គណបក្សភ្លើងទៀន បានបង្ហាញសភាពមមាញឹកខាងសកម្មភាពនយោបាយឡើងវិញនាសប្ដាហ៍កន្លងទៅ បន្ទាប់ពីអសកម្មអស់រយៈពេលជាយូរមកហើយ នៅមុនពេលបក្សនេះរៀបចំសមាជសម្រេចចិត្តដ៏កម្រនិងសំខាន់មួយ នាចុងខែវិច្ឆិកាខាងមុខនេះ ដើម្បីឈានទៅចូលរួម ឬមិនចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។
ទំព័រហ្វេសប៊ុកផ្លូវការមួយរបស់គណបក្សដែលមាននាមថា «គណបក្សភ្លើងទៀន-Candlelight Party» ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅ ពោលគឺនៅក្រោយពេលអតីតគណបក្សប្រឆាំងមួយនេះ ប្រកាសគម្រោងធ្វើសមាជនៅថ្ងៃទី២៧ ខែវិច្ឆិកា។
ក្រុមអ្នកដឹកនាំបក្សមួយនេះ ដែលមានឈ្មោះដើមថា «គណបក្សសមរង្ស៊ី» បានធ្វើសកម្មភាពជួបជុំសកម្មជន និងលើកស្លាកនៅទីស្នាក់ការបក្សខេត្តកំពង់ធំ កាលពីថ្ងៃអាទិត្យ និងនៅទីស្នាក់ការបក្សសង្កាត់សំបួរ ខេត្តសៀមរាប កាលពីថ្ងៃចន្ទ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក យូ ស៊ាងហេង បានថ្លែងក្នុងវេទិកានៅខេត្តសៀមរាបកាលពីព្រឹកថ្ងៃចន្ទទី១៥ ខែវិច្ឆិកានោះថា ការចាប់ផ្តើមជីវភាពនយោបាយនៃគណបក្សភ្លើងទៀន គឺដើម្បីទ្រទ្រង់ការទាមទារបើកគណបក្សសង្គ្រោះជាតិឡើងវិញ។
«ស្មារតីសង្គ្រោះជាតិ គឺជាស្មារតីរបស់ភ្លើងទៀន។ អ៊ីចឹងបងប្អូន ដែលជាសមាជិក សមាជិកា សង្គ្រោះជាតិពីមុនមក រួបរួមជាមួយនឹងភ្លើងទៀននេះ ដើម្បីចេញពន្លកថ្មីទៅតទៀត។ យើងមិនអាចទុកចោលនៅហ្នឹងបានទេ។ បើមិនចេញពន្លកនេះទេ ដើមឈើធំយើងនឹងងាប់»។
អគ្គលេខាធិការបក្សរូបនេះក៏បានស្នើសកម្មជន និងបណ្ដាញមូលដ្ឋានរបស់បក្សឲ្យ«ត្រៀមចូលរួមប្រយុទ្ធ»ក្នុងសមរភូមិនយោបាយផងដែរ ក្រោយពេលដែលរូបលោកនិយាយប្រាប់វីអូអេកាលពីចុងខែតុលាថា សមាជបក្សថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ នឹងសម្រេចលើការចូល ឬមិនចូលបោះឆ្នោតរបស់បក្សមួយនេះ។
បើតាមលោក យូ ស៊ាងហេង សមាជថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ នឹងសម្រេចលើសមាសភាពថ្នាក់ដឹកនាំគណបក្ស កំណត់យុទ្ធសាស្ត្រ និងកម្មវិធីនយោបាយគណបក្សទៅថ្ងៃមុខ និងការសម្រេចចិត្តលើការចូលរួមការបោះឆ្នោត ឬក៏មិនចូលរួមនោះ។
អ្នកនយោបាយជំទាស់ល្បីឈ្មោះពីមុនមកមួយចំនួន ដូចជាលោក ថាច់ សេដ្ឋា និងលោក ហុង សុខហួរ ជាដើមដែលជាអតីតសមាជិកព្រឹទ្ធសភា ក៏ទើបបានប្រកាសចូលរួមនឹងគណបក្សភ្លើងទៀនឡើងវិញផងដែរនៅក្នុងខែវិច្ឆិកានេះ។
