ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្នំពេញ​កំពុង​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ឋានសួគ៌​សម្រាប់​អ្នក​មាន​ទ្រព្យធន​


ពលរដ្ឋ​អ្នក​ក្រុង​ភ្នំពេញ​ដែល​ជា​អតីត​អ្នក​រស់​នៅ​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ផ្សេងៗ​ទៀត ​មាន​កាន់​រូបសំណាក​ផ្ទះ​សម្បែង​ដើរ​ក្បួន​​​ពី​មុខ​សំណង់​ថ្មី​មួយ នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​​លំនៅដ្ឋាន​អន្តរជាតិ​​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​​៥ ខែ​តុលា ឆ្នាំ​២០១៥។
ពលរដ្ឋ​អ្នក​ក្រុង​ភ្នំពេញ​ដែល​ជា​អតីត​អ្នក​រស់​នៅ​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ផ្សេងៗ​ទៀត ​មាន​កាន់​រូបសំណាក​ផ្ទះ​សម្បែង​ដើរ​ក្បួន​​​ពី​មុខ​សំណង់​ថ្មី​មួយ នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​​លំនៅដ្ឋាន​អន្តរជាតិ​​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​​៥ ខែ​តុលា ឆ្នាំ​២០១៥។

សាលា​រាជធានី ​រាជ​រដ្ឋាភិបាល ​និង​បក្ស​កាន់​អំណាច​បាន​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយសារ​តែ​​​គម្រោង​អភិវឌ្ឍ​ធំៗ​មួយ​ចំនួន​ប៉ះ​ពាល់​ដល់​សហគមន៍​ក្រីក្រ​នៅ​ក្នុង​ទីក្រុង។​

រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​សាធារណ​មតិ ​អ្នក​វិនិយោគ​ទុន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​នានា​កត់​សម្គាល់​អំពី​ការ​រីក​លូត​លាស់​ដ៏​លឿន​រហ័ស​ ផ្នែក​សំណង់​អគារ ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ដែល​ធ្វើ​ឱ្យ​ភ្នំពេញដើរ​តួនាទី​កាន់​តែ​សំខាន់​ឡើង​ក្នុង​សេដ្ឋកិច្ច​តំបន់ ​ហើយ​តំណាង​ឱ្យ​សេដ្ឋកិច្ច​ដែល​កំពុង​លូត​លាស់​មួយ។

តួលេខ​ប៉ាន់​ប្រមាណ​ផ្ដល់​ដោយ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា​ ចំនួន​ប្រជាជន​សរុប​រស់​នៅ​ក្រុង​ភ្នំពេញ​មាន​ច្រើន​ជាង​៣​លាន​នាក់​ ​គិត​ត្រឹម​ដើម​ឆ្នាំ​២០១៦​នេះ។ ​គម្រោង​វិនិយោគ​សំណង់​អគារ ​ខុនដូ ​និង​អគារ​ការិយាល័យ​ខ្ពស់ៗបាន​រីក​លូត​លាស់​ដូច​ផ្សិត ជា​ពិសេស​នៅ​រយៈ​ពេល​៦​ឆ្នាំ​ចុង​ក្រោយ​ ដែល​រាជាណាចក្រ​កម្ពុជា​បាន​ងើប​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល។​

ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​អចលនទ្រព្យ ​Knight Frank ​បាន​កត់​សម្គាល់​ថា​ សំណង់អគារ​កន្លែង​ធ្វើការ​ និងការ​ផ្គត់​ផ្គង់​នៃ​អគារ​ស្នាក់​នៅ​ខុនដូ ​ផ្សារ​ទំនើប ​និង​សណ្ឋាគារ ​ដែល​មាន​សន្ទុះ​ខ្លាំង​ឡើង​វិញ​ក្រោយ​វិបត្តិ​សេដ្ឋ​កិច្ច​សាកល ​នឹង​បន្ត​កើន​ឡើង​ក្នុង​ល្បឿន​លឿន​បន្ត​ទៀត​រហូត​ទល់​នឹង​ឆ្នាំ​២០១៨។​

