnier បាននិយាយថា ពួកគេនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ការចរចានៅក្នុងសប្ដាហ៍នេះត្រូវគេរំពឹងថានឹងផ្ដោតលើសិទ្ធិរបស់ពលរដ្ឋនៃចក្រភពអង់គ្លេស និងពលរដ្ឋនៃបណ្ដាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុប នៅក្រោយការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប និងបញ្ហាព្រំដែននៅក្នុងដែនដីកោះអៀវឡង់ជាដើម៕