លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានរិះគន់សមត្ថភាពដឹកនាំបក្សរបស់លោកសម រង្ស៊ី ដែលបណ្តាលឱ្យមានមន្ត្រីដើរចេញពីបក្ស និងបានស្នើដល់អ្នកគាំទ្រអតីតបក្សប្រឆាំងនេះកុំឱ្យរិះគន់និងមើលស្រាលដល់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលទើបបានមកសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោកហ៊ុន សែន បានថ្លែងនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ថា ការបែកបាក់ណាមួយនៅក្នុងជួរថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង គឺមិនមែនជាស្នាដៃរបស់គណបក្សកាន់អំណាចឡើយ ប៉ុន្តែគឺមកពីលោក សម រង្ស៊ី ដែលជាប្រធានស្តីទីនៃគណបក្សនេះត្រូវទទួលខុសត្រូវធំជាងគេក្នុងឋានៈជាមេដឹកនាំ ហើយវាក៏បង្ហាញដែរពីអសមត្ថភាពរបស់មេដឹកនាំរូបនេះ ក្នុងការគ្រប់គ្រងគណបក្សនិងកុំថាឡើយដល់ទៅគ្រប់គ្រងប្រទេសជាតិទាំងមូល។
លោកបានបន្ថែមថា៖
«គេថាហ៊ុន សែន ធ្វើអីមិនបាន បំបែកគេ។ ខ្ញុំករុណាខ្ញុំគ្រាន់តែជូនសារទៅវិញថា បើអ្នកឯងទុកឱ្យគេបំបែកបាន ដូច្នេះអ្នកមិនសក្តិសមជាមេដឹកនាំទេ។ ខ្ញុំគ្រាន់តែផ្តាំដោយសុភាពរាបសារទៅអ្នក។ អ្នកគឺជាមនុស្សដែលអន់បំផុត ហើយក្នុងការធ្វើមេដឹកនាំហើយ បណ្តោយឱ្យគេបំបែកបាន»។
វោហាសាស្រ្តនយោបាយឆ្លើយឆ្លងគ្នារវាងលោកសម រង្ស៊ី និងលោកហ៊ុន សែន បានកើតមានឡើងជាប់ៗគ្នាជាថ្មីនៅក្នុងសប្តាហ៍នេះ បើទោះបីជាលោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសថា លោកឈប់ឆ្លើយឆ្លងហើយក៏ដោយ។ ការណ៍នេះកើតឡើងក្រោយពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត (Massachusetts) សហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការឱ្យលោកសម រង្ស៊ី និងថ្នាក់ដឹកនាំបក្សវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩នេះ។ វាក៏ស្របគ្នាដែលមានមន្ត្រីគណបក្សមួយចំនួនបានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយវិញ ក្រោយពីលោកហ៊ុន សែន បានដាក់ឱសានវាទឱ្យពួកគេសុំស្តារនីតិសម្បទារឡើងវិញឱ្យបានក្នុងអំឡុងពេលចូលឆ្នាំខាងមុខនេះ។
លោកហ៊ុន សែន បានបន្តរិះគន់ថ្នាក់ដឹកនាំនិងអ្នកគាំទ្រអតីតគណបក្សប្រឆាំងនេះថា ការបែកបាក់គឺដោយសារតែមិនមានការជឿទុកចិត្តគ្នានិងការលាបពណ៌គ្នាទៅវិញទៅមកថា មានមន្ត្រីក្បត់បក្ស ហើយត្រូវគណបក្សកាន់អំណាចទិញបានជាដើម។ លោកបន្ថែមថា ក្នុងឋានៈជាអ្នកប្រជាធិបតេយ្យ គេមិនគួរនិយាយដូច្នេះទេ ហើយក៏មិនត្រូវបិទសិទ្ធិអ្នកដទៃដែរ។
លោកហ៊ុន សែន បានបន្ថែមថា៖
«អ្នកបានមើលស្រាលអតីតសហការីរបស់អ្នកស្មើនឹងទំនិញទិញដូរ នោះហើយជាភាពបរាជ័យដែលអ្នកធ្លាប់បានទទួល។ ពេលដែលគេនៅជាមួយអ្នក អ្នកតែងតែថាគេមនុស្សល្អ ដល់គេមិនឯកភាពជាមួយអ្នក អ្នកតែងតែចោទថារដ្ឋាភិបាលហ៊ុន សែន ទិញមនុស្ស។ អ្នកចាត់ទុកអតីតសហការីរបស់អ្នកដែលធ្លាប់បានជោគជ័យជាមួយអ្នកទៅជាទំនិញទិញដូរ»។
រហូតមកដល់ពេលនេះ មានមន្ត្រីអតីតគណបក្សប្រឆាំងចំនួន៩នាក់បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយពីពួកគេបានធ្វើសំណើជាផ្លូវការ។
លោកស្រី ទេព សុទ្ធី ដែលជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលតាកែវនិងជាសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់ VOA ថា លោកស្រីដឹងថាការសម្រេចចិត្តសុំសិទ្ធិនយោបាយឡើងវិញនេះត្រូវរងការរិះគន់ពីអ្នកគាំទ្រ និងសហការីមួយចំនួនដោយជៀសមិនរួច។
លោកស្រីបន្ថែមថា ស្ថានការណ៍នយោបាយដែលកម្ពុជាអាចនឹងត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិគឺការបាត់បង់ឋានៈអនុគ្រោះពន្ធនាំចូលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមានផលប៉ះពាល់ដល់កម្មករ-កម្មការិនីជាច្រើនសែននាក់ ដែលតម្រូវឱ្យអ្នកនយោបាយចូលរួមបន្ធូរបន្ថយស្ថានការណ៍។
លោកស្រីបន្ថែមថា៖
«ខ្ញុំគិតថា នេះគឺជាដំណោះស្រាយមួយដែលខ្ញុំបង្ហាញគំនិតផ្ទាល់ក្នុងនាមជាអតីតតំណាងរាស្រ្ត ដើម្បីឱ្យរាស្ត្រធូរស្រាលដែលមានអ្នកតំណាងរាស្រ្តក្នុងប្រទេសដែលជួយដោះស្រាយគ្នាពីរឿងកិច្ចការងារ។ មិនមែននាងខ្ញុំបានសិទ្ធិធ្វើនយោបាយ ហើយខ្ញុំអត់ធ្វើនយោបាយក៏មិនអីដែរ ប៉ុន្តែខ្ញុំមិនអាចឱបដៃមើលឃើញអីចឹងកើតទេ»។
តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ ដោយសារតែបទចោទប្រកាន់លោកកឹម សុខា ប្រធានគណបក្ស ពីបទក្បត់ជាតិដោយឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក ហើយបានហាមឃាត់មន្ត្រីគណបក្សចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនដែលរត់ភៀសខ្លួនចេញមកក្រៅប្រទេសមិនទទួលស្គាល់ការរំលាយនោះទេ ដោយចាត់ទុកថាវាគ្រាន់តែជាការរំលាយតែលើក្រដាសតែប៉ុណ្ណោះ។ សហគមន៍អន្តរជាតិដែលនាំមុខដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិធ្វើនយោបាយឡើងវិញ។
លោកស្រីទេព សុទ្ធី បញ្ជាក់ថា ការសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះក៏មិនមែនមានន័យថា លោកស្រីទទួលស្គាល់ការសម្រេចរបស់តុលាការកំពូលនោះថាត្រឹមត្រូវឡើយ។
«មិនត្រឹមត្រូវទេ ប៉ុន្តែក្នុងកាលៈទេសៈនេះ ក្នុងលទ្ធិប្រជាធិបតេយ្យយើងត្រូវមើលឱ្យបានឆ្ងាយថា លទ្ធិប្រជាធិបតេយ្យជួនណាវាទៅមុខពីរជំហាន អាចថយក្រោយប្រាំជំហាន។ ដល់អីចឹងខ្ញុំគិតថា ឥឡូវនេះវាដូចជាដើរថយក្រោយ ក៏ប៉ុន្តែខ្ញុំជាតំណាងរាស្រ្តម្នាក់មិនឱ្យដើរថយក្រោយទេ គឺខ្ញុំត្រូវបង្ហាញឆន្ទៈក្នុងកាលៈទេសៈគេតិះទៀន។ គេជេរស្តីបន្ទោសក៏ដោយ ព្រោះជំហរខ្ញុំ ខ្ញុំនៅជាប់ជាមួយនឹងប្រជាពលរដ្ឋ»។
