លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ ប្រកាសធានាឲ្យលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីកម្ពុជាត្រឡប់មកកម្ពុជាដោយមិនមានការចាប់ខ្លួន បន្ទាប់ពីលោក លឺ ឡាយស្រេង បានបង្ហោះវីដេអូសុំអនុញ្ញាតចូលប្រទេសវិញ ខណៈកំពុងរត់ភៀសខ្លួននៅប្រទេសថៃ។
ក្នុងពិធីចែកសញ្ញាបត្រឲ្យនិស្សិតនៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកបានដឹងដំណឹងថា លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្រ្តី ដែលបានភៀសខ្លួនចេញពីកម្ពុជាគេចចេញពីការចោទប្រកាន់របស់តុលាការ ទៅរស់នៅក្នុងប្រទេសថៃ កំពុងស្នើសុំចូលមកប្រទេសកម្ពុជាវិញ។ លោកបានបន្ថែមដោយប្រាប់ទៅលោក លឺ ឡាយស្រេង ឲ្យចូលមកដោយមិនមានការភ័យខ្លាច និងបានប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចកុំឲ្យចោទប្រកាន់ ឬចាប់ចងលោក លឺ ឡាយស្រេង។
លោកបញ្ជាក់ថា៖
«ឥឡូវមកៗគ្មាននរណាគេធ្វើបាបអីតាឯងទេ។ ហើយមើលៗ បើសិនជាមានតម្រូវការខាងផ្លូវច្បាប់ ឯកឧត្តម អង្គ វង្សវឌ្ឍនា ពិនិត្យមើល បើសិនមានតម្រូវការខាងផ្លូវច្បាប់ ឧទាហរណ៍ថា គាត់ត្រូវប្តឹងជំពាក់អីលុយកាក់អី ធ្វើលិខិតស្នើសុំព្រះរាជទានទោសឲ្យលោកទៅ។ ប៉ុន្តែលោកមកមុនក៏បានដែរ»។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង កាលពីថ្ងៃទី២៩ ខែមីនា បានបង្ហោះវីដេអូមួយរយៈពេលជិត ៧នាទី ស្នើឲ្យលោកនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យលោកចូលមកប្រទេសកម្ពុជាវិញ ដើម្បីបានទៅវត្តនិងធ្វើបុណ្យ ខណៈប្រជាពលរដ្ឋខ្មែរមានខ្សែស្រឡាយកាត់ចិនមួយចំនួនកំពុងប្រារព្ធពិធីបុណ្យប្រពៃណីចិន ហៅថា ឆេងម៉េង។
លោក លឺ ឡាយស្រេង បានរត់គេចចេញពីកម្ពុជាកាលពីខែតុលា ឆ្នាំ២០១៧ មុនតុលាការកាត់ទោសលោកឲ្យសងជំងឺចិត្តទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហាកេរ្តិ៍ និងបទប្រមាថព្រះមហាក្សត្រ។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក លឺ ឡាយស្រេង តែរហូតមកដល់ល្ងាចថ្ងៃចន្ទនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
យ៉ាងណាក្តី ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តិច គេឃើញលោក លឺ ឡាយស្រេង បង្ហោះវីដេអូមួយទៀត ដោយសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសុំទោសលោកនាយករដ្ឋមន្រ្តី។ លោក លឺ ឡាយស្រេង ក៏បានអរគុណលោក ហ៊ុន សែន និងប្រកាសត្រៀមចូលមកកម្ពុជាវិញក្នុងពេលឆាប់ៗ ដោយឈប់និយាយអំពីនយោបាយ។
លោកបញ្ជាក់ថា៖
«ឥឡូវគឺថា តាមដំណើរអញ្ចឹងទៅ ហើយខ្ញុំក៏តាំងចិត្តអញ្ចឹងដែរថា អ្វីៗក៏ដូចជាល្មមឈប់និយាយ ឈប់ថ្លែងហើយ ព្រោះអ្វីៗដែលថ្លែងមកទាំងអស់ វាជួបចេញមកអស់ហើយ ដូច្នេះតាចាស់នេះគួរតែរកធ្វើបុណ្យធ្វើទានធ្វើមូលនិធិទទួលចាស់ៗទៅនៅជាមួយទៅល្អជាជាង»។
កាលពីខែមករា ឆ្នាំ២០១៨ ចៅក្រមតុលាការភ្នំពេញ បានសម្រេចឲ្យលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីមកពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ចាញ់ក្ដី និងសងជំងឺចិត្តទៅលោក ហ៊ុន សែន ចំនួន៥០០លានរៀល ពីបទប្រមាថព្រះមហាក្សត្រ និងបរិហារកេរ្តិ៍លោក ហ៊ុន សែន ជាសាធារណៈ។
បណ្ដឹងប្រឆាំងនឹងលោក លឺ ឡាយស្រេង ធ្វើឡើងក្រោយពេលដែលលោក ហ៊ុន សែន ជំរុញឱ្យមានការដាក់ពាក្យបណ្ដឹងនានា ដោយផ្អែកទៅលើខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទឯកជនរបស់លោក លឺ ឡាយស្រេង ដែលត្រូវបានគេបង្ហោះលើបណ្ដាញអ៊ីនធឺណិត កាលពីខែតុលា ឆ្នាំ២០១៧។
សំឡេងនៃការសន្ទនាតាមទូរសព្ទឯកជនរបស់អតីតឧបនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ត្រូវបានគេលួចថត ហើយបង្ហោះជាសាធារណៈតាមរយៈទំព័រហ្វេសប៊ុកឈ្មោះ «សីហា»។ ក្នុងខ្សែអាត់សំឡេងនោះ លោក លឺ ឡាយស្រេង បានលើកឡើងពីគម្រោងដែលគណបក្សហ៊្វុនស៊ិនប៉ិច ត្រៀមទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដែលប្រឈមនឹងការរំលាយនាពេលនោះ និងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យលុយទៅមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ ២ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។
លោក លឺ ឡាយស្រេង នាពេលនោះ ក៏បានហៅព្រះបាទនរោត្តមសីហមុនី ថាជា «មាន់គ្រៀវ» ពាក់ព័ន្ធនឹងស្ថានភាពនយោបាយផងដែរ។
នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហើបថា លោកតែងដឹងរាល់ការឆ្លងឆ្លើយតាមទូរសព្ទរបស់លោក លឺ ឡាយស្រេង គ្រប់ពេល និងគ្រប់ទីកន្លែងតាមរយៈការលបស្តាប់របស់លោក។
លោក សុក សំអឿន មេធាវីជើងចាស់មួយរូបដែលតែងការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្សប្រាប់ VOA ថា បុគ្គលដែលជាម្ចាស់សំឡេងអាចត្រូវបានចោទប្រកាន់ក្នុងបទល្មើសដោយសារការសន្ទនាតាមទូរសព្ទបាន លុះត្រាតែជននោះថតសំឡេងខ្លួនឯងហើយផ្សព្វផ្សាយដោយខ្លួនឯង។ លោកបន្ថែមថា មានតែជនដែលជាអ្នកលួចថតសំឡេងសន្ទនាឯកជនរបស់គេយកទៅផ្សព្វផ្សាយជាសាធារណៈ ទើបត្រូវទទួលខុសត្រូវក្នុងករណីនេះ។
លោកបញ្ជាក់ថា៖
«បើយើងមើលទិដ្ឋភាពផ្លូវច្បាប់ដែលហៅថា បរិហារកេរ្តិ៍ជាសាធារណៈ លុះត្រាយើងនិយាយផ្សាយជាសាធារណៈ។ បើយើងនិយាយក្នុងបន្ទប់ម្នាក់ឯង ហើយមានមនុស្សមកលួចថត អាហ្នឹងមិនមែនជារឿងអ្នកនិយាយហ្នឹងទទួលខុសត្រូវទេ អ្នកដែលផ្សព្វផ្សាយហ្នឹងទេទទួលខុសត្រូវ។ ហើយតើផ្សព្វផ្សាយ ផ្សព្វផ្សាយក្នុងន័យយ៉ាងម៉េច?»។
លោក សុក សំអឿន បន្ថែមថា តុលាការគួរពង្រឹងការបកស្រាយមាត្រាច្បាប់ឲ្យបានតឹងរ៉ឹង។ លោកមានប្រសាសន៍ថា៖
«វាស៊ីសងលើការបកស្រាយរបស់តុលាការ។ ហេតុដូច្នេះសំខាន់បំផុត យើងសុំឲ្យតុលាការហ្នឹងលោកបកស្រាយតាមគោលការណ៍ច្បាប់ទៅ។ បើសិនជាមានកន្លែងណាមិនច្បាស់អី សុំឲ្យតុលាការកំពូលហ្នឹងមានការរឹងមាំបន្តិចទៅ ដើម្បីកុំឲ្យអាការបកស្រាយហ្នឹង បកស្រាយតែផ្តេសតែផ្តាសកើត»។
ក្នុងអំឡុងមុនការបោះឆ្នោតឆ្នាំ២០១៨ គេឃើញមានករណីជាច្រើនពាក់ព័ន្ធនឹងការលួចថតសំឡេងឯកជនយកទៅបង្ហោះតាមបណ្តាញសង្គម និងអ៊ីនធឺណិត។ យ៉ាងណាក្តីគេឃើញថា ករណីនៃការលួចថតសំឡេងឯកជនយកទៅបង្ហោះជាសាធារណៈនោះ មិនទាន់ត្រូវបានអាជ្ញាធរស្វែងរកជនល្មើស ដែលបង្ហោះយកមកដាក់ទោសនៅឡើយ បើទោះជាកម្ពុជាមានច្បាប់រួចយ៉ាងណាក៏ដោយ៕