ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​​ចោទ​សួរ​អំពី​ឯករាជ្យភាព​របស់​គណៈ​កម្មការ​បោះឆ្នោត​ភូមា​


លោកស្រី ​Aung San Suu Kyi​ មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ភូមា​​ បាន​ថ្លែង​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​តួនាទី​របស់​យោធា​ក្នុង​វិស័យ​នយោបាយ ​ហើយ​បាន​ដាក់​ញ្ញត្តិ​ទាមទារ​កែ​ប្រែ​រដ្ឋម្មនុញ្ញ។​
លោកស្រី ​Aung San Suu Kyi​ មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ភូមា​បាន​ប្រើ​ពាក្យ​សម្តីនយោបាយ​យ៉ាង​ម៉ឺងម៉ាត់​ខ្លាំង​ជាងមុន​ ​ក្នុង​ឱកាស​ជួបជុំ​ជា​សាធារណៈ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ ដោយ​លោកស្រី​ថ្លែង​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​តួនាទី​របស់​យោធា​ក្នុង​វិស័យ​នយោបាយ ​ហើយ​បាន​ដាក់​ញ្ញត្តិ​ទាមទារ​កែ​ប្រែ​រដ្ឋម្មនុញ្ញ។​

សំណើ​សំខាន់​មួយ​គឺទាមទារ​ឲ្យ​កែប្រែ​ច្បាប់​រដ្ឋសភា ដែល​បម្រើ​ប្រយោជន៍​ខាង​យោធា។ ​រដ្ឋ​ធម្មនុញ្ញ​អនុម័ត​រក្សា​អាសនៈ​ចំនួន​២៥%​ទុក​សម្រាប់​សមាជិក​យោធា​ ហើយ​រាល់​ការ​កែប្រែ​មាត្រា​នៃ​រដ្ឋម្មនុញ្ញ​តម្រូវឲ្យ​មាន​មតិគាំទ្រ​ភាគ​ច្រើន​ចំនួន​៧៥%។​ មាត្រា​នេះ​ផ្តល់​សិទ្ធិដ៏មាន​ប្រសិទ្ធិភាព​ឲ្យ​ផ្នែកយោធាបដិសេធ​រាល់ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ទាំង​ឡាយ។ ​

កាលពី​ខែមុន ​គណៈកម្មការ​បោះឆ្នោត​របស់​ប្រទេស​ភូមា​បាន​កត់​សម្គាល់យុទ្ធនាការ​របស់​លោកស្រី ​Aung Sann Suu Kyi ​ហើយ​បាន​ចេញ​លិខិត​ព្រមាន​ជា​ផ្លូវការ​មួយ​ ដោយចោទ​ប្រកាន់​ថា​ លោកស្រី​និយាយ​ហួស​ពី​សិទ្ធិ​សេរីភាព​ចែង​ក្នុងរដ្ឋធម្មនុញ្ញ​ ដែល​តម្រូវឲ្យ​សមាជិក​សភា​«គោរព​និង​អនុវត្ត”​តាម​រដ្ឋធម្មនុញ្ញ។​

​មេធាវី​ និង​អ្នក​នាំពាក្យ​ឲ្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ លោក ​Nyan Win ​អះអាង​ថា ​គណៈកម្មការ​បោះឆ្នោត​កំពុង​ប្រើអំណាច​ហួស​ពី​ដែន​អំណាច​ខ្លួន​ ហើយ​ថា​ ការចោទ​ប្រកាន់នោះ​បកស្រាយ​ខុស​ពី​មតិ​របស់​លោកស្រី​ Aung Sann Suu Kyi។​ ​

«យើង​ចង់​កាត់​បន្ថយ​តួនាទី​របស់យោធា​ក្នុង​រដ្ឋសភា ​ហើយ​នេះ​គឺ​ជា​ឆន្ទៈ​របស់​យើង។ ​ប៉ុនែ្ត​លោកស្រី​មិនបាន​និយាយ​ដូច្នោះ​នៅ​ក្នុង​ការ​ជួបជុំ​ជា​សាធារណៈ​ទេ»។​

ខណៈ​ដែល​លោកស្រី ​Aung Sann Suu Kyi​ ​ធ្វើ​យុទ្ធនាការ​សម្រាប់​សំណើ​របស់​លោកស្រី​នោះ ​លោក​ប្រធានាធិបតី ​Thein Sein ​បានឆ្លើយ​តប​នឹង​សំណើ​នេះ​ថា​ មុន​ពេល​ប្រទេស​ជាតិ​កែប្រែ​រដ្ឋធម្មនុញ្ញ​ ដំបូង​រដ្ឋាភិបាល​គួរតែ​បញ្ចប់​ការ​ពិភាក្សា​សន្តិភាព​ជាមួយ​នឹង​ក្រុម​ជនជាតិ​ភាគតិច ​ហើយ​អនុវត្ត​កិច្ច​ព្រមព្រៀង​ឈប់បាញ់​ជា​ឯក​តោភាគី​ជាមុន​សិន។ ​ប៉ុន្តែ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​បដិសេធ​ទស្សនៈ​នេះ។​

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​ទីក្រុង​ញូយ៉ក​គឺ​អង្គការ ​Human Right Watch​ ចេញ​សេចក្តី​ថ្លែង​ការណ៍នៅ​សប្តាហ៍​នេះ​ ស្នើ​សុំឲ្យ​គណៈកម្មការ​បោះឆ្នោត​នោះ​បពា្ឈប់​ការ​បំភិតភ័យ​លោកស្រី ​Aung Sann Suu Kyi​ និង​គណបក្ស​របស់​លោកស្រី​ជាប្រញាប់។​

លោក​ Phil Robertson អនុប្រធាន​របស់អង្គការ Human Right Watch​ ប្រចាំ​តំបន់អាស៊ី ​ថ្លែង​ថា ​គណៈ​កម្មការ​បោះឆ្នោត​បាន​ចោទ​ប្រកាន់​លោកស្រី ​Aung Sann Suu Kyi​ ពីបទ​រំលោភ​និតិវិធីបោះឆ្នោត​ ដែល​មិនទាន់​កើត​នៅ​ឡើយ ហើយ​ថា​ សេចក្តី​អត្ថាធិប្បាយ​របស់​គណៈ​កម្មការ​បោះឆ្នោតនេះ​ឆ្លុះ​បញ្ចាំង​ពី​ភាព​លម្អៀង​របស់​ស្ថាប័ន​នេះ​ទៅខាង​យោធា​យ៉ាងច្បាស់​ក្រឡែត ​ខណៈដែល​ស្ថាប័ន​នេះ​ត្រូវតែ​ឯករាជ្យ​នោះ។​

«រឿង​ពិត​ផ្នែក​នយោបាយ​គឺ​ថា ​មាន​រដ្ឋាភិបាល​បង្កប់​ក្នុង​រដ្ឋាភិបាល។​ ហើយ​ រដ្ឋាភិបាល​បង្កប់​នេះ​គឺ​កងទ័ព​ភូមា។ ​កងទ័ពភូមា​មិន​បាន​ចាត់​វិធាន​ការ​ធ្វើ​កំណែ​ទម្រង់​ខ្លួន​ឯង​ ​ដើម្បី​ដក​ខ្លួន​ចេញ​ពី​អំណាច ​ដែល​ខ្លួន​ទទួល​បាន​ក្រោម​រដ្ឋម្មនុញ្ញ​ឆ្នាំ​២០០៨​ ​ដែល​កងទ័ព​មាន​លទ្ធភាព​គ្មាន​ព្រំដែន​ អាច​ធ្វើ​តាម​បំណង​របស់​លោក​អតីត​ឧត្តមសេនីយ៍​យោធា​ Tin Aye​ ដែល​ជា​ប្រធាន​គណៈកម្មការ​បោះឆ្នោត​ ដើម្បី​ប្រើ​ឥទ្ធិពល​ដ៏​មាន​ប្រសិទ្ធិភាព​លើការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ»។​

លោក ​Robertson ​ក៏បាន​ចង្អុល​បង្ហាញ​ថា ​ផ្នែក​កងទ័ព​ជាអ្នក​ធ្វើ​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨​នោះ​ ហើយ​រដ្ឋធម្មនុញ្ញ​អនុម័ត​ក្នុង​ការធ្វើ​ប្រជាមតិ​មួយ​ ដែល​អ្នក​ឃ្លាំមើល​ជា​ច្រើន​យល់​ថា​ មិន​យុត្តិធម៌។​

ការ​ជួបជុំ​ជា​សាធារណៈ​ផ្សេងទៀត​គ្រោង​នឹង​ធ្វើឡើង​ជា​បន្តបន្ទាប់​ក្នុងខែ​នេះ​ នៅ​តាមតំបន់​ដែល​មាន​ជនជាតិ​ភាគតិច​រស់​នៅ​ ​រួមមាន​ទីក្រុង​ ​Sittwe​ដែល​ជា​ធានីរបស់​រដ្ឋ Rakhine ​ជាដើម៕

ប្រែសម្រួលដោយ ទែន សុខស្រីនិត
XS
SM
MD
LG