អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីនិយាយថា លោក Kim Jong Nam «ទទួលរងការឈឺចាប់យ៉ាងខ្លាំងមុននឹងស្លាប់» ហើយលោកបានស្លាប់ក្នុងរយៈពេល២០នាទីក្រោយពីត្រូវបានគេវាយប្រហារនៅឯអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ។
ប៉ូលិសថ្លែងថា បងប្រុសឪពុកតែមួយម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un រូបនេះ ត្រូវបានគេធ្វើឃាតកាលពីថ្ងៃសុក្រ ទី១៣ នៅឯអាកាសយានដ្ឋានកូឡាឡាំពួរ ដោយប្រើប្រាស់សារធាតុគីមី VX។
«លោក Kim Jong Nam បានទទួលមរណភាពនៅក្នុងរថយន្តសង្គ្រោះបន្ទាន់។ លោកបានសន្លប់នៅក្នុងមន្ទីរព្យាបាល។ ក្រោយពីរងការវាយប្រហារ លោកបានស្លាប់ក្នុងរយៈពេល១៥ ទៅ ២០នាទី»។ នេះបើយោងតាមសម្តីរបស់លោក Sathasivam Subramanian រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មាន។
ប៉ូលិសថ្លែងថា លោក Kim Jong Nam មានអារម្មណ៍ថាមានមនុស្សម្នាក់ចាប់ទាញមុខរបស់លោកពីខាងក្រោយ»។
រូបភាពក្នុងវីដេអូ CCTV មួយបង្ហាញឲ្យឃើញស្ត្រី២នាក់បាញ់ទឹកអ្វីមួយដាក់លើមុខរបស់លោក Kim។
ប៉ូលិសបានចាប់ខ្លួនស្ត្រីទាំង២នាក់ឃុំខ្លួន និងបុរសជនជាតិកូរ៉េខាងជើងម្នាក់ដែលជាប់សង្ស័យថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