គណបក្សភ្លើងទៀន បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយឱ្យអង្គបោះឆ្នោតជាង ២.០០០ នាក់របស់ខ្លួន រក្សាជំហរភក្តីភាពជាមួយនឹងគណបក្ស ដោយកុំងាករេទៅគាំទ្រ ឬចូលជាសមាជិកគណបក្សក្រៅសម្ព័ន្ធភាព ដើម្បីប្រមូលកម្លាំងនៃអង្គបោះឆ្នោត ឱ្យបោះឆ្នោតគាំទ្រគណបក្សចងសម្ព័ន្ធភាព ដើម្បីទទួលបានមុខតំណែងជាសមាជិកព្រឹទ្ធសភា នាឆ្នាំ២០២៤។
ការអំពាវនាវរបស់គណបក្សភ្លើងទៀនយ៉ាងដូច្នេះ កើតឡើងស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
នៅក្នុងសារជាសំឡេងដែលមានរយៈពេលជិត៣នាទី ហើយត្រូវបានចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកគណបក្សភ្លើងទៀន កាលពីថ្ងៃអាទិត្យ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានណែនាំសមាជិកគណបក្សភ្លើងទៀនជាង ២.០០០នាក់ ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២ កុំឱ្យចាកចេញ ពីគណបក្សភ្លើងទៀន មុនឆ្នាំ២០២៧ ដើម្បីរក្សាកម្លាំងចូលប្រកួតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតព្រឹទ្ធសភា។
លោកថ្លែងថា៖ «ដូច្នេះកុំទាន់ឮដំណឹងបែបនេះ បែបនោះ រត់ទៅខាងនេះ ខាងនោះ ពីព្រោះអ្នកដែលមានសិទ្ធិធានាសិទ្ធិអំណាចអស់លោកនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹង គឺគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន នឹងធ្វើការណែនាំ ហើយខ្លួនខ្ញុំផ្ទាល់ នឹងចុះនៅពេលឆាប់ៗនេះ ទៅជួបបងប្អូន ដើម្បីជម្រាបជូនអំពីថាតើកម្មវិធីគណបក្សភ្លើងទៀនធ្វើដំណើរទៅរបៀបយ៉ាងម៉េច? ហើយអស់លោកត្រូវរួមគ្នាបន្តស្តាប់តាមការណែនាំរបស់គណបក្សភ្លើងទៀន រហូតយ៉ាងហោចតិចណាស់ រហូតដល់ឆ្នាំ២០២៧ អាហ្នឹងទើបបានអស់លោកអាចមាន អាចនឹងមានសិទ្ធិក្នុងការទៅរកគណបក្សផ្សេង ឬក៏គណបក្សណាដទៃទៀត»។
កាលពីខែតុលា គណបក្សនយោបាយដែលមិនទាន់មានអាសនៈនៅរដ្ឋសភា គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានរួមគ្នាបង្កើត«សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ក្នុងគោលដៅប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោត និងលើកស្ទួយការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
លោក សុន ឆ័យ បង្ហាយតម្រុយថា គណបក្សភ្លើងទៀននឹងយកគណបក្សឆន្ទៈខ្មែរដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត និងសមាជិកព្រឹទ្ធសភា ខណៈគណបក្សភ្លើងទៀននៅបន្តរកវិធី និងស្នើទៅគណបក្សកាន់អំណាច ឬរដ្ឋាភិបាល ដើម្បីបើកផ្លូវឱ្យគណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោតនាពេលខាងមុខ។ លោកថា ការផ្តល់សិទ្ធិឱ្យគណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោត មានសារសំខាន់ ក្នុងការស្តាមុខមាត់របស់គណបក្សប្រជាជនកម្ពុជា និងធ្វើឱ្យមានភាពប្រសើរវិញនូវទំនាក់ទំនងការបរទេសជាមួយបណ្តាប្រទេសលោកខាងលិច។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេបន្ថែមថា ការអំពាវនាវរបស់លោក សុន ឆ័យ ធ្វើឡើងក្នុងបំណងបង្ការកុំឱ្យអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនមានការភាន់ច្រឡំ បោះបង់សិទ្ធិស្របច្បាប់របស់ខ្លួន ដោយទៅចូលរួមជាមួយគណបក្សដែលមិនស្ថិតក្នុងសម្ព័ន្ធភាព ដូចជាគណបក្សកម្លាំងជាតិ ដែលទើបបង្កើតឡើងថ្មីៗ ហើយបានឃោសនាឱ្យអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន បោះឆ្នោតគាំទ្រខ្លួន ទាំងមិនទាន់មានអង្គបោះឆ្នោតនៅថ្នាក់ឃុំសង្កាត់នៅឡើយ។
លោកថ្លែងថា៖ «អ្វីដែលយើងអំពាវនាវកុំឱ្យអង្គបោះឆ្នោតហ្នឹង គាត់មិនច្បាស់លាស់ គឺគ្រាន់តែចង់បញ្ជាក់កុំឱ្យគាត់យល់ច្រឡំថាយើងទៅយក[គណបក្ស]កម្លាំងជាតិអី ឱ្យគាត់មានបញ្ហាអី វាធ្វើឱ្យគាត់បាត់បង់តួនាទីរបស់គាត់ យើងសោកស្តាយទេ។ អ៊ីចឹងយើងបញ្ជាក់ជំហរគណបក្សឱ្យច្បាស់ថា យើងយកគណបក្សឆន្ទៈ[ខ្មែរ] ហើយមូលហេតុដែលធំបំផុត គឺចង់លើកស្ទួយសម្ព័ន្ធភាព ហើយគណបក្សណាដែលនៅក្រៅសម្ព័ន្ធភាព យើងអត់បានគិតគូរទេ»។
