ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង​ផ្តើម​ការ​តវ៉ា​ជា​ថ្មី​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិន​ UDG


រូប​ឯកសារ៖ ស្ត្រី​ពីរ​នាក់​ដើរ​កាត់​ផ្ទះ​ក្នុង​ឧទ្យានជាតិ​បុទុមសាគរ​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​សាងសង់​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​​ជម្លៀសចេញ​ពី​ដី​ដែល​ត្រូវ​បាន​លក់។ រូប​ថតថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។
រូប​ឯកសារ៖ ស្ត្រី​ពីរ​នាក់​ដើរ​កាត់​ផ្ទះ​ក្នុង​ឧទ្យានជាតិ​បុទុមសាគរ​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​សាងសង់​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​​ជម្លៀសចេញ​ពី​ដី​ដែល​ត្រូវ​បាន​លក់។ រូប​ថតថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​​ដែល​​ជាប់​គាំង​ក្នុង​ទំនាស់​ដីធ្លី​​ជិត​៧ឆ្នាំ​​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Union Development Group ​(UDG)​ ​ក្នុង​ខេត្ត​កោះកុង​​បាន​បន្ត​ការ​តវ៉ា​របស់​ខ្លួន​ជាថ្មី​ទៀត​ ឲ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ​​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​ ២០១៧។

ក្រុម​ប្រជា​ពលរដ្ឋ​ជាច្រើន​នាក់ដែល​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ពី​ជម្លោះ​ដីធ្លី​ដែល​ពួក​គាត់​មាន​ជាមួយ​ក្រុមហ៊ុន​ចិន​ Union Development Group​ (UDG)​ ក្នុង​ខេត្ត​កោះកុង​ ​បាន​បន្ត​ការ​តវ៉ា​របស់​ខ្លួន​ជាថ្មី​ទៀត​ ដោយ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​ ដោះស្រាយ​បញ្ចប់​វិវាទ​នេះ​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ២០១៧។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ​ដែល​បាន​ជាប់​គាំង​ក្នុង​ទំនាស់​ដីធ្លី​ដែល​មាន​អាយុ​កាល​ជិត​៧​ឆ្នាំ​ និង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង។​

​ក្រុមហ៊ុន​ ​Union Development Group​ ​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​៤៥.១០០​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៨។​ គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ស្គឹមស្កៃ​នេះ​កំពុង​ដំណើរការ​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បុទុមសាគរ​ ក្នុង​ខេត្ត​កោះកុង។​

លោក​ ស៊ឹម ធី​ វ័យ​៤១​ឆ្នាំ​ ដែល​កំពុង​ទាមទារ​ចំពោះ​ការ​បាត់​បង់​ដី​ទំហំ​ប្រមាណ​៨​ហិកតា​ ​ក្នុង​ឃុំ​តានូន​ ស្រុក​បទុមសាគរ​ បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃអង្គារ​ទី​១៩​ ខែ​ធ្នូ​នេះ​ថា តំណាងប្រជាពល​រដ្ឋ​បួន​រូប​បាន​មក​ជួប​លោក​អន ភារៈ​ អតីត​អភិបាល​ស្រុក​បទុម​សាគរ​ ហើយ​ឥឡូវ​ជា​អភិបាល​រង​ខេត្ត​កោះកុង។​ ​លោក​បាន​បន្ត​ថា​ លោក​អភិបាល​រង​ខេត្ត​រូប​នេះ​បាន​សន្យា​ថា​ នឹង​ដោះស្រាយ​បញ្ហា​ដីធ្លីនេះ​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០១៧។​ ​លោក​និយាយ​ថា​ ​ក្រុម​ប្រជា​ពលរដ្ឋ​នឹង​មក​ធ្វើ​តវ៉ា​ម្តង​ទៀត​ ហើយ​លើក​ក្រោយ​ ​ក្រុម​ប្រជា​ពលរដ្ឋ​នឹង​ស្វែងរក​ការ​ជួប​ជាមួយ​អ្នក​ស្រី​ មិថុនា​ ភូថង​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ ប្រសិន​បើ​លោក​អន ភារៈ​ បរាជ័យ​មិន​អាចធ្វើតាម​ការ​សន្យា​បាន។​

