ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ប្រាប់​កម្ពុជា​ឱ្យ​គោរព​និង​ទទួល​សំឡេង​ប្រឆាំង


លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W Patrick Murphy ផ្តល់បទសម្ភាសដល់វីអូអេ ពី«ការហូរច្រោះ»នៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា និងក្ដីរំពឹង​ក្រោមរដ្ឋបាល​ថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden នៅភ្នំពេញ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W Patrick Murphy ផ្តល់បទសម្ភាសដល់វីអូអេ ពី«ការហូរច្រោះ»នៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា និងក្ដីរំពឹង​ក្រោមរដ្ឋបាល​ថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden នៅភ្នំពេញ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

សហរដ្ឋ​អាមេរិក ​បាន​ផ្ញើ​សារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​គោរព​និង​ទទួល​យក​សំឡេង​ជំទាស់​និង​ជំរុញ​ឲ្យ​«ធ្វើ​អ្វីៗដែលផ្ទុយ»ពីការបង្ក្រាបនយោបាយរយៈ​ពេល៣​ឆ្នាំកន្លងមក។

ក្នុង​បទ​សម្ភាស​ន៍​ផ្ដាច់​មុខ​មួយ​ជាមួយ ​VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy បាន​លើក​ឡើង​អំពី​«ការ​ហូរ​ច្រោះ»​និង​«រអិល​ធ្លាក់​ថយ​ក្រោយ»នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។

អ្នក​ការ​ទូត​អាមេរិក​រូប​នេះ ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ការ«ហូរ​ច្រោះ»​ទាំង​នោះ រួមមាន​ការ​រំលាយ​បក្ស​ប្រឆាំង ការ​តាម​ចាប់​ចង​អ្នក​នយោបាយ​ជំទាស់ និង​ការ​ថយ​ចុះ​នៃ​លម្ហ​សេរីភាព​ជា​ជា​ដើម។

«សារ​របស់ខ្ញុំ​ដែល​ប្រកាន់​ខ្ជាប់​នោះ ​គឺ​ទៅ​កាន់​មន្ត្រី​ថ្នាក់​ខ្ពស់​បំផុត​របស់​រដ្ឋា​ភិបាល​ថា​ក្នុង​នាម​ជា​មិត្ត​ភ័ក្ដិ យើង​លើក​ទឹក​ចិត្ត​អ្នក​ឱ្យ​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​[ការ​បង្ក្រាប]​នេះ ដោយ​សូម​ការ​ពារ​សិទ្ធិ​របស់​ពលរដ្ឋ​អ្នក បង្កើន​សំឡេង​ចម្រុះ​បន្ថែម ហើយ​រាប់​បញ្ចូល​សំឡេង​ទាំង​នោះ ក្នុង​ដំណើរ​ការ​នៃ​ការសម្រេច​ចិត្ត»។

លោក W. Patrick Murphy បាន​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរ​ទទួល​ស្ដាប់​ដោយ​សន្ដិវិធី​នូវ​មតិ​រិះគន់​ជំទាស់​របស់​ប្រជាជន​ខ្លួន មិន​ថា​អ្នក​នោះ​នៅ​ក្នុង​ ឬ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

«ធ្វើ​ដូច្នេះ អ្នក​នឹង​កាន់​តែ​រឹងមាំ​ជាង​នេះ។ យូរៗ​ទៅ អ្នក​នឹង​ចំណេញ​នូវ​វិបុល​ភាព និង​ស្ថិរភាព​ដែល​មាន​ចរិត​ស្ថិតស្ថិរ​យូរអង្វែង ​នៅ​ពេល​ដែល​អ្នក​លើក​កម្ពស់​ និង​ការពារ​សិទ្ធិ​ទាំង​នោះ​របស់​ពលរដ្ឋ​អ្នក»។

របាយការណ៍​មួយចេញ​ផ្សាយនៅថ្ងៃ​សុក្រ​នេះ​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បង្ហាញ​ពី​ការ​តស៊ូ​ដ៏​លំបាក​របស់​អ្នក​តស៊ូ​មតិ និងអ្នក​រិះ​គន់​រដ្ឋាភិបាល ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។​

លោក​ឯក​អគ្គរដ្ឋទូត​អាមេរិកក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​ការណ៍​ដែល​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ចោទ​ពី​បទ«ក្បត់ជាតិ» និង​អ្នក​ដទៃ​ទៀត អាច​ទទួល​បាន​នូវ​យុត្តិធម៌ តាម​រយៈ​សាលា​ជម្រះ​ក្ដី​ដែល​លោក​ថា«ឯករាជ្យ»​និង​«តម្លាភាព»​ប៉ុណ្ណោះ។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​គម្រោងមាតុភូមិ​និវត្តន៍របស់​លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ នា​ខែ​មករា​ខាង​មុខ លោក Murphy ថ្លែង​ថា ​កម្ពុជា​គួរ«ស្វាគមន៍»​ប្រជា​ពល​រដ្ឋ​ខ្លួន​«គ្រប់​រូប»​មក​កាន់​មាតុ​ប្រទេស​វិញ បើ​ពួក​គេ​ចង់ មិន​ថា​ជា​លោកស្រី មូរ សុខហួរ ឬ​នរណា​នោះទេ។

