ជាងពីរឆ្នាំបន្ទាប់ពីការរំលាយគណបក្សប្រឆាំង និងការបិទសារព័ត៌មានឯករាជ្យមួយចំនួន ការរឹតត្បិតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយមានសភាពកាន់តែតឹងតែង ខណៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលបន្តរងការគាបសង្កត់ពីរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមអង្គការសិទ្ធិមនុស្ស Amnesty international។
នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី៣០ខែមករានេះ អង្គការនេះបានសរសេរថា៖ «អ្នកការពារសិទ្ធិមនុស្ស អ្នកតវ៉ាដោយអហិង្សា សកម្មជនដើម្បីសិទ្ធិការងារ និងគណបក្សប្រឆាំងដែលត្រូវបានហាមឃាត់ នៅតែបន្តប្រឈមនឹងការយារយី និងការគំរាមកំហែងដោយការប្រើប្រាស់ប្រព័ន្ធតុលាការមិនត្រឹមត្រូវ»។
អង្គការធ្វើការដើម្បីសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនេះ បាននិយាយពីការបន្តធ្វើទុក្ខទៅលើអ្នកយកព័ត៌មានឲ្យប្រព័ន្ធផ្សព្វផ្សាយដែលមិនចំណុះរដ្ឋាភិបាលផងដែរ។
អង្គការនេះបន្ថែមថា៖ «ការរឹតត្បិតខ្លាំងទៅលើសិទ្ធិបញ្ចេញមតិបាននាំឲ្យមានវប្បធម៌នៃការដាក់កំហិតខ្លួនឯងរបស់អ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់»។
ការបង្ក្រាបរបស់រដ្ឋាភិបាលនៅក្នុងឆ្នាំ២០១៧ នាំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំមួយនៅក្នុងប្រទេស និងការបិទកាសែតភាសាអង់គ្លេសដ៏ចំណាស់មួយនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានទាមទារឲ្យកាសែតនោះបង់ពន្ធចំនួនជាងប្រាំមួយលានដុល្លារ។
លោកកឹម សុខា ដែលជាប្រធានគណបក្សប្រឆាំង នៅប្រឈមនឹងការកាត់ក្តីពីករណី«ក្បត់ជាតិ»ដែលក្រុមសិទ្ធិមនុស្សហៅថា ជាការចោទប្រកាន់ដែលមិនមានភ័ស្តុតាងច្បាស់លាស់ និងមានចរិតនយោបាយ។
រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈ្នះកៅអីទាំងអស់នៅក្នុងរដ្ឋសភាក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨។ កាលពីឆ្នាំមុន រដ្ឋាភិបាលបានដាក់ពង្រាយកងកម្លាំង និងដាក់សម្ពាធទៅលើអ្នកគាំទ្រគណបក្សប្រឆាំង ដោយមានការចាប់ខ្លួនដើម្បីទប់ស្កាត់ការវិលត្រឡប់របស់លោកសម រង្សី ដែលជាមេបក្សប្រឆាំងម្នាក់ទៀត កំពុងនីរទេសខ្លួននៅប្រទេសបារាំង។
របាយការណ៍នេះបាននិយាយថា៖ «ការបៀតបៀន ការគំរាមកំហែង និងការចាប់ខ្លួនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដោយគ្មានមូលហេតុ មានសភាពកាន់តែខ្លាំងទៅៗពេញមួយឆ្នាំដែលរហូតមានការបង្ក្រាបទៅលើការត្រឡប់មកវិញរបស់ប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិគឺលោកសម រង្សី កាលពីថ្ងៃទី៩ខែវិច្ឆិកា»។
រដ្ឋាភិបាល ដែលកំពុងប្រឈមការបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA ជាបណ្ដោះអាសន្នដោយសារតែការរំលោភបំពានលើសិទ្ធិមនុស្សនៅកម្ពុជា បានច្រានចោលរបាយការណ៍នេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានហៅរបាយការណ៍នេះថា ជារបាយការណ៍ដែលមិនមានអំណះអំណាងច្បាស់លាស់ ហើយផ្អែកលើគំនិតបុគ្គល។