កំណើន​នេះ​កើតមាន​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មានសេដ្ឋកិច្ចលូតលាស់លឿនបំផុត​លើ​ពិភព​លោក ​និង​ក្នុង​តំបន់ ​ជាមួយ​នឹង​អត្រា​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំ​ឆ្នាំ​៧,៥% ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ។ ​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ​នេះ កំណើន​សេដ្ឋកិច្ច​ស្ថិត​ក្នុង​រង្វង់​៧%។ ​នេះ​បើ​យោង​តាម​ការ​ផ្គូផ្គង​តួលេខ​របស់​ធនាគារ​ពិភព​លោក ​មូលនិធិ​រូបិយប័ណ្ណ​អន្តរ​ជាតិ​ និង​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា។

លោកអភិបាលរាជធានី​ភ្នំពេញ ​ប៉ា សុជាតិវង្ស ​បានមានប្រសាសន៍ប្រាប់ VOA ​អំពីការដើរតួ​នាទីកាន់តែសំខាន់ឡើងៗ​របស់រាជធានីភ្នំពេញ​ ក្នុង​ការវិវឌ្ឍសេដ្ឋ​កិច្ច​កម្ពុជា​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ​និង​ទៅ​អនាគត។​

«ជាការណ៍​ពិត​ ភ្នំពេញយើងជាទីក្រុងមានវ័យចំណាស់មួយ​ ប៉ុន្តែបានស្ថិតនៅលើភូមិសាស្ត្រដ៏ល្អបំផុត ​ដែល​មិន​មាននៅទី​ណាដទៃនៃពិភពលោក ​នោះគឺទីតាំង​របស់រាជ​ធានីនៅចំទន្លេចតុមុខតែម្ដង ...។ ​ទីក្រុង​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មមាញឹក​ណាស់។ ​ប្រជាពលរដ្ឋពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ព្រឹក​ឡើង​ចូល​មក​ធ្វើ​ការ ​ល្ងាច​ឡើង​គាត់​ចេញ​ទៅ​វិញ។​ យើង​ឃើញ​ថា ​វា​កាន់​តែ​សកម្ម​ឡើង ​មមាញឹក​ឡើង ​សស្រាក់​សស្រាំ​ឡើង»។​

លោក តេង ដឺលុច ​អ្នកសេដ្ឋកិច្ច​ជំនាញ​ផ្នែក​អភិបាល​កិច្ច​ទី​ក្រុង ​បាន​ពន្យល់​ថា​ ទីក្រុង​ភ្នំពេញ​មាន​ការ​រីកចម្រើនយ៉ាងគំហុក ​ដោយ​សារ​កត្តា​ស្ថិរ​ភាព​នយោបាយ ​ កត្តា​ចំនួន​ប្រជាជន​វ័យ​ក្មេង​កើន​ឡើង ​និងជា​ពិសេសកត្តាកំណើនវិស័យទេសចរណ៍ ​ដែល​នាំ​ឱ្យ​មានលំហូរជាបន្ត​បន្ទាប់​នៃ​ទុនវិនិយោគប្រកបដោយទំនុក​ចិត្ត។​

«លំហូរ​នៃ​ទេស​ចរ​ពី​ក្នុង​តំបន់ ​និង​ពី​អន្តរជាតិ​ទាម​ទារ​ឱ្យ​មាន​ការ​ពង្រីក​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ ក៏ដូចជារមណីយ​ដ្ឋាន ​សណ្ឋាគារ ​apartments​ (អគារ​ស្នាក់​នៅ) ​និង​ផ្ទះ​ជួល​ជា​ដើម ​ដើម្បីសេវាកម្មនៃតម្រូវការទាំងអស់នោះ។ ​វិស័យ​មួយ​នេះ​បង្កើត​នូវ​ប្រភព​ចំណូល ​តម្លៃ​បន្ថែម​ខ្ពស់ ​ការងារ​អាជីព​បន្ថែម​ខ្ពស់​ដល់​ពលករ ​ដល់​វិស័យ​ធនាគារ ​និង​ហិរញ្ញវត្ថុ ​ដែល​នាំ​ឱ្យ​មាន​លំហូរ​ការ​ទូទាត់​រូបិយប័ណ្ណ​ក្នុង​ប្រទេស»។ ​

