ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សនយោបាយរំពឹងទទួលបានអាសនៈព្រឹទ្ធសភា បើទោះបីមានភាពចម្រូងចម្រាសនិងអង្គបោះឆ្នោតតិចតួច


រូបឯកសារ៖ សមាជិកសភាថ្មីរបស់កម្ពុជាក្នុងអំឡុងសម័យប្រជុំដំបូង នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (AFP/Cambodia National Assembly)
រូបឯកសារ៖ សមាជិកសភាថ្មីរបស់កម្ពុជាក្នុងអំឡុងសម័យប្រជុំដំបូង នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (AFP/Cambodia National Assembly)

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា ​គ.ជ.ប​ បាន​សម្រេច​ជា​ផ្លូវ​ការ​ឱ្យ​គណបក្ស​នយោបាយ​ចំនួន ​៤​ ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា ​នីតិកាល​ទី​ ៥ ​ឆ្នាំ​ ២០២៤ ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រយៈ​ពេល​២​ខែ​ទៀត។​ គណ​បក្ស​ទាំង​នោះ​រំពឹង​ថា​ ពួកគេ​នឹង​ទទួល​បាន​អាសនៈ​មួយ​ចំនួន ​បើ​ទោះ​បី​គណ​បក្ស​ខ្លះ​មាន​ភាព​ចម្រូង​ចម្រាស ​និង​គណបក្ស​ខ្លះ​មាន​អង្គ​បោះឆ្នោត​តិច​តួច​ក្តី។​

គណបក្ស​ចំនួន​ ៤ ​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​នោះ ​រួម​មាន ​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​កម្លាំង​ជាតិ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​ឆន្ទៈខ្មែរ ​ដែល​តំណាង​ឱ្យ​គណបក្ស​ភ្លើង​ទៀន ​ដោយ​សារ​គណ​បក្ស​ភ្លើង​ទៀន​មិន​មាន​ឯកសារ​គ្រប់​គ្រាន់ ​តែ​មាន​អង្គបោះ​ឆ្នោត​ជាង​ ២ ​ពាន់​នាក់។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី​ ១៣ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២៣។​

លោក​ សុន ឆ័យ ​ដែល​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី ១​ ប្រចាំ​ភូមិភាគ​ទី ៨ ​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ ​និង​ជា​អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​ប្រាប់​វីអូអេ​ថា ​គណបក្ស​ភ្លើង​ទៀន​មាន​ជំនឿ​ថា ​អង្គ​បោះ​ឆ្នោត​ជាង​ ២ ​ពាន់​នាក់​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​ឆ្នាំ​ ២០២២​ នឹង​ស្តាប់​តាម​ការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំ​គណ​បក្ស​ភ្លើងទៀន ​ដោយ​បោះឆ្នោត​ឱ្យ​គណបក្ស​ឆន្ទៈខ្មែរ​ ដែល​ជា​សម្ព័ន្ធ​របស់​គណបក្ស​ភ្លើង​ទៀន។​

លោក​ថ្លែង​ថា៖​ «គណបក្ស​ភ្លើងទៀន​បាន​ធ្វើការ​ណែនាំ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន​ហ្នឹង​ បាន​យល់​សព្វ​គ្រប់​ហើយ​អំពី​តួនាទី​របស់​គាត់​ ដែល​ទៅ​បោះ​ឆ្នោត​តាម​ការ​ណែនាំ​របស់​គណ​បក្ស​ខ្លួន​ ដែល​ក្នុង​នោះ​បាន​ណែនាំ​ឱ្យ​បោះ​ឆ្នោត​ជូន​ទៅ​បេក្ខជន ​ដែល​គណបក្ស​ភ្លើងទៀន ​បាន​យក​ទៅ​ដាក់​នៅ​គ.ជ.ប ​តាម​រយៈ​គណបក្ស​ឆន្ទៈខ្មែរ»។​

រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក ​សុន ឆ័យ ​រំពឹង​ថា​ គណបក្ស​ឆន្ទៈខ្មែរ​ដែល​តំណាង​ឱ្យ​គណបក្ស​ភ្លើង​ទៀន ​នឹង​ទទួល​បាន​អាសនៈ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ​យ៉ាង​ហោច​ណាស់​ចំនួន ​៨​ ក្នុង​ចំណោម ​៦២ ​អាសនៈ។​

លោក​បញ្ជាក់​ថា៖​ «ចំពោះ​គណបក្ស​ភ្លើងទៀន ​ដែល​មាន​អង្គ​បោះឆ្នោត​២១៩៨​នាក់ ​យើង​សង្ឃឹម​ថា ​គណបក្ស​ភ្លើងទៀន ​អាច​នឹង​ទទួល​បាន​អាសនៈ​យ៉ាង​តិច​៨»។​