គណបក្សដែលមានអាយុកាលជាង២៦ឆ្នាំមួយនេះ បានប្រកាសសមាសភាពតំណាងដឹកនាំបក្សនៅខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តសៀមរាបផងដែរ។
អ្នកវិភាគនយោបាយកម្ពុជា បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា គណបក្សភ្លើងទៀន នៅមានបណ្ដាញនិងឥទ្ធិពលរឹងមាំតាមមូលដ្ឋាន ដែលជាសមាជិកគណបក្សសង្គ្រោះជាតិមានសមានចិត្តជាមួយលោក សម រង្ស៊ី។ លោកបានប្រាប់វីអូអេថា៖
«គ្រាន់តែឈ្មោះ«ភ្លើងទៀន»ហ្នឹង គឺប្រហែលជាប្រជាពលរដ្ឋមួយចំនួនហ្នឹង គឺអាចនៅនឹកឃើញ គឺនឹកដល់ សម រង្ស៊ី។ ហើយ សម រង្ស៊ី ចង់មិនចង់ គឺតាមប្រតិកម្មពីគណបក្សកាន់អំណាចប្រឆាំងនឹងគាត់ហ្នឹង សូម្បីតែគាត់លែងធ្វើប្រធានគណបក្សសង្គ្រោះ ហើយសង្គ្រោះហ្នឹងក៏រលាយបាត់ទៅ រួចគាត់ហ្នឹងនៅតែឃើញជាអ្នកនយោបាយដែលលេចធ្លោ ជាងគេនៅឡើយ។ ហើយបើតាមមើលទៅ ជាគូបដិបក្ខមួយខ្លាំងដែរ តតាំងជាមួយប្រធានគណបក្សកាន់អំណាច»។
លោក ឡៅ ម៉ុងហៃ បានបន្តទៀតថា ការកម្រើកសកម្មភាពឡើងវិញនៃគណបក្សភ្លើងទៀន និងគណបក្សបង្កើតថ្មីផ្សេងទៀត កើតមានចំពេលដែលការទាមទារបើកគណបក្សសង្គ្រោះជាតិ ហាក់មិនទទួលជោគជ័យនៅត្រឹមខួប៤ឆ្នាំនៃការរំលាយបក្សនេះ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ មកនោះ។
ការកម្រើកសកម្មភាពឡើងវិញនៃគណបក្សភ្លើងទៀននេះ កើតមានឡើង នៅក្រោយពីមានព្រឹត្តិការណ៍ពីរកើតឡើងបន្តបន្ទាប់គ្នា គឺការបើករបស់រដ្ឋាភិបាលឲ្យបក្សនយោបាយធ្វើការជួបជុំឡើងវិញ ក្រោយពីអាជ្ញាធរដាក់បម្រាមកូវីដអស់ជាច្រើនខែក្នុងប្រទេស និងការជួបឧបសគ្គផ្លូវច្បាប់បើកដំណើរការមិនជោគជ័យនៃគណបក្សបេះដូងជាតិ ដែលគេសង្ស័យថា ក្រុមលោក សម រង្ស៊ី ជាអ្នកជួយទំនុកបម្រុងផ្ចុងផ្តើមឲ្យដំណើរការ។
លោក សម រង្ស៊ី ខ្លួនឯង កាលពីថ្ងៃអាទិត្យ បានចេញមកប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ការចោទប្រកាន់ថា គណបក្សបេះដូងជាតិ មានគណបក្សសង្គ្រោះជាតិ ឬរូបលោកនៅពីក្រោយនោះ ជាការ«ចោទប្រកាន់មិនទំនងទាល់តែសោះ»។
បក្សបេះដូងជាតិ ដែលមានលោក សៀម ភ្លុក ជាអ្នកស្នើស្ថាបនា ត្រូវបានក្រសួងមហាផ្ទៃចោទថា បានក្លែងបន្លំស្នាមមេដៃអ្នកគាំទ្រតម្រូវឲ្យមានចំនួនយ៉ាងតិចប្រាំពាន់នាក់ ដើម្បីបើកគណបក្ស។ សំណើសុំបើកបក្សនេះត្រូវបានបដិសេធ ហើយលោក សៀម ភ្លុក ក៏នឹងប្រឈមមុខជាមួយការប្ដឹងពីក្រសួងមហាផ្ទៃផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងថា គណបក្សភ្លើងទៀន នៅតែជាបក្សស្របច្បាប់ដែលមានឈ្មោះក្នុងបញ្ជីរបស់ក្រសួង តែថាបក្សនេះ គួរប្រុងប្រយ័ត្នទំនាក់ទំនងផ្នែកយុទ្ធសាស្ត្រនិងលុយកាក់ជាមួយបណ្ដាញអ្នកនយោបាយដែលនៅជាប់បម្រាមដូចជាលោក សម រង្ស៊ី ជាដើម។ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា៖
«អត់ទេ អាហ្នុងសុទ្ធតែដឹងស្រាប់ហើយតើ ដឹងថាតើអ្នកណាដែលអាចទាក់ទងបាន អ្នកណាដែលមិនអាចទាក់ទងបាន គឺអ្នកដែលសុទ្ធជាប់បម្រាមរបស់តុលាការកំពូល។ បើជាប់បម្រាមហើយមិនអាចធ្វើសកម្មភាពបានទេ។ ប្រយ័ត្នផ្ដេសផ្ដាស នៅអាចពាក់ព័ន្ធដល់គាត់[គណបក្សភ្លើងទៀន]ដែរណា ចង់និយាយអ៊ីចឹង»។
អ្នកនយោបាយជំទាស់ដែលមានសមានចិត្តនឹងលោក កឹម សុខា បានប្រតិកម្មជាបន្តបន្ទាប់នឹងការបើកដំណើរការឡើងវិញនៃបក្សភ្លើងទៀន ដែលរហូតលោក មុត ចន្ថា អតីតនាយខុទ្ទកាល័យលោក កឹម សុខា មានប្រសាសន៍ថា ជាការ«ដើរចេញ»ពីសម្ព័ន្ធភាពសង្គ្រោះជាតិទៀតផង។
ត្រង់ចំណុចនេះ លោក ថាច់ សេដ្ឋា ដែលត្រូវបានតែងតាំងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន បានលើកឡើងថា៖
«មិនមែនអង្គុយសូត្រធម៌តែរឿងបែករឿងបាក់ អានេះទៅនេះអានោះទៅនោះ ហើយអាគាត់ហ្នឹងវាអត់ធ្វើអី ចេះតែអាពាក្យ«បែក»ហ្នឹងរហូត។ សុំចូលជាមួយយើងមើល៍ បែក ឬមិនបែក»។
លោក សម រង្ស៊ី បានបង្កើតគណបក្សជាតិខ្មែរ កាលពីឆ្នាំ១៩៩៥ តែដោយគណបក្សជួបទំនាស់ ក៏បានដូរឈ្មោះជាគណបក្សសម រង្ស៊ី កាលពីឆ្នាំ១៩៩៨។ ជាមួយនឹងវិសោធនកម្មដ៏ចម្រូងចម្រាសនៃច្បាប់ស្ដីពីគណបក្សនយោបាយ កាលពីឆ្នាំ២០១៧ បក្សនេះ ក៏បានដូរឈ្មោះជា«គណបក្សភ្លើងទៀន»មកទល់នឹងសព្វថ្ងៃ។
គណបក្សមួយនេះ បានទទួលអាសនៈរដ្ឋសភាចំនួន១៥ កាលពីឆ្នាំ១៩៩៨ ចំនួន២៤ កាលពីឆ្នាំ២០០៣ ចំនួន២៦ កាលពីឆ្នាំ២០០៨ មុននឹងចូលរួមជាមួយនឹងគណបក្សសិទ្ធិមនុស្សបង្កើតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១២។
គណបក្សថ្មីៗដែលបានបង្កើតដោយអ្នកនយោបាយសង្គ្រោះជាតិមកទល់ពេលនេះ រួមមានគណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរអភិរក្សនិយម គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយមជាដើម៕