បន្ទាប់ពីសំឡេងសន្ទនាតាមទូរស័ព្ទឯកជនរបស់លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីខ្មែរ ត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះ «សី ហា» បង្ហោះជាសាធារណៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានប្រកាសប្តឹងលោក លឺ ឡាយស្រេង ពីបទប្រមាថព្រះមហាក្សត្រ និងបទបរិហារកេរ្តិ៍។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីទី១ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រកាសប្តឹងលោក លឺ ឡាយស្រេង ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ជាច្រើនករណី ក្រោយពេលសំឡេងសន្ទនាឯកជនតាមទូរស័ព្ទរបស់លោក លឺ ឡាយស្រេង ត្រូវបានគេលួចថត និងបង្ហោះជាសាធារណៈ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានប្រកាសប្ដឹងលោក លឺ ឡាយស្រេង ដោយលើកឡើងថា លោក លឺ ឡាយស្រេង បានប្រមាថព្រះចេស្ដាព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយធៀបទៅនឹង «មាន់គ្រៀវ»។ លោកបន្ថែមថា លោកក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហារកេរ្ដិ៍លោកថា លោកបានឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ ដែលលោកថា បណ្តឹងនេះ គឺបន្ថែមលើបណ្តឹងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាប្រធានគណបក្សហ្វ៊ុនស៊ុនប៉ិច។
លោក ហ៊ុន សែន បញ្ជាក់ថា៖
«អ្នកដែលនាំអាទិ៍ប្រមាថព្រះមហាក្សត្រ ប្រមាថសម្តេចក្រុមព្រះ ហើយរាលដាលមកដល់ខ្ញុំ ថាខ្ញុំឲ្យម្នាក់២ម៉ឺនដុល្លារសម្រាប់មន្រ្តីហ្វ៊ុនស៊ិនប៉ិច ដែលត្រៀមក្រសេ[អាវធំ]ចូលសភានោះ។ ខ្ញុំនឹងប្តឹងនេះជាការបរិហារកេរ្តិ៍ចំពោះខ្ញុំ។ អញ្ចឹងសូមមេធាវីរបស់ខ្ញុំពិនិត្យមើល ខ្ញុំនឹងប្តឹង លឺ ឡាយស្រេង»។
លោក លឺ ឡាយស្រេង ជាអតីតឧបនាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងស្នើសុំអន្តរាគមន៍ពីព្រះមហាក្សត្ររាល់ពេលដែលស្ថានការណ៍នយោបាយកម្ពុជា កើនកម្តៅ ត្រូវបានគេលួចថតសំឡេងនៃការសន្ទនាតាមទូរស័ព្ទ និងបង្ហោះជាសាធារណៈតាមរយៈទំព័រហ្វេសប៊ុកឈ្មោះ «សី ហា» ដែលជាទំព័រហ្វេសប៊ុក តែងបង្ហោះរាល់ខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទរបស់មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិកន្លងមក។
ក្នុងសំឡេងឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង ជាមួយអ្នកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច ដោយមានលើកពីគម្រោងនៃការចូលគាល់ព្រះមហាក្សត្រដើម្បីបន្ថយកម្តៅនយោបាយ និងបានចោទសួរគ្នាថា តើព្រះមហាក្សត្រ ព្រះករុណា នរោត្ដម សីហមុនី នឹងឡាយព្រះហស្តលេខាលើសំណើកែប្រែច្បាប់៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ឬយ៉ាងណា។
លោក លឺ ឡាយស្រេង បាននិយាយក្នុងខ្សែអាត់សំឡេងសន្ទនាដែលបង្ហោះដោយទំព័រហ្វេសប៊ុកឈ្មោះ «សី ហា» នោះថា៖
«ចាំមើលព្រះមហាក្សត្រហ្នឹងហ៊ានអត់ទេ? បើមិនហ៊ានទេ ឲ្យដាក់រាជ្យទៅ ឲ្យគេធ្វើវិញម្ដង។ មាន់គ្រៀវអញ្ចឹងនោះ»។
លោក លឺ ឡាយស្រេង ក៏បានលើកឡើងពីគម្រោងដែលគណបក្សហ្វ៊ុនស៊ិនប៉ិចត្រៀមទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលប្រឈមនឹងការរំលាយថា៖
«ពួកអាអត់ខ្មាសឥឡូវហ្នឹងកំពុងពាក់ក្រសេ កំពុងនឹងចែក។ គិតទៅអាមនុស្សរកលុយបានស្រួល សុខមិនសុខ ហ៊ុន សែន ឲ្យជិតមួយលាន [១លានដុល្លារ] ទៀតហើយ ចុះម្នាក់ពីរម៉ឺន ជិតមួយលានទៀតបាត់ហើយ»។
ក្នុងវីដេអូឃ្លីបថ្មីមួយផ្សេងទៀតដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក លឺ ឡាយស្រេង កាលពីថ្ងៃអាទិត្យ លោកបានសម្ដែងការសុំទោសចំពោះព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្នើកុំឲ្យមានការចោទប្រកាន់លើ លោកស្រី គី លំអង ប៉ុន្តែលោក លឺ ឡាយស្រេង ពុំបានថ្លែងសុំទោស សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នោះទេ។
លោក ញេប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ុនប៉ិច ដែលដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា គណបក្សហ្វ៊ុនស៊ិនប៉ិច បានត្រៀមបណ្តឹងដើម្បីប្តឹងលោក លឺ ឡាយស្រេង ពីបទ បរិហារកេរ្តិ៍រួចហើយ។
លោក ញេប ប៊ុនជិន បញ្ជាក់ថា៖
«ឥឡូវហ្នឹងមានពាក្យបណ្តឹងដាក់លើដៃមេធាវីអស់ហើយ រៀបចំគម្រោងដាក់ប្តឹងហើយ។ ហើយយើងបានដាក់ប្តឹងយើងប្រកាសជាសាធារណៈថា យើងប្តឹងគាត់ហើយ។ ហើយអ្នកដែលមានពាក់ព័ន្ធសំឡេងអីហ្នឹង យើងត្រូវហៅសើរើអ្នកពាក់ព័ន្ធនឹង គឺយើងត្រូវតែមកប្ដឹងផ្ដល់ទាំងអស់»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក លឺ ឡាយស្រេង បានទេនៅថ្ងៃច័ន្ទនេះ។
បើតាមសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលមួយបានផ្សាយថា លោក លឺ ឡាយស្រេង បានចាកចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃច័ន្ទនេះ តាមជើងហោះហើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។
លោក សុក សំអឿន អ្នកច្បាប់ និងជាមេធាវីជើងចាស់មួយរូបលើកឡើងថា ការលួចថតសំឡេងរបស់ឯកជនភាព មិនត្រូវបានចាត់ទុកជាភស្តុតាងនោះទេ ហើយលោកថា បទប្រមាថព្រះមហាក្សត្រក៏មិនមានចែងក្នុងក្រមព្រហ្មទណ្ឌដែរ។ ទោះជាយ៉ាងណាលោកសុំមិនធ្វើអត្ថាធិប្បាយច្រើន ដោយគ្រាន់តែបញ្ជាក់ថា ការអនុវត្តច្បាប់នៅប្រទេសកម្ពុជាមានភាពមិនច្បាស់លាស់។
លោក សុក សំអឿន មានប្រសាសន៍ថា៖
«តាមច្បាប់អន្តរជាតិ ភស្តុតាងដែលបានមកពីបែបហ្នឹង គេហៅថាភស្តុតាងអត់ត្រូវច្បាប់ មិនអាចយកមកធ្វើជាភស្តុតាងបានទេ។ ប៉ុន្តែស្រុកខ្មែរយើងវាផ្សេង ព្រោះច្បាប់យើងអត់មានចែងច្បាស់ ដល់អញ្ចឹងពិបាកថា ខ្ញុំមិនហ៊ាន Comment [ផ្តល់យោបល់] ទេ។ ប៉ុន្តែឥឡូវតុលាការគាត់បកស្រាយទូលំទូលាយ ដល់អញ្ចឹងយើងរកកំណត់អីក៏មិនបាន។ ពិបាកណាស់។ តែមានពាក្យបណ្តឹងហើយយ៉ាប់ហើយ អ្នកដែលរងបណ្តឹងហ្នឹង»។
យោងតាមមាត្រា ៣០១នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាចែងថា អំពើស្តាប់ ឬថតសម្តីដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀល ទៅ២សែនរៀល។
ទោះជាយ៉ាងណាគេឃើញថា រាល់សំឡេងសន្ទនាឯកជនរបស់បុគ្គល ដែលទំព័រហ្វេសប៊ុកឈ្មោះ «សី ហា» បង្ហោះកន្លងមកគេមិនដែលឃើញសមត្ថកិច្ចមានចំណាត់ការណាមួយស្រាវជ្រាវរកអ្នកលួចថតសំឡេងឯកជនយកមកផ្តន្ទាទោសនោះទេ។ ក្នុងនោះ ករណីលោក កឹម សុខា ប្រធានគណបក្សប្រឆាំងកាលពីឆ្នាំមុន ក៏ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាលួចលាក់ជាមួយស្រ្តីវ័យក្មេងម្នាក់ ដែលត្រូវបានទំព័រហ្វេសប៊ុកឈ្មោះ «សី ហា» ទម្លាយសំឡេងសន្ទនាតាមទូរស័ព្ទផងដែរ៕