ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print

ក្នុង​សវនាការ​សំណុំ​រឿង«ក្បត់​ជាតិ» សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​សួរ​នាំ​អំពី«សន្ដិភាព»​និង​«ហ្វេសប៊ុក»


ព្រំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​បាន​សួរ​សំណួរ​ពី​ចៅក្រម​និង​មេធាវី​ការពារ​ក្ដី​តំណាង​ខាង​រដ្ឋាភិបាល អំពី​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​និង «សន្ដិភាព» ជា​ដើម។

តុលាការ​រាជធានី​ភ្នំពេញ បានបើក​សវនាការ​ទ្រង់ទ្រាយ​ធំ ក្នុងសំណុំ​រឿង «ក្បត់ជាតិ» ដែលមាន​ចុង​ចម្លើយ​ចំនួន​ ៦០ ​នាក់ ដែល​ជា​មេដឹកនាំ មន្ត្រី សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​មាន​តែ​ ១១​ នាក់​ប៉ុណ្ណោះ ដែល​បាន​បង្ហាញ​វត្តមាន ខណៈ​មនុស្ស​មួយ​ចំនួន​ធំកំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។

ជន​ជាប់​ចោទ​ ២​ នាក់ប៉ុណ្ណោះ​ត្រូវ​បាន​យក​ពី​មន្ទីរ​ឃុំឃាំង គឺ​លោក កាក់ កុម្ភារ អតីត​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ហេង ចាន់​សុធី អតីត​អនុ​ប្រធានគណៈ​កម្មាធិការប្រតិបត្តិ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ក្នុង​សវនាការ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ពួកគេ​ទាំង​ពីរ​ត្រូវ​បាន​ចៅក្រម​សាក​សួរ។ ចំណែក​ចុង​ចម្លើយ ​៩​ នាក់​ផ្សេង​ទៀត​ដែល​មាន​វត្តមាន​ ត្រូវ​បាន​តម្រូវ​ឱ្យ​រង់ចាំ​នៅ​ក្រៅ​បន្ទប់​សវនាការ។​

អំឡុង​ដំណើរ​ការ​អង្គ​សេចក្ដី លោក កាក់ កុម្ភារ ត្រូវ​បាន​សួរនាំ​អំពី​សមត្ថភាព​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​និង​អំពី​ទស្សនៈ​របស់​លោក​ទៅ​លើ​ស្ថានភាព «សន្ដិភាព» និង «ការអភិវឌ្ឍ» ​របស់​ប្រទេស។ នេះ​បើ​យោង​តាម​លោកស្រី​ ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​ចូល​ស្ដាប់​សវនាការ។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

លោកស្រី ចក់ សុភាព បាន​ហៅ​សំណួរ​ដែល​តាំង​ឡើង​ដោយ​មេធាវី​ការពារ​ក្ដី​ដែល​ចាត់​តាំង​ដោយ​រដ្ឋាភិបាល​ថា​ «មិន​ពាក់​ព័ន្ធ»​ នឹង​សំណុំ​រឿង​ទាល់​តែ​សោះ។

នៅ​ក្រៅ​អគារ​តុលាការ​រាជធានី​ភ្នំពេញ អ្នកស្រី ព្រុំ ចាន់ថា ភរិយារបស់​លោក កាក់ កុម្ភារ ស្ថិត​ក្នុង​ចំណោម​អ្នក​គាំទ្រ​រាប់​សិប​នាក់​ ដែល​ត្រូវ​បាន​កង​កម្លាំង​សន្ដិសុខ​ហាម​ប្រាម​មិន​ឱ្យ​ទៅក្បែរ​តុលាការ។

អ្នកស្រី ព្រុំ ចាន់ថា​ ប្រាប់​វីអូអេជា​មួយជំនឿ​ជឿ​ជាក់​ថា ​ស្វាមី​របស់​អ្នក​ស្រី​ពុំ​មាន​កំហុស​អ្វី​នោះ​ទេ ក្នុង​ជីវិត​នយោបាយ​ជាង​ ២០ ​ឆ្នាំ ដោយ​ហៅ​ស្វាមី​ថា «ស្រឡាញ់​ជាតិ​និង​ធ្វើ​ដើម្បី​ជាតិ»។

រឿង​រ៉ាវ​សំណុំ​រឿង​ដែល​ត្រូវ​លើក​មក​ជំនុំ​ជម្រះ​នេះ ពាក់ព័ន្ធ​នឹង​ដំណើរ​ប៉ុនប៉ង​ចង់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ កាល​ពី​ឆ្នាំ​ ២០១៩​ របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សហការី​តែ​អាជ្ញាធរ​បាន​ហៅ​ការ​ប៉ុនប៉ង​មាតុ​ភូមិ​និវត្តន៍​ថា «ប៉ុនប៉ង​ផ្ដួល​រំលំ»​រដ្ឋាភិបាល​ទៅ​វិញ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក​ចៅក្រម រស់ ពិសិដ្ឋ បាន​ប្រកាស​ថា​សវនាការ​នឹង​បន្ត នៅ​ថ្ងៃ​ទី​២៨ ខែ​មករា​ខាង​មុខ​ទៀត។ នេះ​បើ​តាម​មេធាវី​ការពារ​ចុង​ចម្លើយ លោក សំ សុគង់។

គួរ​បញ្ជាក់​ថា​ សវនា​ការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​សំណុំ​រឿង​ទីមួយ ដែល​មាន​ចុង​ចម្លើយ​ ៦០ ​នាក់។ ចំណែក​សំណុំ​រឿង​ទី​ពីរ​នៅ​ក្នុងសំណុំ​រឿង «ក្បត់ជាតិ​» ដូច​គ្នា នឹង​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​ទី៤ ​ខែ​មីនា ​ឆ្នាំ​២០២១ ដែល​មាន​ចុង​ចម្លើយ​ ៧៧​ នាក់៕

XS
SM
MD
LG