«បើ​ឯកឧត្តម​លោក​អភិបាល​រង​ហ្នឹង​ គាត់​មិនៗ​ អាច​ជួយ​ខ្ញុំ​ត្រង់​ណា​មួយ​ហើយ​ ដូច​ពាក្យ​សន្យា​ថា​ នឹង​យក​ពាក្យ​ខ្ញុំ​ទាំង​អស់​ហ្នឹង​ហើយ​ ដីធ្លី​ទាំង​ប៉ុន្មាន​ដែល​បាន​ថត ​ខ្ញុំ​ ពួក​ខ្ញុំ​យក​ទៅ​ហ្នឹង​ យក​ទៅចរចា​ជាមួយ​ក្រុមហ៊ុន​ ឬ​ក៏​ពួក​ក្រុម​ការងារ​ទាំង​អស់​ហ្នឹង​ ជជែក​វែក​ញែក​គ្នា​ ឲ្យ​ចប់​មុនដំណាច់​ឆ្នាំ​ហ្នឹង​ មុន​ឆ្នាំ​ហ្នឹង ​ហើយ​គាត់​នឹង​ដោះស្រាយ។​ បើ​ថា​ អត់​បានដោះ​ស្រាយ​ ខ្ញុំ​សុំ​ ខ្ញុំ​សុំ​ជួបម្តង​ទៀត​ ជួប​ទាំង​អភិបាល​រង​ អភិបាល​ខេត្ត​ទាំងអស់ និង​លោក​ជំទាវ​ហ្នឹង»។​

លោកបាន​ត្អូញត្អែរ​ថា​ ​ទីតាំង​ថ្មី ដែល​ពលរដ្ឋកំពុង​រស់នៅ​បច្ចុប្បន្ន​នេះ​ មិន​អនុញ្ញាត​ឲ្យ​លោក​ធ្វើស្រែ​បាន​ទេ​ ហើយ​របរ​ចិញ្ចឹម​ជីវិត​ដែល​អាច​ធ្វើ​បាន​នោះ​ គឺ​មានតែ​ការ​នេសាទ​តែ​ប៉ុណ្ណោះ។​ ​លោក​និយាយ​ថា​ សំណង​ដែល​លោក​កំពុង​ទាមទារ​នោះគឺ​ជា​សំណង​មួយ​សមស្រប​ ​មិន​អាច​ជា​សំណង​ ស្មើ​នឹង​ក្រដាស​ដុល្លារ​មួយ​រយ​ ឬ​ពីរបី​រយ​ដុល្លារ​នោះ​ឡើយ។​

គម្រោងរបស់​ក្រុម​ហ៊ុន​ UDG ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១.០០០​គ្រួសារ ​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​យូរ​មក​ហើយ។​ ​ប៉ុន្តែ​នៅ​មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ដី​ដែល​ពួកគេ​កាន់​កាប់​ បន្ទាប់​ពី​ពួក​គេ​បាន​ចាក​ចេញ​ពី​ភូមិដ្ឋាន​ ​ទៅ​តាំង​លំនៅដ្ឋាន​នៅ​ភូមិដ្ឋាន​ថ្មី។

លោក​ អ៊ិន គង់ជិត​ ​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង​ ថ្លែង​ថា​ មាន​ប្រជា​ពលរដ្ឋ​ជិត៦០​គ្រួសារកំពុង​ស្ថិត​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ​UDG​ ​លើ​ផ្ទីដី​ប្រមាណ​២៣០​ហិកតា។​ លោក​បាន​ប្រាប់​ ​VOA ​ថា​ អាជ្ញាធរ​ទំនង​ជា​អសមត្ថភាព​ក្នុង​ការ​បញ្ចប់​វិវាទ ដែល​បាន​អូស​បន្លាយ​ពេល​មក​ជិត​៧ឆ្នាំ​មក​ហើយ។​ ​

«បើ​យើង​និយាយ​ទៅ​ថា​ គាត់​ដូចជា​អសមត្ថភាព​ ឬ​ក៏​ម៉េច? ​ឬ​ក៏​វា​គ្មាន​របៀប​ចាត់ការ​ ​ធ្វើការ​ងារ​ដោះស្រាយហ្នឹង​បាទ។​ ហើយ​យើង​ឃើញ​ខេត្ត​...ខេត្ត​មាន​មន្ទីរ​សុរិយោដី​ខេត្ត ​បាទ​ ជា​ការិយាល័យ​ជំនាញ​មួយ។​ ហើយ​នៅ​តាម​ស្រុក​ក៏​មាន​ការិយាល័យ​សុរិយោ​ដី​ស្រុក​បាទ។​ ហើយ​នៅ​ខេត្ត​ក៏​មាន​មន្ទីរ​បរិស្ថាន​ខេត្ត។ ​អីចឹង​ក្រុម​ការងារ​ទាំងអស់​ហ្នឹង​ បើ​សិន​ជា​មាន​ផែនការ​ជាក់​លាក់​ មាន​ក្រុម​ចុះ​ទៅ​ជាក់​លាក់​ វា​អាច​នឹង​ឆាប់​ចប់»។

