ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សភ្លើងទៀន​រើស​​យក​គណ​​​បក្ស​ឆន្ទៈ​ខ្មែរ​​ជា​​ជម្រើស​ទី១​ដើម្បី​ជំនួស​តំណែង​​​ក្នុង​ការ​បោះ​ឆ្នោត​​ព្រឹទ្ធ​សភា


លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ មុន​នឹង​ការ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ នៅ​ក្នុង​បរិវេណ​ទីស្នាក់ការ​បក្ស​​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃសៅរ៍ ទី​០៧​ ខែ​កក្កដា ឆ្នាំ២០១៨។ (ទី អូលីស្សា/ ​VOA)
លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ មុន​នឹង​ការ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ នៅ​ក្នុង​បរិវេណ​ទីស្នាក់ការ​បក្ស​​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃសៅរ៍ ទី​០៧​ ខែ​កក្កដា ឆ្នាំ២០១៨។ (ទី អូលីស្សា/ ​VOA)

គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍របស់គណ​បក្ស​ភ្លើងទៀន​ កំណត់​យក​គណ​បក្ស​ឆន្ទៈ​ខ្មែរជាជម្រើស​ទី​១ក្នុង​ចំណោម​គណ​បក្ស​មិន​កាន់​អំណាច​ចំនួន​បួន ដែល​បាន​ចង​សម្ព័ន្ធ​ភាព​ ​ដើម្បីប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា ​បន្ទាប់​ពី​គណ​បក្ស​ភ្លើង​ទៀន​គ្មាន​ឯកសារ​សម្រាប់​ចូលរួម​ការ​បោះ​ឆ្នោត​។

​លោក គីមសួរ ភិរិទ្ធ អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀនប្រាប់​វីអូអេ​ថា ​គណ​បក្ស​នឹង ​ប្រកាស​ពី​ការ​សម្រេច​ ជ្រើស​យក​គណ​បក្ស​ឆន្ទៈ​ខ្មែរនេះ​ជា​ផ្លូវ​ការ នៅ​ជិតថ្ងៃ​ចុះ​ឈ្មោះគណ​បក្ស​នយោ​បាយ​ចូល​រួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​អសកល​មួយ​នេះ​។ លោក​ថា មូលហេតុ​នៃការ​ជ្រើស​រើស​យក​គណ​បក្ស​ឆន្ទៈ​ខ្មែរ ​ដោយ​សារគណ​បក្ស​ភ្លើង​ទៀន​ គ្មាន​ឯក​សារ​ដើម​នៃ​ការ​ចុះ​បញ្ជី​គណ​បក្ស ដែល​តម្រូវ​ដោយ​ស្ថាប័ន​រៀប​ចំការ​បោះឆ្នោត ​ក្នុង​ការ​ចុះ​បញ្ជី​គណ​បក្ស​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​។

​លោក​ថ្លែង​ថា​៖ ​«​ដោយ​សារ​គណ​បក្ស​ភ្លើង​ទៀន​ ជួប​ប​ញ្ហា​បាត់​បង់​ឱកាស គេ​ខ្ទប់​ឱកាស​ អ៊ីចឹង​ទេ យើង​មាន​អង្គ​បោះ​ឆ្នោត​យើង​អាចប្រគល់​ទៅ​គណ​បក្ស​ណា​ក៏​បាន​ដែរ ​ឱ្យ​តែ​យើង​គិត​ថា វា​មាន​ប្រយោ​ជន៍​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ថ្ងៃ​ខាង​មុខ​»​។

​លោក គីមសួរ ភិរិទ្ធ ​បន្ថែម​ថា ​មុន​នឹង​ចង​សម្ព័ន្ធ​ភាព​គ្នា ​គឺ​គណ​បក្ស​ទាំង​៤ ក៏​បាន​ព្រម​ព្រៀង​គ្នា​ថា​ ​ប្រគល់​សិទ្ធិ​ឱ្យ​គណ​បក្ស​ភ្លើង​ទៀនក្នុង​ការផ្តល់សិទ្ធិ​ទៅ​ឱ្យ​គណ​បក្ស​ណា​មួយ ដើម្បីចុះ​បញ្ជី​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​អស​កល។ ​

​ក្នុង​ចំណោម​សមា​ជិក​ព្រឹទ្ធ​សភា​សរុប​ចំនួន​៦២​រូប​ ​គណ​បក្ស​ភ្លើង​ទៀន​រំពឹង​ថា ​គណ​បក្ស​ឆន្ទៈខ្មែរ ​ដែល​ត្រូវ​បាន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍គណ​បក្ស​ភ្លើង​ទៀន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឱ្យ​ឈរ​លំដាប់​លេខ​១​នោះ​ នឹងទទួល​បាន​តំណែងសមា​ជិក​ព្រឹទ្ធ​សភាប្រមាណជា​៩​រូប ប្រសិន​បើ​ស្ថានភាព​នយោ​បាយ​មិន​មាន​ការ​ប្រែ​ប្រួល​។

​លោក​ប្រាប់​វីអូអេនៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«បើ​សិន​ជា​មិន​មាន​ការ​បាត់​បង់​ យើង​អាច​ទទួល​បាន​ដល់​ទៅ ៩​អាសនៈ​។ ​ប៉ុន្តែ​ក្នុង​ស្ថាន​ភាព​នយោ​បាយ​នៅ​ស្រុក​យើង​ គឺ​ពិបាក​ប៉ាន់​ស្មាន​ដែរ ​ព្រោះ​កន្លែង​ខ្លះ​ គេ​ប្រើ​ប្រាស់​មធ្យោ​បាយ​អូស​ទាញ​តាម​ផល​ប្រយោ​ជន៍​»​។

​គណ​បក្ស​ភ្លើង​ទៀន ​ឈ្នះ​បាន​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ចំនួន​ ២,១៩៨ ​ចំណែក​គណ​បក្ស​កាន់​អំណាច ​ទទួល​បាន ៩,​៣​៧៦​អាសនៈ​ កាល​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ​២០​២២ កន្លង​ទៅ​។​

​គណ​បក្ស​ភ្លើង​ទៀន ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​រួមការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០២៣ ​ដោយ​សារ​មិន​មាន​លិខិត​ចុះ​បញ្ជី​គណ​បក្ស​នយោ​បាយ ​ច្បាប់​ដើម​ ដែល​បានតម្កល់​នៅ​ក្រសួង​មហា​ផ្ទៃ​។

កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិ​កព្រឹទ្ធ​សភា សម្រាប់​នីតិ​កាល​ទី៥ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ​ខែ​កុម្ភៈ ​ឆ្នាំ២០២៤។ សមា​ជិក​ព្រឹទ្ធ​សភា​៥៨​រូប​ ​ក្នុង​ចំណោម​៦២​រូប ​នឹងត្រូវជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​អសកល​ និងជា​សម្ងាត់ នៅ​តាម​មណ្ឌល​បោះឆ្នោតដែល​នឹង​ត្រូវរៀប​ចំ​ និង​បែក​ចែក​ជា​៨​ភូមិ​ភាគ​។ ចំណែក​សមាជិក​២​រូប​ទៀត ត្រូវ​ចាត់​តាំង​ដោយ​ព្រះ​មហា​ក្សត្រ​ និងសមា​ជិក​២​រូប​ទៀត​ ត្រូវជ្រើស​តាំង​ដោយ​រដ្ឋ​សភា​។ ​

​អ្នក​បោះ​ឆ្នោត និង​អង្គ​បោះឆ្នោត​ គឺ​ជា​តំណាង​រាស្ត្រ​ ក្នុង​តំណែង ​និង​សមា​ជិកក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់​ក្នុង​តំណែង​ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ភូមិ​ភាគ​នីមួយ​ៗ​។ ​នេះ​បើ​យោងតាមបទ​បញ្ជា ​និង​នីតិ​វិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​ ​ដែល​បោះ​ពុម្ព​ផ្សាយ​ឆ្នាំ​២០​២៣ ដោយ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​។ ​

​តំណាង​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ លោក ផល​ ស៊ី​ថុន ​ប្រាប់​វីអូអេ​ថា​ ការណ៍​ដែល​គណ​បក្ស​ឆន្ទៈ​ខ្មែរ ត្រូវ​បាន​ជ្រើស​រើស​ជា​ជម្រើស​ទីមួយ ​សម្រាប់​ឈរ​ឈ្មោះ​ចូលរួម​ការ​បោះ​ឆ្នោត​អសកល​នា​ពេល​ខាង​មុខ​ ​ដោយ​សារគណ​បក្ស​ឆន្ទៈ​ខ្មែរ​ និង​គណ​បក្ស​ភ្លើង​ទៀន ​តែង​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​។ ​លោក​ថា ​គណ​បក្ស​ដែល​ចង​សម្ព័ន្ធ​ទាំង​៤​ ក៏ព្រម​ព្រៀង​គ្នា​លើការ​ជ្រើស​រើស​នេះ ព្រម​ទាំងការ​សម្រេច​របស់គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​គណ​បក្ស​ភ្លើងទៀន​ ដែលបាន​សម្រេច​ជា​ឯក​ច្ឆ័ន្ទ ​កាល​ពី​ដើម​សប្តាហ៍​មុន​។

