ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​គ្រោង​បោះ​លក់​មូលបត្រ​បំណុល​រដ្ឋ​ក្នុង​ស្រុក ជា​ជម្រើស​ផ្សេង​ពី​ការ​ខ្ចី​បុល​បរទេស


រូបឯកសារ៖ ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយ កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)

ក្នុង​កិច្ច​ខិត​ខំ​ដើម្បី​រំដោះ​ខ្លួនពីការ​ផ្តេក​ផ្តួល​លើ​ប្រាក់​កម្ចី​ក្រៅ​ស្រុក​រដ្ឋាភិបាល​កម្ពុជា​នឹង​ចេញ​ផ្សាយ​នូវ​មូលបត្រ​រដ្ឋ​ ឬ​កិច្ចសន្យា​បំណុល​របស់​រដ្ឋាភិបាល​ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋ​អាច​កៀរគរ​ប្រាក់​កម្ចីពីវិនិយោគិន​ក្នុងស្រុក។ នេះ​ជា​ការ​ប្រកាស​ឲ្យ​ដឹង​របស់​មន្ត្រី​ជាន់​ខ្ពស់នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

មូលបត្រ​រដ្ឋ​សំដៅ​ដល់​បណ្ណ​សញ្ញាបណ្ណ​ និង​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ​ដែល​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​បំណុល​ដែល​បាន​បោះ​ផ្សាយ​ក្នុង​នាម​រដ្ឋាភិបាល​ ដែល​រួមមាន​បណ្ណ​រតនាគារ​ សញ្ញា​បណ្ណ​រតនាគារ​ និង​មូល​បត្រ​រដ្ឋ​ផ្សេង​ទៀត។ នេះ​បើ​តាម​ច្បាប់​ស្តីពី​មូលបត្រ​រដ្ឋ។

ថ្លែង​នា​ព្រឹក​ថ្ងៃ​ពុធ​នេះក្នុង​វេទិកា​សាធារណៈ​ស្តីពី «ការ​គ្រប់​គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ច្បាប់​ថវិកា​ឆ្នាំ​២០២១» ​នៅ​រាជធានី​ភ្នំពេញ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក ​វង្សី វិស្សុត​ ​និយាយ​ថា​ ប្រាក់​កម្ចី​ពី​ក្រៅ​ប្រទេស​នឹង​លែង​ជា​ជម្រើសអាទិភាព​សម្រាប់​ការ​ខ្ចី​បុល​របស់​រដ្ឋ​ហើយ។​

​រដ្ឋ​លេខាធិការ​រូប​នេះ​លើក​ឡើង​ថា ​រដ្ឋាភិបាល​កំពុង​រៀបចំ​ឲ្យ​ដំណើរ​ការ​ការ​បោះផ្សាយ​មូលបត្រ​រដ្ឋ​ ដែល​ជា​ឧបករណ៍​ទាញ​យក​ប្រភព​ឥណទាន​ពី​ក្នុង​ប្រទេស។

«ប៉ុន្តែ​យើងគោលដៅ​របស់​យើង​មិន​ខ្ចី​ត​ទេ​ ពី​ក្រៅ​ទៀត​ទេ​ខ្ចី​ក្នុង​ស្រុក​តាម​រយៈ​បោះ​សញ្ញាបណ្ណ​ Bond Market​ របស់​យើង​កំពុង​តែ​ធ្វើ»។

លោក​រដ្ឋ​លេខាធិការ វង្សី វិស្សុត​ មាន​សុទិដ្ឋិនិយម​ថា​ ការ​សាកល្បង​បោះផ្សាយ​មូលបត្រ​រដ្ឋ​នេះ​នឹង​អាច​ត្រូវ​បាន​ដាក់​ឲ្យ​សាកល្បង​នៅ​ក្នុង​អាណត្តិ​នេះ ​ខណៈ​រដ្ឋាភិបាល​បាន​ត្រៀម​រួចរាល់​នូវ​លិខិត​គតិយុត្តិ​ពាក់ព័ន្ធ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ច្បាប់​សម្រាប់​ដំណើរ​ការ​ទីផ្សារ។