លោក​បាន​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​កោះកុង​ កាលពី​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ ​ក៏​បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ដោះ​ស្រាយ​រាល់​បញ្ហា​ដីធ្លី​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក​បទុម​សាគរ​ និង​ស្រុក​គិរី​សាគរ។​ តែ​លោក​ថា​ ​អាជ្ញាធរ​មិន​បាន​ឲ្យដឹង​ថា​ តើ​នឹង​ដោះស្រាយ​ជម្លោះ​ក្នុង​ស្រុក​ណា​មួយ​មុន​នោះទេ​ ក្នុង​ចំណោម​ស្រុក​ទាំង​ពីរ។

​បើ​យោង​តាម​សេចក្តី​សម្រេចរបស់​រដ្ឋបាល​ខេត្ត​កោះកុង​ចុះ​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ក្រុម​ការងារ​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចុះ​ត្រួត​ពិនិត្យ​ និង​សិក្សា​ទីតាំង​ដី​ស្នើ​សុំ​ដើម្បី​បែងចែក​ជូន​ប្រជា​ពលរដ្ឋ​ នៅ​ស្រុក​បទុម​សាគរ និង​ស្រុក​គីរីសាគរ។​

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង និយាយ​ជាមួយអ្នកសារព័ត៌មាន​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការបង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នា​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/​VOA)
លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង និយាយ​ជាមួយអ្នកសារព័ត៌មាន​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការបង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នា​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/​VOA)

អ្នកស្រី មិថុនា​ ​ភូថង​ អភិបាល​ខេត្ត​កោះកុង​ ដែល​ជា​ប្រធាន​ក្រុម​ការងារ​នោះ ​មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ ​អាជ្ញាធរ​ខេត្ត​កំពុង​ប្រមូល​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នេះ។​ ​អ្នកស្រី​បាន​បន្ត​ថា​ ការ​ចរចា​រវាង​ប្រជាពលរដ្ឋ​ ​ក្រុមហ៊ុន​ ​និង​អាជ្ញាធរនឹង​កើត​មាន​ឡើង​ ​ក្រោយ​អាជ្ញាធរ​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់។​

«អានេះ​យ៉ាងម៉េច​គឺ​លើ​ជាក់​ស្តែង​ ទៅលើ​ជាក់​ស្តែង​ក្នុង​ការ​ចរចា​អូន។​ អត់​មាន​យ៉ាង​ម៉េច​ទៀត​ ក្រៅ​ពីចរចា​ និង​សួរ​ព័ត៌មាន​គ្នា​ទៅវិញ​ទៅមក»។​

គម្រោង​សាង​សង់​ទីក្រុង​ទេសចរណ៍​របស់​ក្រុមហ៊ុន​ UDG ​នេះ​ ​អាច​នឹង​ប្រើ​ពេល​២៥​ឆ្នាំ​ដើម្បី​បញ្ចប់​គម្រោង។​ ​ទីក្រុង​នេះ​ ប្រសិន​បើ​សាងសង់​រួច​ នឹង​មាន​វាល​ព្រលាន​យន្តហោះ​ ​មណ្ឌល​ពាណិជ្ជ​កម្ម​ កំពង់​ផែ​ និង​ទីកន្លែង​កម្សាន្ត​ផ្សេង​ទៀត​ ដូច​ជា​កន្លែង​វាយ​កូន​គោល​ជាដើម។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ខេត្ត​កោះកុង​ កាល​ពី​ពេល​កន្លង​មក។​

លោក​ អ៊ិន គង់ជិត​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ​ប្រជា​ពលរដ្ឋ​ច្រើន​នាក់​ទៀត​ក៏​កំពុង​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​ដីធ្លី​ពី​ក្រុម​ហ៊ុនក្នុងស្រុក​ផ្សេងទៀតរបស់សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ឧកញ៉ា លី យ៉ុងផាត់៕

XS
SM
MD
LG