​លោក​បញ្ជាក់ថា​៖​ ​«​អ្នក​ប្រជា​ធិប​តេយ្យ​ ក៏​ដូច​ជា​គណ​បក្ស​ឆន្ទៈខ្មែរ និង​អ្នក​ប្រជាធិបតេយ្យ​ដទៃ​ទៀត ​បាន​រង​គ្រោះ​២៧​ឆ្នាំ ​ម្ល៉ោះ​ដោយសារគណ​បក្ស​ឆន្ទៈ​ខ្មែរ​ធ្លាប់​មានឯកឧត្តម ​គង់ គាំ ​[ជា]ស្ថាប​និក​គណបក្ស​សម រង្ស៊ី ​ហើយ​ក្រោយ​មក​ស្ថាប​និក​គណ​បក្ស​សង្គ្រោះ​ជាតិ ​[តួនាទី] ថ្នាក់​ដឹ​កនាំ ហើយ​បន្ត​ឧត្តម​ទី​ប្រឹក្សាគណ​បក្ស​ភ្លើង​ទៀន ហើយជម្រើស​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គណ​បក្ស​ភ្លើងទៀន សម្រេច​យក​គណ​បក្ស​ឆន្ទៈ​ខ្មែរ»​។

​បើ​តាម​លោក គីមសួរ ភិរិទ្ធ ​នៅ​ពេលគណ​បក្ស​ឆន្ទៈ​ខ្មែរ ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ព្រឹទ្ធ​សភា​បាន​ជា​ផ្លូវ​ការ នោះ​គណ​បក្សភ្លើង​ទៀន​ ​នឹងណែនាំ​ដល់​អង្គ​បោះឆ្នោត​ដែលជាសមា​ជិក​គ​ណ​បក្ស​ភ្លើង​ទៀន ឱ្យ​បោះ​ឆ្នោត​គាំទ្រ​គណ​បក្ស​ឆន្ទៈ​ខ្មែរ ​ដើម្បី​ឈាន​ទៅ​ទទួល​បាន​សំឡេង​ក្នុង​ព្រឹទ្ធ​សភា​។

​វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយពី លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាបាន​នៅ​ឡើយ​ទេ​។

​អ្នក​នាំពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប ​លោក ហង្ស​ ពុទ្ធា​ ប្រាប់​វីអូអេ​ថា ​គណ​បក្ស​នយោ​បាយ​ទាំង​អស់ ​ត្រូវតែ​បញ្ជាក់​នីត្យា​នុ​កូល​កម្ម​ ​នៃ​លិខិតដើម ​ចុះ​បញ្ជី​គណបក្សនយោ​បាយ ​ដែល​មាន​តម្កល់​នៅ​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​អាចចុះ​ឈ្មោះចូលរួម​ប្រកួត​ប្រជែងការ​បោះ​ឆ្នោត​សមា​ជិក​ព្រឹទ្ធ​សភា​បាន​។​

​លោក​ថ្លែង​ថា៖ ​«​ឯក​សារ​សំខាន់​ដំបូង​បំផុត​គឺ​ ​លិខិត​បញ្ជាក់​កា​រចុះ​បញ្ជី​គណ​បក្ស​នយោ​បាយ ​នៅ​ក្រសួង​មហា​ផ្ទៃ ដោយ​ធ្វើ​នីត្យា​នុកូល​កម្ម គឺជា​ឯកសារ​សំខាន់​មួយ​ ក្នុង​ការចំណោម​ឯកសារ​ផ្សេង​ទៀត។ អ៊ីចឹង​គណបក្ស​ណា​មួយ​ក៏ដោយ គណ​បក្ស​មិន​មាន​អាសនៈ​នៅ​ក្នុង​សភា​ ឬគណបក្ស​មិន​មាន​អាសនៈ​នៅ​តាម​ឃុំសង្កាត់ ​ក៏​អាច​ដាក់​ស្នើ​សុំ​ចុះប​ញ្ជី​គណ​បក្ស​នយោ​បាយ​ឈរ​ឈ្មោះ ​និង​ដាក់​បេក្ខ​ជន​ផង​ដែរ»។

​បើតាម​លោក ហង្ស​ ពុទ្ធា ​ការ​ចុះ​បញ្ជី​គណបក្ស​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោតព្រឹទ្ធសភា ​នឹង​ចាប់​ផ្តើម​នៅចន្លោះ​ថ្ងៃទី២៧ ខែវិច្ឆិកា​ ដល់​ថ្ងៃទី​១១​ខែធ្នូ​ ឆ្នាំ​២០២៣។ លោក​បន្ថែម​ថា ​សម្រាប់​បេក្ខ​ជន​ដែល​ចង់​ឈរ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ គឺ​ត្រូវ​តែ​ជា​បុគ្គល​ដែល​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០​២៣​ ទៅ​តាម​ការ​ចែង​ ក្នុង​វិសោធន​កម្ម​ច្បាប់បោះ​ឆ្នោត ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​៕

XS
SM
MD
LG