ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន រំពឹង​កម្ចី​បន្ថែម​ទៀត​ពី​ចិន​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នា​ពេល​ខាងមុខ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​រំពឹង​ថា ​នឹង​ទទួល​បាន​កម្ចី​បន្ថែម​ពី​ប្រទេស​ចិន​ដើម្បី​យក​មក​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ពេល​លោក​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន ​នា​ពេល​ខាង​មុខ។​ អ្នក​តាម​ដាន​ជំរុញ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បំណុល​ចិន។​

ការ​ថ្លែង​បែប​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ក្នុង​ ខេត្ត​ក្រចេះ ​កាលពី​ថ្ងៃ​ទី២​ ខែ​មករា​ ឆ្នាំ​២០២៣។​

លោក ​ហ៊ុន សែន ​បញ្ជាក់​ថា៖​ «ខ្ញុំ​សង្ឃឹម​ថា ​នឹង​មាន​ឱកាស ​ដែល​ពេល​នេះ​កំពុង​សម្រប​សម្រួល​គ្នា ​ដើម្បី​ទស្សន​កិច្ច​របស់​ខ្ញុំ ​ទៅ​កាន់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ នៅ​ពេល​ខាង​មុខ​នេះ ​ហើយ​ពេល​នោះ​ច្បាស់​ណាស់​ថា​ នឹង​មាន​គម្រោង​ថ្មី​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ ​រាប់​ទាំង​ផ្លូវ​ល្បឿន​លឿន​ទី​២ ​ដែល​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​កាន់​ព្រំដែន​វៀតណាម»។​

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​សាទរ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​កម្ចី​ពី​រដ្ឋ​បរទេស ​ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ​ពាក់​ព័ន្ធ​ជា​មួយ​អត្រា​ការ​ប្រាក់ ​ជា​ពិសេស​ពាក់ព័ន្ធ​ជា​មួយ​គុណ​ភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​កើត​ចេញ​ពី​កម្ចី​លុយ​បរទេស។​ លោក​បន្ថែម​ថា​កម្ចី​ដែល​កម្ពុជា​បាន​ខ្ចី​គឺ​ត្រូវ​តែ​យក​មក​ប្រើ​ប្រាស់​ប្រកប​ដោយ​តម្លាភាព​ និង​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ជារួម​ពិត​ប្រាកដ។​

លោក​បញ្ជាក់​ថា៖ ​«កុំ​ឱ្យ​យក​មក​ក្នុង​លក្ខណៈ​មួយ​ខ្វះ​ការ​ដឹង​ឮ​ឬ​ក៏​ខ្វះ​តម្លាភាព​ដែល​ធ្វើ​ឱ្យ​ខាត​នូវ​ផល​ប្រយោជន៍​ជាតិ​ ហើយ​ប្រជា​ពល​រដ្ឋ​ជា​អ្នក​ប៉ះ​ប៉ូវ​សង​នូវ​ក្នុង​បំណុល​បរទេស​នេះ»។​

សាស្ត្រាចារ្យ​រូប​នេះ​អះអាង​ថា​ ជា​ធម្មតា​នៅ​ពេល​ដែល​រដ្ឋ​មួយ​ទទួល​បាន​ជំនួយ​ឬ​ក៏​កម្ចី​ពី​រដ្ឋ​មួយ​ ឥទ្ធិពល​របស់​ប្រទេស​ដែល​ឱ្យ​គេ​ខ្ចី​តែងតែ​មាន​ទៅ​លើ​ប្រទេស​មួយ​ទៀត។​ ទោះ​យ៉ាង​ណា​លោក​ព្រមាន​ថា​ កុំ​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ឥទ្ធិពល​របស់​រដ្ឋ​នោះ ​រហូត​នាំ​ឱ្យ​ផុង​ខ្លួន​ដក​មិន​រួច​ដូច​កាល​ពី​អតីត​កាល។​

លោក​ ឯម សុវណ្ណារ៉ា​ លើក​ឡើង​ថា​ ស្ថាន​ភាព​បច្ចុប្បន្ន​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​មួយ​ល្អ ​ដែល​មាន​ន័យ​ថា​ កម្ពុជា​នៅ​អាច​គ្រប់​គ្រង​បំណុល​របស់​ខ្លួន​បាន​ដោយ​ការ​សង​វិញ។​

សាស្ត្រាចារ្យ​រូប​នេះ​បញ្ជាក់​ថា៖​ «ខ្ញុំ​គិត​ថា​ ទី​១​ដែល​យើង​គួរ​ប្រយ័ត្ន​គឺ​យើង​ធ្វើ​ឱ្យ​មាន​តម្លា​ភាព។ អាហ្នឹង​យើង​កាត់​បន្ថយ​នូវ​អំពើ​ពុករលួយ​ សំណូក​ក្រោម​តុ​ហ្នឹង​ឱ្យ​បាន​ទី១។​ ចំណុច​ទី​២​ ចង់​ឱ្យ​យើង​មាន​នូវ​តុល្យ​ភាព​គ្នា​នៅ​ក្នុង​កម្ចី​ដែល​យើង​ខ្ចី​ពី​លោក​ខាង​កើត​ខាង​ចិន​នេះ ​ឱ្យ​មាន​តុល្យភាព​ជា​មួយ​លោក​ខាង​កើត​ដទៃ​ទៀត​ដូច​ជា​កូរ៉េ​ខាង​ត្បូង​ ជប៉ុន​ និង​លោក​ខាង​លិច​ដែរ»។​

