Hello VOA៖ អ្នករិះគន់ថា ការចេញសាលក្រមផ្ទាល់មាត់ អាចមកពីចៅក្រមនៅមានកម្រិតក្នុងការវិនិច្ឆ័យ
អ្នកទិតៀនឯករាជ្យភាពតុលាការកម្ពុជា លើកឡើងថាកង្វះការចេញសាលក្រមជាលាយលក្ខណ៍ អក្សរឱ្យបានពេញលេញនិងចេញផ្សាយសាលក្រមជាសាធារណៈពីសំណាក់ចៅក្រមកម្ពុជា អាចបណ្តាលមកពីអំពើពុករលួយផងនិងសមត្ថភាពចៅក្រមផង។ កញ្ញា សេង ធារី ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងកំពុងតតាំងក្តីរបស់ខ្លួនក្នុងតុលាការក្រុងភ្នំពេញ មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១៤ខែធ្នូថា៖ «ខ្ញុំអាចសន្និដ្ឋានថាមូលហេតុទី១ គឺអាចមកពីគាត់[ចៅក្រម]នៅមានកម្រិតក្នុងការវិនិច្ឆ័យ។ ពេលគាត់ផ្តល់សាលក្រមតាមមាត់ទៅ ហើយអត់មានការសរសេរហើយពិនិត្យពីសាធារណជន គាត់អាចរួចខ្លួន ប្រសិនបើគាត់នៅមានកម្រិតក្នុងការវិនិច្ឆ័យ។ វាអាចអត់ស្របច្បាប់ ឬខ្វះចំណុចនេះចំណុចនោះ គាត់អាចរួចខ្លួនហើយ។ ចុះអត់មានអ្នកណាអាចមកពិនិត្យមើលពីក្រៅចូលមកនៅពេលវេលាក្រោយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១៤ ខែធ្នូ ឆ្នាំ២០២០)