ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ើប​​​អង្កេត៖ ធនាគារ​ពិភពលោក​មិន​សូវ​​​អើពើ ពេល​​​អ្នក​ភូមិ​ត្រូវ​គេ​​​គំរាម​​​និង​​​​ដាក់គុក​​​​ចំពេាះ​​​ការ​​​តវ៉ា​​​នឹង​​​គម្រោង​​​អភិវឌ្ឍ​​​ធំៗ


រូប​​ឯកសារ៖ ​អ្នកស្រី ង៉ែត ឃុន សកម្មជន​បឹងកក់ ត្រូវ​បាន​អនុរក្ស​ពន្ឋនាគារ​បណ្តើរ​ចូល​ក្នុង​បន្ទប់​សវនាការ។
រូប​​ឯកសារ៖ ​អ្នកស្រី ង៉ែត ឃុន សកម្មជន​បឹងកក់ ត្រូវ​បាន​អនុរក្ស​ពន្ឋនាគារ​បណ្តើរ​ចូល​ក្នុង​បន្ទប់​សវនាការ។

លោក​យាយ ង៉ែត ឃុន​ អាយុ​ ៧៦ឆ្នាំ​ដែល​មនុស្ស​មួយ​ចំនួន​នៅ​រាជធានី​របស់​ប្រទេស​កម្ពុជា​ ស្គាល់​ថា​ជា​ «ម៉ាក់យាយ»​ មិន​បានសុខស្រួល​ក្រោយចូល​និវត្តន៍​នោះ​ទេ។

អាជ្ញាធរ​បាន​ចាប់​អតីត​អ្នក​លក់​ឥវ៉ាន់​តាម​ចិញ្ចើម​ផ្លូវ​រូប​នេះ​ដាក់​ពន្ធនាគារ​ម្តងៗ​ជា​ច្រើន​ខែ។ លោក​យាយ​ឃុន​ និយាយ​ថា​ ប៉ូលិស​បាន​វាយ​ដំ​គាត់​ និង​ឆក់​គាត់​នឹង​ដំបង​ឆក់។

លោក​យាយ​ថា ការ​ធ្វើ​បាប​ទាំងអស់​នេះ​គឺ​ដោយ​សារ​តែ​លោក​យាយ​ហ៊ាន​និយាយ​ប្រឆាំង​នឹង​ការ​បណ្តេញ​ប្រជាជន​ក្រីក្រ​ជា​ច្រើន​ដង​ចេញ​ពី​តំបន់​មួយ​ដែល​ពួកគេ​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​តំបន់​េនះ​គួរ​តែ​ត្រូវ​បាន​ការពារ​ដោយ​កម្មវិធី​គ្រប់គ្រង​ដី​ធ្លី​ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ធនាគារ​ពិភពលោក។ ការ​ស៊ើបអង្កេត​ផ្ទៃ​ក្នុង​មួយ​របស់​ធនាគារ​ពិភព​លោក​បាន​រក​ឃើញ​ថា​ មន្ត្រី​ធនាគារ​មិន​បាន​ធ្វើ​អ្វី​គ្រប់គ្រាន់​នោះ​ទេ​ ក្នុង​ការ​ការពារ​សិទ្ធិ​រស់នៅរបស់​ប្រជាជន​ ខណៈ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​បង្ខំ​មនុស្ស​រាប់ពាន់​នាក់​ដែល​ជា​អ្នកជិត​ខាង​របស់​លោក​យាយ​ឃុន​ឲ្យ​ចាកចេញ​ពី​ទីលំនៅដ្ឋាន​របស់​ពួកគេ​ ដើម្បី​បើក​ផ្លូវ​ឲ្យអ្នកសាងសង់​សំណង់​អគារ​ខ្ពស់​ប្រណីតៗ​ និង​ហាងទំនិញ​ថ្លៃៗ។

លោក​យាយ​ឃុន​ គឺ​ជា​មនុស្ស​ម្នាក់ក្នុង​ចំណោម​សកម្មជន​ថ្នាក់​មូលដ្ឋាន​និងប្រជាជន​សាមញ្ញ​ជា​ច្រើន​នាក់នៅ​ជុំវិញ​ពិភពលោក​ ដែល​បាន​និយាយ​ថា​ រដ្ឋា​ភិបាល​និង​ក្រុមហ៊ុន​ដែល​គាំទ្រ​(ថវិកា​)ដោយ​ស្ថាប័ន​ធនាគារ​ពិភពលោក​ (World Bank Group) បាន​ចាត់ពួកគេ​ជា​គោលដៅ​សម្រាប់​ការគំរាមកំហែង​ ការ​វាយ​ដំ ការ​ចាប់ខ្លួន​ ការ​ធ្វើ​ចារកម្ម​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដទៃ​ទៀត​ ដោយសារ​ពួកគាត់​បាន​រិះគន់​គម្រោង​អភិវឌ្ឍន៍​ធំៗ។

អ្នក​ធ្វើ​យុទ្ធនាការ​ខាង​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ​ស្ថាប័ន​ធនាគារ​ពិភពលោក​បាន​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត​ ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ ដើម្បី​បញ្ឈប់​អ្នក​ខ្ចី​ប្រាក់​របស់​ធនាគារ​ពី​ការ​បង្ក្រាប​លើ​ក្រុមអ្នក​រិះគន់​ ទៅ​លើទំនប់​វារី​អគ្គិសនី​ ផ្លូវថ្នល់​ និង​គម្រោង​ផ្សេងទៀត​ដែល​គាំទ្រ​ដោយ​ធនាគារ​ ដោយទុក​ឲ្យ​មនុស្ស​ដែល​ងាយ​រងគ្រោះ​ដូច​ជា​លោកយាយ​ឃុន​ ត្រូវ​ការពារ​ខ្លួន​ឯង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ និង​ រដ្ឋាភិបាល​ដែល​ជា​ញឹកញាប់​មាន​ការ​អត់ធ្មត់​តិចតួច​ណាស់​ចំពោះ​ក្រុម​អ្នក​តវ៉ា។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​ហៅ​ ការ​ឆ្លើយ​តប​ដ៏​ទន់ខ្សោយ​របស់​អង្គការធនាគារ​ពិភពលោក​ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​ក្រុម​អ្នក​ខ្ចី​ប្រាក់​របស់​ខ្លួន​ ថា​ជា​ការ​ចំអកទៅ​លើ​ការ​ប្តេជ្ញា​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ ក្នុង​ការ​ផ្តល់​សិទ្ធ​ខ្លះ​ឲ្យ​ប្រជាជន​ ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​របស់​ខ្លួន​ ក្នុង​ការ​សម្រេច​អំពី​របៀបរបប​នៃ​កិច្ចការអភិវឌ្ឍ។ របាយការណ៍​នេះ​បាន​អះអាង​ថា ក្នុង​ករណី​ខ្លះ «ការ​ឆ្លើយ​តប​ជា​បន្ត​បន្ទាប់» របស់​ស្ថាប័ន​ធនាគារ​ពិភពលោក​ គឺ​មាន​លក្ខណៈ​ «ព្រងើយ​កន្ដើយ​ទាំង​ស្រុង»។

ក្នុង​នាម​ជា​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ពហុជាតិ អង្គការ​ធនាគារ​ពិភពលោក​មិន​មាន​សិទ្ធិ​អំណាច​អ្វី​ដើម្បី​ចូលអន្តរាគមន៍​ការពារ​ប្រជាជន​ដែល​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​បុកម្នេញ​នោះ​ទេ។ ប៉ុន្តែ​ធនគារ​នេះ​ នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ សកម្មជន​សិទិ្ធ​មនុស្ស​ បាន​និយាយថា​ មន្ត្រីធនាគារ​គួរ​តែ​ហ៊ាន​កាត់​ផ្តាច់ថវិកា​កម្ចី នៅ​ពេល​ដែល​រដ្ឋាភិបាល​ ឬ​ក្រុមហ៊ុន​ព្យាយាម​បិទ​បាំង​សំឡេង​អ្នក​រិះគន់។ ក្នុង​ពេល​កន្លង​មក គ្រាន់​តែ​ការ​ហៅ​ទូរស័ព្ទ​ពីប្រធាន​ធនាគារ​ពិភពលោក​អាច​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​វិធានការ​បង្ក្រាប​របស់​ខ្លួន​នោះ​បាន។

