ចៅក្រមស៊ើបសួរនៃតុលាការរាជធានីភ្នំពេញ នៅថ្ងៃអង្គារ បានចេញលិខិតហៅក្រុមមេធាវីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិឲ្យទៅចូលរួមនីតិវិធីសួរចម្លើយលោកកឹម សុខាក្នុងបន្ទប់សាកសួរនៃពន្ធនាគារត្រពាំងផ្លុង ពាក់ព័ន្ធនឹងដំណើររឿងក្បត់ជាតិ។ មេធាវីការពារក្តីឲ្យលោក កឹម សុខា លើកឡើងថា នីតិវិធីបើកការស៊ើបសួរក្នុងពន្ធនាគារនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ជនត្រូវចោទ និងប៉ះពាល់ដល់លទ្ធផលនៃការស៊ើបសួរ។
នៅចុងខែវិច្ឆិកានេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកការសួរចម្លើយប្រធានគណបក្សជំទាស់គឺលោក កឹម សុខា ក្នុងពន្ធនាគារត្រពាំងផ្លុង ជាទីដែលលោកត្រូវបានឃុំឃាំងពាក់ព័ន្ធនឹងការចោទពីបទក្បត់ជាតិ។ នេះបើយោងតាមលិខិតដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍។
លិខិតចុះថ្ងៃទី៧ខែវិច្ឆិកាដែលអញ្ជើញមេធាវីការពារក្តីឲ្យលោក កឹម សុខា ចេញដោយលោកចៅក្រមស៊ើបសួរគឺលោកគី ឬទ្ធីនោះ ត្រូវបានចែកចាយឲ្យក្រុមអ្នកសារព័ត៌មាននាថ្ងៃព្រហស្បតិ៍។ លិខិតនោះបញ្ជាក់ថា ក្រោយពីបានឃើញសំណុំឯកសាររបស់មេធាវីការពារសិទ្ធិឲ្យលោក កឹម សុខា រួមមានពាក្យសុំធ្វើជាតំណាងការពារក្តី និងពាក្យសុំថតចម្លងឯកសារនានា លោក គី ឬទ្ធី បានអញ្ជើញមេធាវីទាំងនោះទៅចូលរួមក្នុងនីតិវិធីសួរចម្លើយនៅពន្ធនាគារត្រពាំងផ្លុង។
លិខិតអញ្ជើញលោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវី៨រូបដែលការពារក្តីឲ្យកឹម សុខានោះ សរសេរក្នុងន័យដើមថា៖
«សូមអញ្ជើញលោក សំ សុគង់ ជាមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ កឹម សុខា មានការិយាល័យផ្ទះលេខ១៤CEo ផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅកាន់បន្ទប់សាកសួរនៃមណ្ឌលអប់រំកែប្រែទី៣ «ម៣ ខេត្តត្បូងឃ្មុំ» នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨:៣០នាទីព្រឹក ដើម្បីចូលរួមក្នុងនីតិវិធីសួរចម្លើយឈ្មោះ កឹម សុខា ពីដំណើររឿងសន្ទិដ្ឋិភាពជាមួយបរទេស»។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ចៅក្រមស៊ើបសួរបានហៅមេធាវីការពារក្តីឲ្យលោក កឹម សុខា ទាំង៨នាក់ ទៅចូលរួមនីតិវិធីសួរចម្លើយក្នុងពន្ធនាគារជាលើកដំបូង បន្ទាប់ពីលោក កឹម សុខា បានបដិសេធ មិនឆ្លើយដោយសារមិនទាន់មានមេធាវីកាលពីពេលកន្លងមក។ លោកបន្ថែមថា នីតិវិធីបើកការស៊ើបសួរក្នុងពន្ធនាគារបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្តីរបស់លោក និងប៉ះពាល់ដល់លទ្ធផលនៃការស៊ើបសួរ។
លោកបញ្ជាក់ថា៖
«ទីមួយ វាប៉ះពាល់សិទ្ធិរបស់ជនត្រូវចោទ ដែលសិទ្ធិរបស់ជនត្រូវចោទត្រូវតែមកឆ្លើយនៅចំពោះមុខចៅក្រមស៊ើបសួរ និងនៅក្នុងតុលាការដែលមានសមត្ថកិច្ច។ ចំណុចទី២ពាក់ព័ន្ធទៅនឹងសិទ្ធិរបស់មេធាវីការពារ ដែលនៅក្នុងពន្ធនាគារធ្វើឲ្យសិទ្ធិរបស់មេធាវីការពារហ្នឹងមានការប៉ះពាល់ ដោយសារក្នុងនោះគឺជាកន្លែងដែលមានសមត្ថកិច្ច ជាកន្លែងមានការឃុំឃាំង មានលក្ខណៈខុសពីនៅក្នុងតុលាការ ហើយវាធ្វើឲ្យការស្តាប់ ការការពារកូនក្តីនៅពេលសាកសួរហ្នឹងមានការលំបាក»។
លោក សំ សុគង់ បន្ថែមថា ក្រុមមេធាវីទាំង៨រូបនឹងពិភាក្សាគ្នាដើម្បីស្នើទៅចៅក្រមស៊ើបឲ្យនាំលោក កឹម សុខា មកសួរនៅតុលាការ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្តាលយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ដោយចោទលោកពីបទ«ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
កន្លងមកក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្តឹងទៅតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីសុំមោឃភាពការចាប់ឃុំខ្លួនលោក កឹម សុខា ដោយអះអាងថា ការចាប់ឃុំឃាំងតំណាងរាស្ត្រមណ្ឌលកំពង់ចាមដែលមានអភ័យឯកសិទ្ធិសភាទាំងកណ្តាលយប់គឺជាអំពើខុសច្បាប់កំពូលរបស់កម្ពុជា។ ទោះជាយ៉ាងណា បណ្តឹងរបស់ពួកគេត្រូវបានតុលាការទាំងនោះច្រានចោល។
សវនាការនៅតុលាការគ្រប់ជាន់ថ្នាក់ទាំងអស់សម្រាប់បណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងសុំមោឃភាពនីតិវិធីនៃការចាប់ឃុំខ្លួនលោក កឹម សុខានោះ មិនមានវត្តមានរបស់លោក កឹម សុខា ចូលរួមនោះទេ។ មន្ត្រីតុលាការកម្ពុជាធ្លាប់បញ្ជាក់កន្លងមកថា ការមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារទៅចូលរួមសវនាការនៅតុលាការ គឺដោយសារបារម្ភពីសន្តិសុខ និងសុវត្ថិភាពរបស់លោក។
លោក សុក សំអឿន អ្នកច្បាប់ និងជាមេធាវីជើងចាស់មួយរូប លើកឡើងថា ការសួរចម្លើយជនត្រូវចោទអាចធ្វើឡើងបានទាំងក្នុងតុលាការ និងនៅពន្ធនាគារ ទៅតាមការសម្រេចរបស់ចៅក្រមស៊ើបសួរ។
លោកមានប្រសាសន៍ថា៖
«ស៊ីសងចៅក្រមស៊ើបសួរគាត់យល់ថា ស្រួល ឬអត់។ បើសិនជាគាត់ពិបាកដឹក ពិបាកអី គាត់ទៅខ្លួនឯង។ ច្បាប់មិនមានចែងថា យ៉ាងម៉េចទេ សំខាន់គឺងាយស្រួលក្នុងការធ្វើដំណើររបស់ចៅក្រម ឬក៏ការដឹករបស់ជនត្រូវចោទវាពិបាក អាហ្នឹងគាត់ទៅខ្លួនឯង។ វាមិនសំខាន់រឿងថា ធ្វើនៅឯណាទេ។ ចំណែកសវនាការ ទាល់តែធ្វើនៅតុលាការ»។
ក្រោយការចាប់ខ្លួនលោក កឹម សុខា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈក្រសួងមហាផ្ទៃ កាលពីដើមខែតុលា បានដាក់បណ្តឹងទៅតុលាការកំពូល ប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សនេះឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ ភ្លាមៗនោះ តុលាការកំពូលបានចេញចំណាត់ការ និងប្រកាសយកថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីបើកសវនាការលើបណ្តឹងរំលាយគណបក្សប្រឆាំង ដែលមានប្រជាពលរដ្ឋគាំទ្រជាង៤០ភាគរយ នៅទូទាំងប្រទេសនេះ។
ចាប់តាំងពីមានការចាប់ខ្លួនលោក កឹម សុខា និងការត្រៀមរំលាយគណបក្សប្រឆាំងដែលគេដឹងថា ជាគូប្រជែងនយោបាយដ៏ធំរបស់គណបក្សកាន់អំណាច នោះ អង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើនបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ពួកគេបានបង្ហាញពីការបារម្ភថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឈានទៅរកភាពខ្ទេចខ្ទី ហើយថា ការរំលាយគណបក្សប្រឆាំងនឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតក្នុងឆ្នាំ ២០១៨ ខាងមុខ៕