ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គូ​ប្រជែង​​ខាង​នយោបាយ​ភូមា​ធ្វើ​ការ​ពិភាក្សា​ដ៏​កម្រ​មួយ


លោកប្រធានាធិបតី​ Thein Sein​ ចាប់ដៃជាមួយ​លោក​ស្រី​ Aung ​San Suu Kyi ​មេ​ដឹកនាំ​​គណបក្ស​ប្រឆាំង​នៅ​ភូមា​​​ថ្ងៃ​​៣១តុលា​​២០១៤​
លោកប្រធានាធិបតី​ Thein Sein​ ចាប់ដៃជាមួយ​លោក​ស្រី​ Aung ​San Suu Kyi ​មេ​ដឹកនាំ​​គណបក្ស​ប្រឆាំង​នៅ​ភូមា​​​ថ្ងៃ​​៣១តុលា​​២០១៤​

ការ​ចរចា​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​ក្នុង​ចំណោម​គូ​ប្រកួត​ប្រជែង​ខាង​នយោបាយរបស់​ប្រទេស​ភូមា និងពួក​មេដឹកនាំយោធា​ដ៏​មាន​អំណាច​បាន​នាំ​ឲ្យ​មាន​ការ​តាំង​ចិត្តធ្វើ​ការ​ពិភាក្សាកំណែ​ទម្រង់​ខាង​នយោបាយ​និង​ការ​ចរចាសន្តិ​ភាពនៅ​ក្នុង​ប្រទេស​ដែល​នៅ​មាន​ការ​បែកបាក់​នៅ​ឡើយ​នោះ។​

ប្រធានាធិបតី ​ប្រធានយោធា​ និង​លោកស្រី​ Aung San Suu Kyi​ មេ​ដឹកនាំ​គណ​បក្សប្រឆាំង​នៃ​ប្រទេស​ភូមា​ ​ជា​ឥស្សរៈជន​សំខាន់ៗនៅ​ឯជំនួប​លើកទី​១​នៅ​ពេល​ដែល​ដំណើរ​ការ​នៃ​ការ​កែ​ទម្រង់​ខាង​នយោបាយ​ដែល​ទំនង​បាន​ត្រូវ​ជាប់​គាំង។​

លោក ​Ye Htut ​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ ​និយាយ​ថា ​ពួក​យោធា​ជាន់​ខ្ពស់​និងគូ​ប្រជែង​ខាង​នយោបាយ​បាន​យល់​ព្រម​ធ្វើ​ការ​ពិភាក្សាអំពី​ការ​ធ្វើវិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​នៅ​ក្នុង​សភា ​ស្រប​ទៅ​តាម​ច្បាប់។​

លោក​មិន​បាន​បញ្ជាក់​ ថា​តើ​មាត្រា​ណាខ្លះ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ដែល​នឹង​ត្រូវជជែក​ដេញ​ដោល​នោះ​ទេ។​

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ ​(NLD) ​ចង់កែប្រែ​ការ​ហាម​ឃាត់​ដោយ​រដ្ឋ​ធម្មនុញ្ញមិន​ឲ្យ​បុគ្គល​ណា​ម្នាក់ក្លាយ​ជា​ប្រធានាធិបតី​ដោយ​សារ​គូ​ស្រករ​ ឬ​កូន​ជា​សញ្ជាតិ​បរទេស។

សពប្តី​របស់​លោកស្រី ​Aung San Suu Kyi ​ជា​ជន​ជាតិ​អង់​គ្លេស​ហើយ​កូន​ប្រុស​២​នាក់​របស់​លោក​ស្រី​ក៏​ជា​ជន​ជាតិអង់គ្លេស​ដែរ។​

គណបក្ស​ NLD​ របស់​លោកស្រីបាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​១៩៩០​ ​ក៏​ប៉ុន្តែ​ពួក​យោធាមិន​អើ​ពើ​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះទេ។​ គណបក្ស ​NLD បាន​ធ្វើ​ពហិការ​ពុំ​ព្រម​ចូល​រួម​ការ​បោះឆ្នោត​កាល​ពី​៤​ឆ្នាំ​មុន នៅ​ពេល​ដែល​លោកស្រី​ Suu Kyi​ ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។​

ពួក​យោធា​បាន​រក្សា​ទុក​អាសនៈ​សភា​១​ភាគ​៤ដើម្បី​អនុញ្ញាត​ឲ្យ​ខ្លួន​រាំង​ខ្ទប់​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ។ ​សមាជិក​សភា​ខ្លះ​ចង់​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ដក​អំណាច​នៃ​ការ​បោះឆ្នោត​វ៉េតូ​នេះ។​

ការ​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង ​Naypyidaw ​គឺ​ជាលើក​ទី​មួយ​ដែល​ឧត្តម​សេនីយ៍ជាន់​ខ្ពស់ ​Min Aung Hlang ​ប្រធាន​កង​កម្លាំង​ប្រដាប់​អាវុធ​ដ៏​មាន​អំណាច​នៃ​ប្រទេស​ភូមា​បាន​ធ្វើ​ការ​ពិភាក្សាជាមួយ​លោកស្រី​ Suu Kyi។​