«របាយការណ៍ហ្នឹងគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់គាត់ មិនមែនធ្វើតាមអ្វីដែលជាការស្រាវជ្រាវច្បាស់លាស់។ របាយការណ៍ដែលតាមគំនិតរបស់ខ្លួន[ឯង]គឺយើងមិនដែលឲ្យតម្លៃនោះទេ បាទ»។
លោកផៃ ស៊ីផាន បន្តថា ការរំលាយគណបក្សប្រឆាំងកើតមានដោយសារបក្សនេះដើរខុសច្បាប់។
«សូម្បីតែសហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិកកំពុងតែជាប់ក្នុងការជាប់ប្រកាន់ពីសភារបស់ខ្លួនដែលភាសាអង់គ្លេសហៅថា impeachment»។
លោកថា រដ្ឋាភិបាលកម្ពុជាមិនបានដេញសារព័ត៌មានណាចេញពីប្រទេសនេះនោះទេ។
«អ្នកសារព័ត៌មានមិនមែនជានគរបាលហើយក៏មិនមែនជាតុលាការដែរ ត្រូវមានវិជ្ជាជីវៈរបស់ខ្លួន ត្រូវធ្វើយ៉ាងម៉េច ទៅយកព័ត៌មានបានដោយគ្មានឧបសគ្គ ទៅយកព័ត៌មានបានដោយគ្មានរឿងរ៉ាវ។ អាហ្នឹងហើយបានគេហៅថា ព័ត៌មានវិជ្ជាជីវ។ បើទៅបង្កើតរឿង អាហ្នឹងមិនមែនជាអ្នកសារព័ត៌មានទេ បាទ»។
អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូបនៅរងការចោទប្រកាន់ពីបទ«បញ្ជូនពត័ត៌មានឲ្យរដ្ឋបរទេស» ដែលក្រុមសិទ្ធិមនុស្សនិយាយថា ជាការចោទប្រកាន់ដែលគ្មានភ័ស្តុតាង។
របាយការណ៍របស់អង្គការ Amnesty international បានចេញពីរសប្តាហ៍បន្ទាប់ពីអង្គការសិទ្ធិមនុស្ស Human Rights Watch ចេញរបាយការណ៍ដោយបានបង្ហាញពីការធ្លាក់ចុះសិទ្ធិមនុស្សនៅកម្ពុជា នាឆ្នាំកន្លងមក។ រដ្ឋាភិបាលបានហៅរបាយការណ៍របស់ Human Rights Watch នោះថា ជាការ«បន្ទុច់បង្អាក់»រដ្ឋាភិបាលកម្ពុជា និង«មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពវិជ្ជមាន»របស់ប្រទេស។
ទោះបីជាយ៉ាងណា លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) និយាយថា របាយការណ៍បង្ហាញពីភាពពិតជាក់ស្តែងនៅក្នុងសង្គម។
«ហើយបើយើងមើលទិដ្ឋភាពជាក់ស្តែងចាប់តាំងពីឆ្នាំ២០១៧មកដល់ពេលនេះ អ្វីដែលគេលើកឡើងហ្នឹងគឺវាជាការណ៍ពិតជាច្រើន»។
របាយការណ៍ដដែលបញ្ជាក់ទៀតថា ការគាបសង្កត់ទៅលើក្រុមអង្គការសង្គមស៊ីវិលនៅតែបន្តមាន។
របាយការណ៍បានសរសេរថា៖ «អង្គការដែលនិយាយចំៗត្រូវរងការឃ្លាំមើល ការគំរាមកំហែងដោយនគរបាលនិងអាជ្ញាធរដែនដី។ សកម្មភាពជាប្រចាំរបស់អង្គការដូចជាសិក្ខាសាលានៅតែបន្តបិទ បើទោះបីជាមានការលុបចោលលក្ខខណ្ឌដែលតម្រូវឲ្យមានការសុំការអនុញ្ញាតជាមុនក៏ដោយ»។
សហភាពអឺរ៉ុបបានផ្ដួចផ្ដើមឲ្យមានការដកប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA ជាបណ្ដោះអាសន្នពីកម្ពុជា ដោយសារតែការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅប៉ុន្មានឆ្នាំនេះ។ នៅថ្ងៃ១២ ខែកុម្ភៈនេះ សហភាពអឺរ៉ុបនឹងសម្រេចចិត្តថា តើដកប្រព័ន្ធអនុគ្រោះពន្ធ EBA ឬយ៉ាងណា៕