លោក ប៉ា សុជាតិវង្ស ​បានលើកឡើងពីបញ្ហាប្រឈម​សម្រាប់ការអភិវឌ្ឍទី​ក្រុងដែលមាន​កំណើន​ប្រជាជន​ និងសំណង់យ៉ាងឆាប់រហ័ស ​ដែលការកែលម្អ​ប្រព័ន្ធលូ ​ទឹក​ស្អាត ​អគ្គិសនី ​និងចរាចរណ៍ត្រូវធ្វើ​ឱ្យ​បានឆាប់រហ័សបំផុត​តាមដែលអាចធ្វើបាន។​

«ដូច​លោក​បាន​ជ្រាប​ស្រាប់​ហើយ​ថា ទីតាំង​ពី​ដើម​ ផ្ទះ​មួយ​ឡូតិ៍​គេ​នៅ​មួយ​គ្រួសារ​ ឥឡូវ​គេ​វាយ​ផ្ទះ​ចាស់ចោល​គឺ​ផ្ទះ​វីឡា​ហ្នឹង​ ហើយ​គេ​សង់​ឡើង​ទៅ​លើ​២០​ជាន់ ​ហើយ​ចំនួន​អ្នក​នៅ​អាច​ឡើង​ដល់​១០០​គ្រួសារ»។ ​

សាលា​រាជ​ធានី​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ទីតាំង​ភូមិ​សាស្ត្រ​របស់​រាជធានី​ភ្នំពេញ​ដែល​មាន​រាងដូច «បាតខ្ទះ»​ ដែល​ងាយ​នឹង​ជន់​លិច​ពេល​មាន​ភ្លៀង​ធ្លាក់ខ្លាំង​ រាជ​រដ្ឋាភិបាល​បាន​សាង​សង់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ខ្នាត​ធំ ​ពេញ​ទីក្រុង​សរុប​បាន​ប្រវែង​ប្រមាណ​៦០០​គ.ម. ដែល​មួយ​ចំណែក​យ៉ាង​ធំ​នៃ​គម្រោង​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ជប៉ុន។​

មនុស្សម្នាដើរកម្សាន្តមុខព្រះបរមរាជវាំង ក្រុងភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៥ ដែលនៅម្ខាងទៀតនៅទន្លេសាប មានអគារសណ្ឋាគារសុខាដែលទើបសាងសង់រួចលូតផុតឡើង។ (អូន ឆេងប៉រ/VOA)
មនុស្សម្នាដើរកម្សាន្តមុខព្រះបរមរាជវាំង ក្រុងភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៥ ដែលនៅម្ខាងទៀតនៅទន្លេសាប មានអគារសណ្ឋាគារសុខាដែលទើបសាងសង់រួចលូតផុតឡើង។ (អូន ឆេងប៉រ/VOA)

ដើម្បី​ឆ្លើយ​តប​នឹង​ស្ថាន​ការណ៍​តម្រូវ​ចាំ​បាច់ ​សាលា​រាជធានី​បាន​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីៗ​មួយ​ចំនួន​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ ​ដោយ​សាង​សង់​ស្ពាន​អាកាស​ឆ្លង​កាត់​ចំនួន​៥​ចំណុច ​នៅ​ក្បាល​ថ្នល់ ​ពេទ្យ​លោក​សង្ឃ​ ស្តុប​តិចណូ​ ស្ទឹង​មាន​ជ័យ ​និង​កំពុង​សាង​សង់​មួយ​ទៀត​នៅ​ស្តុប​ផ្សារ​ដី​ហុយ។​

