ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សភ្លើងទៀនអំពាវនាវដល់ក្រុមប្រឹក្សាឱ្យបោះឆ្នោតគាំទ្រគណបក្សឆន្ទៈខ្មែរសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤


រូបឯកសារ៖ ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​ភ្លើង​ទៀន​បាន​អំពាវនាវ​ដល់​អង្គ​បោះ​ឆ្នោត​របស់​ខ្លួន​ទាំង​អស់ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ត្រូវ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ដែល​ជា​គណបក្ស​មួយ​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នា​ដើម​ឆ្នាំ​ ២០២៤។ នេះ​បើ​តាម​សេចក្តី​ណែនាំ​របស់​គណបក្ស​ភ្លើង​ទៀន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

សេចក្តី​ណែនាំ​នេះ​បញ្ជាក់​ថា ​គណបក្ស​ភ្លើង​ទៀន​បាន​ជ្រើស​រើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ​ក្នុង​ការ​ដាក់​បញ្ជី​បេក្ខជន​សម្រាប់​ការ​ចូលរួម​បោះ​ឆ្នោត​ព្រឹទ្ធសភា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ​ ២០២៤ ខាង​មុខ​នេះ។ ដូច្នេះ ​គណបក្ស​ភ្លើង​ទៀន​មាន​សិទ្ធិ​ក្នុង​ការ​គ្រប់​គ្រង និង​ការពារ​សមាជិក-សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ទាំង​ ២១៩៨ ​រូប ដែល​ជាប់​ឆ្នោត​របស់​គណបក្ស គឺ​តម្រូវ​ឱ្យ​សមាជិក​ទាំង​អស់​បន្ត​ការងារ​ជា​សមាជិក​គណបក្ស​ភ្លើង​ទៀន ដោយ​សកម្ម​និង​ស្មោះ​ត្រង់​ជា​មួយ​គណបក្ស។

បើ​តាម​សេចក្តី​ណែនាំ ពុំ​មាន​គណបក្ស​ណា​មួយ​អាច​បង្ខំ​ ឬ​គំរាម​កំហែង​ឱ្យ​អង្គ​បោះ​ឆ្នោត​របស់​ខ្លួន​ទៅ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ផ្សេង​ក្រៅ​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ឡើយ។

អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​លេខ​រៀង​ទី ១ ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នា​ពេល​ខាង​មុខ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​ចេញ​សេចក្តី​ណែនាំ​នេះ គឺ​ដើម្បី​ជម្រាប​ជូន​ដល់​អង្គ​បោះ​ឆ្នោត​ទាំង​អស់​នៃ​គណបក្ស​ភ្លើង​ទៀន​កុំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ពី​ការ​អូស​ទាញ​ពី​គណបក្ស​ផ្សេង​ នៅ​ពេល​ទៅ​ចូលរួម​បោះ​ឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ​នេះ។

លោក​ថ្លែង​ថា​៖ «ដើម្បី​ចៀស​វាង​ការ​ភាន់​ច្រឡំ​បាទ ព្រោះ​យើង​ដឹង​ថា​ មាន​គណបក្ស​មួយ​ផ្សេង​បាន​ដាក់​បេក្ខជន​ដែរ ដើរ​ណែនាំ​គាត់​ឱ្យ​ទៅ​បោះ​ឆ្នោត​ឱ្យ​គេ​ដែរ​។ នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​បញ្ជាក់​គាត់​ឱ្យ​គាត់​យល់​ ហើយ​កុំ​ឱ្យ​គាត់​ភាន់​ច្រឡំ​នៅ​ពេល​គាត់​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ ឆ្នាំ​ ២០២៤​ ខាង​មុខ​នេះ​ ក្នុង​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​បាទ»។

លោក​មាន​ជំនឿ​ចិត្ត​ថា ​អង្គ​បោះ​ឆ្នោត​ទាំង​ ២១៩៨ ​រូប ដែល​ជា​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត ក្នុង​នាម​ជា​អ្នក​នយោបាយ​មក​ពី​គណបក្ស​ភ្លើង​ទៀន នឹង​ធ្វើ​តាម​ការ​ណែនាំ​របស់​គណបក្ស។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ថា គាត់​នឹង​ស្តាប់​តាម​ការ​ណែនាំ​ ព្រោះ​ការណែនាំ​ជា​ការ​ណែនាំ​របស់​គណបក្ស​ភ្លើង​ទៀន​ ដែល​គាត់​ជា​សមាជិក​បាទ។ ហើយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​ ២១៩៨​ នេះ ​គឺ​គាត់​មិន​អាច​ចាក​ចេញ​ពី​បក្ស​បាន​ទេ។ គាត់​ជាប់​ឆ្នោត​ក្នុង​នាម​គណបក្ស​ភ្លើង​ទៀន ហើយ​កាល​ណា​គាត់​ចាក​ចេញ​ពី​គណបក្ស​ភ្លើង​ទៀន គាត់​នឹង​បាត់បង់​តួនាទី​គាត់។ មួយ​ទៀត​យើង​ដឹង​ហើយ​ សមាជិក​របស់​គណបក្ស​នីមួយៗ​គឺ​គេ​ស្តាប់​តាម​ការណែនាំ​របស់​គណបក្ស​គេ​ ក្នុង​ឋានៈ​ជា​សមាជិករបស់​គណបក្ស​ភ្លើង​ទៀន​គាត់​ស្តាប់​ការណែនាំ​របស់​គណបក្ស​ភ្លើង​ទៀន​ហើយ»។

ក្រុម​ប្រឹក្សាជាប់​ឆ្នោត​នៃ​គណបក្ស​ភ្លើង​ទៀន​បាន​សាទរ​ចំពោះ​សេចក្តី​ណែនាំ​មួយ​នេះ ដោយ​ចាត់​ទុក​ថា ​វា​ជា​ការបង្កើន​ការ​យល់​ដឹង​បន្ថែម​ទៀត​ដល់​អង្គ​បោះ​ឆ្នោត។

លោក ឆាង ផល្លា អាយុ​ ៦១ ឆ្នាំ មេឃុំ​ជាប់​ឆ្នោត​នៃ​គណបក្ស​ភ្លើង​ទៀន នៅ​ឃុំ​ផ្តៅជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ប្រាប់​វីអូអ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ក្នុង​នាម​លោក​ជា​សមាជិក​មួយ​រូប​នៃ​គណបក្ស​ភ្លើង​ទៀន​ដែល​ជាប់​ឆ្នោត លោក​នឹង​ស្តាប់​ទៅ​តាម​ការ​ណែនាំ​របស់​គណបក្ស។

លោក​ថ្លែង​ថា៖ «សមាជិក​ខ្ញុំ​ ៥ ​នាក់​នៅ​ ឃុំ​ផ្តៅជុំ គឺ​ថា​ សម្រេច​ចិត្ត​ទៅ​បោះ​ឆ្នោត​គណ​បក្ស​ឆន្ទៈខ្មែរ​ហ្នឹង​ឯង ព្រោះ​ខ្មែរ​យើង​ត្រូវ​ការ​អ្នក​ដឹកនាំ​ដែល​មាន​ឆន្ទៈ​ មិន​ត្រូវ​ការ​អ្នក​ទាក់​មក​ឆាន់​ទេ។ កន្លង​មក​ សំបូរ​អ្នក​ទាន់​មក​ឆាន់​ ដល់​យើង យើង​ចង់​ឱ្យ​អ្នក​មាន​ឆន្ទៈ​គិត​ពី​ប្រយោជន៍​ខ្មែរ​ហ្នឹង​ បាន​យើង​ទៅ​បោះ​ឱ្យ»។

លោក​បន្ថែម​ថា​ កន្លង​មក មាន​ការ​អូស​ទាញ​សកម្មជន​គណបក្ស​ភ្លើងទៀន​ដែល​ជា​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត ឱ្យ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង​ផង​ដែរ។

ចំណែក​លោក​ ម៉ៅ ម៉េង អាយុ​ ៥២ ​ឆ្នាំ ជា​ជំទប់​ទី ២ ​នៃ​គណបក្ស​ភ្លើង​ទៀន ក្នុង​ឃុំ​ព្រីង​ជ្រុំ ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម ប្រាប់​វីអូអេ​ថា ​លោក​នឹង​ទៅ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដូច​ទៅ​នឹង​ការ​ណែនាំ​របស់​គណបក្ស​ភ្លើង​ទៀន។

លោក សុក ហាច អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ដើម​ខែ​ធ្នូ​ថា​គណបក្ស​អាច​នឹង​ទទួល​បាន​ ៩ ​អាសនៈ​ ទៅ​តាម​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ដែល​គណបក្ស​ភ្លើង​ទៀន​មាន។

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ​នេះ​ គណ​បក្ស​ប្រជាជន​នឹង​ទទួល​បាន​អាសនៈ​ច្រើន​លើស​លប់ ដោយ​លោក​បញ្ជាក់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​តំណាង​រាស្រ្ត​ក្នុង​រដ្ឋសភា​ច្រើន​លើស​លប់​ដែល​ជា​អង្គ​បោះ​ឆ្នោត។

លោក​បញ្ជាក់​ថា៖ «ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​មុខ​តំណែង​ ជា​អង្គ​បោះឆ្នោត​មាន​រហូត​ទៅ​ដល់​ជាង​ ៩​ ពាន់​អាសនៈ​ ហើយ​តំណាង​រាស្រ្ត​នៅក្នុង​រដ្ឋសភា​មាន​ ១២០។ អ៊ីចឹង​យើង​មើល​ទៅ​ យើង​ចែក​យើង​ឃើញ​ថា​ លទ្ធផល​បោះឆ្នោត​ហ្នឹង​គឺ​ផ្តល់​លទ្ធផល​ជ័យ​ជម្នះ​ដល់​គណបក្ស​ប្រជាជន​ហើយ»។

លោក​ឱ្យ​ដឹង​ទៀត​ថា​ ក្រៅ​ពី​គណបក្ស​កាន់​អំណាច​គឺ​មិន​មាន​គណបក្ស​ណា​ដែល​អាច​ទទួល​បាន​អាសនៈ​ប្រហាក់​ប្រហែល​នឹង​គណបក្ស​កាន់​អំណាច​ឡើយ បើ​ទោះបី​ជា​អង្គ​បោះ​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​មាន​រហូត​ដល់ជាង​ ២០០០​ នាក់ ​ក៏​ដោយ។

លោក អ៊ូ ច័ន្ទរ័ត្ន ប្រធាន​គណ​បក្ស​កែ​ទម្រង់​កម្ពុជា យល់​ឃើញ​ថា រាល់​ការ​គ្រប់​គ្រង​ប្រទេស​ទាំង​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ​ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​លើក​ឡើង​ថា៖ «ដូច្នេះ​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស ខ្ញុំ​ជឿ​ថា ​មិន​សូវ​ជា​មាន​ទេ ព្រោះ​យើង​រង​សម្ពាធ​ច្រើន​គ្រប់​ជ្រុង។ ហើយ​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា​ រដ្ឋាភិបាល​លោក​ដឹកនាំ​ដោយ​គណ​បក្ស​តែ​មួយ សភា​ក៏​ដូច្នេះ​ដែរ មិន​មាន​គណបក្ស​ជំទាស់​ដែល​ច្បាស់​លាស់​នៅ​ក្នុង​សភា​ទេ។ ហើយ​តុលាការ​ក៏​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ហ្នឹង​ច្រើន​ ថា​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ជា​ដើម​នោះ»។

គួរ​បញ្ជាក់​ថា​ សមា​ជិក​ព្រឹទ្ធ​សភា​ ៥៨ ​រូប​ក្នុង​ចំណោម​ ៦២ ​រូប ​នឹង​ត្រូ​វជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​អសកល​ និងជា​សម្ងាត់។ អ្នក​បោះ​ឆ្នោត និង​អង្គ​បោះឆ្នោត​ គឺ​ជា​តំណាង​រាស្ត្រ​ ក្នុង​តំណែង ​និង​សមា​ជិកក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់​ក្នុង​តំណែង នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ភូមិ​ភាគ​នីមួយ​ៗ​។ នេះ​បើ​យោង​តាម​បទ​បញ្ជា ​និង​នីតិ​វិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ​ដែល​បោះ​ពុម្ព​ផ្សាយ​ឆ្នាំ​ ២០​២៣ ដោយ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត៕

XS
SM
MD
LG