ក្រសួងមហាផ្ទៃបានសម្រេចជាផ្លូវការមិនចុះឈ្មោះគណបក្សបេះដូងជាតិដែលបង្កើតឡើងដោយមន្រ្តីបក្សប្រឆាំង ពាក់ព័ន្ធនឹងការចោទប្រកាន់លើភាពមិនប្រក្រតីស្នាមមេដៃ។
កាលពីខែវិច្ឆិកាឆ្នាំ ២០២១ ក្រសួងមហាផ្ទៃបានចោទថា គណបក្សមួយនេះក្លែងបន្លំស្នាមមេដៃសមាជិកគណបក្ស និងមាន «ចេតនាទុច្ចរិត»។ ការចោទប្រកាន់នេះត្រូវបានតំណាងគណបក្សមួយនេះមិនសុខចិត្ត រួចប្តឹងផ្តល់ទៅតុលាការកំពូល កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ប៉ុន្តែត្រូវបានតុលាការកំពូលសម្រេចតម្កល់សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃស្តីពីការបដិសេធការសុំចុះបញ្ជីគណបក្សនេះ។ នេះបើតាមតំណាងគណបក្សបេះដូងជាតិ។
កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ នេះ ក្រសួងមហាផ្ទៃបានចេញប្រកាសលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ។
នៅក្នុងសេចក្តីសម្រេចមួយ កាលពីខែមិថុនា ឆ្នាំ២ ០២១ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យបង្កើតគណបក្សបេះដូងជាតិ ហើយបង្គាប់ឲ្យគណបក្សរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីទៅតាមច្បាប់។
គណបក្សបេះដូងជាតិត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយក្រុមអ្នកនយោបាយដែលស្និទ្ធនឹងមេដឹកនាំបក្សជំទាស់លោក សម រង្ស៊ី។
លោក សៀម ភ្លុក តំណាងគណបក្សបេះដូងជាតិ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការមិនចុះបញ្ជីគណបក្សរបស់លោក គឺពាក់ព័ន្ធការចោទប្រកាន់របស់ក្រសួងមហាផ្ទៃទាក់ទងបញ្ហាស្នាមមេដៃ។ ហើយការចោទនោះលោកថា វាគ្រាន់តែជា «លេស» ដើម្បីមិនឲ្យគណបក្សបេះដូងជាតិចូលរួមការប្រកួតប្រជែងបោះឆ្នោតខាងមុខតែប៉ុណ្ណោះ។
លោកអះអាងថា នីតិវិធីផ្សេងៗក្នុងការចុះបញ្ជី គឺគណបក្សបានកែតម្រូវទៅតាមក្រសួងមហាផ្ទៃចំនួន ៣ ដង និងត្រឹមត្រូវហើយ ប៉ុន្តែបែរជាខុសរឿងស្នាមមេដៃ ដែលលោកថា ក្រសួងមហាផ្ទៃមិនបានបង្ហាញភស្តុតាង។ លោកបន្ថែមថា បញ្ហានេះពាក់ព័ន្ធបញ្ហានយោបាយច្រើនជាង។
លោកថ្លែងថា៖ «ខ្ញុំដែលជាតំណាងគណបក្សបេះដូងជាតិនៅតែសង្ឃឹមជឿជាក់ថា វាមិនមានរឿងហ្នឹងកើតឡើងទេ។ នេះជាការចោទប្រកាន់ជាការមូលបង្កាច់របស់ក្រសួងទេ។ ហើយបើកើតមែនដោយសារការធ្វេសប្រហែស ឬភ័ន្តច្រឡំយ៉ាងម៉េច វាអត់មានប៉ះពាល់ដល់ផលប្រយោជន៍សង្គម បុគ្គលណា ដែលត្រូវទទួលចាត់ការបណ្តឹងបែបហ្នឹងដែរ»។
លោកបន្តថា តុលាការបានចេញដីកាកោះហៅសកម្មជនរបស់គណបក្សជាង ២០ នាក់ ពាក់ព័ន្ធស្នាមមេដៃ ប៉ុន្តែមិនទាន់មានការជំនុំជម្រះនៅឡើយទេ។ លោកបន្តថា ការចោទប្រកាន់នេះ គឺការរំលោភសិទ្ធិ និងបំបិទសិទ្ធិសេរីភាពធ្ងន់ធ្ងរណាស់ដល់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ការសម្តែងមតិតាមរយៈស្នាមមេដាយ ឬភាពផ្សេងៗ ហើយក្រសួងមហាផ្ទៃបានសម្រេចចិត្តប្តឹងយ៉ាងហ្នឹង វាជាការរំលោភជាការគំរាមកំហែង បំបិទសិទ្ធិសេរីភាព។ នៅក្នុងសង្គមប្រជាធិបតេយ្យនេះ ជាការរំលោភសិទ្ធិធំ ហើយធ្ងន់ធ្ងរណាស់សម្រាប់សេរីភាពពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ»។
លោកឲ្យដឹងថា ឆន្ទៈធ្វើនយោបាយរបស់លោកនៅតែមានជាមួយគណបក្សប្រឆាំងដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច ប៉ុន្តែលោកមិនទាន់សម្រេចចិត្តនៅឡើយទេ ចំពោះការចូលរួមជីវភាពនយោបាយជាមួយគណបក្សណាមួយនោះ។
វីអូអេមិនទាន់អាចសុំការអាត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយទេ។
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោត លោក កន សាវាង្ស មើលឃើញថា បញ្ហានេះហាក់បីដូចជាមានការខ្វះចន្លោះ ដែលក្រសួងមហាផ្ទៃគួរតែពិនិត្យលើឯកសារនិងដោះស្រាយទល់មុខគ្នាជាមួយគណបក្ស ដើម្បីកែតម្រូវនូវចំណុចខ្វះខាតនានានិងដើម្បីកុំឲ្យមានការលើកឡើងថា មានទំនោរ ឬលម្អៀងផ្នែកនយោបាយ។
លោកថ្លែងថា៖ «តើក្រសួងបានពិនិត្យមើលលើការតម្រូវលើចំណុចហ្នឹង ហើយឬនៅ? ប្រសិនបើចំណុចហ្នឹងមិនមានការកែតម្រូវ ឬចំណុចហ្នឹងមិនបានដោះស្រាយដោយគណបក្សនយោបាយបែបហ្នឹង យើងគួរតែមាននីតិវិធីយ៉ាងម៉េច ឬជជែកយ៉ាងម៉េច ដើម្បីផ្តល់ឲ្យមានការតទល់គ្នាក្នុងចំណុចនេះថា ការសិក្សាជាក់ស្តែងពិនិត្យឃើញថា ស្នាមមេដៃដូចគ្នាមួយពីរ បី អ៊ីចឹងទៅ...។ ហើយបើសិនជាមិនមានទេ ហើយអនុវត្តការបដិសេធអ៊ីចឹងតែម្តង អាហ្នឹងខ្ញុំយល់ឃើញថា វាហាក់បីជាមានការលម្អៀងផ្នែកនយោបាយហើយ។ អាហ្នឹងចង់មិនចង់ គឺការលើកឡើងបែបហ្នឹង គឺវាចៀសមិនផុតទេ»។
លោកបន្តថា ប្រសិនបើគណបក្សនយោបាយមានកំហុសឆ្គងមែន ក្រសួងមហាផ្ទៃគួរតែបង្ហាញភស្តុតាង ដើម្បីឲ្យភាគីគណបក្សនយោបាយអស់ចិត្ត៕