ស្ថាប័ន​ធនាគារ​ពិភពលោក​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយលម្អិត​ចំពោះ​ការ​សាកសួរ​ទាក់ទង​នឹង​អត្ថបទ​ព័ត៌មាន​មួយ​នេះ។ ធនាគារ​ពិភពលោក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា​ ថា​ ធនាគារ​មាន​ «គោល​នយោបាយ​និង​យន្តការ​រឹងមាំ» ដើម្បី​ការពារ​មនុស្ស​ដែល​ចង់​រិះគន់​ការងារ​របស់​ខ្លួន (ធនាគារពិភពលោក)។ អ្នក​នាំ​ពាក្យ​ម្នាក់​បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​យើង​ទទួល​បាន​ពាក្យ​បណ្តឹង​ យើងនឹង​ធ្វើ​ការ​នៅ​ក្របខណ្ឌ​នៃ​ដែន​សមត្ថកិច្ច​របស់​យើង​ ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ព្យាយាម​ដោះស្រាយ​បញ្ហា​ទំាង​នោះ»។

ម៉ាមី​កំពុង​អង្គុយ​នៅ​មុខ​ផ្ទះពិនិត្យ​មើល​ឯកសារ​ដែល​បញ្ជាក់​ថា​ផ្ទះ​នេះ​ជា​របស់​ក្រុមគ្រួសារ​លោក​យាយ នៅ​ក្រោយ​ពេល​លោក​យាយ​ត្រូវ​បាន​ដេាះ​លែង​ពី​ពន្ធនាគារ។ (ផន បុប្ផា/VOA)
ម៉ាមី​កំពុង​អង្គុយ​នៅ​មុខ​ផ្ទះពិនិត្យ​មើល​ឯកសារ​ដែល​បញ្ជាក់​ថា​ផ្ទះ​នេះ​ជា​របស់​ក្រុមគ្រួសារ​លោក​យាយ នៅ​ក្រោយ​ពេល​លោក​យាយ​ត្រូវ​បាន​ដេាះ​លែង​ពី​ពន្ធនាគារ។ (ផន បុប្ផា/VOA)

សង្គ្រាម​ប្រឆាំង​នឹង​អ្នកតវ៉ា

អង្គការ​ធនាគារ​ពិភពលោក​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ខ្លួន​បាន​រៀបរាប់​ថា​ជា​ «បរិយាកាស​ដ៏​លំបាក​និង​ប្រកប​ដោយ​បញ្ហា​ប្រឈម» តាម​រយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​គាំទ្រ​ដល់​ការងារ​សាធារណៈ​ និង​សេវា​សង្គមនៅ​ក្នុង​ប្រទេស​ដែល​មាន​បញ្ហា​សេដ្ឋកិច្ច​ និង​នយោបាយ​ធ្ងន់​ធ្ងរ។ នៅ​ក្នុង​ប្រទេស​ជា​ច្រើនដែល​ធនាគារ​នេះ​ធ្វើ​ការ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​រឹតត្បិត​ ហើយ​អ្នក​រិះគន់​ប្រឈម​នឹង​អំពើហិង្សា​ ឬ​ការ​ដាក់​គុក។

សិទ្ធិក្នុង​ការ​ចូល​រួម​សម្រេច​អំពី​គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​ធនាគារ​ពិភពលោក​ គឺ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​គម្រោង​អភិវឌ្ឍ​របស់​ធនាគារ​នេះ​អាច​មាន​ផល​វិបាក​យ៉ាង​ច្រើន​ដល់​ប្រជាជន​ដែល​រស់​នៅ​តំបន់​នៅ​ក្នុង​គម្រោង។ ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក​ គម្រោង​ដែល​គាំទ្រ​ដោយ​ធនាគារ​នេះ​ បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រហែល​ ៣,៤​លាន​នាក់​ បាន​បាត់បង់​ទី​លំនៅ​ ឬ​ជីវភាព​របស់​ពួកគេ​ នេះ​បើ​យោង​តាម​ការ​រក​ឃើញ​រពី​ការ​ស៊ើបអង្កេត​មួយ​ ដោយ​សមាគម​អន្តរជាតិ​នៃ​ក្រុម​អ្នក​កាសែត​ស៊ើបអង្កេត​ សារព័ត៌មាន​ The Huffington Post​ និង​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត។ ក្នុង​ករណី​ខ្លះ ​រដ្ឋាភិបាល​ ឬ​ក្រុមហ៊ុន​ដែល​ទទួល​ថវិកា​កម្ចី​ពី​ស្ថាប័ន​ធនាគារ​ពិភពលោក​ បាន​ដុត​ ឬ​ឈូសឆាយ​ផ្ទះ និង​វាយ​ដំ ឬ​សម្លាប់​អ្នក​ភូមិ​ ក្នុង​ពេល​ដែល​ពួកគេ​ធ្វើ​សកម្មភាពបណ្តេញ​ចេញ​ជា​ទ្រង់ទ្រាយ​ធំ​ នេះ​បើ​យោង​តាម​ការ​សម្ភាសន៍​ និង​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​មួយ​ចំនួន។

ការ​សិក្សា​នា​ពេល​ថ្មីៗ​នេះ​ ដោយ​អង្គការ​គម្រោង​ការ​ទទួល​ខុស​ត្រូវ​អន្ដរជាតិ​ ឬ​ The International Accountability Project​ ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ បាន​រក​ឃើញ​ថា​ មនុស្ស​ដែល​រង​ផល​ប៉ះពាល់​ ដោយ​គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​ធនាគារ​ពិភពលោក​ ជា​ញឹកញាប់​មាន​ការ​ភ័យខ្លាច​មិន​ហ៊ាន​និយាយ​អំពី​រឿង​នេះ។ អង្គការ​នេះ​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ៧៨​ភាគរយ​នៃ​មនុស្ស​៨០០​នាក់​ ដែល​ខ្លួនបាន​ស្ទង់​មតិ​នៅ​ប្រទេស​កម្ពុជា​ ម៉ុងហ្គោលី​ អេហ្ស៊ីប​ និង​នៅ​កន្លែង​ផ្សេង​ទៀត​ បាន​និយាយ​ថា៖ ពួកគេ «មិន​មាន​អារម្មណ៍​ថា ​មាន​សុវត្ថិភាព​ទេ​ ក្នុង​ការ​បញ្ចេញ​យោបល​ពិត​របស់​ពួកគេ​ ឬ​មិន​ហា៊ន​សួរ​សំណួរ» អំពី​គម្រោង​ដែល​ជំរុញ​ដោយ​ធនាគារ​ពិភពលោក​ និង​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​អភិវឌ្ឍន៍​ដទៃ​ទៀត។

កាល​ពី​ឆ្នាំ​២០០២​ ប្រធានាធិបតី​ប្រទេស​អ៊ូហ្គង់ដា​ លោក​ Yoweri Museveni​ បាន​សម្ពោធ​គម្រោង​ទំនប់​វារី​អគ្គិសនី​មួយ​ដែល​គាំទ្រ​ដោយ​ធនាគារ​ពិភពលោក​ ដោយ​លោក​ព្រមានអ្នក​ចង់​បង្ក​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋ​កិច្ច។ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ លោក​លើក​ឡើង​នៅ​ថ្ងៃ​បន្ទាប់​ថា៖ «អ្នក​ដែល​ពន្យារ​គម្រោង​ឧស្សាហកម្ម​ជា​សត្រូវ​ ហើយ​ខ្ញុំ​មិន​ត្រូវ​ការ​ពួកគេ​នោះ​ទេ។ ហើយ​ខ្ញុំ​នឹង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ពួក​គេ»។

ក្នុង​ប៉ុន្មាន​ឆ្នាំ​បន្ត​បន្ទាប់​មក​ រដ្ឋាភិបាល​អ៊ូហ្គង់ដា បាន​ចាប់​អ្នក​ការពារ​បរិស្ថាន​ដែល​បាន​រិះគន់​អំពី​គម្រោង​ទំនប់​វារី​អគ្គិសនី​ និង​គំរាម​បិទ​ក្រុម​អង្គការ​មនុស្សធម៌​ ដែល​បាន​រិះគន់​កម្រោង​កសិពាណិជ្ជកម្ម​ដែល​ផ្តល់​មូលនិធិ​ដោយ​អង្គការ​ធនាគារ​ពិភពលោក។ អាជ្ញាធរ​អ៊ូហ្គង់ដា​ បាន​ចោទ​ប្រកាន់​អង្គការ ​Oxfam​ និង​ក្រុម​អង្គការ​ដទៃទៀត​ថា​ បាន​ «ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា» ព្រោះ​ពួកគេ​បាន​អះអាង​ថា​ គម្រោង​កសិកម្ម​នោះ​បាន​នាំ​ឲ្យ​មាន​ការ​បណ្តេញ​អ្នក​ភូមិ​ក្រីក្រ​រាប់ពាន់​នាក់។

ក្រុម​មន្ត្រី​អ៊ូហ្គង់ដា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាក់​ទងនឹង​រឿង​នេះ​នោះ​ទេ។

នៅ​ក្នុង​ប្រទេស​នេប៉ាល់​ កង​កម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ការ​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ បណ្តាញ​អគ្គិសនី​កម្លាំង​ខ្លាំង ​ដែល​បាន​គាំទ្រ​ដោយ​ធនាគារ​ពិភពលោក។ បើ​យោង​តាម​ពាក្យ​បណ្តឹង​កាល​ពី​ឆ្នាំ​២០១៣​ ទៅ​កាន់អធិការកិច្ច​របស់​ធនាគារ​ពិភពលោក​ឲ្យ​ដឹង​ថា ក្នុង​ពេល​េនាះ​មាន​ការ​ «ការ​ធ្វើ​ទារុណកម្ម ការ​ឃុំខ្លួន​ និង​ការ​វាយ​ប្រហារ​ដោយ​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​គ្មាន​អាវុធ»។

នៅ​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២​ ប៉ូលិស​បាន​ចាប់ខ្លួន​អ្នក​ភូមិ​ចំនួន​ប្រាំបី​នាក់​ដែល​បាន​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ ដោយសារ​តែ​ការ​ពង្រីក​ព្រលាន​យន្តហោះ​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ធនាគារ​ពិភព​លោក។ អ្នក​ភូមិ​បាន​ព្យាយាម​ផ្ញើ​សារ​ទៅ​កាន់​លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ ដោយ​ ដាក់​រូប​លោក​ប្រធានធិបតី និង​សរសេរ​ពាក្យ​ «S.O.S» នៅ​លើដំបូល​ស័ង្កសី​របស់​ពួកគេ។ ពួកគេ​បាន​សង្ឃឹម​ថា​ លោក​អូបាម៉ា​នឹង​ឃើញ​សារ​របស់​ពួកគេ​ នៅ​ពេល​ដែល​គាត់​បាន​ហោះ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​តំបន់​មួយ។

ស្ថាប័ន​ធនាគារ​ពិភពលោក​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណី​ទាំងនេះ​ ឬ​ឧប្បត្តិហេតុ​ជាក់លាក់​ណា​មួយ​ផ្សេង​ទៀត​នោះ​ទេ។ អ្នក​នាំ​ពាក្យ​ម្នាក់​បាន​និយាយ​ថា៖ «សេចក្ដី​លម្អិត​នៃគម្រោង​បែប​នេះ​គឺ​ វា​មាន​លក្ខណៈ​រសើប​ ហើយ​ដូច្នេះ​យើង​មិន​អាច​ប្រាប់​ព័ត៌មាន​អំពី​រឿង​ទាំងនេះ​បាន​ទេ។»

ក្នុង​សេចក្តីថ្លែង​ការណ៍​ទូទៅ​របស់​ខ្លួន​ ធនាគារ​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​យើង​យល់​ថា​មាន​ទំនាក់ទំនងរវាង​ការ​បង្ក្រាបជាមួយ​គម្រោង​ដែល​ធនាគារ​បាន​ផ្តល់មូលនិធិ​នេាះ «យើង​បាន​ចាត់​វិធានការ​ដូច​ដែល​មាន​កត់ត្រា​ទុក​កន្លង​មក ហើយ​យើង​នឹង​បន្ត​ធ្វើ​ដូច្នេះ»។

ធនាគារ​ពិភព​លោក​បាន​បដិសេធ​មិន​បង្ហាញ​ឧទាហរណ៍​ជាក់លាក់​ណា​មួយ​នោះ​ទេ។

ព្រឹត្តិការណ៍​ពី​មុន​នៅ​ក្នុង​ប្រវត្តិ​របស់​ធនាគារ​នេះ​ បង្ហាញ​ថា​ ធនាគារ​ពិភពលោក​អាច​មាន​ឥទ្ធិពល​លើ​ ការ​ប្រព្រឹត្ដ​របស់​ប្រទេស​នានា​ និង​ក្រុមហ៊ុន​ណា​ដែល​ខ្លួន​បាន​ផ្តល់​ហិរញ្ញប្បទាន។

នៅ​ឆ្នាំ​២០០១​ ក្រុម​មន្ត្រី​ធនាគារ​ពិភពលោក​បាន​ធ្វើ​អន្តរាគមន៍​បន្ទាប់​ពី​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ឆាដ​ បាន​ចាប់ខ្លួន​សមាជិក​សភា​ម្នាក់​ និង​អ្នក​ផ្សេងទៀត​ ដែល​បាន​រិះគន់​បំពង់​បង្ហូរ​ប្រេង​មួយ​ ដែល​កំពុង​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​មាន​ហិរញ្ញប្បទាន​ពី​ធនាគារ​ពិភពលោក។​ លោក​ James Wolfensohn​ ដែល​ជា​ប្រធាន​ធនាគារ​ពិភពលោក​នៅ​ពេល​េនាះ បាន​ទូរស័ព្ទ​ទៅ​កាន់​ប្រធានាធិបតី​របស់​ប្រទេស​ឆាដ​ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះលែង​សមាជិកសភា​ និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត។ ហើយ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ពួកគេ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព។

នៅ​ឆ្នាំ​២០០២​ ធនាគារ​នេះ​បាន​រិះ​គន់​មន្ត្រី​កម្ពុជា​ចំពោះ​ការ​បង្ក្រាប​លើ​អ្នក​ភូមិ​ដែលតវ៉ា​អំពី​គម្រោង​គ្រប់គ្រង​ព្រៃឈើ​មួយ​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ធនាគារ​ពិភពលោក។ នៅ​ពេល​នេាះ អ្នក​នាំ​ពាក្យ​របស់​ធនាគារ​ម្នាក់​បាន​និយាយ​ថា៖ «អ្នក​មិន​អាច​និយាយ​អំពី​ការ​ចូលរួម​និង​ពិគ្រោះ​យោបល់​ ដោយ​នៅ​ពេល​ជាមួយ​គ្នា​នេាះ អ្នក​ក៏​វាយ​ប្រហារ​ប្រជាជន​ដែល​បញ្ចេញ​មតិ​របស់​ពួកគេ​នោះ»។

ប៉ុន្តែ​បើ​យោង​តាម​ក្រុម​សិទ្ធិមនុស្ស​និង​ក្រុម​សកម្មជន​នៅ​មូលដ្ឋាន ក្នុង​ទសវត្ស​ចុង​ក្រោយ​េនះ ធនាគារមិន​បាន​ប្រកាន់​ជំហរ​ដែល​មាន​លក្ខណៈ​ខ្លាំងក្លា​បែប​នេះ​ទេ​ក្នុង​ទសវត្សរ៍​កន្លង​ទៅ​នេះ។

លោក​យាយ​ឃុន​បាន​និយាយ​ថា​ មន្ត្រី​ធនាគារ​មិន​ដែល​បាន​ទាក់ទង​លោក​យាយ​ទេ​ ក្នុង​អំឡុង​ពេល​ទាំង​ពីរ​លើក​ដែល​លោក​យាយ​នៅ​ក្នុង​ពន្ធនាគារ​ប្រទេសកម្ពុជា​ ហើយ​ដែល​មាន​រយៈ​ពេល​សរុប​ប្រាំមួយ​ខែ​នោះ។

«ខ្ញុំ​មិន​ដែល​ឃើញ​ពួកមន្ត្រី​ទាំងនោះ​ទាល់​តែ​សោះ» នេះ​ជា​ពាក្យ​សម្តី​របស់​លោក​យាយ​ឃុន​ ក្នុង​អំឡុងបទ​សម្ភាសន៍​មួយ​ ជាមួយ​សមាគម​អន្តរជាតិ​នៃ​អ្នក​កាសែត​ស៊ើបអង្កេត​ បន្ទាប់​ពី​លោក​យាយ​ត្រូវ​បាន​គេ​ដោះលែង​ពី​ការ​ឃុំ​ខ្លួន​ចុង​ក្រោយ។ លោក​យាយ​បន្ត​ថា៖ «ពួកគេ​មិន​ដែល​បាន​ចូល​មកមើលខ្ញុំ​នោះ​ទេ​ នៅ​ពេល​ដែល​ប៉ូលិស​វាយ​ខ្ញុំ។ ពួកគេ​មិន​ដែល​បាន​ជួប​ជាមួយ​ខ្ញុំ​ ឬ​សួរ​ខ្ញុំ​ថា​ មាន​អ្វី​កើត​ឡើង​នោះ​ទេ​ នៅ​ពេល​ដែល​ខ្ញុំត្រូវ​គេ​ធ្វើ​បាប។»

ម៉ាមី​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​នៅក្រោយ​ពេល​លោក​យាយ​ទើប​ត្រឡប់​មក​ពី​បាតុកម្ម​ប្រឆ​ាំងនឹង​ច្បាប់​អង្គការ​កាល​ពី​ខែ​កក្កដា។ (ផន បុប្ផា/VOA)
ម៉ាមី​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​នៅក្រោយ​ពេល​លោក​យាយ​ទើប​ត្រឡប់​មក​ពី​បាតុកម្ម​ប្រឆ​ាំងនឹង​ច្បាប់​អង្គការ​កាល​ពី​ខែ​កក្កដា។ (ផន បុប្ផា/VOA)

លោកយាយ​ឃុន​ ដែល​មាន​រាង​ស្គម​ ​ភ្នែកជ្រៅ​និង​ថ្ពាល់​ពណ៌ត្នោត​ ត្រូវ​បាន​ចាប់ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១២​ នៅ​ពេល​ដែល​លោក​យាយ​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដើម្បី​គាំទ្រ​អ្នក​ភូមិ​ដែល​រស់​នៅ​ជុំវិញ​បឹងកក់​ ដែល​ជា​បឹង​ទឹកសាប​ដ៏​ធំមួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ក្រុម​អ្នកសាងសង់​បាន​បូម​ខ្សាច់​ចាក់​បំពេញ​ដើម្បី​ធ្វើ​ជាកន្លែង​សម្រាប់​សំណង់​ខុនដូ​ និង​ហាង​ទំនិញ​ថ្មីៗ។ អ្នក​នៅ​ក្នុង​តំបន់​នោះ​ មាន​ជីវភាពពឹង​ផ្អែក​លើ​បឹង​នេះ​ ដូច​ជា​ការ​នេសាទ​ត្រី​ និង​ការ​ដាំដុះ​បន្លែ​លើ​ទឹក​ តែ​ឥឡូវ​នេះ​បឹង​នេះ​ត្រូវ​បាត់បង់​ស្ទើរ​តែ​ទាំងស្រុង​ទៅ​ហើយ។ អ្នក​ខ្លះ​ធ្លាប់​បាន​បើក​ហាង និង​ផ្ទះ​សំណាក់​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ។

គម្រោង​ដែល​មាន​តម្លៃ​៣៤​លាន​ដុល្លារ​ដែល​បាន​ទទួល​ហិរញ្ញប្បទាន​ពី​ធនាគារ​ពិភពលោក​ ដែល​គេ​រំពឹង​ថានឹង​ជួយ​ដល់​អ្នក​ភូមិ​បឹងកក់​ និង​ប្រជាជន​កម្ពុជា​ឲ្យ​ទទួល​បាន​ប្លង់​ដី​ធ្លី​ និង​ផ្ទះ​ស្របច្បាប់​ច្បាស់លាស់​មួយ។ ធនាគារ​ពិភពលោក​បាន​និយាយ​ថា កម្មវិធី​នេះ​នឹង​ជួយ​បញ្ជាក់​កម្មសិទ្ធិ​នៃ​ក្បាល​ដីជាង​១​លាន​ក្បាល​នៅ​ទូទាំង​ប្រទេស។ នៅ​ជុំវិញ​តំបន់​បឹងកក់ វា​គឺ​ជា​រឿង​ផ្សេង​ទៅ​វិញ គឺ រដ្ឋាភិបាល​បាន​ផ្ទេរ​ការ​គ្រប់គ្រង​តំបន់​អចលនទ្រព្យ​ជាប់​មាត់​ទឹក​ដ៏​មាន​តម្លៃ​នេះ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ ដែល​គ្រប់គ្រង​ដោយ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ម្នាក់​ដែល​មាន​បណ្តាញ​ទំនាក់ទំនង​រឹងមាំ​មួយ។

អាជ្ញាធរ​បាន​បណ្តេញ​ក្រុម​គ្រួសារ​ប្រមាណ​៣.០០០​គ្រួសារ​ ចេញ​ពី​ទី​លំនៅ​របស់​ពួកគេ​ ដែល​ជា​ទង្វើ​នេះ ត្រូវ​បានអង្គការ​សិទ្ធិមនុស្ស ​Amnesty International​ ហៅ​ថា​ជា​ការ​បណ្តេញ​ដោយ​បង្ខំ​ដ៏​ធំ​បំផុត​ ចាប់​តាំង​ពី​សម័យ​«វាលពិឃាត» ​របស់​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។ ក្រុម​គ្រួសារ​ផ្សេង​ទៀត​ ដែល​រួម​មាន​លោក​យាយ​ឃុន​ផង​ដែរ​ បាន​បន្ត​នៅ​ទី​នោះ ប៉ុន្តែ​ត្រូវ​បាន​ទទួល​រង​គ្រោះ​ពី​ការ​លិច​ទឹក​ និង​ការ​រំខាន​ផ្សេង​ទៀត​ ខណៈ​ពេល​ដែល​កម្មករ​សំណង់​បាន​បូមខ្សាច់​លុប​បឹង​នោះ។

លោកយាយ​ឃុន បាន​មាន​ប្រសាសន៍​ថា៖ «រដ្ឋាភិបាល​កម្ពុជា​មិន​បាន​យកចិត្ត​ទុកដាក់​ដល់​ជន​ក្រីក្រ​នោះ​ទេ»។ ពួកគេ​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​មាន​និង​អ្នក​មាន​អំណាច។ នៅ​ពេល​ដែល​អ្នក​មាន​នោះ​ចង់​បាន​ដី​ រដ្ឋាភិបាលជួយ​អ្នក​មាន​ទាំង​នោះ»។

ក្រុម​អ្នក​តវ៉ា​ចង់​ឲ្យរដ្ឋាភិបាល​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ដល់​ប្រជាជន​ដែល​នៅ​តែ​រស់​នៅ​ជុំវិញ​បឹង​នេះ​ និង​ទាមទារ​សំណង​បន្ថែម​ទៀត​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ផ្លាស់​ទី​លំនៅ។ អាជ្ញាធរ​បាន​ផ្តល់​ជូន​ប្រាក់ ៨.៥០០​ដុល្លារ ដល់​គ្រួសារ​មួយ​ចំនួន​ ដើម្បី​ឲ្យ​ពួកគេ​លះបង់ដី​និង​លំនៅដ្ឋាន​របស់​ពួកគេ។ តែ​ចំនួន​ទឹកប្រាក់​នេះ ជា​ទឹកប្រាក់​ដែល​ប្រជាជន​រស់​នៅ​ និង​អ្នក​តស៊ូ​មតិ​របស់​ពួកគេ​និយាយ​ថា វា​ទាប​ជាង​តម្លៃ​ទីផ្សារ​ឆ្ងាយ​និង​មិន​គ្រប់គ្រាន់​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ​អាចកសាង​ជីវភាព​ថ្មី​នៅ​កន្លែង​ផ្សេង​មួយ​ទៀត។

ប៉ូលិស​បាន​ចោទ​ប្រកាន់​លោក​យាយ​ឃុន ព្រម​ទាំង​ស្ដ្រី​ចំនួន​១២​នាក់​ ផ្សេង​ទៀត​ពី​បទ «កាន់កាប់​ទ្រព្យសម្បត្តិ​សាធារណៈ​ដោយ​ខុស​ច្បាប់» និង «រារាំង​អាជ្ញាធរ​សាធារណៈ»។ ពីរ​ថ្ងៃ​ក្រោយ​មក ចៅក្រម​បាន​កាត់ទោស​ពួកគេ​ក្រោយដំណើរការ​កាត់​ក្តី​យ៉ាង​រហ័ស​ដែល «មិន​ស្រប​តាម​បទដ្ឋាន​ជា​មូលដ្ឋាននៃ​ការ​ជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌» នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch។ អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា មេធាវី​របស់ ស្ត្រី​រង​ការ​ចោទ​ប្រកាន់​មិន​ត្រូវ​បាន​ផ្តល់​ពេលវេលា​ដើម្បី​រៀបចំ ឬ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កោះ​ហៅ​សាក្សី​ការពារ​អ្វី​នោះ​ទេ។

តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​លោក​យាយឃុន​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ។ លោក​យាយ​បាន​ចាប់ផ្តើម​ជាប់​រយៈ​ពេល​ក្នុង​ពន្ធនាគារ ជា​កន្លែង​មួយដែល​លោក​យាយ​បាន​ពណ៌នា​ថា ​ជា​បន្ទប់​តូច​ចង្អៀត​និងក្តៅ​ ដែលមាន​ដាក់​អ្នកទោស​រហូត​ទៅ​ដល់​៦០នាក់។ លោក​យាយ​បាន​និយាយ​ថា៖ «ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ» ។ «សុខភាព​របស់​ខ្ញុំ​ខ្សោយ​ ហើយ​ខ្ញុំ​អស់​កម្លាំង»។

តុលាការ​ឧទ្ធរណ៍​នៅ​តែ​បន្ត​រក្សា​ទោស​លោក​យាយ ប៉ុន្តែ​បាន​កាត់​បន្ថយ​រយៈ​ទទួល​ទោស​មក​នៅ​ត្រឹម​តែ​ជាង​មួយ​ខែ​វិញ។

មន្ត្រី​កម្ពុជា​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​ជា​ច្រើន​ដង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយសម្រាប់​អត្ថបទ​ព័ត៌មាននេះ។

រូបថត​ថត​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១ នេះ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​បឹងកក់ ដែល​ត្រូវ​គេ​បូម​ខ្សាច់​លុប​ស្ទើរ​ទាំង​ស្រុង​ហើយដែលអ្នក​ភូមិ​ជា​ច្រើនពាន់​នាក់​ត្រូវបាន​ជម្លៀស​ចេញ។
រូបថត​ថត​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១ នេះ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​បឹងកក់ ដែល​ត្រូវ​គេ​បូម​ខ្សាច់​លុប​ស្ទើរ​ទាំង​ស្រុង​ហើយដែលអ្នក​ភូមិ​ជា​ច្រើនពាន់​នាក់​ត្រូវបាន​ជម្លៀស​ចេញ។

នៅ​ក្នុង​ឆ្នាំ​២០១១ ធនាគារ​ពិភពលោក​បាន​ទទួល​ស្គាល់​ថា មាន​បញ្ហា​បណ្តេញ​ចេញ​មែន និង​បាន​ថ្លែង​ថា ខ្លួន​នឹង​ឈប់​ផ្តល់​កម្ចី​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​ពេល​រដ្ឋាភិបាល​ឈាន​ដល់​ដំណោះស្រាយ​សមរម្យជាមួយ​នឹង​ប្រជាពលរដ្ឋ​ ដែល​បាន​បាត់បង់​លំនៅដ្ឋាន​នៅ​ជុំវិញ​តំបន់​បឹងកក់។

ទោះ​យ៉ាង​នេះ​ក្តី ធនាគារ​ពិភពលោក​នៅ​តែបន្តផ្តល់​ថវិកា​ទៅ​ឲ្យ​ប្រទេស​កម្ពុជា​ តាមរយៈ​គម្រោង​ណា​ដែល​ត្រូវ​បាន​អនុម័ត​រួច​ទៅ​ហើយ និង​មូលនិធិ Trust Fund ដែល​អង្គការ​នេះ ​មើល​ការ​ខុសត្រូវ​ជំនួស​ឲ្យ​ភាគី​អភិវឌ្ឍន៍​ដទៃ​ទៀត។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ​បាន​សាទរ​ចំពេាះ​ការណ៍​ដែល​ធនាគារ​ពិភពលោក​ចាត់​វិធានការ​លើ​បញ្ហា​បណ្តេញ​ចេញ​នោះ ប៉ុន្តែ​បាន​ស្តី​បន្ទោស​ធនាគារ​នេះ​ចំពេាះ​ការ​ «ស្ងាត់ស្ងៀម​ជា​ទូទៅ» ជុំវិញ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​លោក​យាយ​ឃុន និង​ក្រុម​អ្នក​តវ៉ា​ផ្សេង​ទៀត។ ក្រុម​អ្នក​តស៊ូ​មតិ​ បាន​លើក​ឡើង​ថា៖ «សមាជិកសហគមន៍​បាន​និយាយ​ថា បុគ្គលិក​របស់​ធនាគារ​ពិភពលោក​បាន​ប្រាប់​ពួក​គាត់​ថា ពួកគេ​មិន​អាច​ធ្វើ​អ្វីជា​សាធារណៈ​បានទេ ដើម្បី​ជួយអ្នក​ដែលជាប់​ពន្ធនាគារ ឬ​សូម្បី​តែ​អំពាវនាវ​ដោយ​ផ្ទាល់​ទៅ​រដ្ឋាភិបាល»។

សកម្មភាព​របស់​ប៉ូលិស

នៅ​ចម្ងាយ​ជាង​ ៣.០០០ គីឡូម៉ែត្រពី​ទី​នេះ នៅ​ក្នុង​រដ្ឋ​ Gujarat ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌា មេដឹកនាំ​សហគមន៍​ម្នាក់​ផ្សេង​ទៀត​បាន​ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​តាម​ផ្លូវ​ច្បាប់​ ពេល​ដែល​គាត់​លើក​ឡើង​ការ​ព្រួយ​កង្វល់ ​អំពី​គម្រោង​មួយ​របស់ធនាគារ​ពិភពលោក។

លោក Gajendrasinh Jadeja អាយុ​២៩​ឆ្នាំ​រូប​នេះ​គឺ​ជា «sarpanch» ឬ​ជា​ប្រធាន​ភូមិ​ដែល​ជាប់​ឆ្នោត​នៅ​ភូមិត Navinal ដែល​ជា​ភូមិ​មួយ​មាន​ប្រជាជន​ប្រមាណ​៣.១០០​នាក់​ស្ថិត​នៅ​ក្បែរ​ឈូង​សមុទ្រKutch ។ តំបន់​ជនបទ​នេះ​ត្រូវ​បាន​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ផ្នែក​ឧស្សាហកម្ម ដែល​រួម​មានការ​សាងសង់​រោងចក្រ​ថាមពល​មួយ​ដើរ​ដោយ​ធ្យូង​ថ្ម​ដោយក្រុមហ៊ុន Tata Group ដែល​ជាក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ​របស់​ឥណ្ឌា​ជាមួយ​ការ​គាំទ្រ​ហិរញ្ញប្បទាន​៤៥០​លាន​ដុល្លារ​ពី​សាខា​ពាណិជ្ជកម្មមួយ​នៃ​ធនាគារ​ពិភពលោក។

លោក Jadeja គឺ​ជា​អ្នករិះគន់​ឥត​សំចៃមួយ​រូប​ទៅ​លើ​រោងចក្រ​ធ្យូង​ថ្ម​នេះ។

គាត់​បាន​ជួយ​មេធាវី​បរិស្ថាន​មួយ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ចងក្រង​ឯកសារ​អំពី​ផលប៉ះពាល់​របស់​រោងចក្រ​នេះ​ទៅ​លើ​សហគមន៍​របស់​គាត់ ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុមប្រឹក្សា​ភូមិ​របស់​គាត់ចំពេាះ​ការ​ចុះ​ហត្ថលេខា​ដាក់​ភូមិ​របស់​គាត់​ ជា​អ្នក​ដើមបណ្តឹង​ក្នុង​រឿង​ក្តី​ដែល​ចោទប្រកាន់​ស្ថាប័ន​ធនាគារ​ពិភពលោក​ថា បាន​រំលោភ​លើ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ថា​នឹង​«មិន​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់» ទៅ​ដល់​ប្រជាជន​និង​បរិស្ថាន។ ពាក្យ​បណ្តឹង​នេះ​ ដែល​ត្រូវ​បាន​ដាក់ក្នុង​តុលាការ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មេសា​ មាន​ខ្លឹមសារ​អះអាងថា ធនាគារ​អភិវឌ្ឍន៍​នេះ​(ធនាគារ​ពិភពលោក) នៅ​តែ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នេះ បើ​ទោះ​បី​ជា​ខ្លួន​បាន​ដឹង​ថា ការ​បំពុល​បរិស្ថាន​ និង​ការ​បំផ្លាញ​ជម្រក​ ដែល​បង្ក​ឡើង​ដោយ​រោងចក្រ​នេះ នឹង​ប៉ះពាល់​ដល់​ប្រជា​នេសាទ កសិករ និង​អ្នក​ដទៃ​ទៀត​ដែល​រស់​នៅ​ក្បែរ​នោះ។

ចំណែក​អាជ្ញាធរ​មូលដ្ឋាន​បាន​វាយបក​វិញ​ប្រឆាំង​នឹង​សកម្មភាព​របស់​ប្រធាន​ភូមិ​វ័យ​ក្មេង​នេះ ជុំវិញ​រឿង​រោងចក្រ​ធ្យូង​ថ្ម និង​គម្រោង​ផ្សេងៗ​ទៀត។

លោក Jadeja បាន​និយាយ​ថា៖ «ប្រសិន​បើ​មាន​សវនាការ​ជា​សាធារណៈ​ណា​មួយ ​ប៉ូលិស​នឹង​នាំ​ខ្លូន​ខ្ញុំទៅ​ប៉ុស្តិ៍​ប៉ូលិស នៅ​ពេល​ល្ងាច​មុន​សវនាការ ហើយ​បង្ខំ​ខ្ញុំ​បោះបង់​ការ​តវ៉ា​នេះ។ បី​ឬ​បួន​ម៉ោង​ក្រោយ​មក ពួកគេ​ដោះលែង​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា កុំ​និយាយ​អ្វី​ឲ្យ​សោះ​នៅ​ក្នុង​ពេល​សវនាការ»។

គាត់​បាន​បន្ត​ថា​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​បី​លើក​រួច​មក​ហើយ ​ដែល​ចុង​ក្រោយ​បំផុតនេះ​ គឺ​នៅ​មុន​ពេល​សវនាការ​អំពី​រោងចក្រ​របស់​ក្រុមហ៊ុន Tata ។

មន្ត្រី​ប៉ូលិស​ក្នុង​ស្រុក​ម្នាក់​នៅ​ឯ​ទី​ស្នាក់ការកណ្តាល​ បាន​និយាយ​ថា​ប៉ូលិស បាន​ប្រព្រឹត្ដ​យ៉ាង​ត្រឹមត្រូវ។ មន្ត្រីនោះ​បាន​បន្ត​ថា៖ «យើង​គ្មាន​បញ្ហា​ជាមួយ​លោក Gajendrasinh ទេ។ ហើយ​«យើង​មិន​ដែល​បាន​ឃុំ​ខ្លួន​គាត់​ដោយ​ខុស​ច្បាប់​នោះ​ទេ»។

នៅ​ឆ្នាំ​២០១៤ អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​ញត្តិ​ហាមឃាត់​លោក Jadeja ពី​តំបន់​ទំហំ​ជាង ៤៥.០០០ គីឡូម៉ែត្រ​ការ៉េ ដែល​រួម​បញ្ចូល​ទាំង​ភូមិ​របស់​គាត់ផង​ដែរ។ ពួកគេ​បាន​ចោទ​គាត់​ថា បាន​គំរាមកំហែង​ឧស្សាហកម្ម​ក្នុង​ស្រុក និង​ព្យាយាម​ជំរិត​ទារ​សំណូក។ ដោយសារ​តែ «ការ​ភ័យ​ខ្លាច​ជា​ប្រចាំ» ពី​ការ​គំរាមកំហែង​របស់​លោក Jadeja តុលាការ​បាន​អះអាង​ថា ពាណិជ្ជករ​ក្នុង​ស្រុក «មិន​មាន​លទ្ធភាព​ធ្វើ​ការងារ» ឬ «មិន​មាន​សេចក្ដី​សុខ​នោះ​ទេ»។

បន្ទាប់​ពី​រយៈពេល​បួន​ខែ និង​សវនាការ​ចំនួន​១០​លើក​មក ចៅក្រម​បាន​ច្រានចោល​រឿង​ក្តី​នេះ ដោយ​និយាយ​ថា​ «មិន​មាន​អ្វី​បង្ហាញ​ច្បាស់​ថា បុរស​នេះ​ជា​មនុស្ស​ផ្តាច់ការ ឬ​នឹង ធ្វើ​ឲ្យ​មាន​ការ​ភ័យខ្លាច​ដល់​អ្នកដទៃ​នោះ​ទេ ប្រសិន​បើ​បុរស​នេះ​បន្ត​នៅ​ក្នុង​តំបន់​នេះ»។

ក្រុមហ៊ុន Tata និង​ធនាគារ​ពិភពលោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​វិធានការ​ផ្លូវ​ច្បាប់ ប្រឆាំង​នឹង​លោក Jadeja នោះ​ទេ។ សម្រាប់​រូប​លោក Jadeja ផ្ទាល់ គាត់​សន្យា​ថា គាត់​នឹង​មិន​បោះបង់​ឡើយ​នូវ​ការ​ប្រយុទ្ធ​តតាំង​ប្រឆាំង​នឹង​រោងចក្រ​ធ្យូង​ថ្ម និង​គម្រោង​ផ្សេងៗ​ទៀត បើ​ទោះ​បី​ជា​អាជ្ញាធរ​នៅ​តែ​បន្ត​ព្យាយាម​បំបិទ​មាត់​គាត់​ក៏​ដោយ។

លោក​បញ្ជាក់​ថា៖ «ពួកគេ​អាច​បង្ខំ​ខ្ញុំ​ពិត​មែន ប៉ុន្តែ​ខ្ញុំ​មាន​ការ​គាំទ្រ​ពី​ភូមិ​របស់​ខ្ញុំ»។ «ដូច្នេះ ការ​ប្រយុទ្ធ​របស់​ខ្ញុំ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត»។

នីតិវិធី​សារទុក្ខ​ដែល​មាន​តែ​ឈ្មេាះ

ព្រមជាមួយ​នឹង​ការ​ជំរុញ​ឲ្យ​ស្ថាប័ន​ធនាគារពិភពលោក​ឆ្លើយតប​យ៉ាង​ខ្លាំងក្លា​ចំពេាះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ប្រជាជន អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ផង​ដែរ​ថា ធនាគារ​នេះ​គួរ​តែ​មាន​ភាព​មុតមាំ​ជាង​មុន ក្នុង​ការ​ចាត់​វិធានការ​បង្ការ​ការ​បង្ក្រាប​នៅមុន​វា​កើត​ឡើង​

ក្រុម​អ្នក​តស៊ូមតិ​បាន​និយាយ​ថា មន្ត្រី​ធនាគារ​គួរ​តែ​ជួប​ប្រជុំ​ជា​ទៀងទាត់​ជាមួយ​នឹង​ប្រជាជន​មូលដ្ឋានដើម្បី​ពិភាក្សា​អំពី «តម្រូវការ​ការពារ» របស់​ពួកគេ និង​ទាមទារ​ឲ្យ​មាន​ការ​ប្តេជ្ញាចិត្ត​ពី​អ្នក​ខ្ចី​ប្រាក់​ថា​ពួកគេ​នឹង​មិន​បង្ខិតបង្ខំ​ឬ​ដាក់ទោស​អ្នក​រិះគន់​ការ​អភិវឌ្ឍ​នោះ​ទេ។

អង្គការ​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​យន្តការ​ជា​ច្រើន​រួច​ទៅ​ហើយ​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​អាច​សម្តែង​ដោយ​មាន​សុវត្ថិភាព​អំពីការ​ព្រួយបារម្ភអំពី​គម្រោង​ដែល​ធនាគារ​បាន​គាំទ្រ។

ជា​ឧទាហរណ៍​ គម្រោង​នីមួយៗ​តម្រូវ​ឲ្យ​មាន​ការ​បង្កើត​ប្រព័ន្ធ​រាយការណ៍​អំពី​ទុក្ខ​លំបាក​ឬ​យន្តការ​សារទុក្ខ​ ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​នាំ​យក​ពាក្យ​បណ្តឹង​របស់​ពួកគេ​ទៅ​ឲ្យ​មន្ត្រីគម្រោង​ដោយ​ផ្ទាល់។ លើស​ពី​នេះ ប្រជាពលរដ្ឋ​ណា​ដែល​មាន​ការ​ព្រួយបារម្ភ អាច​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ពី​សំណាក់​អធិការ​ធនាគារពិភពលោក​ដែល​ទទួល​បន្ទុក​ផ្នែក​ពាក្យ​បណ្តឹង​អំពី​ការ​ផ្តល់​ប្រាក់កម្ចី​ទៅ​ឲ្យ​រដ្ឋាភិបាល ឬ ការិយាល័យ​ប្រឹក្សា​ Office of the Compliance Advisor Ombudsman ដែល​ទទួល​បន្ទុក​ផ្នែក​ពាក្យបណ្តឹង​អំពី​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន​ឯកជន។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch និង​ក្រុម​អង្គការ​ដទៃ​ទៀត បាន​និយាយ​ថា យន្ដការ​ទាំងនេះ​ជា​ញឹកញយ​មិន​បាន​ធានា​ថា ប្រជាពលរដ្ឋ​ត្រូវ​បាន​ការពារ ឬ​ការ​ព្រួយបារម្ភ​របស់​ពួកគេ​ត្រូវ​បាន​ដឹង​ឮ​ឡើយ។

សវនកម្ម​ផ្ទៃ​ក្នុង​មួយ​របស់​ធនាគារ​ពិភពលោក​កាល​ពី​ឆ្នាំ២០១៤ បាន​រក​ឃើញ​ថា​ នីតិវិធី​សារទុក្ខ ដែល​ផ្អែក​លើ​គម្រោង​ គឺ​ជា​ញឹកញាប់​គ្រាន់​តែ​ជាការ​រៀបចំ​ឲ្យ​មាន​តែ​ឈ្មេាះ​ប៉ុណ្ណេាះ ឬ​ហៅ​ថា «box-checking exercises» ដែល​មាន «នៅ​តែ​លើ​ក្រដាស​ប៉ុណ្ណោះ មិនមាន​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​នោះ​ទេ»។ ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុម​អធិការកិច្ច​របស់​ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា អ្នក​ភូមិ​បឹងកក់​បាន «ទទួល​រង​ការ​បង្ខិត​បង្ខំ​ឲ្យជម្លៀស​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ដោយ​មិន​បាន​ឆ្លង​កាត់​នីតិ​វិធី​សារទុក្ខ​នោះ​ទេ»។

ប្រជាជន​ដែល​នាំ​យក​ការ​ព្រួយបារម្ភ​របស់​ពួកគេ​ទៅ​កាន់​ថ្នាក់​លើ​នេះ តាម​រយៈ​ការ​ដាក់​ពាក្យ​បណ្តឹង​ យ៉ាង​លម្អិត​ទៅ​កាន់​អធិការកិច្ច ឬ​ការិយាល័យ​ប្រឹក្សា​ Ombudsman និយាយ​ថា ​ពួកគេ​តែង​តែ​ជួប​ប្រទះ​ការ​តបត​ពី​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​គម្រោង។

នៅ​ក្នុង​ការ​សិក្សា​របស់​ខ្លួន អង្គការ​ឃ្លាំ​មើល​សិទិ្ធមនុស្ស ​Human Rights Watch បាន​សម្ភាសន៍​ ប្រជាជន​ដែល​បាន​ចុះ​ហត្ថលេខា​ទៅ​លើ​ពាក្យ​បណ្តឹង​ក្នុង​ករណី​ចំនួន ៣៤ ទៅ​កាន់​អធិការ​កិច្ច ឬ​ការិយាល័យប្រឹក្សា Ombudsman ។ នៅ​ក្នុង​១៨​ករណី​ក្នុង​ចំណោម​នេាះ ពួកគេ​បាន​រាយការណ៍​ថា ពួកគេបាន​ «រង​ការ​គំរាមកំហែង ឬ​ប្រឈម​មុខ​នឹង​ការ​ទុក​បុក​ម្នេញ​ក្នុង​ទម្រង់​ណា​មួយ» ដែល​ពួកគេ​ជឿ​ថា មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​រិះគន់​របស់​ពួកគេ​ទៅ​លើ​គម្រោង​របស់​ស្ថាប័ន​ធនាគារ​ពិភពលោក ។

ម៉ាមី​ត្រូ​វ​សម្ភាសន​ពេល​នៅក្នុង​ផះ​ក្រោយ​ពឹ​ត្រឡប់​មក​ពី​បារតុក្ម​ប្រឆាំថ​អំពើ​កំហ​នឹង​ច្បាប់​អង្គការ​និង​សមាគម។​ (ផន បុប្ផា/VOA)
ម៉ាមី​ត្រូ​វ​សម្ភាសន​ពេល​នៅក្នុង​ផះ​ក្រោយ​ពឹ​ត្រឡប់​មក​ពី​បារតុក្ម​ប្រឆាំថ​អំពើ​កំហ​នឹង​ច្បាប់​អង្គការ​និង​សមាគម។​ (ផន បុប្ផា/VOA)

ជាប់ពន្ធនាគារ​ជា​ថ្មី

នៅ​ក្នុង​ប្រទេស​កម្ពុជា ម៉ាក់​យាយ​ឃុន ដែល​គេ​ស្គាល់​ថា «Grandma Mommy» និង​សកម្មជន​ប្រជាពលរដ្ឋ​ដទៃ​ទៀត បាន​បន្ត​ប្រឈម​នឹង​ការ​ចាប់​ខ្លួន សូម្បី​តែ​បន្ទាប់​ពី​ក្រុម​អធិការកិច្ច​របស់​ធនាគារ​ពិភពលោក​បាន​រក​ឃើញអំពី​ផលប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ការ​បណ្តេញ​ចេញ​នៅ​ជុំវិញ​តំបន់​បឹងកក់​ក៏​ដោយ។

កាល​ពី​ខែ​វិច្ឆិកា លោក​យាយ​ឃុន និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​នៅបន្ត​រស់នៅ​ផ្នែក​ខាង​មុខបឹងបាន​តំឡើងស៊ុម​គ្រែ​មួយ​នៅ​លើ​មហាវិថី​(ព្រះ​មុនីវង្ស​)​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​តវ៉ា​ប្រឆាំង​អំពី​ទឹកជំនន់​ដែល​បាន​ជន់​លិច​ផ្ទះ​របស់​ពួកគាត់។ លោក​យាយឃុន និង​អ្នក​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ទឹកជំនន់​នេះ​គឺ​បណ្តាល​មក​ពី​ក្រុម​អ្នក​សាងសង់​បាន​បូម​ខ្សាច់​ចាក់​បំពេញ​បឹង ដើម្បី​ទុក​កន្លែង​សម្រាប់​សាងសង់​ផ្ទះ​ល្វែង​និង​ហាង​ទំនិញ​ផ្សេងៗ។

ប៉ូលិស​បាន​ចាប់​ខ្លួន​លោក​យាយ​ឃុន និង​ស្ត្រី​ប្រាំ​មួយ​នាក់​ផ្សេង​ទៀត និង​ចោទ​ប្រកាន់​ពួកគាត់​ពី​ការ​បង្ក​ការ​រាំង​ស្ទះ​ដល់​ចរាចរណ៍។ នៅ​ថ្ងៃ​បន្ទាប់​ តុលាការ​បាន​កាត់ទោស​ពួក​គេ​ម្នាក់ៗ​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ។

លោក​យាយ​ឃុន ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ដដែល​ដូច​ពេល​មុន។ លោក​យាយ​បាន​និយាយ​ថា អ្នក​យាមគុក​បាន​បោះ​សម្តី​ដាក់​គាត់ និង​អ្នកទោស​ផ្សេងទៀត​ដែល​រិះគន់​អំពី​ស្ថានភាព​នៅ​ក្នុង​គុក​ ដោយ​ថា៖ «ប្រសិន​បើ​លោក​យាយ​ចង់​ស្លាប់ សម្លាប់​ខ្លួន​ឯង​ទៅ»។

ខណៈ​ពេល​មាន​ការ​រិះគន់​ពីអន្តរជាតិ​អំពី​ការ​កាត់​ទោស​ឲ្យ​ជាប់​គុក​របស់​សកម្មជន​ទាំង​នោះ​ រដ្ឋាភិបាល​បាន​លើកលែង​ទោស​ឲ្យ​លោក​យាយ​ឃុន និង​ក្រុម​អ្នក​តវ៉ា​ផ្សេង​ទៀត​នៅ​ក្នុង​ខែ​មេសា ដែល​ការ​ដោះលែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ពួកគេ​បាន​ជាប់​ពន្ធនាគារ​របស់​ខ្លួន​អស់​រយៈពេល​ប្រាំ​ខែ​នៃ​បទ​ល្មើស​របស់​ខ្លួន។

ទន្ទឹម​នឹង​នេះ ធនាគារ​ពិភពលោក​បាន​កំពុង​រៀបចំលុបចោល​ការ​បង្អាក់​ប្រាក់​កម្ចី​ថ្មី​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ជួបប្រជុំ​គ្នា​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ជាមួយ​មន្ត្រី​កម្ពុជា និង​ក្រុម​ប្រជាពលរដ្ឋ​ដើម្បី​ពិភាក្សា​អំពី​ផែនការ​របស់​ខ្លួន។ នៅ​ក្នុង​ខែ​កក្កដា​ សម្ព័ន្ធ​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​មួយ បាន​ជំរុញ​ឲ្យ​ធនាគារ​ពិភពលោក​ធានា​ថា រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រជាជន​បឹងកក់​ទាំង​បច្ចុប្បន្ន​ និង​ពី​មុន មុន​ពេល​អនុម័ត​កម្ចី​ថ្មី​ណា​មួយ។

អ្នក​នាំពាក្យ​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ធនាគារ​កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អំពី «វិធី​គាំទ្រ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នៅ​ក្នុង​បែបផែន​មួយ​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា»។ លោកស្រី​បាន​បន្ត​ថា មន្ត្រី​របស់​ធនាគារ «ក៏​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឈាន​ទៅ​ដល់ដំណោះស្រាយ​មួយ​ដែល​សមរម្យ​ និង​ប្រកប​ដោយ​សន្តិវិធី​ចំពេាះបញ្ហា​ជម្លោះ​ដី​ធ្លី»។

នៅ​ចុង​ខែ​កក្កដា លោក​យាយឃុន បាន​ទទួលបាន​ជ័យជម្នះ​ផ្ទាល់ខ្លួន​មួយ ដោយ​រដ្ឋាភិបាល​បាន​ផ្ដល់​កម្មសិទ្ធិ​ដី​ស្រប​ច្បាប់​មួយ​កន្លែង​ទៅ​ឲ្យ​លោក​យាយ គឺ​ដី​ដែល​ក្រុម​គ្រួសារ​របស់​យាយ​កំពុងរស់នៅ។

ប៉ុន្តែ​ការ​តស៊ូ​របស់​លោក​យាយ គឺ​មិន​ទាន់​ចប់​នោះទេ។

គ្រួសារ​មួយ​ចំនួន​កំពុង​រង់ចាំ​ទទួល​ឯកសារ​ផ្លូវការ​ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ បាន​និង​កំពុង​តែ​ព្យាយាម​តវ៉ា​ដើម្បី​បាន​សំណង​ច្រើន​ជាង​មុន។ លោក​យាយឃុន​សន្យា​ថា លោកយាយ​នឹង​នៅ​តែ​បន្ត​គាំទ្រ​ដល់​បុព្វហេតុ​របស់​ពួកគេ។

លោក​យាយ​បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​ធ្វើ​ការ​តវ៉ា រហូត​ដល់​ខ្ញុំ​ស្លាប់»៕

កញ្ញា ផន បុប្ផា អ្នក​យក​ព័ត៌មាន​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​អ្នក​ផ្តល់​ព័ត៌មាន​ជា​ទៀងទាត់​ដល់ ​VOA។ លោក Michael Hudsonជា​អ្នក​និពន្ធនាយក​ជាន់ខ្ពស់​ នៅ​សមាគម​ អន្តរជាតិ​នៃ​ក្រុម​អ្នក​កាសែត​ស៊ើបអង្កេត។ លោក Barry Yeoman បាន​ធ្វើ​ការ​លើ​រឿង​នេះ ក្នុង​នាម​ជា​អ្នក​ស្រាវជ្រាវ​របស់​មូលនិធិ​ការ​ស៊ើប​អង្កេត​របស់​វិទ្យាស្ថាន The Nation Institute ។ លោក Ben Hallman គឺ​ជា​អ្នកនិពន្​នាយក​ផ្នែក​ស៊ើបអង្កេត​និង​គម្រោង​នៃ​សារព័ត៌មាន The Huffington Post ។

XS
SM
MD
LG