ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ចុះ​ពិនិត្យ​សណ្ឋាគារ​ពីរ​នៅ​ភ្នំពេញ ក្នុង​ករណី​សម្លាប់​បងប្រុស​របស់​គឹម ជុងអ៊ុន


រូបឯកសារ៖ លោក គីម ជុងណាម (Kim Jong Nam) នៅ​អាកាសយាន្តដ្ឋាន​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ខែកុម្ភៈ នៅ​ឆ្នាំ២០០៧។
រូបឯកសារ៖ លោក គីម ជុងណាម (Kim Jong Nam) នៅ​អាកាសយាន្តដ្ឋាន​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ខែកុម្ភៈ នៅ​ឆ្នាំ២០០៧។

កាសែត​ជប៉ុន​ដ៏​ធំ​មួយ​ដែល​មាន​​ឈ្មោះ​ថា ​The Asahi Shimbun ​បាន​រាយការណ៍​ថា ​ស្រ្តី​ទាំង​ពីរ​រូប​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​នេះ​ បានហាត់​​សម​ការ​វាយ​ប្រហារ​ជាច្រើន​ដង រួម​ទាំង​ការ​ហាត់​សម​នៅ​កម្ពុជា​ផង​ដែរ។

នគរបាល​ស៊ើបអង្កេត​របស់​កម្ពុជា​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ប្រមូល​ឯកសារ​មួយ​ចំនួន​នៅ​សណ្ឋាគារ​ចំនួន​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ថា​ ស្រ្តី​ពីរ​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បានសម្លាប់​បង​ប្អូន​ប្រុស​ម្តាយ​ទីទៃ​របស់​លោក​ គីម ជុងអ៊ុន ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ បាន​មក​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មករា។

លោក​ គីម ជុងណាម ​ត្រូវ​បាន​សម្លាប់​នៅ​ព្រលាន​យន្តហោះ​ក្រុង​គូឡាឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែកុម្ភៈ ​ឆ្នាំ​២០១៧​ បន្ទាប់​ពី​ស្ត្រី​ជនជាតិ​វៀតណាម​និង​ឥណ្ឌូនេស៊ី ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ខ្ទប់​មុខ​លោក​ជាមួយ​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា ​VX​ ដែល​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ធាតុ​ពុល​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត​ និងត្រូវ​បាន​ហាម​ឃាត់​ដោយ​អង្គការ​សហប្រជាជាតិ។

ស្រ្តី​ជនជាតិ​វៀតណាម​ឈ្មោះ ​Doan Thi Huong ​ត្រូវ​បាន​រាយការណ៍​ដោយព័ត៌មានអន្តរជាតិ​ថា ​បាន​មក​លេង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មករា​ ហើយ​បាន​បង្ហោះ​រូបថត​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុករបស់​នាង។​ រូបថត​ទាំងនោះ​បាន​ឲ្យ​បង្ហាញថា ​នាង​បាន​មក​លេង​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្តាល​ខែ​មករា ​និង​បាន​ស្នាក់​នៅ​សណ្ឋាគារ​ដែល​មាន​ឈ្មោះ​ថា​ V Hotel​ ភ្នំពេញ ​ស្ថិត​ក្នុង​សង្កាត់​បឹងព្រលិត ខណ្ឌ៧​មករា។​

អ្នក​គ្រប់គ្រង​ម្នាក់​នៅ​សណ្ឋាគារ​ V Hotel​ លោក ឡុង បញ្ញា ​បាន​ប្រាប់​ VOA ​កាល​ពី​ចុង​ខែ​កុម្ភៈ​ថា​ ស្រ្តី​ជនជាតិ​វៀតណាម​នោះ​ពិត​ជា​បាន​មក​ស្នាក់​នៅ​សណ្ឋាគារ​នេះ​កាល​ពី​ខែ​មករា​មែន។ លោក​បន្ត​ថា ​ស្រ្តី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​បាន​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ​ ជាមួយ​បុរស​បរទេស​ពីរនាក់​ដែល​ស្ថិតក្នុង​វ័យ​៤០​ឆ្នាំ​ដូច​គ្នា។​

លោក ឡុង បញ្ញា ​បាន​បន្ត​ថា ​ពីរ​ថ្ងៃ​បន្ទាប់ពី​ការ​សាក​សួរ​របស់​អ្នក​យក​ព័ត៌មានVOA ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​សណ្ឋាគារ​ ដោយ​បាន​សុំ​ឯកសារ​ពាក់ព័ន្ធ ​រួមមាន​លិខិត​ឆ្លងដែន​ថតចម្លង​របស់​ភ្ញៀវ​ដែល​ធ្លាប់​មក​ស្នាក់​នៅ​ និង​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ។

បុគ្គលិក​នៅ​សណ្ឋាគារ​បាន​អះអាង​ថា ​ភ្ញៀវ​ជា​ស្រ្តី​ជនជាតិ​វៀតណាម​នោះ ​ជា​ភ្ញៀវ​ដែល​ត្រូវ​បាន​ផ្ទេរ​មក​ពី​សណ្ឋាគារ​មួយ​ទៀត ​ដែល​ពួកគេ​បាន​សហការ​គ្នា​នៅ​ពេល​មាន​ភ្ញៀវ​ពេញ។ សណ្ឋាគារ​នោះ​មាន​ឈ្មោះថា ​Okay Boutique Hotel​ ដែល​ស្ថិត​នៅ​ក្រោយ​ព្រះបរមរាជវាំង។

កាសែត​ជប៉ុន​ដ៏​ធំ​មួយ​ដែល​មានឈ្មោះ​ថា ​The Asahi Shimbun ​បាន​រាយការណ៍​ថា ​ស្រ្តី​ទាំង​ពីរ​រូប​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​នេះ​ បានហាត់សម​ការ​វាយ​ប្រហារ​ជាច្រើន​ដង រួម​ទាំង​ការ​ហាត់​សម​នៅ​កម្ពុជា​ផង​ដែរ។

ជន​សង្ស័យ​ឈ្មោះ Doan Thi Huong (ឆ្វេង) និង Siti Aisyah (ស្តាំ) ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ លោក គីម ជុងណាម (Kim Jong Nam)។
ជន​សង្ស័យ​ឈ្មោះ Doan Thi Huong (ឆ្វេង) និង Siti Aisyah (ស្តាំ) ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ លោក គីម ជុងណាម (Kim Jong Nam)។

លោក អែម សុភាវុធ ​អ្នក​គ្រប់គ្រង​ផ្នែក​ខាង​មុខ​នៃ​សណ្ឋាគារ​ Okay Boutique ​បាន​ប្រាប់ ​VOA ​ថា​មិន​មាន​ឈ្មោះ​ស្រ្តី​ជនជាតិ​វៀតណាម​ Doan Thi Huong ​និង​ឥណ្ឌូនេស៊ី ឈ្មោះ Siti Aisyah ​នៅ​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​របស់​សណ្ឋាគារ​នោះ​ទេ។

លោក​មានប្រសាសន៍​ថា៖

​«តាម​ពិត​ភ្ញៀវ​ហ្នឹង​ គាត់​ដូច​ជា​អត់​បាន​មក​គេង ឬ​ Booking ​(កក់) ជាមួយ​ពួក​ខ្ញុំ​ទេ ​ពួក​ខ្ញុំ​បាន​ឆែក​ក្នុង​System (ប្រព័ន្ធ)​ ពួកខ្ញុំ។ បើ​ភ្ញៀវ​ហ្នឹង​បាន​គេង​ជាមួយ​ពួកខ្ញុំ​មែន​ វា​គួរ​តែមាន​ក្នុង​ System​ ពួក​ខ្ញុំ»។

លោក សុភាវុធ ​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ដើម​ខែ​មីនា​នេះ ​នគរបាល​ពីរ​នាក់​មក​ពី​ក្រុម​ស៊ើបអង្កេត​បាន​ចុះ​មក​សណ្ឋាគារ​ ដើម្បី​ស្នើ​សុំ​សហការ​ផ្តល់​ឯកសារ​ និង​កាមេរ៉ា​សុវត្ថិភាព។

លោក​បញ្ជាក់​ថា៖

«គេ​មាន​ជា​លិខិត​ហើយ​សុំ​ឯកសារ​ពួកខ្ញុំ។ ហើយ​ពួក​ខ្ញុំ​ក៏​សហការ​ផ្តល់​ឯកសារ​ដល់​ពួកគេ។ គ្រាន់តែ​ជា​ប៉ាស្ព័រកូពី ​ហើយ​នឹង​កាមេរ៉ា​Record។ ហើយ​ពួកគាត់​ប៉ូលិស ​គេ​មាន​IT​របស់​ពួកគេ​ដែរ។ គេថា​មក​ពីប៉ូលិស​ស៊ើប​អង្កេត»។

លោក​ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ប្រាប់​ VOA ​ថា​ លោក​មិន​មាន​ព័ត៌មាន​ថា​ តើ​មាន​សំណើ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ និង​ប្រទេស​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឲ្យ​ស៊ើបអង្កេត​ករណី​នេះ​ ឬ​យ៉ាងណា​នោះ​ទេ។

លោក​ ជុំ សុន្ទរី ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រូប​លោក​ផ្ទាល់​មិន​មាន​ព័ត៌មាន​ថា ​តើ​មាន​ការ​ស្នើ​សុំ​មក​ក្រសួង​ការបរទេស​ ឬ​យ៉ាងណាទេ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ថា៖

«ខ្ញុំ​មិន​ទាន់​មាន​ព័ត៌មាន​ក្នុង​រឿង​ហ្នឹង​ទេ។ មិន​មែន​បាន​ន័យ​ថា​រាល់​ព័ត៌មាន​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រសួង​ការបរទេស​អ្នក​នាំពាក្យ​ដឹង​ទាំងអស់​ទេ»។

ទោះជាយ៉ាងណា​ មន្រ្តី​កម្ពុជា​និយាយ​ថា ​ពួកគេ​មិន​បាន​ដឹង​អំពី​ទំនាក់​ទំនង​រវាង​ស្រ្តី​ដែល​រង​ការ​ចោទ​ប្រកាន់ជាមួយ​ប្រទេស​កម្ពុជា​នោះ​ទេ។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​ លោក គៀត ច័ន្ទថារិទ្ធ​ និង​លោក អ៊ី សុខឃី ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេវរកម្ម​បាន​ទេ។

លោក Norjufri Nizar Edrus មន្រ្តីកុងស៊ុល​នៃ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា ប្រាប់​ VOA តាម​រយៈ​សារអេឡិកត្រូនិក​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖

«ដូច​អ្នក​ដឹង​ស្រាប់​ហើយ​ថា​ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​នគរបាល​ម៉ាឡេស៊ី។ ដូច្នេះ​ស្ថានទូត​មិន​អាច​បកស្រាយ​បន្ថែម​លើ​បញ្ហា​នេះ​ទេ»។

លោក​បញ្ជាក់​បន្ថែម​ថា៖

«ស្ថានទូត​មិន​អាច​ប្រាប់​ពី​ព័ត៌មាន​ថា ​តើ​ប៉ូលិស​ម៉ាឡេស៊ី​នឹង​ស្នើ ​ឬ​ក៏បាន​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​ស៊ើបអង្កេត​ករណី​នេះទេ»។

ទោះ​ជាយ៉ាងណា ​ស្រ្តី​ជនជាតិ​វៀតណាម​និង​ឥណ្ឌូនេស៊ី​នោះ ​ត្រូវ​បាន​រាយការណ៍​ថា ​ពួកគេ​បានចូលរួម​ក្នុង​កម្មវិធី​លេង​សើច​មួយ​ដែល​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​យក​សារធាតុ​ម្យ៉ាង​ដាក់​នឹង​ដៃ​ហើយ​ខ្ទប់​មុខ​របស់​លោក​គីម ជុងណាម​ នៅ​ព្រលាន​យន្តហោះ។

មន្រ្តី​សហ​រដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​បាន​និយាយ​ថា ​លោក​គីម ជុងណាម​ត្រូវ​បាន​សម្លាប់​តាម​បញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដោយសារ​ការ​ព្រួយ​បារម្ភ​ថា​លោក គីម ជុងណាម​ អាច​នឹង​ត្រូវ​លើក​បន្តុប​ជា​មេដឹកនាំ​របស់​កូរ៉េខាងជើង​ដោយ​ប្រទេស​ចិន។ លោក​គីម ជុងណាម​ បាន​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ទីក្រុង​ម៉ាកាវ​នៃ​ប្រទេស​ចិន​ ចាប់​តាំង​ពី​លោក​លែង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG