ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​សិក្សា៖ ជនជាតិ​ Rohingya ស្ថិត​ក្នុង​ចំណោម​សហគមន៍​មាន​ការ​រើសអើង​ជាង​គេ​ក្នុង​ពិភពលោក

  • Steve Herman

ពលរដ្ឋ​Rohingya រង់ចាំ​ទទួល​ជំនួយ​ម្ហូបអាហារ​របស់​ពួកគេ​ពី​អង្គការ​ស្បៀង​អាហារ​ពិភពលោក នៅ​ជំរំ Thae Chaung។

សហគមន៍​ជនភាគ​តិច Rohingya ​ក្នុង​ប្រទេស​ភូមា​គួរ​ត្រូវ​ចាត់​ទុក​ថា ​ជាសហគមន៍​មួយ​ត្រូវ​ផាត់​ចេញ ត្រូវ​ធ្វើ​ទុក្ខបុកម្នេញ​និង​អាច​រងគ្រោះ​ជាង​គេ​បំផុតក្នុង​ពិភពលោក។​ នេះ​ជា​ការ​សន្និដ្ឋានរបស់​ការ​សិក្សា​ស្រាវជ្រាវ​ពីរ​ត្រូវ​រៀបចំ​ទ្បើង​ក្នុង​រយៈពេល​បី​ឆ្នាំ​ដោយ​ពិនិត្យ​មើល​អំពី​ស្ថានភាព​នៃ​ក្រុម​ជន​គ្មាន​រដ្ឋ​នេះ។​

របាយការណ៍​ពីរ​ដែល​បាន​ត្រូវ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​ម៉ាឡេស៊ី ​បាន​ពិនិត្យ​មើល​អំពី​ការ​រើស​អើង​និង​វិសមភាព​ដែល​ពួក​ជន​អំបូរ​ Rohingya ប្រឈម​មុខ​បាន​បង្ហាញ​នូវ​រូបភាព​ងងឹត​អាប់អួរ​មួយ។​

អង្គការ​ Equal Rights Trust​ មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុងដ៍​ចក្រភព​អង់គ្លេស​ និង​វិទ្យាស្ថាន​សិក្សា​អំពី​សិទ្ធិមនុស្ស​និង​សន្តិភាព​នៃសាកល​វិទ្យាល័យ​ Mahidol ​ក្នុង​ក្រុង​បាងកក​បាន​រៀបរាប់​ដោយ​ល្អិតល្អន់​ តាម​រយៈ​ការ​ផ្តល់​សក្ខីកម្ម​ដោយ​ផ្ទាល់​និង​សេចក្តី​សម្ភាសន៍​ជាមួយ​ពួក​មន្ត្រី​ អំពី​ការ​រើស​អើង​ច្រើន​ស្រទាប់​ប្រឆាំង​នឹងពួក​ជន​អំបូរ​ Rohingya ដែល​ជា​ក្រុម​ជន​អ្នកកាន់​សាសនា​ឥស្លាម​មាន​ដើម​កំណើត​មិន​ច្បាស់លាស់។​

នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​គេ​ស្គាល់​ថា​ជា​ប្រទេស​ភូមា​ដែរ​នោះ​ ​ពួក​ Rohingya ជា​ក្រុម​មនុស្ស​គ្មាន​រដ្ឋ។ ​ពួក​ជន​ទាំង​នេះ​ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​ភូមា​ទៅ​កាន់​ប្រទេស​ថៃ​និង​ប្រទេស​ម៉ាឡេស៊ី​គ្មាន​ឋានៈ​ផ្លូវ​ច្បាប់​ទេ។​

អ្នកស្រី Dimitrina Petrova ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ Equal Rights Trust។

អ្នកស្រី​ថ្លែង​ថា៖ «យើង​អាច​បញ្ជាក់​ថា​ពិត​អំពី​អ្វី​ដែល​យើង​បាន​សង្ស័យ​ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​យើង​និយាយ​ដោយ​មាន​ការ​ទុក​ចិត្ត​ថា​ ក្រុម​ជន​អំបូរ​ Rohingya ​ប្រហែល​ជា​ឋិត​នៅ​ក្នុង​ចំណោម​សហគមន៍​មាន​ការ​រើស​អើង​ជាង​គេបំផុត​ក្នុង​ពិភពលោក»។