បើតាមលោក គីមសួរ ភិរិទ្ធ គណបក្សភ្លើងទៀននៅតែសម្រេចយក«គណបក្សឆន្ទៈខ្មែរ» ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤។ លោកថា គណបក្សក៏បានរៀបចំបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលគ្រោងនឹងយកបញ្ជីទៅចុះឈ្មោះយ៉ាងយូរ ត្រឹមថ្ងៃទី២៩ ឬថ្ងៃទី៣០ ខែវិច្ឆិកានៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការចុះបញ្ជីគណបក្សដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា នឹងចាប់ផ្តើមនៅចន្លោះថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់បេក្ខជនដែលចង់ឈរឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា ត្រូវតែជាបុគ្គលដែលបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០២៣ ទៅតាមការចែង ក្នុងវិសោធនកម្មច្បាប់បោះឆ្នោត កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមអ្នកនាំពាក្ យគ.ជ.ប លោក ហង្ស ពុទ្ធា ដែលប្រាប់វីអូអេកាលពីពេលថ្មីៗនេះ។
ប្រធានគណបក្សកម្លាំងជាតិដែលទើបបង្កើតថ្មី លោក ស៊ុន ចន្ធី ប្រាប់វីអូអេថា ការអំពាវនាវឱ្យអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន បោះឆ្នោតគាំទ្រគណបក្សកម្លាំងជាតិ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ឆ្នំាំ២០២៤ គឺដោយសារតែគណបក្សភ្លើងទៀននៅតែអវត្តមានក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានោះ។
ប៉ុន្តែលោកថា ប្រសិនបើគណបក្សភ្លើងទៀន អាចឈរឈ្មោះចូលរួមប្រកួតប្រជែង ការបោះឆ្នោតព្រឹទ្ធសភា គឺអង្គបោះឆ្នោតត្រូវតែបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀនដោយភាពស្មោះត្រង់។
លោក ស៊ុន ចន្ធី ចាត់ទុកគណបក្សកម្លាំងជាតិដែលលោកបង្កើតឡើង ថាជាគណបក្សតំណាងឱ្យឆន្ទៈដើម ឧត្តមគតិដើម មនសិការដើម និងការតស៊ូរបស់អ្នកប្រជាធិបតេយ្យ។ លោកថា ការចងសម្ព័ន្ធភាព ក៏មិនអាចជំនួសឱ្យ គណបក្សភ្លើងទៀនបានឡើយ។ លោកបន្ថែមថា គណបក្សកម្លាំងជាតិ ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីឈរឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
លោកថ្លែងថា៖ «គណបក្សភ្លើងទៀនមិនអាចទៅបង្ខំឱ្យអង្គបោះឆ្នោតរបស់ខ្លួន ទៅបោះឆ្នោតឱ្យ គណបក្សណាដែលគាត់មិនពេញចិត្ត មិនគាំទ្រនោះទេ ដូច្នេះខ្ញុំសូមឱ្យបងប្អូនអង្គបោះឆ្នោតទាំងអស់ ត្រូវបោះឆ្នោតឈរលើឧត្តមគតិ ស្មារតីដើម ហើយការបោះឆ្នោត គឺជាការបោះឆ្នោតដោយសម្ងាត់ អ៊ីចឹងបងប្អូនមានសេរីភាពគ្រប់គ្រាន់ក្នុងការគូសសន្លឹកឆ្នោតដោយសម្ងាត់មិនឱ្យ នរណាដឹង»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ការអំពាវនាវរបស់គណបក្សភ្លើងទៀន គឺជាការពង្រឹងកម្លាំង កុំឱ្យបាត់បង់ ដើម្បីងាយស្រួលរៀបចំរចនាសម្ព័ន្ធបន្ថែមទៀត ដែលនឹងកើតចេញពីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ លោកបន្តថា កម្លាំងមូលដ្ឋានរបស់គណបក្សភ្លើងទៀន ក៏អាចនឹងមានការបាត់បង់មួយចំនួនតូចផងដែរ ដែលនឹងទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ។
លោកថ្លែងថា៖ «ជាកិច្ចការមួយដែលគាត់ពង្រឹងកម្លាំងគាត់ កុំឱ្យ វាបែកខ្ញែកដែរ នេះជាកិច្ចការមួយដែលគាត់អាចធ្វើបាន ហើយគាត់អាចកុំឱ្យ កម្លាំងគណបក្សភ្លើងទៀន វាបែកខ្ញែក ថមថយ ហើយក៏ជាកម្លាំងមួយទាមទារឱ្យ គណបក្សកាន់អំណាចឬគណបក្សប្រជាជន គិតពិចារណាផ្តល់នូវសុពលភាពបក្សរបស់គាត់ឡើងវិញដែរ»។
ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុបចំនួន៦២រូប គណបក្សភ្លើងទៀនរំពឹងថា គណបក្សឆន្ទៈខ្មែរ ដែលត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀនបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យឈរលំដាប់លេខ១នោះ នឹងទទួលបានតំណែងសមាជិកព្រឹទ្ធសភាយ៉ាងហោចណាស់៩រូប ប្រសិនបើស្ថានភាពនយោបាយមិនមានការប្រែប្រួល ដោយហេតុថា គណបក្សភ្លើងទៀន ឈ្នះបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២,១៩៨ ខណៈគណបក្សកាន់អំណាច ទទួលបាន ៩,៣៧៦ អាសនៈ នៅក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២៕