បើ​តាម​លោក ​សុន ឆ័យ​ នៅ​ពេល​រដ្ឋសភា ​និង​ព្រឹទ្ធ​សភា ​មិន​មាន​តំណាង​ដែល​កើត​ចេញ​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល ​វា​ប៉ះពាល់​ដល់​ការ​ពង្រឹង ​និង​ការ​គ្រប់គ្រង​ប្រទេស​តាម​លទ្ធិ​ប្រជា​ធិប​តេយ្យ។​

លោក​បន្ត​ថា៖ ​«ដោយសារ​គណបក្ស​ភ្លើងទៀន​បាន​បាត់​បង់​ការ​ចូលរួម​ ការ​បោះឆ្នោត​តំណាង​រាស្ត្រ​កន្លង​ទៅ​ យើង​មាន​លទ្ធភាព​ជម្រើស​សល់​ គឺ​ធ្វើ​យ៉ាង​ដូច​ម្តេច​ឱ្យ​ទទួល​បាន​តំណែង​នៅ​ក្នុង​ព្រឹទ្ធ​សភា ​ដែល​ជា​តំណែង​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ ​ដែល​យើង​យល់​ថា​ អាច​នឹង​ចូល​រួម​ជួយ​ពង្រឹង​ការ​គ្រប់​គ្រង​ប្រទេស​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ និង​ប្រទេស​ជាតិ​ឱ្យ​បាន​ប្រសើរ​ឡើង»។​

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ​នីតិ​កាល​ទី​ ៥ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៤។ ​ ការ​បោះ​ឆ្នោត​នេះ ​គឺជា​ការ​បោះ​ឆ្នោត​អសកល​ ដែល​ធ្វើ​ឡើង​រយៈ​ពេល​ ៦ ​ឆ្នាំ​ម្តង​ ហើយ​អ្នក​បោះ​ឆ្នោត ​និង​អង្គ​បោះឆ្នោត​ គឺ​តំណាង​រាស្ត្រ​ក្នុង​តំណែង ​ដែល​ជាប់​ឆ្នោត​ឆ្នាំ​ ២០២៣​ ដែល​មាន​ចំនួន​សរុប ​១២៥ ​នាក់​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់​ក្នុង​តំណែង​ ដែល​ជាប់​ឆ្នោត​ឆ្នាំ​ ២០២២ ​សរុប​ចំនួន ​១១.៦២២ ​នាក់។ ​ ដូច្នេះ​អង្គ​បោះ​ឆ្នោត​សរុប​ចំនួន​ ១១.៧៤៧​ នាក់​ នឹង​បោះ​ឆ្នោត​ ក្នុង​ក្រប​ខណ្ឌ​នៃ​ភូមិ​ភាគ​នីមួយៗ​ ដែល​មណ្ឌល​បោះ​ឆ្នោត ​ត្រូវ​បាន​បែង​ចែក​ជា​៨​ភូមិភាគ។​

ការ​បោះ​ឆ្នោត​អសកល​នេះ​នឹង​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ​៦២ ​រូប​ ដោយ​សមាជិក​ចំនួន​ ៥៨ ​រូប​ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​អសកល​ និង​ជា​សម្ងាត់ ​តាម​រយៈ​អង្គ​បោះឆ្នោត ​ហើយ​សមាជិក​ចំនួន​ ២ ​រូប ​ត្រូវ​ចាត់​តាំង​ដោយ​ព្រះ​មហា​ក្សត្រ​ និង​ ២ ​រូប​ទៀត ​ត្រូវ​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា ​តាម​មតិ​ភាគ​ច្រើន។​ នេះ​បើ​យោង​តាម​បទ​បញ្ជា ​និង​នីតិវិធី​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ​ដែល​បោះ​ពុម្ព​ផ្សាយ​ឆ្នាំ​ ២០២៣ ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។​

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និងជា​សមាជិក​រដ្ឋ​សភា ​លោក​ ញឿន រ៉ាដែន​ ប្រាប់​វីអូអេ​ថា​ ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នេះ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​ជំនឿ​ថា​ ទទួល​បាន​ការ​គាំទ្រ​មួយ​ចំនួន​ពី​អង្គ​បោះ​ឆ្នោត។ ​លោក​បន្ថែម​ថា​ គណបក្ស​មិន​ទាន់​អាច​ប៉ាន់​ស្មាន​ចំនួន​អាសនៈ​ថា​បាន​ប៉ុន្មាន​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​មើល​បន្ត​ទៀត។​

គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​សមាជិក​ជា​តំណាង​រាស្ត្រ​ចំនួន ​៥ ​រូប​ និង​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជាប់​ឆ្នោត​ឆ្នាំ​ ២០២២ ​ចំនួន​ ១៩ ​រូប​តែ​ប៉ុណ្ណោះ។​

