ពួកប៉ូលិសម៉ាឡេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ស្ត្រីពីរនាក់ជាប់សង្ស័យថា បានបំពុលបងប្រុសឪពុកជាមួយម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un នៅក្នុងការធ្វើឃាតច្បាស់លាស់មួយបានដឹងអំពីអ្វីដែលពួកគេធ្វើហើយបានទទួលការហ្វឹកហ្វឺនឱ្យធ្វើសកម្មភាពបែបនេះ។
យ៉ាងហោចណាស់ស្ត្រីម្នាក់ក្នុងបណ្តាពួកស្ត្រីដែលបានត្រូវចាប់ខ្លួនក្នុងការទាក់ទិនជាមួយការស្លាប់របស់លោក Kim Jong Nam បានអះអាងថា គាត់បានត្រូវបញ្ឆោតឱ្យធ្វើការវាយប្រហារលើលោក Kim នៅឯចំណតយន្តហោះមួយក្នុងក្រុង Kuala Lumpur ដោយគាត់ជឿថា គាត់ចូលរួមក្នុងការថតទូរទស្សន៍មួយ។
លោកអគ្គស្នងការប៉ូលិស Khalid Abu Bakar បាននិយាយប្រាប់ពួកអ្នកកាសែតថា «យើងមានជំនឿមុតមាំថា ការវាយប្រហារនេះមានការគ្រោងទុកជាមុនហើយថាស្ត្រីទាំងនេះបានទទួលការហ្វឹកហ្វឺនឱ្យធ្វើសកម្មភាពបែបនេះ។ ការណ៍នេះមិនមែនដូចការថតកុនទេ»។
រូបតាមកាមេរ៉ាសន្តិសុខនៅឯអាកាសយានដ្ឋាននេះបង្ហាញឱ្យឃើញស្ត្រីម្នាក់ក្នុងបណ្តាស្ត្រីទាំងនេះបានចាប់លោក Kim ពីខាងក្រោយហើយបានដាក់អ្វីមួយផ្អិបយ៉ាងខ្លាំងលើមុខលោក។
លោក Khalid បានថ្លែងនៅថ្ងៃពុធនេះថា ជាការឃើញច្បាស់លាស់តាមវីដេអូនោះគឺថាស្ត្រីទាំងនេះបានញែកដៃពួកគេឱ្យឆ្ងាយពីរាងកាយនៅពេលគាត់ដើរចេញពីលោក Kim ទៅកាន់បន្ទប់ទឹកមួយ។ លោកបាននិយាយថា
«ដូច្នេះស្ត្រីនេះដឹងច្បាស់លាស់ណាស់ថា នេះជាសារធាតុពុលហើយគាត់ត្រូវការលាងដៃគាត់»។
មានមនុស្សពីរនាក់ទៀតបានត្រូវចាប់ខ្លួនហើយក្នុងការទាក់ទិនជាមួយការវាយប្រហារនេះ ហើយអាជ្ញាធរនិយាយថា ពួកគេកំពុងស្វះស្វែងរកជនជាប់សង្ស័យថែមទៀត។
លោក Khalid បាននិយាយថា មនុស្សម្នាក់ដែលពួកគេកំពុងរកចាប់ខ្លួនជាអ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងមា្នក់ដែលបម្រើការជាលេខាធិការទីពីរនៃស្ថានទូតកូរ៉េខាងជើងក្នុងរាជធានី Kuala Lumpur។ ជនជាប់សង្ស័យម្នាក់ទៀតជាបុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋនៃប្រទេសកូរ៉េខាងជើង៕