សេចក្តី​រាយការណ៍​មួយ​ដែល​បាន​ត្រូវ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ពិនិត្យ​មើល​ស្ថានភាព​ក្រុម​ជន​អំបូរ​ Rohingya ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​បាន​ចូល​ក្នុង​ព្រះរាជាណាចក្រ​នេះ​តាម​សមុទ្រ​និង​តាម​ដី​គោក។ ​បើ​តាម​ពួក​មន្ត្រី​ថៃ​ថា​ជនប្រមាណ​២.០០០​នាក់​ក្នុង​បណ្តា​ពួក​ជនអំបូរ​ Rohingya​ ទាំង​នេះដែល​បាន​ត្រូវ​ឃុំឃាំងចាប់​តាំង​ពី​ឆ្នាំ​ទៅ​មិញ​មក​ក្នុង​ឋានៈ​ជា«ជន​អន្តោប្រវេសន៍​ខុស​ច្បាប់»​បានត្រូវ​យល់​ឃើញ​ថា​«បាន​រត់​គេច​ខ្លួន»។

ក៏​ប៉ុន្តែ​អ្នកស្រី​ Petrova ​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ជន​ Rohingya ​ច្រើន​នាក់​បាន​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ឱ្យ​ពួក​ឈ្មួញ​កណ្តាល​ដើម្បី​ធ្វើការ​ជួញ​ដូរ​មនុស្ស។​

«នៅ​ក្នុង​ប្រទេសថៃ អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​គឺ​មាន​ការ​ឃុបឃិត​ខ្លាំង​ណាស់​រវាង​អាជ្ញាធរ​ថៃ​និង​បណ្តាញ​ពួក​ជួញ​ដូរ​មនុស្ស»។

នៅ​ពេល​នេះ​ប្រទេស​ថៃ​បាន​ត្រូវ​គ្រប់គ្រង​ដោយ​ក្រុម​ប្រឹក្សា​យោធា​មួយ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ត្រូវ​តែង​តាំង​គឺ​លោក​ Prayuth Chan-ocha។ ​លោក​អតីត​អគ្គ​មេបញ្ជាការ​កងទ័ព​ថៃ​រូប​នេះ​បាន​ធ្វើ​រដ្ឋប្រហារ​ចុង​ក្រោយបំផុត​ក្នុង​ព្រះរាជាណាចក្រនេះ​កាល​ពី​ថ្ងៃ​ទី២២ខែ​ឧសភា។​

របាយការណ៍​អំពី​ក្រុម​ជន​អំបូរ Rohingya នៅ​ក្នុង​ប្រទេស​ថៃ​និង​សេចក្តី​រាយការណ៍​ទី​ពីរ​អំពី​ស្ថានភាព​នៃ​ក្រុមជន​ទាំង​នេះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​អំពាវនាវ​ដល់​ប្រទេស​ទាំង​ពីរ​នេះ​ឱ្យ​គោរព​តាម​«ទំនៀមទម្លាប់​ក្នុង​ច្បាប់​អន្តរជាតិ»​ក្នុង​ការ​ជួយជនភៀស​ខ្លួន​ទាំង​អស់។​

សេចក្តី​រាយការណ៍​ទាំង​ពីរ​នេះ​និយាយ​ថា​ ប្រទេស​ថៃ​បានជំរុញ​បញ្ហា​នេះ​ទៅ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ទីដៅ​នៃ​ការប៉ងប្រាថ្នារបស់​ពួក​ Rohingya ​ភាគច្រើន​ដែលបាន​ចាក​ចេញ​ពី​ប្រទេស​ភូមា។​

មាន​ពួក​ជន​អំបូរ​ ​Rohingya ប្រមាណ​៣៧.០០០នាក់​ឋិត​នៅ​ក្នុង​ប្រទេស​ ម៉ាឡេស៊ី​ ហើយ​មាន​១៥.០០០​នាក់​ទៀត​កំពុង​រង់ចាំ​ការ​ទទួល​ស្គាល់​ថា​ជា​ជន​ភៀស​ខ្លួន​ដោយ​អ.ស.ប.។​

រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា​ដែល​ជា​ប្រទេស​មាន​ប្រជារាស្ត្រ​ភាគ​ច្រើន​ជា​អ្នកាន់​ព្រះពុទ្ធសាសនា​ចាត់​ទុក​ពួក​ Rohingya ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាមថា ​ជា​ពួក​ជន​ផ្លាស់ប្តូរ​លំនៅដ្ឋាន​មក​ពី​ប្រទេស​បង់ក្លាដែស។​

ក្រុមសិទ្ធិ​មនុស្ស​ខ្វល់ខ្វាយ​អំពី​ផែនការ​នៃ​ប្រទេស​ភូមា​ក្នុង​ការ​តម្រូវ​ឱ្យ​ពួក​Rohingya​ ​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​ Rakhine ​ឱ្យ​បញ្ជាក់​អត្តសញ្ញាណរបស់​ពួក​គេ​ថា​ជា​«ពលរដ្ឋ​ Bengali» ​ឬប្រឈម​មុខ​នឹង​ការ​ជាប់​ឃុំឃាំង​រហូត​នៅ​ក្នុង​ជំរុំ​ឃុំឃាំង។​

អ្នកស្រី​ Petrova នៃ​អង្គការ​ Equal Rights Trust​ និយាយ​ថា​ ផែនការ​នេះ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត។

«អ្វី​ដែល​ពួក​គេ​ត្រូវ​បង់ខាត​ដើម្បី​ទទួល​លទ្ធភាព​ចូល​ក្នុង​សហគមន៍​ប្រជារាស្ត្រ​ភូមា​គឺ​ត្រូវ​លះបង់​អត្តសញ្ញាណ​ Rohingya​ គឺ​មិន​មែន​ជា​អំបូរ​ពិត​ប្រាកដ​របស់​ពួក​គេ​ទេ គឺ​ត្រូវទទួល​យក​អត្តសញ្ញាណ​មួយ​ដែល​អាជ្ញាធរ​ភូមា​កំពុង​ខិតខំ​ព្យាយាម​ដាក់​កំហិតខ្លាំង​ណាស់​លើ​ពួក​គេ​ គឺ​ជា​ជន​ជាតិ​ Bangali។ ​ហើយ​នេះ​ជា​ការ​ខុស​ទាំង​ស្រុង។ ​ការណ៍​នេះ​ជា​ការ​បង្ខិតបង្ខំ​បំបាត់​អត្តសញ្ញាណ​របស់​មនុស្ស​មួយ​ក្រុម។ ​មាន​តែ​ការណ៍​មួយ​ចំនួន​តូច​ទេ​ដែល​អាក្រក់​ជាង​នេះ»។

ផែនការ​នេះ​ដែល​មាន​ឈ្មោះ​ថា​ផែនការ​សកម្មភាព​សម្រាប់​រដ្ឋ​ Rakhine ​បាន​ត្រូវ​ថ្កោលទោស​ខ្លាំង​នៅ​ខាង​ក្រៅ​ប្រទេស​ភូមា។​

ការិយាល័យ​អ.ស.ប.​សម្រាប់​សកម្មភាព​មនុស្សធម៌និយាយ​ថា ​ការ​រិតត្បិត​លើ​ចលនា​ដោយ​សេរី​របស់​មនុស្ស​រាប់សែន​នាក់​នៅ​ក្នុង​រដ្ឋ Rakhine នៃ​ប្រទេស​ភូមា​បាន​ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​របស់​ពួក​គេ​ក្នុង​ការ​ទទួល​ម្ហូប​អាហារ​ ការ​ថែរក្សា​សុខភាព ​ការ​សិក្សា​អប់រំ​និង​ការ​ចិញ្ចឹម​ជីវិត៕

ប្រែសម្រួល​ដោយ ឈឹម​ សុមេធ

XS
SM
MD
LG