រូបឯកសារ៖ គណបក្សហ្វ៊ុនស៊ិនប៉ិចហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៣។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ គណបក្សហ្វ៊ុនស៊ិនប៉ិចហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៣។ (ស៊ុន ណារិន/វីអូអេ)

លោក​ថ្លែង​ថា៖ «មិន​មែន​ជា​ការ​ចូលរួម​ដើម្បី​តែ​អ្វី​មួយ​ឡើយ ​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​យើង​មាន​ឆន្ទៈ​ ក្នុង​ការ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ចូល​រួម​ការ​គោរព​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស។ ​ ហើយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​យើង​សង្ឃឹម​ថា​នឹង​មាន​អង្គ​បោះ​ឆ្នោត​[បោះ​ឱ្យ] ​អង្គ​បោះ​ឆ្នោត​របស់​យើង។​ កាល​ណា​យើង​មិន​ដាក់​ ទៅ​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស​ណា»។​

ជាមួយ​គ្នា​នេះ ​គណបក្ស​ដែល​ទើប​បង្កើត​ឡើង​ថ្មី​ថ្មោង​ គឺ​គណបក្ស​កម្លាំង​ជាតិ ​ដែល​ដឹក​នាំ​ដោយ​អតីត​សមាជិក​គណបក្ស​ភ្លើងទៀន​ក៏​រំពឹង​ថា​នឹង​ទទួល​បាន​អាសនៈ​មួយ​ចំនួន​ផង​ដែរ។ ​នេះ​បើ​តាម ​លោក​ រ៉ុង ឈុន​ អតីត​អនុ​ប្រធាន​គណ​បក្ស​ភ្លើងទៀន ​និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​របស់​គណ​បក្ស​កម្លាំង​ជាតិ។​

លោក ​រ៉ុង ឈុន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ ​«យើង​រំពឹង​យើង​មើល​ឃើញ​ថា ​អង្គ​បោះ​ឆ្នោត​នឹង​បោះ​ឆ្នោត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ ​ពីព្រោះ​នៅ​ពេល​ដែល​គណបក្ស​កម្លាំង​ជាតិ​ ដែល​ធ្វើ​សមាជ​របស់​ខ្លួន​ មាន​ចំណាប់​អារម្មណ៍​ច្រើន ​ពី​សំណាក់​អ្នក​គាំទ្រ​ ក៏​ដូច​ជា​អង្គ​បោះ​ឆ្នោត​ផង​ដែរ។​ ដូច្នេះ​នៅ​ពេល​អនាគត​ខាង​មុខ​ នឹង​ទទួល​បាន​អាសនៈ ​នៅ​ក្នុង​ព្រឹទ្ធ​សភា ​ចំពោះ​គណបក្ស​កម្លាំង​ជាតិ»។​

បើ​តាម​លោក​ រ៉ុង ឈុន ការ​អនុវត្ត​ការងារ​របស់​សមាជិក​ព្រឹទ្ធ​សភា​កន្លង​មក ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ​ដូច្នេះ​លោក​ថា​ ប្រសិន​បើ​គណ​បក្ស​កម្លាំង​ជាតិ​ទទួល​បាន​អាសនៈ​មួយ​ចំនួន​ នោះ​គណបក្ស​នឹង​តស៊ូ​មតិ ​និង​ស្នើ​ឱ្យ​មាន​ការ​កែ​លម្អ​ច្បាប់​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ ​និង​ច្បាប់​ណា​ដែល​មិន​ការពារ​ប្រយោជន៍​ជាតិ។​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​សុខ ឥសាន ​ធ្លាប់​ប្រាប់​វីអូអេ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អាសនៈ​ច្រើន​លើស​លប់ ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ​នេះ​ ដោយសារ​តែ​គណ​បក្ស​មាន​អង្គ​បោះ​ឆ្នោត ​ដែលជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​តំណាង​រាស្រ្ត​ក្នុង​រដ្ឋ​សភា​ច្រើន​លើស​លប់​ គឺ​ថា​ មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជាប់​ឆ្នោត​ឆ្នាំ​ ២០២២ ​ចំនួន​ ៩.៣៧៦​ និង​តំណាង​រាស្ត្រ​ក្នុង​រដ្ឋ​សភា​ចំនួន​ ១២០ ​រូប។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ពេល​កន្លង​មក​ អតីត​នាយក​រដ្ឋមន្រ្តី ​លោក​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​តំណាង​រាស្ត្រ​មួយ​រូប​ បាន​អះអាង​ថា​ លោក​នឹង​ទៅ​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធ​សភា ​នៅ​ឆ្នាំ ​២០២៤៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG