បន្ទាប់ពីមានភាពស្ងប់ស្ងាត់នៃការជូនដំណឹងឲ្យប្រជាពលរដ្ឋចាកចេញពីអគារប៊ូលឌិញជាបណ្តោះអាសន្ន ក្រុមមន្ត្រីរដ្ឋាភិបាលបានចុះទៅពិនិត្យអគារនេះឡើងវិញ។ អ្នកការពារសិទ្ធិលំនៅដ្ឋានមានទុទិដ្ឋិនិយមថា អគារនេះនឹងមិនស្ថិតនៅយូរបានទេ។
ខណៈដែលក្រុមមន្ត្រីនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានចុះទៅពិនិត្យ អគារប៊ូលឌីល ឬ អគារស (White Building) នោះ ប្រជាពលរដ្ឋប្រកាន់ជំហរមិនព្រមចាកចេញពីអគារដ៏ចំណាស់នេះទេ ប្រសិនបើមិនមានការផ្តល់សំណងសមស្រប។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា ក្រុមមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទៅពិនិត្យសំណង់អគារប៊ូលឌិញនេះ តែលោកមិនទាន់អាចបញ្ជាក់ពីមូលហេតុនៅពីក្រោយការពិនិត្យអគារនេះទេ។ លោកគ្រាន់តែបញ្ជាក់ពីក្តីបារម្ភរបស់ក្រសួងចំពោះសភាពចាស់ទ្រុឌទ្រោមនៃអគារនេះ។ លោកនិយាយថា៖
«យើងមានការព្រួយបារម្ភ ទីមួយទៅលើសុវត្ថិភាព ដោយសារទី១ ជាវាអគារចាស់ដែលទ្រុឌទ្រោម ហើយទី២បញ្ហាសោភណ្ឌភាពរាជធានីភ្នំពេញ ក៏មិនសូវសមស្របក្នុងសម័យកាលដែលការអភិវឌ្ឍឈានឡើងរបស់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាយើង កំពុងតែងើបឡើងខ្លំាង ហើយសោភណ្ឌភាពផ្នែកសំណង់ហ្នឹងក៏មានទំនើបៗ អញ្ចឹងអគារហ្នឹងឃើញថា សោភណ្ឌភាពហ្នឹងមិនអាចទទួលយកបានសមស្របទេ»។
លោក សេង ឡូត បន្តថា រដ្ឋាភិបាលមានការបារម្ភផងដែរ ចំពោះបញ្ហាបរិស្ថាននៅក្នុងអគារដែលសង់ឡើងក្រោយសម័យអាណានិគមនិយមបារាំងមួយនេះ។
«ចំណុចទី៣ បញ្ហាបរិស្ថាននៃការរស់នៅក្នុងហ្នឹង។ អនាម័យ បរិស្ថាន គ្រប់បែបយ៉ាងឃើញថា មិនល្អ មិនសមស្រប។ ដូច្នេះក្រសួងពិនិត្យឃើញ ហើយមានការគិតថា ត្រូវរៀបចំតាមបែបណាមួយ ដោយមិនទាន់កំណត់ច្បាស់ថា ធ្វើបែបណាទេ ដើម្បីដោះស្រាយចំណុចខាងលើអម្បាញ់មិញ»។
លោក សេង ឡូត មិនផ្តល់ការអធិប្បាយចំពោះសំណួរទាក់ទិននឹងផែនការកែលម្អ ឬក៏ការវាយអគារនេះចោល ឬយ៉ាងណានោះ។
មន្ត្រីនៃសាលារាជធានីភ្នំពេញក៏បានចុះទៅពិនិត្យអគារប៊ូលឌិញនៅព្រឹកថ្ងៃសុក្រនេះជាមួយមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះ បើតាមការបញ្ជាក់ពីលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់។ លោកបានបដិសេធមិនអធិប្បាយបន្ថែមលើគោលបំណងនៃការពនិត្យអគារនេះទេ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ការចុះពិនិត្យអគារនេះមានការចូលរួមពីជនបរទេសមួយចំនួនផងដែរ។
កាលពីខែកក្កដា ឆ្នាំ២០១៥ អាជ្ញាធរក្នុងសង្កាត់ទនេ្លបាសាក់បានចេញសេចក្តីជូនដំណឹងប្រាប់ទៅប្រជាពលរដ្ឋដែលរស់នៅក្នុងអគារដែលបន្សល់ទុកតាំងពីទសវត្ស១៩៦០ថា អគារប៊ូលឌិញនេះមានសភាពចាស់ទ្រុឌទ្រោមគួរឲ្យព្រួយបារម្ភ។ អាជ្ញាធរក៏បានឲ្យដឹងបន្ថែមថា ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ដែលអាចកើតមានដោយសារការបាក់ស្រុតរលំនៃអគារនេះ ប្រជាពលរដ្ឋរស់នៅក្នុងអគារ ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរស់នៅរបស់ខ្លួន ឬចាកចេញពីអគារនេះជាបណ្តោះអាសន្ន។
ទោះបីជាមានការព្រមានបែបនេះក្តី ប្រជាពលរដ្ឋរស់នៅទីនោះភាគច្រើនមិនបានរើចាកចេញពីអគារនេះទេ។ លោក ឯល នី វ័យ៦៣ឆ្នាំ រស់នៅក្នុងបន្ទប់មួយនៃអគារនេះ បានប្រាប់ VOA ថា លោកមិនអាចចាកចេញ ឬក៏ទទួលការដោះដូរផ្ទះនោះឡើយ ហើយថា ប្រសិនបើចង់ឲ្យមានការចាកចេញ រដ្ឋាភិបាលត្រូវធ្វើការសម្របសម្រួលផ្តល់សំណងឲ្យសមរម្យសម្រាប់ការរើចេញ។
«ខ្ញុំអត់ចង់ឲ្យដោះដូរ ខ្ញុំចង់នៅតែកន្លែងហ្នឹងតែម្តង ព្រោះកន្លែងហ្នឹងខ្ញុំធ្លាប់នៅ៣០ឆ្នាំជាងហើយ។ ខ្ញុំដឹង។ ហើយម្យ៉ាងខ្ញុំ រកស៊ី ចិញ្ចឹមកូន ចិញ្ចឹមចៅ កំប៉ិកកំប៉ុកនៅក្បែរ ជិតផ្ទះ។ អញ្ចឹងបានជាដល់ពេលទៅឆ្ងាយទៅវាពិបាក»។
លោក ឯល នី មិនអាចឲ្យដឹងពីហេតុផលនៃការចុះមកពិនិត្យអគារប៊ូលឌិញ ដោយក្រុមមន្ត្រីរដ្ឋអំណាចនោះទេ តែប្រជាពលរដ្ឋ និងរូបលោកនឹងសាទរ ប្រសិនបើការចុះពិនិត្យនេះមានបំណងសិក្សារកវិធីជួសជុលអគារនេះឡើងវិញនោះ។
(ចុចមើលកម្រងរូបភាពនៃអគារប៊ូលឌិញ និងប្រជាពលរដ្ឋរស់នៅក្នុងអគារទាំងនេះ)
ប្រជាពលរដ្ឋរស់នៅអគារសនេះមួយរូបទៀតគឺអ្នកស្រី ចាន់ នឿន វ័យ៤៦ឆ្នាំ បានប្រាប់ VOA ថា ក្រុមគ្រួសាររបស់អ្នកស្រីក៏មិនចង់បានការផ្លាស់ប្តូរទីលំនៅ ទៅកាន់ទីតាំងថ្មីនោះដែរ។ អ្នកស្រីនិយាយថា រដ្ឋាភិបាលត្រូវពិចារណាលើការអភិវឌ្ឍនៅនឹងកន្លែង។
«ចិត្តខ្ញុំ បើសិនជាលោក ជា សុផារ៉ា [រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី] គាត់មានការចង់អភិវឌ្ឍ ទឹកដីប៊ូលឌិញហ្នឹង អគារប៊ូលឌិញហ្នឹងឲ្យបានល្អ សមរម្យជាងនេះទៅទៀត ខ្ញុំមានការសប្បាយចិត្តច្រើន ព្រោះអីខ្ញុំមិនចង់ចេញទៅណាឆ្ងាយពីទឹកដីកន្លែងហ្នឹងទេ ព្រោះកន្លែងហ្នឹង ខ្ញុំធ្លាប់រស់នៅ សាលារៀនកូនក៏ជិត ទីផ្សារក៏ជិតអញ្ចឹងណ៎ា»។
លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានសុំមិនធ្វើការអធិប្បាយលើការចុះទៅពិនិត្យអគារនេះទេ។
អ្នកជំនាញអង្គការយូណេស្កូ ធ្លាប់បានបញ្ជាក់កាលពីពេលកន្លងមកថា អង្គការយូណេស្កូបានធ្វើការជាមួយរដ្ឋាភិបាលក្នុងការរក្សាទុកនូវអគារដែលមានលក្ខណៈជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយនេះ។ អង្គការការពារសិទ្ធិលំនៅដ្ឋានក្នុងស្រុកមួយឈ្មោះ សមាគមធាងត្នោត ក៏បានបើកយុទ្ធនាការដើម្បីជួសជុល និងថែទាំអគារនេះផងដែរ។
លោក សៀ ភារម្យ នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានប្រាប់ VOA ថា លោកមិនទាន់ប្រាកដថា ការចុះទៅពិនិត្យអគារនេះនឹងផ្តល់លទ្ធផលយ៉ាងណាដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះទេ។ លោកនិយាយថា ប្រសិនបើរដ្ឋាភិបាលមានបំណងអភិវឌ្ឍតំបន់ប៊ូលឌិញមែននោះ ការពិគ្រោះយោបល់ជាសាធារណៈរវាងពលរដ្ឋ និងរដ្ឋអំណាចត្រូវតែរៀបចំឡើង ដើម្បីបញ្ចៀសវិវាទ ឬការបាត់បង់ផ្ទះសម្បែង ដូចដែលធ្លាប់កើតមានឡើងកន្លងមក នៅក្នុងសហគមន៍បុរីកីឡាជាដើម។
យ៉ាងណាក៏ដោយ លោកយល់ថា អគារប៊ូលឌិញនេះនឹងមិនអាចស្ថិតនៅបានយូរអង្វែងឡើយ ដោយហេតុថា រដ្ឋាភិបាលនឹងផ្តល់តម្លៃលើការអភិឌ្ឍថ្មីៗ ប្រសើរជាងរក្សាទុកសមិទ្ធិផលរបស់អ្នកគ្រប់គ្រងប្រទេសជំនាន់មុន។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរបាននាំយកពួកគេទៅពិនិត្យមើលផ្ទះសង់ថ្មី ដែលស្ថិតនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ។ សំណង់ផ្ទះដែលបានសង់នៅក្នុងតំបន់ជ្រោយចង្វា ត្រូវក្រុមប្រជាពលរដ្ឋរៀបរាប់ថា មានលក្ខណៈតូចចង្អៀត និងមិនអាចប្រកបរបរចិញ្ចឹមជីវិតបានទេ៕