រូបឯកសារ៖ មន្ត្រីប៉ូលិសម្នាក់ឈរយាមការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ដែលឧបត្ថម្ភដោយចិន ក្នុងពិធីបើកសម្ពោធការដ្ឋាននេះ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩។
រូបឯកសារ៖ មន្ត្រីប៉ូលិសម្នាក់ឈរយាមការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ដែលឧបត្ថម្ភដោយចិន ក្នុងពិធីបើកសម្ពោធការដ្ឋាននេះ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩។

យោង​តាម​ព្រឹត្តិ​បត្រ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០២២ ​ ទំហំ​បំណុល​សាធារណៈ​ដែល​កម្ពុជា​កំពុង​ជំពាក់​បរទេស​បាន​កើន​ឡើង​ដល់​៩,៨​ពាន់​លាន​ដុល្លារ​ ឬ​ស្មើ​ប្រមាណ​ជាង​២៣%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា។ ​ក្នុង​នោះ​បំណុល​ជាង​៤០%​ កម្ពុជា​ជំពាក់​ប្រទេស​ចិន​ ហើយ​បំណុល​ជាង​៣០%​ផ្សេង​ទៀត ​កម្ពុជា​ជំពាក់​ដៃ​គូ​អភិវឌ្ឍន៍​នានា។​

លោក​ លឹម ឆាយ​ ប្រធាន​គ្រប់​គ្រង​កម្ម​វិធី​នយោបាយ​ការ​បរទេស​នៃ​មូលនិធិ​ខុនរ៉ាដ ​អាដិនណៅអ៊ែរ​ (Konrad-Adenauer-Stiftung Cambodia) ​ប្រចាំ​នៅ​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ បំណុល​កម្ពុជា​ជំពាក់​បរទេស​សព្វ​ថ្ងៃ​នេះ​នៅ​មិន​ទាន់​ឈាន​ដល់​បន្ទាត់​ក្រហម​ឡើយ​ ដែល​មាន​ន័យ​ថា​កម្ពុជា​នៅ​អាច​គ្រប់គ្រង​បំណុល​ទាំង​នោះ​បាន​ល្អ។​ ទោះ​ជាយ៉ាង​ណា​ ដើម្បី​ចៀស​ពី​ហានិភ័យ​នាពេល​ខាងមុខ​ លោក​ លឹម ឆាយ​ បាន​ផ្តល់​យោបល់​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​បន្ត​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​កំណើន​សេដ្ឋកិច្ច​នៅ​តែ​មាន​ស្ថិរភាព​ ជាពិសេស​នៅតែ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​សេដ្ឋ​កិច្ច​ចម្រុះ​ពណ៌​ឬ​ហៅ​ថា​ ពិពិធ​កម្ម​សេដ្ឋកិច្ច​ ដោយ​មិន​ពឹង​ផ្អែក​ទាំង​ស្រុង​តែ​ទៅ​លើ​មហា​យក្ស​ចិន​នោះ​ឡើយ។​

លោក ​លឹម ឆាយ ​បញ្ជាក់​ថា៖ ​«គម្រោង​ BRI ​(Belt and Road Initiative) ​បច្ចុប្បន្ន​មិន​ទាន់​ក្លាយ​ជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​គ្រប​ដណ្ដប់​គម្រោង​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ​ផ្ទុយ​ទៅវិញ​យើង​មិន​គួរ​មើល​រំលង​តួនាទី​ដ៏​សំខាន់​របស់​ជប៉ុន​ និង​កូរ៉េ​ឡើយ។​ ហេតុ​អ្វី​ខ្ញុំគិត​បែប​នេះ​ ព្រោះ​ថា​យុទ្ធ​សាស្ត្រ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​សព្វ​ថ្ងៃ ​ កម្ពុជា​បែង​ចែក​ទៅ​តាម​តំបន់​ ថា ​តើ​ប្រទេស​ណា​គួរ​វិនិយោគ​ និង​ជួយ​លើ​ផ្លូវ​ខ្សែ​មួយ​ណា ​ ឧទាហរណ៍​ជាក់​ស្ដែង​ដូច​ស្ពាន​ជ្រោយ​ចង្វារ ​ជប៉ុន ​និង​ចិន​ នៅ​ឈរ​ទន្ទឹម​នឹង​គ្នា ខណៈ​ដែល​កូរ៉េ​នឹង​ជួយ​សង់​ស្ពាន​មួយ​ទៀត​ក្នុង​ឆ្នាំ​២០២៣​នេះ»។​

