ប៉ូលិសក្នុងប្រទេសម៉ាឡេស៊ីបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានចាប់ខ្លួនជនសង្ស័យទីបីនៅក្នុងការជាប់ពាក់ព័ន្ធនឹងឃាតកម្មរបស់លោក Kim Jong Nam ដែលជាបងប្រុសឪពុកតែមួយម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។
អាជ្ញាធរបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យដែលត្រូវបានចាប់ខ្លួន រួមមានស្ត្រីម្នាក់វ័យ២៥ឆ្នាំ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ឈ្មោះ Siti Aishah ដែលប្រើប្រាស់លិខិតឆ្លងដែនឥណ្ឌូនេស៊ី ហើយត្រូវបានកំណត់ «អត្តសញ្ញាណជាវិជ្ជមាន»នៅក្នុងវីដេអូដែលថតពីកាមេរ៉ាសុវត្ថិភាពនៅឯអាកាសយានដ្ឋាន។ ប៉ូលិសក៏បានឃុំខ្លួនបុរសម្នាក់ដែលបានផ្តល់ព័ត៌មានដែលនាំឲ្យឈានទៅដល់ការចាប់ខ្លួនស្ត្រីម្នាក់នោះផងដែរ។
កាលពីថ្ងៃពុធ ប៉ូលិសបាននិយាយថា ពួកគេបានឃុំខ្លួនស្ត្រីម្នាក់ទៀតនៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ក្នុងរដ្ឋធានីនៃប្រទេសម៉ាឡេស៊ី។ សេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិសបានកំណត់អត្តសញ្ញាណស្ត្រីម្នាក់នោះថាឈ្មោះ Doan Thi Huong ដែលប្រើប្រាស់ឯកសារធ្វើដំណើរវៀតណាម ហើយនាងក៏ត្រូវបានកំណត់សញ្ញាណជាវិជ្ជមានពីវីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាពផងដែរ។
ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ បានបញ្ជាក់ថា ជនរងគ្រោះគឺពិតជាលោក Kim Jong Nam ដែលត្រូវជាបងប្រុសម្តាយតែមួយឪពុកទីទៃរបស់មេដឹកនាំកំពូលកូរ៉េខាងជើងប្រាកដមែន។ លោក Kim Jong Nam ធ្លាប់ស្ថិតនៅក្នុងជម្រើសជាមេដឹកនាំប្រទេសកូរ៉េខាងជើង ប៉ុន្តែត្រូវបាត់បង់ការពេញចិត្តពីឪពុករបស់លោក គឺលោក Kim Jong Il បន្ទាប់ពីលោក Kim Jong Nam បានព្យាយាមធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដោយប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ដើម្បីទៅទស្សនារមណីយដ្ឋាន Disneyland ក្នុងទីក្រុងតូក្យូ កាលពីឆ្នាំ២០០១៕