លោកស្រី មូរ សុខហួរ និង​សហការី​ជា​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ដទៃ ​ដែល​មាន​សមាន​ចិត្ត​នឹង​លោក សម រង្ស៊ី បាន​រស់​នៅ​ក្រៅ​ប្រទេស​កម្ពុជា តាំង​ពី​ការ​បង្ក្រាប​លើ​បក្ស​សង្គ្រោះជាតិ​កាល​ពី​ឆ្នាំ​២០១៩​មក។

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​សម្រេច​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ​ធ្វើ​មោឃភាព​លិខិត​ឆ្លង​ដែន​របស់​មេដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​១២​រូប​រស់​នៅ​ក្រៅ​ប្រទេស រួម​មានលោកស្រី មូរ សុខហួរ ផង​ដែរ​។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ការ​ការពារ​យ៉ាង​ដូច​ម្ដេច​ខ្លះ​ដល់​លោក​ស្រី មូរ សុខហួរ ដែល​ជា​ពលរដ្ឋ​អាមេរិក​មួយ​រូប​ដែរ លោក Murphy តប​យ៉ាង​ប្រុង​ប្រយ័ត្ន​អំពី​ករណី​កិច្ច​របស់​លោក​ក្នុង​នាម​ជា​ប្រមុខ​ការ​ទូត​អាមេរិក​នៅ​កម្ពុជា«ការពារ»​គ្រប់​ជន​អាមេរិ​កាំង​នៅ​ទី​នេះ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួង​យុត្តិ​ធម៌ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​តប​ថា​ កម្ពុជា​ ក៏​បាន«បើក​ឱ្យ​មាន​សំឡេង​ជំទាស់​ជា​ទូលំ​ទូលាយ»​ដែរ តែ​លោក​បាន​ការពារ​ចំណាត់​ការ​ច្បាប់​លើ​អ្នក​រិះគន់​មួយ​ចំនួន​ថា៖

«បាទ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ សំឡេង​ជំទាស់​មិន​មែន​មាន​ន័យ​ថា សំឡេង​ដែល​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់ បំពាន​សិទ្ធិ​សេរីភាព​អ្នក​ដទៃ ឬ​ក៏​សំឡេង​ដែល​មាន​ចរិត​ជា​ការ​បំផ្លើស​ ជា​ការ​បំភ្លៃ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​ចលាចល​អំពើ​ហិង្សា ប៉ះ​ពាល់​ដល់​សន្ដិសុខ​ជាតិ សន្ដិ​សុខ​សង្គម​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ​ទេ»។

តប​នឹង​ស្ថានភាព​ប្រជាធិបតេយ្យ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​ បាន​ចោទ​សួរ​អំពី​វិធីសាស្ត្រ​វាយ​តម្លៃ​របស់​លោក Murphy ថា ​មាន​លក្ខណៈ​«វិទ្យាសាស្ត្រ»​ស្រប​តាម​«ច្បាប់​និង​សង្គម»កម្ពុជា​ឬ​អត់។​

កាល​ពី​ដើម​សប្តាហ៍​នេះ អង្គ​បោះ​ឆ្នោត​អាមេរិក​បាន​បោះឆ្នោត​ឲ្យលោក Joe Biden ជាប់ជាប្រធានាធិបតីទី​៤៦ ដែល​លោកគ្រោង​ចូល​កាន់តំណែង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១​ខាង​មុខ។

ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៥ ខែ​ធ្នូ លោក ហ៊ុន សែន បាន​អបអរ​លោក Biden ចំពោះ​ការ​ឈាន​ទៅ​កាន់​តំណែង និង​សង្ឃឹម​បន្ត​កិច្ច​សហ​ការ។

ឯក​អគ្គរដ្ឋទូត​អាមេរិក លោក Murphy លើក​ឡើង​ថាគួរ​រង់​ចាំ​មើលថា​តើ​មានការ​ប្រែប្រួលឬ​យ៉ាង​ណា​ចំពោះឥរិយាបថ​របស់​រដ្ឋការ​ថ្មី​ទៅ​កាន់​កម្ពុជា។

កាល​ពី​ចុង​ឆ្នាំ​២០១៩ កម្ពុជា និង​អាមេរិក បាន​ល្អូកល្អឺន​មួយ​រយៈ​ពេល​ខ្លី​តាម​រយៈ​ការ​ឆ្លើយឆ្លង​លិខិត​រវាង​ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​លោក ហ៊ុន សែន។

យ៉ាងណា​ក៏​ដោយ ចំពោះ​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​កម្ពុជា​ត្រឡប់មក​វិញ ​លោក Murphy លើក​ឡើង​ថា​អាមេរិក​នឹង​រក្សា​ជំហរ​ដដែល​លើ​សំណុំរឿងនេះ។

ពាក់ព័ន្ធ​នឹង​បញ្ហាបំណុល​បន្សល់​ពី​របប​សាធា​រណ​រដ្ឋ​ខ្មែរតាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​មក លោក​ Murphy លើក​ឡើងថា​ កម្ពុជាត្រូវ​សង បើ​ទោះ​មាន​ការ​ស្នើ​សុំពី​កម្ពុជា​ឲ្យ​លុប​បំបាត់​ក៏​ដោយ៕

XS
SM
MD
LG