ម៉ាឡេស៊ីនៅថ្ងៃនេះបានឲ្យដឹងថា ខ្លួននឹងចេញដីកាចាប់ខ្លួនមន្ត្រីការទូតកូរ៉េខាងជើងមួយរូប ប្រសិនបើមន្ត្រីរូបនោះបដិសេធមិនសហការជាមួយនឹងការស៊ើបអង្កេតទៅលើការសម្លាប់បងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
ការស៊ើបអង្កេតនេះបានបង្កឲ្យមានវិវាទផ្នែកការទូតធ្ងន់ធ្ងររវាងប្រទេសម៉ាឡេស៊ីនិងកូរ៉េខាងជើង ទាក់ទិននឹងការសង្ស័យសម្លាប់លោក Kim Jong Nam កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានក្នុងទីក្រុងគូឡាឡាំពួ Kuala Lumpur។ ការលើកឡើងកាលពីថ្ងៃសុក្ររបស់ប៉ូលិសម៉ាឡេស៊ីដែលថា សារធាតុគីមី VX ត្រូវបានប្រើប្រាស់ដើម្បីសម្លាប់លោក Kim នោះ បានបង្កឲ្យមានវិវាទនយោបាយរវាងប្រទេសទាំងពីរ។
ក្រុមអ្នកជំនាញបានថ្លែងថា សារធាតុគីមី VX ដែលត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារនេះ ស្ទើរតែច្បាស់ហើយថាត្រូវបានផលិតនៅក្នុងបន្ទប់ពិសោធន៍អាវុធរបស់រដ្ឋជឿនលឿនមួយ ហើយត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិ។ ប៉ុន្តែប្រទេសកូរ៉េខាងជើងមិនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ ហើយបានចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីផលិតកម្មវិធីអាវុធគីមីនោះ៕