សភាសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះបានប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការថាលោក Donald Trump បានឈ្នះអ្នកស្រីអនុប្រធានាធិបតី Kamala Harris នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ នេះគឺជាដំណើរការឆ្ពោះទៅរកការស្បថចូលកាន់តំណែងរបស់លោក Trump នៅពីរសប្តាហ៍ខាងមុខ ដែលជាការកាន់តំណែងរយៈពេល៤ឆ្នាំទៀតក្នុងសេតវិមានដែលមិនជាប់គ្នានៅអាណត្តិទី២។
ក្រោមច្បាប់របស់សហរដ្ឋអាមេរិក អនុប្រធានាធិបតីចូលរួមធ្វើជាអធិបតីក្នុងការរាប់លទ្ធផលឆ្នោតអង្គបោះឆ្នោតពីរដ្ឋចំនួន៥០ ប៉ុន្តែលើកនេះអ្នកស្រី Harris ក្នុងនាមជាអនុប្រធានាធិបតីមានតួនាទីទទួលស្គាល់ជាផ្លូវការនូវការចាញ់ឆ្នោតរបស់អ្នកស្រីផ្ទាល់។
បួនឆ្នាំបន្ទាប់ពីលោក Trump ព្យាយាមសើរើលទ្ធផលឆ្នោតឆ្នាំ២០២០ដែលលោកចាញ់លោក Joe Biden ហើយពួកអ្នកគាំទ្រលោក Trump បានលុកលុយវិមានសភាជាតិអាមេរិកដើម្បីរារាំងការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការចំពោះជ័យជម្នះរបស់លោក Bidenនោះ ការប្រកាសលទ្ធផលឆ្នោតឆ្នោតជាផ្លូវការនៅថ្ងៃចន្ទនេះធ្វើឡើងប្រកបដោយភាពរលូន មិនមានមហន្តរាយអ្វីនោះទេ។
អ្នកស្រី Harris បានថ្លែងក្នុងសារជាវីដេអូមួយនៅមុនព្រឹត្តិការណ៍នេះដោយពណ៌នាតួនាទីរបស់អ្នកស្រីថាជា «កាតព្វកិច្ចសំខាន់មួយ» ដើម្បីធានាដល់ការផ្ទេរអំណាចប្រកបដោយសន្តិវិធី។
អ្នកស្រីបានថ្លែងថា៖«ដូចអ្វីដែលយើងបានឃើញហើយថា លទ្ធិប្រជាធិបតេយ្យរបស់យើងមានភាពផុយស្រួយ។ វាអាស្រ័យទៅលើយើងម្នាក់ៗក្នុងការក្រោកឈរឡើងការពារគោលការណ៍ដែលយើងទាំងអស់គ្នាស្រឡាញ់បំផុត»៕
អ្នកស្រីបានបញ្ជូនឯកសារដែលបញ្ជាក់ជាផ្លូវការនូវលទ្ធផលឆ្នោតពីរដ្ឋនីមួយៗទៅកាន់មន្ត្រីតាក់តែងច្បាប់ចំនួន៤រូបដែលអានលទ្ធផលដែលយើងដឹងជាយូរមកហើយថា លោក Trump បានឈ្នះអ្នកស្រី Harris ដោយទទួលបានអង្គបោះឆ្នោត ៣១២ប្រតិភូ ធៀបនឹង ២២៦ ប្រតិភូដែលអ្នកស្រី Harris ទទួលបាន៕
វេទិកាបញ្ចេញមតិ