លោក ​លឹម ឆាយ ​ជំរុញ​ឱ្យ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ ទប់ស្កាត់​អំពើ​ពុក​រលួយ​នៅ​តាម​ថ្នាក់​លើ​និង​ថ្នាក់​មូលដ្ឋាន​ ជាពិសេស​ត្រូវ​មាន​គោល​ការណ៍​ជាក់​លាក់​នៅ​ក្នុង​ការ​ដាក់​ស្នើ​កម្ចី។​ លោក​បន្ត​ថា​ ឥទ្ធិពល​ចិន​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​រយៈ​កាល​ចុង​ក្រោយ​នេះ​ ដោយ​សារ​តែ​ចិន​ជា​ប្រទេស​ទី១​ដែល​បាន​វិនិយោគ​ច្រើន​ និង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​គោល​នយោបាយ​ការ​បរទេស​ចម្រុះ​ពណ៌​របស់​កម្ពុជា​ទើប​ជា​គោល​នយោបាយ​ដែល​ល្អ​បំផុត​ក្នុង​ការ​ចៀស​វាង​ឥទ្ធិពល​ជ្រុល​ហួស​របស់​មហា​អំណាច​តែ​មួយ​ ផ្ទុយ​ទៅ​វិញ​ យើង​គួរ​មាន​គោល​ការណ៍​ច្បាស់​លាស់​ដែល​ធានា​បាន​ថា​ ឥទ្ធិពល​របស់​ចិន​ត្រូវ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជា​ជន​ប្រកប​ដោយ​បរិយាបន្ន​ ខណៈ​ដែល​យើង​នៅ​បន្ត​រក្សា​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​មហា​អំណាច​ផ្សេងៗ​ផង​ដែរ»។​

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ​លោក​បណ្ឌិត ​គី សេរីវឌ្ឍ​ ថ្លែង​ថា​ កម្ចី​របស់​ចិន​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ខណៈ​កម្ពុជា​មិន​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ឡើយ។​

លោក​បញ្ជាក់​ថា៖​ «ក្រៅពី​បំណុល​របស់​ចិន​ គឺ​យើង​មាន​ជំនួយ​ពី​បណ្តា​ប្រទេស​ដូច​ជា​ពី​ជប៉ុន​ ពី​សហ​រដ្ឋ​អាមេរិក​ ពី​អូស្ត្រាលី​ ដែល​រួម​ចំណែក​ ដែល​មិន​ធ្វើ​ឱ្យ​អន្ទាក់​បំណុល​របស់​ចិន​មាន​ភាព​មាំទាំ​នៅ​ក្នុង​បំណុល​សរុប​របស់​ប្រទេស​កម្ពុជា​នោះ​ទេ»។​

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន ​ប្រាប់​វីអូអេ​ថា​ រដ្ឋាភិបាល​កម្ពុជា​មាន​គោល​ការណ៍​ច្បាស់លាស់​នៅ​ក្នុង​ការ​ខ្ចី​ប្រាក់​ពី​រដ្ឋ​បរទេស ​ខណៈ​ថា​ កម្ចី​នេះ​ទៀត​សោត​មិន​មែន​ធ្វើ​ឡើង​តែ​ជា​មួយ​រដ្ឋាភិបាល​ចិន​ឡើយ។​

លោក​ថ្លែង​ថា៖​ «ដូច្នេះ​ហើយ​គឺ​មិន​ឱ្យ​គាត់​ព្រួយ​បារម្ភ​ជំនួស​រាជរដ្ឋាភិបាល​ទេ ​ពីព្រោះ​ការ​ខ្ចី​នេះ​ នៅ​ពេល​នេះ ​ឥឡូវ​នេះ​ដែល​គាត់​ថា​ច្រើនៗ​ ឥឡូវ​នេះ​ទើប​តែ​បាន​៣០%​នៃ​ GDP​ របស់​កម្ពុជា​ទេ ​ ហើយ​ចំនួន​អត្រា​ហ្នឹង​ជា​ចំនួន​ដែល​អាច​គ្រប់គ្រង ​ដែល​រាជ​រដ្ឋាភិបាល​លោក​អាច​គ្រប់​គ្រង​បំណុល​អន្តរជាតិ​នេះ​បាន»។​

គួរ​បញ្ជាក់​ថា​អ្នក​តាមដាន​អន្តរ​ជាតិ​មួយ​ចំនួន​បាន​រិះគន់​គម្រោង​អភិវឌ្ឍន៍​«ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម ​ឬ​ Belt & Road Initiative » ​ហៅ​កាត់ ​BRI ​របស់​ចិន​ដោយ​លើក​ឡើង​ថា​ ប្រទេស​មួយ​ចំនួន​អាច​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន។ ទោះជា​យ៉ាង​ណា ​ កាលពី​ថ្ងៃ​ចន្ទ ​លោក​ ហ៊ុន សែន​ បាន​អះអាង​ថា​ គម្រោង​ BRI​ បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា ​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត៕​

XS
SM
MD
LG