ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ ចំអក​ដាក់​ការ​អនុគ្រោះ​ពន្ធ EBA​ ខណៈ​ប្រតិភូ​ EU​ មក​ដល់​កម្ពុជា


រូបឯកសារ៖ កម្មកររោងចក្រថតរូបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ កម្មកររោងចក្រថតរូបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែង​​ថា​ កម្ពុជា​ត្រូវ​រស់​ដោយ​ខ្លួនឯង​ ដើម្បី​ការ​ពារ​ឯករាជ្យ​ភាព​របស់​ខ្លួន។​ លោកបន្ថែម​ថា​ ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​ ក៏នឹង​មិន​អាចឲ្យ​​កម្ពុជា​ ក្លាយ​ជា​ប្រទេស​អ្នក​មាន​នោះ​ដែរ។

ប្រធាន​បេសកកម្ម​ការទូត​សហភាព​អឺរ៉ុប​លោក​ George Edgar​ ដែល​ជិត​ផុត​អាណត្តិ​នៅ​កម្ពុជា បាន​អម​ដំណើរប្រតិភូ​គណៈកម្មការ​របស់​សហភាព​អឺរ៉ុប​ ដើម្បី​ជួប​ក្រុម​មន្ត្រី​សំខាន់ៗ​របស់​កម្ពុជា​ ពិភាក្សា​បញ្ហា​ជាច្រើន​ ដែល​គ្រប​ដណ្តប់​លើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​សម្រាប់​កម្ពុជា​ តាម​កម្មវិធី​ពាណិជ្ជ​កម្ម​«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ»​ ឬហៅថា​ EBA។

ការ​មក​ដល់​របស់​ប្រតិភូ​សហភាពអឺរ៉ុប​ដឹកនាំ​ដោយ​អ្នកស្រី Paola Pampaloni​ នាយក​គ្រប់​គ្រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​អគ្គនាយកដ្ឋាន​កិច្ច​ការ​បរទេស​របស់​គណៈកម្មការ​អឺរ៉ុប​ កើត​មាន​ឡើង​ នៅ​ចំ​ពេល​មាន​សារ​ចំអក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​ថ្លែង​ថា​ កម្ពុជា​មិន​ស្លាប់​នោះ​ទេ ​បើ​អត់​ EBA​ តែ​កម្ពុជា​ក៏​មិន​អាច​មាន​បាន​ដែរ​ បើ​មាន​ EBA​ នោះ។​

លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ក្រុមកម្មករ​នៅ​ក្នុងការ​ជួបជុំ​មួយ​នៅ​ឯខេត្ត​ពោធិ៍​សាត់​កាលពីថ្ងៃទី​២០​ ខែ​មីនា​នេះថា​ កម្ពុជា​ត្រូវ​រស់​ដោយ​ខ្លួនឯង​ ដើម្បី​ការ​ពារ​ឯករាជ្យ​ភាព​របស់​ខ្លួន។​ លោក​ថា​ ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​ ក៏នឹង​មិន​អាចឲ្យកម្ពុជា​ ក្លាយ​ជា​ប្រទេស​អ្នក​មាន​នោះ​ដែរ។​

«បើ​សិន​គេ​ផ្តល់​ភាព​អនុគ្រោះ​ឲ្យ​យើង​ យើង​ក៏​មិនអាច​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​ទេ​ តែ​បើ​គេ​ដក​ភាព​អនុគ្រោះ​ពី​យើង​ ក៏​មិន​ធ្វើឲ្យ​យើង​ស្លាប់​ដែរ​ យល់​អ្ហេអា​កន្លែង​ហ្នឹង»។​

លោក​ហ៊ុន​ សែន​ ថ្លែង​បន្ថែម​ទៀត​ថា៖

«គេឲ្យ​អនុគ្រោះ​ភាព​អនុគ្រោះ​របស់​យើង​ មក​ចំពោះ​យើង​ យើង​ក៏ល្អ​ ក៏ប៉ុន្តែ​ត្រូវ​ចងចាំ​ថា​ ភាព​អនុគ្រោះ​នោះ​ ​មិន​ឲ្យ​យើង​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​ដែរ​ ធ្វើ​អ្នក​មាន​បាន​ វា​ទាល់​តែ​យើង​ប្រឹង​ខ្លួន​ឯង​ ឲ្យ​ទៅ​ជា​អ្នកមាន»។​

យ៉ាង​ណាក៏​ដោយ​ ក្នុង​ពេល​ដែល​លោក​ ហ៊ុន សែន​ ប្រកាស​ខ្លាំងៗ​ថា​ EBA​ មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា​ស្លាប់​នោះ​ លោក​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ បាន​បញ្ជាក់​ឲ្យដឹង​នៅក្នុង​សេចក្តី​ប្រកាស​មួយ​ថា៖

«កម្ពុជា​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ ក្នុង​ការ​បើក​ដំណើរ​ការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ពី​កម្ពុជា​ ដែល​សេចក្តី​សម្រេច​នោះ​ មិន​បាន​ឆ្លើយតប​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាក់​ស្តែង​ និង​វឌ្ឍនភាព​សំខាន់ៗ​ជាច្រើន ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ឡើយ»។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះថ្ងៃ​ទី​២០ ខែ​មីនា​ ​បាន​បញ្ជាក់ដោយ​សំដៅ​ដល់​ការ​ថ្លែង​របស់​លោក ​ប្រាក់ សុខុន ​ដែល​ជា​ឧបនាយករដ្ឋ​មន្ត្រី ថា៖​

«ឯក​ឧត្តម​ឧបនាយករដ្ឋ​មន្ត្រី​បាន​លើកឡើង​ថា​ EBA​ មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ ជា​ពិសេស​បាន​ជួយ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​រោងចក្រ​ជាង​ប្រាំមួយ​សែន​នាក់​ និង​អ្នក​អាស្រ័យ​ពឹង​ពាក់​ពី​ពួក​គេ​ប្រមាណ​ពីរ​លាន​នាក់​ទៀត»។​

ការ​បញ្ជាក់​របស់​លោក​ប្រាក់​ សុខុន​ យ៉ាងដូច្នេះ​ បានធ្វើ​ឡើង​ បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សាជាមួយ​អ្នក​ស្រី​ Paola Pampaloni នាយក​គ្រប់គ្រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ នៃ​អគ្គនាយកដ្ឋាន​កិច្ច​ការបរទេស​របស់​គណៈកម្មការ​អឺរ៉ុប​ ដែល​ត្រូវបាន​អម​ដំណើរ​ដោយ​ លោក​ Peter Berz ​ នាយក​ស្តីទី​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​ និង​អាមេរិក​ឡាទីន​នៃ​អគ្គនាយក​ដ្ឋាន​ពាណិជ្ជកម្ម​របស់​គណៈកម្មការ​អឺរ៉ុប។

សេចក្តី​ប្រកាស​ដដែល​បាន​ឲ្យដឹង​ទៀតថា​ អ្នកស្រី​ Paola Pampaloni តំណាង​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ បាន​ប្រាប់​លោក​ប្រាក់ សុខុន ថា​ នេះ​គឺជា​ការ​ជួប​គ្នា​លើក​ទី១ នៅក្នុង​ដំណើរ​ការ​នៃ​នីតិវិធី​ត្រួតពិនិត្យ​ និង​ការ​បង្កើន​កិច្ច​សន្ទនា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅក្នុង​ក្រប​ខណ្ឌ​ EBA ហើយ​សហភាព​អឺរ៉ុប​នឹង​បន្ត​បញ្ជូន​គណៈប្រតិភូ​មក​កម្ពុជា​ទៀត នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សន្ទនា​នេះ។

សេចក្តី​ប្រកាស​បាន​បន្ថែម​ថា៖​

«ជារួម​ ភាគី​ទាំងពីរ​បាន​បង្ហាញ​គោលជំហរ​រួម​ក្នុងការ​ខិត​ខំ​រួមគ្នា​ ដើម្បី​រក្សា​ EBA ​មិន​ឲ្យ​បាត់​បង់​ និង​បន្ត​លើកកម្ពស់​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​ដ៏​សំខាន់​រវាង​កម្ពុជា​ និង​សហភាព​អឺរ៉ុប»។​

VOA ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​លោក​ George Edgar​ នៅ​ឡើយ​ទេ​ មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អ្នកស្រី​ Paola Pampaloni ត្រូវ​គេ​រាយការណ៍​ថា​ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​សំខាន់ៗ​ពីររូប​កាលពី​ថ្ងៃពុធ​ ​រួមមាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស ខេង​ និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោក​ប្រាក់ សុខុន។​

មុន​ពេល​មានការ​ជួប​រវាង​ប្រតិភូ​គណៈកម្មការ​អឺរ៉ុប​ ជាមួយ​ក្រុម​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦៨​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ ដែល​កម្ពុជា​បាន​ទទួល​ពី​សហគមន៍​អឺរ៉ុប ហើយ​បាន​អំពាវនាវ​ចំៗ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ចាប់​ផ្តើម​កែប្រែ​ជំហរ​ ងាក​មក​ស្តារ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។​

កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ គណៈកម្មការ​សហភាព​អឺរ៉ុប​ ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​ដែល​អាច​ឈាន​ទៅ​ដក​ហូត​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរ​សិទ្ធិ​មនុស្ស​និង​ការ​អនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ។​

សហភាព​អឺរ៉ុប​ បាន​ផ្តល់​ហេតុផល​នៃ​ការ​ផ្តើម​ដំណើរ​ការ​នេះ​ត្រួសៗ​ថា ដោយសារ​កម្ពុជា​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ ក្នុង​នោះ​មាន​ការ​ច្រាន​ចោល​សិទ្ធិ​នយោបាយ​ សកម្មភាព​រឹត​បន្តឹង​នានា​ទៅលើ​សង្គម​ស៊ីវិល​ សហជីព​ ការ​ផ្តល់​សេរីភាព​សារព័ត៌មាន​ និង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ផ្តោត​ជា​ពិសេស​លើដី​ដែល​ប្រើ​ប្រាស់​សម្រាប់​បម្រើ​ដល់​ការ​ផលិត​ស្ករស៕

XS
SM
MD
LG