ក្រៅពី​នេះ ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​គឺ​រថយន្ត​ក្រុង​ដែល​មាន​តម្លៃ​ទាប បាន​នឹង​កំពុង​បម្រើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​អ្នក​ជិះ​ប្រមាណ​ពី​៦​ពាន់​ទៅ​៨ពាន់​នាក់​ជា​ប្រចាំ​ថ្ងៃ​ ចាប់​តាំង​ពីដា​ក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នៅ​ដើម​ឆ្នាំ​២០១៤​មក។​

ក៏​ប៉ុន្តែ​វិសម​ភាព​នៃ​ការ​អភិវឌ្ឍ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​បញ្ហា​មួយ​ផ្សេង​ទៀត​របស់​ទីក្រុង​នេះ ​បើ​ទោះ​ជាវា​មិន​មែន​ជា​បញ្ហា​ថ្មី​ក៏​ដោយ។ បើ​យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​ ​អត្រា​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​សំណង់​មិន​រៀប​រយ​មាន​កម្រិត​៥៥%​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​នៅ​ភ្នំពេញ ​គិត​ត្រឹម​ឆ្នាំ​២០១៤។

សាលា​រាជធានី ​រាជ​រដ្ឋាភិបាល ​និង​បក្ស​កាន់​អំណាច​បាន​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយសារ​តែសំណង់​អគារ​ខ្ពស់ៗ​រីក​ដូច​ផ្សិត ​ហើយ​គម្រោង​អភិវឌ្ឍ​ធំៗ​មួយ​ចំនួន​នៅ​ក្រុង​ភ្នំពេញប៉ះ​ពាល់​ដល់​សហគមន៍​ក្រីក្រ​នៅ​ក្នុង​ទីក្រុង។​

​រូប​ថត​ថត​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា ឆ្នាំ២០១១​នេះ ​បង្ហាញ​ទិដ្ឋភាព​ថត​ពី​លើ​នៃ​បឹងកក់​រាជធានី​ភ្នំពេញ ដែល​ត្រូវ​លុប ហើយ​ដែល​នៅ​ទី​នោះ​មាន​ពលរដ្ឋ​ច្រើន​ពាន់​នាក់​បាន​រង​ការ​បណ្តេញ​ចេញ។ (Heng Sinith/AP)
​រូប​ថត​ថត​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា ឆ្នាំ២០១១​នេះ ​បង្ហាញ​ទិដ្ឋភាព​ថត​ពី​លើ​នៃ​បឹងកក់​រាជធានី​ភ្នំពេញ ដែល​ត្រូវ​លុប ហើយ​ដែល​នៅ​ទី​នោះ​មាន​ពលរដ្ឋ​ច្រើន​ពាន់​នាក់​បាន​រង​ការ​បណ្តេញ​ចេញ។ (Heng Sinith/AP)

ការ​អភិវឌ្ឍ​ទីក្រុង​រណប​ទំនើប​នៅ​បឹង​កក់​ដោយ​ក្រុម​ហ៊ុន​របស់​ Suka Co Inc ​របស់លោក​ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភានៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​បាន​ឈាន​ទៅ​ដល់​ការ​លុប​បឹង​ប្រវត្តិ​សាស្ត្រ​មួយ ​ដែល​មាន​ការ​ជាប់​ទាក់​ទង​នឹង​ដើម​កំណើត ​និង​អត្ត​សញ្ញាណ​របស់​រាជ​ធានី ​ហើយ​តម្រូវ​ឱ្យ​ប្រជាជន​ក្នុង​សហគមន៍​ក្រីក្រ​ ប្រមាណ​៤​ពាន់​គ្រួសារ ​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ប្ដូរ​ទី​លំនៅ​ជាមួយ​នឹង​ការ​ផ្ដល់​សំណង​ដែល​រង​ការ​រិះ​គន់​ថា​ មិន​សម​រម្យ។ ការ​លុប​បឹង​កក់​នេះ​ក៏​ធ្វើ​ឲ្យ​បាត់​ប្រភព​ស្រូប​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។​ សាលា​រាជធានី​ភ្នំពេញ​ក៏​រង​ការរិះគន់​ខ្លាំង​ដោយ​ទាក់​ទឹន​នឹង​ជំនន់​នៅ​ទីក្រុង​ ក្រោយពី​ការ​លុប​បឹងកក់។

