អាជ្ញាធរម៉ាឡេស៊ីកំពុងប្រុងប្រៀបធ្វើបត្យាប័នបុរសកូរ៉េខាងជើងម្នាក់ដែលបានជាប់ឃុំឃាំងជាជនជាប់សង្ស័យក្នុងការទាក់ទិនជាមួយការស្លាប់កាលពីខែមុនរបស់លោក Kim Jong Nam ដែលជាបងប្រុសឪពុកជាមួយម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un។
ឈ្មោះ Ri Jon Chol អាយុ៤៥ឆ្នាំបានជាប់ឃុំឃាំងជិត២សបា្តហ៍មកហើយនៅក្រោយការវាយប្រហារលើលោក Kim Jong Nam កាលពីថ្ងៃទី១៣ ខែកុម្ភៈនៅឯចំណតយន្តហោះក្រុងគូឡាឡាំពួ។
លោក Mohamed Apandi Ali រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ម៉ាឡេស៊ីបានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា រយៈពេលដែលបុរសនេះអាចត្រូវជាប់ឃុំឃាំងដោយគ្មានការចោទប្រកាន់ជិតផុតកំណត់ហើយ ហើយគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់ប្រឆាំងនឹងគាត់ទេ ដូច្នេះគាត់នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសគាត់វិញនៅថ្ងៃសុក្រស្អែកនេះ។
ជនជាប់សង្ស័យខ្លាំងពីរនាក់ក្នុងករណីនេះ គឺអ្នកស្រី Siti Aisya ជនជាតិឥណ្ឌូនេស៊ី អាយុ២៥ឆ្នាំ និងអ្នកស្រី Doan Thi Huong អាយុ២៨ឆ្នាំមកពីប្រទេសវៀតណាម បានត្រូវចោទប្រកាន់ពីបទឃាតកម្មកាលពីថ្ងៃពុធ។
ស្ត្រីទាំងពីរនាក់នេះមិនបានត្រូវសុំឱ្យឆ្លើយថា ខ្លួនមានទោស ឬគ្មានទោសទេក្នុងករណីនេះ ក៏ប៉ន្តែពួកគេបាននិយាយថា ពួកគេជាមនុស្សស្លូតត្រង់គ្មានទោសពៃរ៍អ្វីទេ ហើយមានជំនឿថា ពួកគេបានចូលរួមក្នុងកម្មវិធីទូរទស្សន៍កំប្លែងមួយ។ ជនជាប់សង្ស័យម្នាក់ៗប្រឈមនឹងទោសប្រហារជីវិត ប្រសិនបើតុលាការរកឃើញថា ពួកគេមានទោស។ ស្ត្រីទាំងពីរនាក់នេះត្រូវកំណត់ឲ្យត្រឡប់មកកាន់តុលាការវិញនៅខែមេសា៕