មនុស្ស​ខ្លះ​បាន​សម្តែង​នូវ​ការ​មន្ទិល​សង្ស័យអំពី​ជំនួប​នេះ ​ដោយ​បាន​កត់​សម្គាល់​ថា ​គណបក្ស​ប្រឆាំង​តែ​៦​ប៉ុណ្ណោះនៃ​គណបក្ស​ប្រឆាំង​៧០​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម ​ហើយមាន​ក្រុមជន​ជាតិ​ភាគតិច​តែ​មួយ​ចំនួនប៉ុណ្ណោះ។

ជំនួប​ដែល​រៀប​ចំ​ដោយ​ប្រញាប់​ប្រញាល់នេះ​បាន​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ ​បារ៉ាក់ អូបាម៉ា​បានទូរស័ព្ទ​ដាច់​ដោយ​ឡែក​ពី​គ្នាទៅ​កាន់​ប្រធានាធិបតីភូមា​ និង​លោកស្រី ​Aung Sann Suu Kyi ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ភូមា។​

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រធានាធិបតី​បាន​សង្កត់​ប្រាប់​លោក​ Thein Sein ​ពី​សេចក្តី​ត្រូវការ​រួម​បញ្ចូលគ្រប់​គណបក្ស​ទាំងអស់​ និង​ដំណើរ​ការ​មួយ​ដែល​អាច​ទុក​ចិត្ត​បាន​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ។​

លោក​អូបាម៉ា​ក៏​បាន​អំពាវនាវ​ឲ្យ​សមភាគី​របស់​លោក​កាត់​បន្ថយ​ការ​តាន​តឹង​នៅ​តាម​សហគមន៍ហើយ​នឹង​ធ្វើ​ឲ្យ​សម្រេច​ការ​ឈប់​បាញ់​គ្នា​រយៈ​ពេល​ខ្លី​នៅ​ទូទាំង​ប្រទេស។​ ​លោក​បាន​និយាយ​ចំៗពី​ការ​តាន​តឹង​និង​ស្ថាន​ភាព​មនុស្ស​ធម៌​នៅ​ក្នុង​រដ្ឋ​ Rakhine ​ដែល​នៅទី​នោះ​ ​ជន​ជាតិ​ភាគ​តិច​ Rohingya​ កាន់​សាសនា​អ៊ីស្លាម​បាន​ប្រឈម​ការ​រើសអើង​ ​និង​អំពើ​ហិង្សា​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ភាគ​ច្រើន។​

លោក ​Derek Mitchell​ ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ភូមា​ បាន​ថ្លែង​ប្រាប់ ​VOA ​ផ្សាយ​ជា​ភាសា​ភូមា ​ដោយ​សម្តែងនូវការ​ព្រួយ​កង្វល់​អំពី​ស្ថាន​ភាពនៃ​ការ​ធ្វើ​កំណែ​ទម្រង់​នៅ​ក្នុង​ប្រទេស​នោះ។​

«មាន​កិច្ច​ការខ្លះ ​ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​ស្ថានភាព​ដើម​វិញ។​ ​កិច្ច​ការខ្លះ​មិន​មានការ​ជឿន​លឿន​ទាល់​តែ​សោះ។​ ​ហើយ​មាន​កិច្ច​ការ​ខ្លះ​បាន​ជឿន​លឿន​ទៅ​មុខ»។​

លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​មាន​គម្រោង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេសភូមាដើម្បី​ចូលរួម​ជំនួបអាស៊ាន​និង​សន្និសីទ​កំពូល​អាស៊ី​ខាង​កើតនៅ​ខែ​វិច្ឆិកា​នេះ។​

លោក ​Jason Briggs ​ជា​សាស្រ្តាចារ្យ​នៃ​សាកល​វិទ្យាល័យ ​Webster​ ដែល​មាន​សាខាក្នុង​ក្រុង​បាងកក ​និយាយ​ថា ​គំនាប​របស់​សហ​រដ្ឋ​អាមេរិក​ ​ហើយ​នឹង​សន្និសីទ​កំពូល​នៅ​ពេល​ខាង​មុខ​អាច​មាន​ឥទ្ធិ​ពលដល់​ពេលវេលា​សម្រាប់​ជំនួប​មិន​ប្រក្រតី​នៅ​ថ្ងៃ​សុក្រ​នៅ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​ភូមា។

«វា​ជា​អាទិភាពសម្រាប់​សហ​រដ្ឋ​អាមេរិក។​ ​ខ្ញុំ​គិត​ថា ​ពួក​គេ​កំពុង​ចាប់​ផ្តើម​ពិភាក្សា​បញ្ហា​នេះ ​ដែល​ប្រហែល​ជានឹង​ត្រូវ​ពិភាក្សានៅ​សន្និសីទ​កំពូល»។​

ប្រទេស​ភូមា​បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​ផ្តាច់​ការ​របស់​ពួកយោធា​ចាប់​តាំង​ពី​ឆ្នាំ​១៩៦២​រហូត​ដល់​ឆ្នាំ​២០១០។ ​ឧត្តម​សេនីយ៍​យោធា​ចូល​និវត្តន៍​ Thein Sein ​បានក្លាយ​ជា​ប្រធានាធិបតី​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក ​បន្ទាប់​ពីធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​អស់​រយៈ​ពេល​៤​ឆ្នាំ​មក៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG