គណបក្សឆន្ទៈខ្មែរ នៅថ្ងៃចន្ទនេះ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាដែលនឹងធ្វើឡើងនាខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។
បើតាមគណបក្សឆន្ទៈខ្មែរដែលជាគណបក្សសម្ព័ន្ធរបស់គណបក្សភ្លើងទៀន សមាសភាពបេក្ខជនលេខ១ ទាំង៨ភូមិភាគដែលខ្លួនបានដាក់ រួមមានលោក ចេប គឹមអ៊ាង លោក សុក ហាច លោក ចាន់ ចេង លោក សេង ម៉ារឌី លោក ហុង សុខហួរ លោក គង់ មុនីកា លោក គីមសួរ ភីរិទ្ធ និងលោក សុន ឆ័យ។
លោក សុក ហាច អនុប្រធានគណបក្សភ្លើងទៀន ប្រាប់អ្នកសារព័ត៌មានក្រោយដាក់បញ្ជីបេក្ខជនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នារសៀលថ្ងៃចន្ទនេះថាលោកសង្ឃឹមថាគណបក្សឆន្ទៈខ្មែរនឹងត្រូវចុះបញ្ជីហើយមិនមានបញ្ហាអ្វីកើតឡើង។ លោកបន្ថែមថាគណបក្សអាចនឹងទទួលបាន៩អាសនៈ ទៅតាមក្រុមប្រឹក្សាជាប់ឆ្នោតដែលគណបក្សភ្លើងទៀនមាន។
គណបក្សភ្លើងទៀនបានជ្រើសរើសគណបក្សឆន្ទៈខ្មែរ ដែលជាសម្ព័ន្ធរបស់ខ្លួន ដើម្បីចូលរួមការបោះឆ្នោតព្រឹទ្ធសភា ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយគណបក្សភ្លើងទៀនមិនអាចចុះឈ្មោះចូលរួមប្រកួតប្រជែងបាន ដោយសារបញ្ហាបាត់ឯកសារចុះបញ្ជីដើមរបស់គណបក្ស។
គួរបញ្ជាក់ថាសមាជិកព្រឹទ្ធសភា៥៨រូប ក្នុងចំណោម៦២រូប នឹងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល និងជាសម្ងាត់។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រ ក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។ នេះបើយោងតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបោះពុម្ពផ្សាយឆ្នាំ២០២៣ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
គណបក្សឆន្ទៈខ្មែរដាក់ពាក្យចុះបញ្ជី និងបេក្ខជនសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា
ភ្នំពេញ —