មិន​មែន​មាន​តែ​បឹង​កក់​ទេ​ គម្រោង​ផ្សេង​ទៀតរបស់អ្នក​វិនិយោគ​ដែល​មាន​ចំណង​ជិត​ស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច ​ដូចជា​បុរី​កីឡា ​តំបន់​ដី​ក្រហម ភូមិ​សម្បុក​ចាប​ និង​តំបន់​បឹង​ទំពុនជា​ដើម​ ​ក៏​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល ​និង​សង្គម​ស៊ីវិល​រិះ​គន់​ថា​ ​បាន​បំពាន​យ៉ាង​ដំណំ​លើ​សិទ្ធិ​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្លាស់​លំនៅដ្ឋាន។​

អ្នកសេដ្ឋកិច្ច ​តេង ដឺលុច ​ក៏​បាន​គូសបញ្ជាក់ផង​ដែរ​នូវ​ការអភិវឌ្ឍ​ដែល​គ្មាន​សមធម៌​ ហើយដែល​ប៉ះពាល់​ជីវភាពរបស់ប្រជាជនទីក្រុង ដែលមានចំណាស់ជាង៥០០​ឆ្នាំ​នេះ។

«យើង​ឃើញ​ថា ​អគារ​ស្កឹម​ស្កៃ ​យើង​ឃើញ​ថា មាន​វីឡា​ធំៗ យើង​ឃើញ​ផ្ទះ​ល្វែង​ថ្មីៗ ​ប៉ុន្តែមិនមែនជាអ្នក​មធ្យម ​ អ្នក​ធម្មតា ​មាន​លទ្ធភាព​ទៅ​ទិញ​ទ្រព្យ​ទាំង​អស់​នោះ​ទេ ​តែគឺជាអ្នកមានដែលគ្រប់គ្រងទីផ្សារអចលនទ្រព្យ»។​

លោក អ៊ី សារ៉ុម ​នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាង​ត្នោត ​ដែល​ជា​ស្ថាប័ន​សង្គម​ស៊ីវិល​តាម​ដាន​ការ​វិវឌ្ឍ​របស់រាជ​ធានី ​និង​ការពារ​សិទ្ធិ​លំនៅដ្ឋាន​របស់​ពលរដ្ឋ ​បានប្រាប់ VOA ថា ​លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​សោះ​ឡើយចំពោះ​ការ​រីក​លូត​លាស់​របស់រាជធានី ​ដ្បិត​អី​លោក​បាន​មើល​ឃើញ​យូរ​ហើយ​ថា ការ​រីក​លូត​លាស់​នេះបម្រើ​ប្រយោជន៍​មហាសាល​ដល់​ក្រុម​អ្នក​មាន​មួយ​ក្ដាប់​តូច​ជា​ជាង​ពលរដ្ឋ​ទូទៅ។​