លោកសម រង្ស៊ី បានអំពាវនាវកុំឱ្យមន្ត្រីបក្សទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញទេ ដោយលោកចាត់ទុកថា វាជាការចុះចូលនឹងលោកហ៊ុន សែន ហើយធ្វើឱ្យសម្ពាធអន្តរជាតិមិនមានន័យក្នុងការទាមទារឱ្យស្តារលទ្ធិប្រជាធិបតេយ្យនិងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។
លោកបានបញ្ជាក់ថា៖
«ដើម្បីបញ្ជាក់សហគមន៍អន្តរជាតិជាពិសេសបញ្ជាក់ប្រាប់គណៈប្រតិភូសហភាពអឺរ៉ុបថា កុំជឿហ៊ុន សែន ដែលថាហ៊ុន សែន ថា គាត់បើកសិទ្ធិឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិធ្វើនយោបាយឡើងវិញ ថាគេធ្វើនីតិសម្បទាឱ្យយើង នេះជាការបោកបញ្ឆោតសុទ្ធ។ បើយើងចុះចូលហ៊ុន សែន។ បើយើងសុំសិទ្ធិធ្វើនយោបាយពីហ៊ុន សែន ហ៊ុន សែននឹងប្រាប់សហភាពអឺរ៉ុបថា ឃើញទេទៅទាមទារឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញធ្វើអ្វី បើមន្ត្រីគណបក្សសង្គ្រោះជាតិបោះបង់គណបក្សសង្គ្រោះជាតិចោល ហើយទៅបង្កើតគណបក្សថ្មីថ្មោង ច្រម៉េះ ច្រម៉ក់ ពេលនោះហ៊ុន សែន គាត់មានលេសមិនឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេ ហើយគាត់នឹងថាទៅទាមទារឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញធ្វើអី»។
នៅពេលនេះ ប្រតិភូគណៈកម្មការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបកំពុងបំពេញបេសកកម្មនៅប្រទេសកម្ពុជាដើម្បីជួបក្រុមមន្ត្រីសំខាន់ៗរបស់កម្ពុជា ពិភាក្សាបញ្ហាជាច្រើន ដែលគ្របដណ្តប់លើប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជា តាមកម្មវិធី«គ្រប់មុខទំនិញលើកលែងតែអាវុធ» ឬហៅថា EBA។
លោកសម រង្ស៊ី ក៏បានអំពាវនាវឱ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធងើបឡើងបះបោរប្រឆាំងលោកហ៊ុន សែន។
លោកហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាអះអាងថា គណបក្សកាន់អំណាចនេះនឹងមិនបែកបាក់ទេ ហើយអ្នកដែលរង់ចាំបក្សរបស់លោកបែកបាក់តែងតែបរាជ័យក្នុងអាជីពនយោបាយ។
លោកបន្ថែមថា៖
«ដូចជាកន្លងទៅអំពាវនាវឱ្យក្នុងគណបក្សផ្តួលហ៊ុន សែន ជំនួសគេ ហើយទៅរួមជាមួយគេទៅវិញ។ សុំទោសប្រហែលជាគណបក្សប្រជាជនគេធ្វើមិនបានទេ ព្រោះគេត្រូវការតួនាទីរបស់ហ៊ុន សែន ដើម្បីបន្តការដឹកនាំបក្សនេះ។ សូមកុំភាន់ច្រឡំ។ មានតែពួកអ្នកទេដែលដណ្តើមគ្នាធ្វើរហូតដល់ធ្វើបក្សប្រហារ។ ប៉ុន្តែគណបក្សប្រជាជនមិនដូច្នោះទេ គេមិនដណ្តើមគ្នាធ្វើប្រធានបក្ស ឬក៏ធ្វើមេដឹកនាំបក្សនោះទេ»។
លោកហ៊ុន សែន ថាថ្នាក់ដឹកនាំបក្សប្រឆាំងខ្លះនឹងស្លាប់«ចោលឆ្អឹងនៅក្រៅប្រទេស»ដោយគ្មានឱកាសមកធ្វើនយោបាយក្នុងស្រុកវិញទេ។ ប៉ុន្តែលោកសម រង្ស៊ី បានបញ្ជាក់នៅមុនពេលនោះថា លោកមិនចង់បានតំណែងអ្វីនៅក្នុងរដ្ឋាភិបាលនាពេលខាងមុខទេ ដោយសារតែពេលនេះលោកមានអាយុ៧០ឆ្នាំហើយ។ លោកក៏បានអំពាវនាវឱ្យអ្នកដឹកនាំមួយចំនួនទុកឱកាសឱ្យក្មេងជំនាន់ក្រោយបានដឹកនាំប្រទេសជាតិម្តង៕