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២១» រៀបចំ នៅរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២១» រៀបចំ នៅរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

ប៉ុន្តែ​នៅ​ពេល​នេះ​លោក​ថា ​អ្វី​ដែល​នៅ​ខ្ទាស់​មិន​អាច​ឲ្យ​រដ្ឋាភិបាល​បោះ​ផ្សាយ​មូលបត្រ​បំណុល​បាន​នោះ​គឺ​បញ្ហា​អត្រា​ការ​ប្រាក់។

«មូលហេតុ​បាន​យើង​មិន​ប្រញាប់...នឹង​ការ​ខ្ចី​ទី​មួយ​ដោយ​សារ​យើង​សម្បូរ​លុយ​នៅ​ឡើយ​ខ្ចី​ពី​នរណា​ទៀត​ក៏​បាន​ដែរ​ហើយ​ថោក។​ យើង​ខ្ចី​ពី bond market​ យើង​ខ្ចី​ពី​ក្នុង​ស្រុក​មែន​ប៉ុន្តែ​ការ​ប្រាក់​វា​នៅ​ខ្ពស់​ ខ្ពស់​ជាង​វា​ខ្ចី​ពី​គេ។ ឥឡូវ​យើង​ខ្ចី​ពី​គេ​ហើយ​មិន​ដែល​លើស​ពី​ភាគ​រយ​ផង​ហ្នឹង​ការ​ប្រាក់​ហើយ​បើ​ bond market​ យើង​ខ្ចី​បាន​ទេ​២​ភាគរយ​វា​អត់​ទាន់​កើត»។

​លោក​បន្ថែម​ថា៖ «យើង​នឹង​សាកល្បង​ឆាប់ៗ​នេះ​ហើយ​ក្នុង​អាណត្តិ​ហ្នឹង​នឹង​សាកល្បង​ បោះ Symbolic​ មួ​យ​សាក​ទីផ្សារ​របស់​យើង​គេ​ហៅ​ថា​Trial...។ អីចឹង​បាន​យើង​ត្រូវ​ថ្លឹង​ថ្លែង​មែន​ទែន​ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​ជា​ផ្នែក​មួយ​នៃ​ Financial Resiliency របស់​យើង​នេះ​ Bond market ត្រូវ​តែ​ Functioning ត្រូវ​តែ​មាន​មុខ​មាន​វត្ត​មានហើយ​មាន​មុខងារ​ដើរ​ឲ្យ​បាន​ល្អ»។

លោក​ថា ​អ្នក​វិនិយោគ​បរទេស​ពី​ក្រៅ​ស្រុក​ក៏​អាច​នឹង​ត្រូវ​បាន​អនុញាត​ឲ្យ​ទិញ​មូលបត្រ​បំណុល​ពី​កម្ពុជា​ផង​ដែរ ដែល​ទាំង​អស់​នេះ​នឹង​ជួយ​រដ្ឋាភិបាល​ឲ្យ​មាន​លទ្ធភាព​ដោះស្រាយ​ ពេល​ប្រឈម​នឹង​កង្វះ​សាច់​ប្រាក់​ ឬ​ក៏​ក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​ដូច​ពេល​បច្ចុប្បន្ន​នេះ។​

លោក វិស្សុត ​បាន​រិះគន់​ចំៗ​ទៅ​លើ​ធនាគារ​ពិភព​លោក ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ថា​បាន​បង្កើន​អត្រា​ការ​ប្រាក់​នៃ​កម្ចី​របស់​ខ្លួន​មក​ដល់​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​ថា​ អត្រា​ការ​ប្រាក់​របស់​ធនាគារ​ពិភពលោក​ខ្ពស់​ជាង​អត្រាការ​ប្រាក់​កម្ចី​ ដែល​ផ្តល់​ឲ្យ​ពី​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ​ដូចជា​សហភាព​អឺរ៉ុប​ ជប៉ុន និង​កូរ៉េ​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដទៃ​ដូច​ជា ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB) និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​(AIIB) ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន។​

​នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​និង​តំណាង​ដៃ​គូ​អភិវឌ្ឍ​នានា​ ក្នុង​នោះ​មាន​ទាំង​តំណាង​ធនាគារ​ពិភព​លោក​ផង​នោះ​ លោក វង្សី វិស្សុត ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«សុំ​និយាយ​មុខ​ចុះ​ World Bank ឥឡូវ​ទារ​យើង ​២,៨ ភាគរយ​ហើយ។ មុន​យក​តែ ​០,៧​ ភាគរយ​ការ​ប្រាក់​មួយ​ឆ្នាំ​ឥឡូវ​យើង​ផ្អាក​សិន​ហើយ។ យើង​ទៅ​ខ្ចី​ពី​ជប៉ុន​ពី​កូរ៉​ ពី ​ADB ពី​អឺរ៉ុប​ កំពុង​ចរចា​គាត់​កុំ​ឲ្យ​ឡើង​លឿន​ពេក​...សុំ​មើល​ផង​ឡើង​លឿន​ម៉េះ​ ០,៧​ ទៅ​ ២,៨ ​[ថា]​ ប្រទេស​យើង​ឡើង​ដល់​ middle income ​[ចំណូល​មធ្យម] ហើយ។ ទើប​ឡើង​មួយ​ភ្លេត​សោះ​ប្រញាប់​ម៉េះ ហើយ​ពេល​នេះ​កូវីដ​អីចឹង​ទៀត អត់​ទេ​បាទ​ តែ​ចឹង​ខ្ញុំ​ខ្ចី​សិន​ហើយ​ផ្អាក​សិន​ហើយ។ បើ​ថា​ប៉ុណ្ណឹង​ហ្ន៎​ខ្ចី​ពី​ផ្សេង​ហ្ន៎​ទៅ AIIB ហ្នឹង​វា​ឲ្យ​ថោក​ជាង​ហ្នឹង​ផង»។

បើ​គិត​ពី​ឆ្នាំ​១៩៩៣ ​មក ​ដល់​ដំណាច់​ឆ្នាំ​២០២០ ​ទំហំ​កម្ចី​ដែល​កម្ពុជា​បាន​ខ្ចី​ពី​ដៃគូ​អភិវឌ្ឍន៍​បាន​កើន​ដល់​ជាង ​៩,៦៥១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២០ ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​របស់​កម្ពុជា ដែល​នៅ​ជំពាក់​ដៃគូ​បរទេស មាន​ទំហំ ៨,៨៥៩លាន​ដុល្លារ​ សហរដ្ឋ​អាមេរិក​ដែល​ក្នុង​នោះ មាន​ចំណែក​ ៤៥​%​ ជំពាក់​ប្រទេស​ចិន។

រូបឯកសារ៖ បុគ្គលិកធនាគារអេស៊ីលីដា រាប់ក្រដាស់ប្រាក់ដុល្លារ នៅក្នុងទីស្នាក់ការធនាគារអេស៊ីលីដា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកធនាគារអេស៊ីលីដា រាប់ក្រដាស់ប្រាក់ដុល្លារ នៅក្នុងទីស្នាក់ការធនាគារអេស៊ីលីដា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

បើ​តាម​លោក វង្សី វិង្សុត​ ការ​បោះផ្សាយ​មូលបត្រ​បំណុល​ក៏​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ ដូច​ជា​ប្រទេស​ថៃ ​ម៉ាឡេស៊ី​ និងឥណ្ឌូនេស៊ី​ ជាទី​ដែល​ពលរដ្ឋ​មិន​សូវ​គិត​គូរ​ពី​ការ​សន្សំ​ប្រាក់។

បើ​តាម​ច្បាប់​ស្តីពី​មូលបត្រ​រដ្ឋ​ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ​ មូលបត្រ​រដ្ឋ​អាច​ត្រូវ​បាន​បោះ​ផ្សាយ​ជា​រូបិយ​វត្ថុ​ជាតិ​ ឬ​ជា​រូបិយបណ្ណ​បរទេស។

ច្បាប់​ដដែល​ចែង​ថា មូលបត្រ​រដ្ឋ​អាច​ត្រូវ​បាន​បោះ​ផ្សាយ​ក្នុង​ប្រទេស​ ឬ​នៅ​ក្រៅ​ប្រទេសហើយ​មូលបត្រ​ ដែល​ត្រូវ​បាន​បោះ​ផ្សាយ​លក់ ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​រាជ​រដ្ឋាភិបាល។

លោក​បណ្ឌិត​ ឆេង គឹមឡុង​ នាយក​មជ្ឈមណ្ឌល​នវានុវត្តន៍​និង​ប្រជាធិបតេយ្យ​លើ​កិច្ចការ​អភិបាល​កិច្ច​នៃ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI) និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​ ប្រាប់​វីអូអេ​ថា ​ការ​ចាប់ផ្តើម​ឲ្យ​មាន​ការ​បោះផ្សាយ​មូលបត្រ​រដ្ឋ​ជា​ការ​សម្រេច​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ ចំ​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ដំណំ​ពី​វិបត្តិ​ជំងឺឆ្លង​កូវីដ​១៩។

យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​ រដ្ឋ​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​អ្នក​ជំនួញ​ឬ​អ្នក​ដែល​មាន​ទ្រព្យ ធូរធា​មាន​ជំនឿ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​យក​មូលបត្រ​បំណុល​ពី​រដ្ឋាភិបាល។

«ហើយ​សួរ​ថា​ តើ​វា​អាច​នៅ​មាន​ការ​ពិបាក​ក្នុង​ការ​ជំរុញ​ទេ? តាម​ពិត​វា​មាន​ការ​ពិបាក​ហ្នឹង​យូរ​ឆ្នាំ​មក​ហើយ​ខ្ញុំ​ថា​នោះ ​គឺ​អាស្រ័យ​ទៅ​លើ​យន្តការ​របស់​រដ្ឋ​ ព្រម​ទាំង​ជួយ​សម្របសម្រួល​ជួយ​ផ្តល់ការ​លើក​ទឹក​ចិត្ត​ផ្តល់​ការ​វិនិយោគ។... ជួយ​លើក​ទឹក​ចិត្ត​ម៉េច​ទៅ​ផ្នែក​ឯកជន​ទាំងឡាយ​ណា ​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​វិនិយោគ​ផ្នែក​មូលបត្រ​រដ្ឋ​នេះ»។

លោក​បន្ថែម​ថា រដ្ឋាភិបាល​ក៏​គួរ​បង្កើន​ប្រសិទ្ធភាព​ប្រកួត​ប្រជែង​តាម​ការ​បន្ត​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋ​ពាក់​ព័ន្ធ​ ក្នុង​វិស័យ​មូលបត្រ​នេះ​ធ្វើ​ប្រតិបត្តិការ​ប្រកប​ដោយ​តម្លា​ភាព​និង​សេវាឆាប់​រហ័ស។

«ហើយ​ទី​ពីរ​ទៀត​ គឺ​ការ​ជំរុញ​នូវ​ស្ថាប័ន​ត្រូវ​តែ​មាន​ ការ​គ្រប់គ្រង​ការ​ជំរុញ​ពន្លឿន​សេវា​ ដូច​ជា​សេវា​រដ្ឋដែល​ក្នុង​ផ្នែក​នោះ ​គឺ​ឲ្យ​មាន​ភាព​ប្រកួត​ប្រជែង​ មាន​តម្លាភាព​ទាំង​អស់ ទាំង​ពី​ភាព​ប្រកួត​ប្រជែង​នៃ​ល្បឿន​ល្បឿន​ក្នុង​ការ​ផ្តល់ប្រតិបត្តិការ»។​

ក្នុង​វេទិកា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ដដែល​ លោក​រដ្ឋលេខាធិការ​ វង្សី វិស្សុត​ ក៏​បាន​រំពឹង​ផង​ដែរ​ពី​កំណើន ត្រឡប់​មក​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា ក្រោយ​ពី​បាន​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ​២០២០ ដោយសារ​វិបត្តិ​កូវីដ ១៩៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG