លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃចន្ទនេះ បានបង្ហាញការព្រួយបារម្ភថា នៅពេលកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប នាពេលដ៏ខ្លីខាងមុខ នោះកម្ពុជានឹងលែងទទួលបានកម្ចី ដែលមានអត្រាការប្រាក់ទាបដើម្បីយកមកអភិវឌ្ឍប្រទេស។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវមិនជាយូរប៉ុន្មានទេ ប្រទេសកម្ពុជានឹងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលខ្ញុំកំពុងបារម្ភទៅវិញទេ។ ហេតុអ្វីបានត្រូវបារម្ភ? កាលណាដែលយើងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ យើងទៅខ្ចីលុយគេ ឧទាហរណ៍ទៅខ្ចីលុយគេ គេលែងឱ្យយើងខ្ចីតាមអត្រាការប្រាក់សម្បទានហើយ គេឱ្យយើងខ្ចីលុយតាមអត្រាការប្រាក់ពាណិជ្ជកម្ម»។
លោក ហ៊ុន សែន បញ្ជាក់អំពីមូលហេតុដែលលោកអំពាវនាវដល់ដៃគូផ្តល់កម្ចីនូវអត្រាការប្រាក់សម្បទាននេះ ដែលរួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងជាមួយធនាគារអភិវឌ្ឍន៍អាស៊ីថា៖
«ឥឡូវនៅពេលខាងមុខ មិនយូរប៉ុន្មានទេដែលកម្ពុជា នឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ អ៊ីចឹង យើងនៅតែអំពាវនាវដៃគូរបស់យើងផ្តល់ឱ្យយើងនូវកម្ចីអត្រាការប្រាក់សម្បទានតទៅទៀត ព្រោះរឿងការប្រាក់ធ្ងន់ គឺថាយកមករកស៊ីអត់ចំណេញ យើងត្រូវការធ្វើស្ពាន ត្រូវការស្អី»។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីបានអំពាវទៅបណ្តាប្រទេសនានា ឱ្យរៀបចំសិក្សាការវិនិយោគក្នុងរូបភាព BOT ឬហៅថា Build Operate Transfer ដែលមានន័យថា «កសាង ប្រតិបត្តិ និងផ្ទេរ» ក្នុងការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅប៉ោយប៉ែត ពីភ្នំពេញទៅក្រុងព្រះសីហនុ ជំនួសឱ្យផ្លូវដែកចាស់។
បើតាមឯកសាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២២ កិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងធនាគារពិភពលោក (WB) ដែលផ្តោតទៅលើគម្រោងគាំទ្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងគម្រោងកែលម្អការ អប់រំ ចំណេះទូទៅ ជាដើម។
ចំណែកកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍ទ្វេភាគី រួមមានជាមួយសាធារណៈរដ្ឋប្រជាមានិតចិន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងសាធារណៈរដ្ឋកូរ៉េជាដើម ដោយផ្តោតលើគម្រោងពង្រីកនិងលើកកម្ពស់ផ្លូវជាតិ កម្មវិធីស្តីពីការគាំទ្រការឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ១៩ និងគម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាពជាដើម។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចមកពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ប្រាប់វីអូអេនៅថ្ងៃចន្ទថា ការកំណត់ប្រទេសកម្ពុជាជាប្រទេសអភិវឌ្ឍន៍មធ្យមកម្រិតទាប គឺចៀសមិនផុតនោះទេ ព្រោះនេះការកំណត់ដោយអន្តរជាតិ។ ដូច្នេះលោកថាចង់មិនចង់ កម្ពុជាត្រូវតែទទួលយកចំពោះការសម្រេចអាត្រាការប្រាក់នោះ ហើយកម្ពុជា ត្រូវតែពង្រឹងសេដ្ឋកិច្ចផងដែរ។
លោកបញ្ជាក់ថា៖ «ចង់មិនចង់យើងត្រូវតែទទួល ហើយរាជរដ្ឋាភិបាលកម្ពុជាខិតខំ នៅតែពង្រឹងធ្វើយ៉ាងម៉េចដើម្បីធានាបាននូវវង្វាស់សេដ្ឋកិច្ចរបស់ខ្លួនទាំងចំណាយចរន្ត ទាំងចំណាយវិនិយោគសាធារណៈ ហើយទាំងការសងថវិកាទៅអ្នកផ្ដល់ហិរញ្ញប្បទានហ្នឹង រួមទាំងថវិកាសន្សំសម្រាប់ថវិកាជាតិផងដែរ»។
លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ យល់ថា ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជាត្រូវការចាំបាច់ឥណទានសម្បទាន ដែលជាប្រាក់កម្ចីសម្បទាននេះ ដើម្បីអភិវឌ្ឍប្រទេសនិងកសាងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ៗជាដើម ព្រោះវាមានសារៈសំខាន់ត្រង់ថាឥណទានសម្បទាន គឺផ្តល់អត្រាការប្រាក់ទាប រយៈពេលសងយូរ និងមានពេលវេលាអនុគ្រោះក្នុងការចាប់ផ្តើមសង។ ដូច្នេះលោកក៏ចង់ឱ្យមានការអនុគ្រោះលើការផ្តល់ប្រាក់កម្ចីឥណទានសម្បទាន ដល់កម្ពុជាបន្តទៀតផងដែរ។ ប៉ុន្តែលោកថា កម្ពុជាត្រូវអនុវត្ត រឹតបន្តឹងយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងការចាយឱ្យចំគោលដៅ ទាក់ទងកម្ចីទាំងនោះ ចៀសវាងការប្រព្រឹត្តអំពើពុករលួយ។
លោកបន្ថែមថា៖ «ដោយឡែកអ្វីដែលកម្ពុជាត្រូវអនុវត្តធ្វើ គឺត្រូវការរឹតបន្តឹងយ៉ាងតឹងរឹងជាទីបំផុតនៅក្នុងការចាយឱ្យចំគោលដៅ ហើយយកមកប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ដោយចៀសវាងឱ្យខានតែបាននូវការប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះចំណុចដ៏សំខាន់ដែលយើងចង់បាន គឺការខ្ចីប្រាក់ពីធនាគារបរទេស ពីប្រទេសបរទេសជាមិត្តទាំងអស់នោះ គឺដើម្បីយកមកអភិវឌ្ឍឱ្យចំគោលដៅ ដោយពិនិត្យ និងការប្រើប្រាស់ឱ្យមានប្រសិទ្ធភាពជាទីបំផុត ដើម្បីឱ្យការកសាងហេដ្ឋារចនាសម្ព័នមានគុណភាពល្អ សមស្របហ្នឹងតម្លៃដែលត្រូវការប្រាស់ទាំងនោះ»។
លោកបណ្ឌិត មាស នី អ្នកសិក្សាពីការវិវឌ្ឍសង្គមលើកឡើងថានៅពេលប្រទេសណាមួយមានសេដ្ឋកិច្ចកើនឡើង នោះកម្ចីនឹងត្រូវបន្ថយការអនុគ្រោះផ្សេងៗ ហើយវាជាស្តង់ដាកម្ចីអន្តរជាតិ ដែលអនុវត្តលើប្រទេសនានាលើពិភពលោក។
ដូច្នេះលោកថា កម្ពុជាត្រូវតែមានសេដ្ឋកិច្ចរឹងមាំ ដើម្បីបញ្ចៀសកុំឱ្យមានផលវិបាកសងកម្ចីទាំងនោះ។
លោកថ្លែងថា៖ «ផលវិបាកមួយ កាលណាយើងមិនអាចដោះស្រាយជាមួយប្រាក់ការហ្នឹងបាន អាហ្នឹងមានអីគ្រាន់តែ ខ្ចីយូរៗទៅ បញ្ញើស្មើដើមទៅ។ ហើយនៅពេលលក្ខខណ្ឌនៃការសងរបស់យើងត្រូវតែបង្ខំចិត្តសង ដូចខ្មែរយើងសព្វថ្ងៃគ្រាន់សងបំណុលបរទេសមួយឆ្នាំអាចពី៤៥០ ទៅ៥០០លានដុល្លារក្នុងមួយឆ្នាំ ហើយលុយនេះច្រើនសម្រាប់ប្រទេសក្រីក្រ។ អ៊ីចឹងបើសិនជាសេដ្ឋកិច្ចរបស់យើងមិនបានរឹងមាំទេ អាហ្នឹងយើងអាចមានផលវិបាកក្នុងការសងគេហើយ»។
លោកបន្ថែមថា ប្រទេសក្រីក្រទាំងអស់ ដែលរងផលប៉ះពាល់ពីប្រាក់កម្ចី អាចធ្វើការតស៊ូមតិរួមគ្នា ដើម្បីទាមទារឱ្យប្រទេសអ្នកមាន ឬដៃគូ ដែលផ្តល់កម្ចីអាចផ្តល់កម្ចីក្នុងអាត្រាការប្រាក់ទាប ព្រោះលោកថា ប្រទេសខ្លះគឺវ័ណ្ឌករដោយសារអត្រាការប្រាក់នេះ និងប្រទេសខ្លះបានត្រឹមតែសងការប្រាក់ ដោយមិនបានសងប្រាក់ដើមក៏មាន។
គួរបញ្ជាក់ថា បំណុលដែលកម្ពុជាជំពាក់បរទេសកើនដល់ជិត១០ពាន់លានដុល្លារ ហើយ៤១% ជាបំណុលជំពាក់រដ្ឋាភិបាលចិន។ នេះបើតាមទិន្នន័យផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២២៕