ជនជាតិខ្មែររស់នៅក្នុងសហរដ្ឋអាមេរិកប្រហែល ៥០ នាក់ គ្រោងត្រូវបានគេបញ្ជូនចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសកម្ពុជាកាលពីថ្ងៃចន្ទកន្លងទៅនេះ។ នេះបើយោងតាមឯកសារសំណុំរឿងរបស់តុលាការ។
អ្នកដែលត្រូវគេគ្រោងនឹងបញ្ជូនចេញនោះ ភាគច្រើនជាជនភៀសខ្លួនកុមារដែលភៀសខ្លួនពីប្រទេសកម្ពុជាមកកាន់សហរដ្ឋអាមេរិក ក្នុងអំឡុងពេល និងក្រោយសម័យខ្មែរក្រហមនៅក្នុងទសវត្សរ៍ ១៩៧០ ប៉ុន្តែពួកគេមិនដែលទទួលបានសញ្ជាតិអាមេរិកាំងនោះទេ។
នៅក្នុងពាក្យបណ្ដឹងតាងនាមឲ្យក្រុមទាំងមូល មេធាវីរបស់ជនជាតិខ្មែរទាំងនេះបានអះអាងថា កូនក្ដីរបស់ពួកគេនឹងរងគ្រោះនូវការឈឺចាប់ដែលមិនអាចរកអ្វីមកជំនួសបាន ប្រសិនបើពួកគេត្រូវត្រឡប់ទៅកាន់ប្រទេសកម្ពុជាដែលពួកគេភាគច្រើនសឹងតែមិនស្គាល់ផងនោះ។ មេធាវីទាំងនោះបានស្នើឲ្យតុលាការផ្ដល់ឱកាសដើម្បីធ្វើការសើរើសំណុំរឿងអន្តោប្រវេសន៍របស់ជនជាតិខ្មែរទាំងនេះឡើងវិញ ដូច្នេះពួកគេអាចប្ដឹងទៅតុលាការឧទ្ធរណ៍ទាក់ទិននឹងបទបញ្ជានិរទេសចេញទាំងនេះ។
អ្នកស្រី Jenny Zhao ដែលជាមេធាវីមួយរូបក្នុងសំណុំរឿងនេះ បានប្រាប់ VOA ថា៖ «ការប្រមូលផ្ដុំមនុស្សជាក្រុមបញ្ជូនចេញតាមយន្តហោះបែបនេះ មុនពេលតុលាការអាចស្ដាប់ករណីរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិកនេះ គឺជាការរំលោភលើសិទ្ធិរបស់ពួកគេ»។
អ្នកដែលត្រូវគេបញ្ជូនចេញភាគច្រើនបានកើតនៅក្នុងជំរំជនភៀសខ្លួនក្រៅប្រទេសកម្ពុជា ក្រោយពីឪពុកម្ដាយរបស់ពួកគេបានរត់គេចពីរបបខ្មែរក្រហម។
អ្នកស្រី Jenny Zhao បានបន្ថែមទៀតថា៖ «អ្នកខ្លះមិនដែលបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាពីមុនមកនោះទេ»។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកចៅក្រម Cormac Carney នៃតុលាការប្រចាំស្រុក Santa Ana រដ្ឋ California បានចេញនូវដីកាមួយបញ្ឈប់ជាបណ្ដោះអាសន្ននូវការនិរទេសអ្នកទាំងនេះចេញពីសហរដ្ឋអាមេរិក ពេលដែលនីត្យានុកូលភាពរបស់ពួកគេត្រូវបានពិនិត្យឡើងវិញនោះ។
ដីការបស់តុលាការនេះបានបញ្ជាក់ថា៖ «ដោយសារតែរដ្ឋាភិបាលអាមេរិកចង់ដកអ្នកដាក់ពាក្យបណ្ដឹងចេញយ៉ាងឆាប់រហ័សបែបនេះ តុលាការរកឃើញថា ដីកាបញ្ឈប់ការនិរទេសជាបណ្ដោះអាសន្ននេះគឺមានសារៈសំខាន់ក្នុងការផ្អាកជាបណ្ដោះអាសន្ននូវសំណុំរឿងនេះ រហូតទាល់តែតុលាការអាចធ្វើការពិចារណាបានត្រឹមត្រូវចំពោះបញ្ហាដ៏ស្មុគស្មាញដែលបង្ហាញឡើងនៅក្នុងពាក្យបណ្ដឹងនេះ»។
ឯកសាររបស់តុលាការបានបង្ហាញថា អ្នកដែលត្រូវគេបញ្ជូនចេញចំនួន ១ រយនាក់ ត្រូវបានគេចាប់ប្រមូលដាក់ឃុំតាំងពីខែតុលាមក ដោយការនិរទេសអ្នកទាំងនេះចេញគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍នេះ។
អ្នកស្រី Jenny Zhao បាននិយាយថា៖ «អ្នកទាំងនោះភាគច្រើនមានទំនាក់ទំនងគ្រួសារជិតស្និទ្ធជាមួយនឹងពលរដ្ឋអាមេរិកាំង។ ពួកគេបានរៀបការ និងមានកូនជាដើម។ ពួកគេភាគច្រើនជាអ្នកថែរក្សាឪពុកម្ដាយចាស់ជរារបស់ពួកគេ ហើយពួកគេមានសាច់ញាតិជាច្រើនដែលពឹងផ្អែកលើពួកគេ»។
មេធាវីសង្ឃឹមថា នៅពេលណាដែលមានការសម្រេចពីតុលាការលើរឿងនេះ ជនជាតិខ្មែរទាំងនេះអាចមានសេរីភាពដើម្បីរង់ចាំការប្ដឹងទៅតុលាការឧទ្ធរណ៍ពាក់ព័ន្ធនឹងបទបញ្ជានិរទេសពួកគេចេញនេះ។
អ្នកស្រី Christina Soh អ្នកនាំពាក្យរបស់អង្គការ Asian American Advancing Justice Asian Law Caucus ដែលមានមូលដ្ឋាននៅក្នុងទីក្រុង San Francisco បានប្រាប់សារព័ត៌មាន Phnom Penh Post កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា ដីកាបញ្ឈប់ការនិរទេសជាបណ្ដោះអាសន្ននេះ បានបញ្ឈប់យន្តហោះនៅក្នុងរដ្ឋ Texas ដែលគ្រោងដឹកមនុស្សមួយក្រុមចេញពីសហរដ្ឋអាមេរិកជារៀងរហូត។
លោក Bill Herod ស្ថាបនិកមជ្ឈមណ្ឌលជ្រោមជ្រែងការធ្វើសមាហរណកម្មរបស់ពលរដ្ឋខ្មែរដែលត្រូវគេបញ្ជូនពីសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្នុងទីក្រុងភ្នំពេញ បាននិយាយថា ប្រសិនបើជនជាតិខ្មែរទាំងនោះមានឱកាសតវ៉ារឿងក្ដីរបស់ពួកគេឡើងវិញ អ្នកទាំងនោះមួយចំនួនប្រហែលជាអាចនឹងឈ្នះក្នុងរឿងក្ដីនេះ។
លោក Bill Herod បាននិយាយយ៉ាងដូច្នេះថា៖ «ក្នុងករណីខ្លះ ខ្ញុំគិតថា មានបញ្ហាច្បាប់ច្របូកច្របល់នានាពាក់ព័ន្ធនៅក្នុងរឿងនេះ ហើយប្រសិនបើទុកពេលវេលាដល់ពួកគេ ក៏ដូចជាទុកពេលវេលាដល់មេធាវីរបស់ពួកគេឲ្យធ្វើការលើរឿងនេះ នោះពួកគេប្រហែលជានឹងទទួលបានលទ្ធផលផ្សេងពីនេះ»។
ទីភ្នាក់ងារគយ និងការពង្រឹងច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលហៅកាត់ថា ICE ធ្លាប់បានប្រាប់ VOA ថា មានជនជាតិខ្មែររស់នៅក្នុងសហរដ្ឋអាមេរិកជាង ១ ពាន់ ៩ រយនាក់ ដែលប្រឈមនឹងការបញ្ជូនចេញពី សហរដ្ឋអាមេរិកនៅក្នុងដីកាចុងក្រោយនេះ ដែលក្នុងនោះ មនុស្សចំនួន ១ ពាន់ ៤ រយ ១២ នាក់ មានទោសឧក្រិដ្ឋ។
ទោះបីជាសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានចរចាអំពីកិច្ចព្រមព្រៀងនិរទេសនេះនៅក្នុងឆ្នាំ ២០០២ ក៏ដោយ ក៏ប្រទេសកម្ពុជាមានប្រវត្តិមិនទទួលយកជនជាតិខ្មែរត្រឡប់ទៅវិញ ដោយធ្វើឲ្យសហរដ្ឋអាមេរិកចាត់ប្រទេសកម្ពុជាចូលក្នុងបញ្ជីប្រទេស «រឹងរូស» ។ ករណីនេះបានធ្វើឲ្យអ្នកជាប់ទោសភាគច្រើនស្ថិតនៅក្នុងភាពមិនច្បាស់លាស់ផ្នែកផ្លូវច្បាប់ ដោយសារតែពួកគេមិនបានដឹងថាតើពួកគេនឹងត្រូវបញ្ជូនចេញពីសហរដ្ឋអាមេរិក ឬក៏យ៉ាងណានោះទេ។ ចាប់តាំងពីឆ្នាំ ២០០២ មក ជនជាតិខ្មែរប្រហែល ៥ រយនាក់ ត្រូវបានសហរដ្ឋអាមេរិកបញ្ជូនត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។
កាលពីឆ្នាំមុន រដ្ឋាភិបាលកម្ពុជាបានឈប់ទទួលយកជនជាតិខ្មែរដែលត្រូវសហរដ្ឋអាមេរិកបញ្ជូនត្រឡប់ទៅវិញ ដោយសំអាងហេតុផលសិទ្ធិមនុស្ស។ ករណីនេះបានជំរុញឲ្យមានភាពតានតឹងផ្នែកការទូតជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែ កាលពីខែកញ្ញាកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានត្រឡប់មកគោរពពាក្យសន្យារបស់ខ្លួនឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់កំហិតទិដ្ឋាការមិនឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមួយចំនួនអាចធ្វើដំណើរចូលមកក្នុងសហរដ្ឋអាមេរិកបាន។
អង្គការ Southeast Asia Resource Action ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ថា ជនជាតិខ្មែរ ២ រយនាក់ នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ ២០១៨ ដែលកន្លងមក នេះជាក្រុមជនជាតិខ្មែរដ៏ច្រើនបំផុតដែលសហរដ្ឋអាមេរិកគ្រោងបញ្ជូនចេញនៅក្នុងអំឡុងពេលមួយឆ្នាំ។
អ្នករិះគន់កម្មវិធីនិរទេសមនុស្សនេះ បានអះអាងថា កម្មវិធីនេះបានបំបែកមនុស្សយ៉ាងសាហាវយង់ឃ្នងចេញពីក្រុមគ្រួសាររបស់ពួកគេជារៀងរហូត ដោយបញ្ជូនអ្នកទាំងនោះទៅកាន់ប្រទេសមួយដែលអ្នកទាំងនោះភាគច្រើនមិនដែលបានទៅ ឬក៏ស្គាល់បានបន្តិចបន្តួចតែប៉ុណ្ណោះ ទោះបីជាអ្នកទាំងនោះបានជាប់ទោសរួចមកហើយចំពោះបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តិក៏ដោយ។
VOA មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងអ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជាដើម្បីសុំយោបល់បានទេ។ សវនាការបន្តលើដីកាបញ្ឈប់ការនិរទេសជាបណ្ដោះអាសន្ននេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែមករា ខាងមុខនេះ៕
ប្រែសម្រួលដោយ ភី សុភាដា