លោក ជូង ជូងី មេធាវីការពារក្តីឱ្យស្ថាបនិកគណបក្សបេះដូងជាតិអះអាងថា ការចេញដីកាឱ្យនាំខ្លួនលោក សៀម ភ្លុក កូនក្តីរបស់លោក គឺជារឿងដែលមិនត្រឹមត្រូវ ដោយសារមន្រ្តីបញ្ជូនដីកាឱ្យចូលខ្លួនខុសអាសយដ្ឋាន ហើយកូនក្តីរបស់លោកមិនបានទទួលដីកា។
ការអះអាងរបស់លោក ជូង ជូងី ធ្វើឡើងបន្ទាប់ពី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ចនាំខ្លួនកូនក្តីរបស់លោកប្រគល់ជូនសាលាដំបូង ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ពាក់ព័ន្ធនឹងបទចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ក្នុងការបង្កើតគណបក្សបេះដូងជាតិ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញនៅចំពោះមុខចៅក្រមស៊ើបសួរ។
លោក ជូង ជូងី ប្រាប់ VOA នៅថ្ងៃចន្ទនេះថា ដីកាបង្គាប់ឱ្យនាំខ្លួននេះធ្វើឡើងដោយមិនត្រឹមត្រូវ ដោយសារកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះឱ្យកូនក្តីរបស់លោកចូលខ្លួន ដោយមានអាសយដ្ឋានត្រឹមត្រូវ ប៉ុន្តែលោកថា អ្នកបញ្ជូនដីកាបានបញ្ជូនទៅខណ្ឌឫស្សីកែវ ដែលជាហេតុធ្វើ ឱ្យកូនក្តីរបស់លោកមិនទទួលបានដីកា។ លោកបន្ថែមថា ការចេញដីកាបង្គាប់ឱ្យនាំខ្លួន អាចធ្វើទៅបាន លុះត្រាតែកូនក្តីរបស់លោកគេចវេះមិនព្រមចូលខ្លួនតាមការកោះហៅ។
លោក ជូង ជូងីថ្លែងថា៖ «កន្លងមកហ្នឹងតុលាការអត់បានបញ្ជូនដីកាកោះហៅកូនក្តីខ្ញុំទៅតាមអាសយដ្ឋានរបស់គាត់ដែលត្រឹមត្រូវទេ គឺកន្លងមកហ្នឹងតំណាងអយ្យការចេញដីកាកោះហៅកូនក្តីខ្ញុំ គឺនៅក្នុងដីកាដាក់អាសយដ្ឋានត្រឹមត្រូវ នៅទួលស្វាយព្រៃ។ ប៉ុន្តែអ្នកដែលបញ្ជូនដីកាបែរជាបញ្ជូនដីកាទៅឫស្សីកែវទៅវិញ ដល់ហើយនគរបាលនៅឫស្សីកែវចារនៅក្នុងដីកាថា រកកូនក្តីខ្ញុំអត់ឃើញ។ ដល់អ៊ីចឹងចៅក្រមស៊ើបសួរយល់ថា រកកូនក្តីរបស់ខ្ញុំអត់ឃើញ បែរជាចេញដីកាឱ្យនាំខ្លួន»។
លោកមេធាវី ជូង ជូងី បន្ថែមថា ការអនុវត្តការងាររបស់មន្រ្តីដោយមិនត្រឹមត្រូវបែបនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កូនក្តីលោក។
លោកថ្លែងថា៖ «តាមពិតអត់ចេញដីកាឱ្យនាំខ្លួនអីទេ គឺចេញដីកាកោះតែអាសយដ្ឋានត្រឹមត្រូវដល់កូនក្តីខ្ញុំទៅកូនក្តីខ្ញុំចូលឆ្លើយបំភ្លឺហើយ។ ដល់ពេលចេញដីកាឱ្យនាំខ្លួនអ៊ីចឹង ធ្វើឱ្យមជ្ឈដ្ឋានមើលទៅហាក់ដូចជាកូនក្តីរបស់ខ្ញុំរឹងទទឹងនឹងតុលាការ។ អ៊ីចឹងធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរកូនក្តីរបស់ខ្ញុំ»។
កាលពីថ្ងៃទី២២ ខែមេសា លោក ជូង ជូងី បានដាក់លិខិតស្នើទៅសាលាដំបូងរាជធានីភ្នំពេញឱ្យចេញដីកាបង្គាប់ឱ្យចូលខ្លួន ជំនួសការចេញដីកាបង្គាប់ឱ្យនាំខ្លួនវិញ។ ប៉ុន្តែលោកថា រហូតមកដល់ថ្ងៃចន្ទនេះ លោកមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ។
VOA ក៏មិនទាន់អាចទាក់ទងលោក សៀម ភ្លុក ដើម្បីសុំការអត្ថាធិប្បាយបានដែរនៅថ្ងៃចន្ទនេះ។
យ៉ាងណាក្តី កាលពីថ្ងៃទី២០ ខែមេសា លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ បានបង្ហោះសេចក្តីប្រកាសព័ត៌មានមួយលើគណនីហ្វេសប៊ុករបស់លោក ដោយបញ្ជាក់ថា លោកមិនធ្លាប់បានទទួលដីកាកោះជាផ្លូវការពីតុលាការតាមអាសយដ្ឋានដូចបង្ហាញក្នុងដីកានោះទេ ហើយថា លោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយមិនមានចេតនាគេចវេះឡើយ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព លើកឡើងថា ក្នុងករណីដែលជនសង្ស័យមិនបានចុះហត្ថលេខាទទួលយកដីកាឱ្យចូលខ្លួន នោះ តុលាការត្រូវចេញដីកាបង្គាប់ឱ្យចូលខ្លួនម្តងទៀត មិនមែនចេញដីកាបង្គាប់ឱ្យនាំខ្លួននោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «នេះជារឿងមួយដែលខាងតុលាការលោកគួរតែពិនិត្យមើល ហើយនឹងដូចលោកមេធាវីបានបញ្ជាក់អ៊ីចឹង អាហ្នឹងគឺទៅតាមនីតិវិធីផ្លូវច្បាប់ ហើយបើយើងមិនបានដើរតាមនីតិវិធីច្បាប់ទេ ហើយយើងធ្វើការចេញដោយខុសនីតិវិធី អាហ្នឹងវាបង្ហាញឱ្យឃើញថាជាការដៅមុខសញ្ញាចំពោះសកម្មជននយោបាយ»។
គណបក្សបេះដូងជាតិ ដែលបង្កើតឡើងដោយលោក សៀម ភ្លុក ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយអ្នកនយោបាយដែលស្និទ្ធនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី។ គណបក្សនេះត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ឱ្យបង្កើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ហើយបានដំណើរការចុះបញ្ជីនៅក្រសួងនេះតាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។
ប៉ុន្តែកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានចោទថា គណបក្សមួយនេះក្លែងបន្លំស្នាមមេដៃសមាជិកគណបក្ស និងមាន «ចេតនាទុច្ចរិត»។ ហើយនៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ក្រសួងមហាផ្ទៃបានចេញប្រកាសលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ៕