«ទីក្រុង​ភ្នំពេញ មែន​ទែន​ទៅ ​យើង​មាន​គម្លាត​អ្នកក្រ ​និង​អ្នក​មាន ​ខ្ពស់​មែន​ទែន។ អ្នក​ដែល​មាន ​មានហៅលែងឮ ​ហើយ​អ្នក​ដែល​ក្រ​នោះ​ ក៏​ក្រ​ហៅ​លែង​ឮ​ដែរ។ ​ខ្ញុំ​ទទួល​ស្គាល់​ថា​ មាន​ការ​ប្រែប្រួល​នៅទីក្រុងរាជ​ធានី​ភ្នំពេញ​នេះ ​ប៉ុន្តែ​បើ​យើងមើល​ពី​ផល​ប៉ះ​ពាល់ មានច្រើនមែនទែន។ ការ​អភិវឌ្ឍ ការ​សង់​អគារ​ធំៗ ​ការ​សង់​ស្ពាន ​ក៏​ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ ឃើញ​ថា ​មាន​ផល​ប៉ះ​ពាល់​ច្រើន​ ដែល​ឈាន​ទៅ​ដល់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ»។ ​

លោក អ៊ី សារ៉ុម ​ក៏​បាន​លើក​ឡើង​ពី​កង្វល់​ផ្សេងទៀត​ដែល​ថា​ ​ការ​អភិវឌ្ឍ​រីក​លូត​លាស់ថ្មីៗ​នៅ​រាជ​ធានីភ្នំពេញ​ក៏​បាន​បំផ្លាញ​សំណង់​ប្រវត្តិ​សាស្ត្រ​ និង​តំបន់​ធម្មជាតិ​បៃតង ​មាន​បឹង​បួរ​ជាដើម​ ​ដែល​កំពុងរង​ការ​គំរាម​កំហែង​រលាយ​បាត់រូប ​ដោយសារកង្វះ​ការ​ការពារ​អភិរក្ស។ ​អ្នក​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ចង់ឱ្យមាន​ការ​ធ្វើ​ប្លង់​មេ​អភិវឌ្ឍន៍​រាជធានី​នៅ​២០៣៥​ ប្រកប​ដោយតម្លាភាព​ ពោល​គឺ​ការ​ចូល​រួម​ពិគ្រោះយោបល់ដោយបើក​ចំហ ​ពីគ្រប់ភាគីពាក់​ព័ន្ធ។​

សាលា​រាជធានី​ភ្នំពេញ​មាន​ក្នុង​ដៃ​រួច​ជា​ស្រេច​ហើយ​នូវ​ប្លង់​គោល​(មេ)​ អភិវឌ្ឍ​រាជធានី​សម្រាប់​ឆ្នាំ​២០៣៥។ ​បើ​ទោះ​ជា​មកទល់​នឹង​ពេល​នេះ​មិន​ទាន់​បាន​ដាក់​បង្ហាញ​ជា​ចំហ​ជូន​សាធារណ​ជន​នៅឡើ​យ​ក្ដី ​តែ​លោក​អភិបាល​ប៉ា សុជាតិវង្ស​បាន​និយាយ​ដូច្នេះ​ថា៖​ «សម្រាប់​ការ​រៀប​ចំ​ធ្វើ​ការ​អភិវឌ្ឍ​របស់​យើង មិន​មែន​ធ្វើ​ការ​តាម​ការ​ស្រមើ​ស្រម៉ៃ ​តែ​ការ​ធ្វើ​ប្រកប​ដោយ​ចីរភាព និងប្រកបដោយការគិតគូរ ចក្ខុវិស័យយ៉ាងច្បាស់លាស់ ​សម្រាប់ការ​បោះជំហានរបស់យើង»។

ការកើន​ឡើង​នៃ​អគារ​អាប៉ាតឺម៉ង់ (apartment) នៅ​តំបន់​បឹង​កេងកង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)
ការកើន​ឡើង​នៃ​អគារ​អាប៉ាតឺម៉ង់ (apartment) នៅ​តំបន់​បឹង​កេងកង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)

អ្នកស្រី​ប៉ោ សុគន្ធ វ័យ៥២ឆ្នាំ ដែល​បាន​ផ្លាស់់​ប្ដូរ​ទី​លំនៅ​ពី​ខេត្ត​ស្វាយរៀង​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០០ ពេល​ដែល​ភ្នំពេញ​កំពុង​ចាប់​ផ្ដើម​មាន​កំណើនសេដ្ឋកិច្ច​លឿន​ដូច​ព្រួញ ​បាន​លើក​ឡើង​ពី​ផល​ចំណេញ​សេដ្ឋកិច្ច​ដែល​គ្រួសារ​លោកស្រី​ទទួល​ពី​កំណើន​លូត​លាស់​របស់​រាជធានី​ភ្នំពេញ។​

អ្នកស្រី​សុគន្ធ​ សព្វ​ថ្ងៃនេះ​ ​រស់​នៅ​តំបន់​បឹងកេងកង​ ដែល​ជា​តំបន់​ហ៊ុមព័ទ្ធ​ដោយ​សំណង់​ លំនៅដ្ឋាន​ប្រណីតៗ​ដែលដីមាន​តម្លៃ​ខ្ពស់​បំផុត​នៅ​ក្នុង​រាជធានី ​ភ្នំពេញ​ និង​ប្រមូល​ផ្ដុំ​ដោយ​ភោជនីយដ្ឋាន ​ក្រុមហ៊ុន​ ម៉ាក​ផលិតកម្ម​លំដាប់​ពិភពលោក​ជា​ច្រើន។​

«ជីវភាព​ប្រកប​របរ​អាជីវ​កម្ម​របស់​ខ្ញុំ​នេះ​ រីក​ចម្រើន​បន្តិច​ម្ដងៗ​រហូត​ដល់​ពេល​នេះ ... ខ្ញុំ​មាន​មោទនភាព​ជា​ខ្លាំង»។​

ក៏​ប៉ុន្តែ​សម្រាប់​និស្សិត​ចំណាក​ស្រុក​មក​រៀន​នៅ​ភ្នំពេញ ​ដូច​ជា​លោក​ស៊ុក វណ្ឌីថា ​វ័យ​២០ឆ្នាំ ​ ទីក្រុង​ភ្នំពេញ​ជា​ស្ថាន​សួគ៌​សម្រាប់​តែ​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ប៉ុណ្ណោះ។​

«វា​ពិបាក​ត្រង់​ថា ​ប្រាក់​ខែ​យើង​តិចតួច​ ដូច​ជា​៥០០​ដុល្លារ​ចុះ​ក្រោមអី​ គឺ​យើង​នៅ​ទីក្រុង​ភ្នំពេញ​អត់​ទាន់​ស្តង់​ដារ​គេ​ទេ​ ម៉្លោះ​ហើយ​អ្នក​ធ្វើការ​ត្រូវ​ខំ​ធ្វើ​ការ​ឱ្យ​ឡើង​ប្រាក់​ខែ​ទាល់​តែ​ដល់​ពាន់​ដុល្លារ​ បាន​ទាន់​ស្តង់ដារ​ភ្នំពេញ។ វា​ជា​ថ្លៃ​ខ្ពស់​ខ្លាំង។ ​ណា​មួយ​វា​ជា​សម្ពាធ​ដល់​ពួក​គេ​ផង ហើយ​របស់​សម្ភារៈ​អចលន​ទ្រព្យ​អស់​ទាំងនោះ​វា​ឡើង​ថ្លៃ​រហូត»។

លោក ​វណ្ឌីថា​ បាន​បន្ត​ប្រាប់ ​VOA ​ទៀត​ថា ​សម្រាប់និស្សិត និង​អ្នក​មាន​ប្រាក់​ចំណូល​ទាប​ ពួកគេ​មក​រស់នៅ​ភ្នំពេញ​ដោយសារ​មូលហេតុ​សេដ្ឋកិច្ច ​ជាជាង​មូល​ហេតុ​មនោសញ្ចេតនា​ចំពោះ​ទីក្រុង​មួយ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG