ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ។
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនលោក សៀម ភ្លុក ក្រោយពីក្រសួងមហាផ្ទៃបានចោទថា គណបក្សបេះដូងជាតិ បានក្លែងបន្លំស្នាមមេដៃសមាជិកគណបក្ស និងមាន«ចេតនាទុច្ចរិត»។ ក្រសួងមហាផ្ទៃបានចេញប្រកាសលុបឈ្មោះគណបក្សនេះចេញពីបញ្ជីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចេញដោយលោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈត្រូវបានបង្គាប់ឱ្យនាំខ្លួនលោក សៀម ភ្លុក ទៅមណ្ឌលអប់រំកែប្រែទី១។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនលោក សៀម ភ្លុក ជាបណ្តោះអាសន្នពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងដែលមានចែងក្នុងមាត្រា ៦២៦ មាត្រា៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។
មុនពេលតុលាការសម្រេចឃុំខ្លួនលោកសៀម ភ្លុក តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២បានចេញដីកាកោះឱ្យលោក សៀម ភ្លុក ចូលបំភ្លឺនៅសាលាដំបូង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
ប៉ុន្តែមេធាវីតំណាងឱ្យលោកសៀម ភ្លុកគឺលោក ជូង ជូងី និងលោក សៀម ភ្លុក ខ្លួនឯង អះអាងថា មិនបានទទួលដីកានោះទេ ជាហេតុធ្វើឱ្យស្ថាបនិកគណបក្សបេះដូងជាតិរូបនេះខកខានមិនបានបង្ហាញខ្លួននៅតុលាការ។
រហូតមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ចនាំខ្លួនលោក សៀម ភ្លុក ប្រគល់ជូនសាលាដំបូងឱ្យបានមុនថ្ងៃទី២៥ ខែមេសា។
មេធាវី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ករណីនេះ តុលាការត្រូវចេញដីកាឱ្យចូលខ្លួនម្តងទៀត មិនមែនចេញដីកាឱ្យនាំខ្លួននោះទេ។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក សៀម ភ្លុក លើកឡើងថា លោកទទួលបានដំណឹងថា កូនក្តីរបស់លោកត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីល្ងាចថ្ងៃទី២៧ ខែមេសា ប៉ុន្តែលោកថា លោកមិនទាន់បានជួបកូនក្តីរបស់លោកនៅឡើយ។
លោក ជូង ជូងី បន្ថែមថា ប្រសិនបើការឃាត់ខ្លួនកូនក្តីរបស់លោកធ្វើឡើងដោយយោងលើដីកាបង្គាប់ឱ្យនាំខ្លួន មានន័យថា សមត្ថកិច្ចអនុវត្តខុសនីតិវិធី។
លោកថ្លែងថា៖ «ខ្ញុំបានឃើញមានការចែករំលែកតាមបណ្តាញសង្គមថាឱ្យនាំខ្លួនកូនក្តីខ្ញុំឱ្យបានមុនថ្ងៃទី២៥ ប៉ុន្តែដល់ពេលម្សិលមិញហ្នឹងថ្ងៃទី២៧ហើយ អ៊ីចឹងខ្ញុំមានការឆ្ងល់ ថាតើឃាត់ខ្លួនកូនក្តីខ្ញុំម្សិលមិញហ្នឹងផ្អែកទៅលើឯកសារណា? ប្រសិនបើផ្អែកលើឯកសារដីកាបង្គាប់ឱ្យនាំខ្លួនមុនថ្ងៃ២៥ អាហ្នឹងគឺខុសនីតិវិធី។ សមត្ថកិច្ចគឺបំពាននីតិវិធីហើយ»។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនឆ្លើយតបនឹងសំណួររបស់ VOA ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកមេធាវី ជូង ជូងី នោះទេ នៅថ្ងៃព្រហស្បតិ៍នេះ។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូមានប្រសាសន៍ថា ការឃុំខ្លួនលោក សៀម ភ្លុកត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថាជារឿងនយោបាយជាជាងការអនុវត្តច្បាប់។
លោកបញ្ជាក់ថា៖ «ករណីនេះតាំងពីដើមមកយើងឃើញថាមានអង្គការសង្គមស៊ីវិលជាច្រើន ដែលយើងទទូចថា ករណីដែលការចុះបញ្ជីឈ្មោះនៅក្រសួងមហាផ្ទៃនេះវាគួរតែអនុវត្តទៅតាមក្របខណ្ឌនៃការសុំបង្កើតគណបក្សនយោបាយរួចទៅហើយ ក៏ប៉ុន្តែយើងឃើញថា ផ្ទុយទៅវិញគឺមានការប្តឹងផ្តល់ទៅតុលាការទាក់ទងនឹងការក្លែងបន្លំអីជាដើមទៅវិញ ដែលនេះជាករណីទី១ដែលយើងបានឃើញ»។
លោកបន្ថែមថា ដីកាបង្គាប់ឲ្យលោក សៀម ភ្លុក ចូលខ្លួន និងនាំខ្លួននាពេលកន្លងមកគឺមិនត្រឹមត្រូវតាមនីតិវិធីនោះទេ។
«ដីកាបង្គាប់ឲ្យនាំខ្លួន ឬក៏ដីកាចាប់ខ្លួននេះវាទាល់តែករណីចាំបាច់ ឬមួយក៏អ្នកហ្នឹងគាត់គេចវេះ មិនព្រមចូលតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការ។ តែបើសិនជាសាមីខ្លួនមិនដែលបានទទួលដីកាផង ហើយចាត់ទុកថា លោកមិនព្រមចូលខ្លួន ហើយចេញដីកាបង្គាប់ឲ្យនាំខ្លួន ឬចាប់ខ្លួន អាហ្នឹងវាអត់ទាន់ត្រូវតាមនីតិវិធីទេ»។
គណបក្សបេះដូងជាតិ ដែលបង្កើតឡើងដោយលោក សៀម ភ្លុក ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយអ្នកនយោបាយដែលស្និទ្ធនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី។ ប៉ុន្តែលោក សម រង្ស៊ី ធ្លាប់អះអាងថា លោកមិនមានទំនាក់ទំនងណាមួយជាមួយគណបក្សបេះដូងជាតិនោះទេ៕