ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ ​មន្ត្រីជាន់​ខ្ពស់​​​បក្ស​ប្រឆាំង​ជាង​​១០០នាក់ នឹង​ត្រូវ​ហាមឃាត់​ធ្វើ​​នយោបាយ​៥ឆ្នាំ


រូបឯកសារ៖⁣ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)
រូបឯកសារ៖⁣ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សៅរ៍​ បាន​អះអាង​ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០នាក់ ​នឹង​ត្រូវហាមឃាត់ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ នៅ​ពេល​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​រំលាយនា​ពេល​ខាងមុខ។​

ការ​ថ្លែង​បែប​នេះ​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​រិះគន់​ទៅលើ​ការ​អំពាវនាវ​របស់​លោក ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​នៅថ្នាក់​ក្រោម​ជាតិ​ ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តំណែង​របស់​ពួកគេ​នៅ​ដដែល។​

លោក​ ហ៊ុន សែន បាន​ថ្លែង​ពី​ផ្ទះ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​រំលាយនៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ដូច​ការ​កំណត់​របស់តុលាការ​កំពូល។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​លោក ហ៊ុន សែន មិន​ហ៊ាន លោក​ ហ៊ុន សែន ច្បាស់​ជា​នឹង​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​មហាផ្ទៃ ដក​ពាក្យ​បណ្ដឹង​ចេញ​ពី​តុលាការ​បាត់​ទៅ​ហើយ។ ប៉ុន្តែ ​យើង​បន្ត​ដំណើរ​ដាក់​ពាក្យ​បណ្ដឹង ហើយ​កំណត់​ដោយ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។ មេធាវី​របស់​យើង បាន​ប្រុង​ប្រៀប​ខ្លួន​ហើយ​ស្រេច ដើម្បី​នឹង​ធ្វើ​ការ​ទាមទារ​នូវ​អ្វី​ដែល​ចាំបាច់​ត្រូវ​ទាមទារ ទាក់ទិន​នឹង​ការ​រំលាយ​បក្ស​នយោបាយ​ចោល និង​ទាំង​ការ​កាត់​សិទ្ធិ​នយោបាយនៃ​គណៈ​អចិន្ត្រៃយ៍ និង​គណៈ​នាយក»។

លោក​បាន​ថ្លែង​បន្តថា៖ «មិន​មែន​គ្រាន់​តែ​រំលាយ​គណបក្ស​មួយ​ចប់​ប៉ុណ្ណឹង​ទេ។ ប្រហែល​ជា​មាន​មនុស្ស​ជាង​១០០​នាក់ នឹង​ត្រូវ​បាន​ហាមឃាត់​ពី​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ»។

លោក ហ៊ុន សែន បាន​បន្ថែម​ថា ការ​អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​អស់​ចុះ​ចូល​គណបក្ស​កាន់​អំណាច​នា​ពេល​នេះ គឺ​ជា​ការ​ផ្ដល់​ឱកាស​ដល់​ពួកគេ ដើម្បី​បន្ត​បម្រើ​ប្រជាពលរដ្ឋ​តទៅ​ទៀត។ ជាមួយ​គ្នា​នេះ លោក​បាន​បញ្ជាក់​ថា អ្នក​នយោបាយ​បក្ស​ប្រឆាំង​សរុប​ប្រមាណ​១១២​នាក់ នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ ក្នុង​នោះ​មាន​តំណាង​រាស្ត្រ​ស្ទើរ​តែ​ទាំងអស់។

លោក ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ថា៖ «ប្រសិន​បើ​បង​ប្អូន​បន្ត​ជឿ​ចំពោះ​មេ​បក្ស ក៏​សូម​អញ្ជើញ​ជឿ​ទៅ​ទៀត​ចុះ ខ្ញុំ​មិន​ហាម​ឃាត់​ទេ តែ​បង​ប្អូន ខ្ញុំ​អាច​ហ៊ាន​ដាក់​ជីវិត ដើម្បី​ជំនួស​តើ​កម្រិត​ដល់​ថ្នាក់​ចាប់​មេ​បក្ស​ម៉ោង​១២​យប់ ដើម្បី​វាយ​ខ្នោះ​ហើយ​នោះ តើ​សភាពការណ៍​វា​ធ្ងន់ធ្ងរ​ដល់​កម្រិត​ប៉ុណ្ណា?»

រូបឯកសារ៖ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សជំទាស់ កំពុងថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សជំទាស់ កំពុងថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)

តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ ដែល​កំពុង​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស បាន​ចាត់​ទុក​ថា​ គម្រោង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ និង​ការ​ហាមឃាត់​មន្ត្រី​ធ្វើ​នយោបាយ ជា​ការ​បែកបាក់​ជាតិ​ដ៏​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា​ គណបក្ស​ នឹង​ប្រជុំ​ពិភាក្សា ហើយ​រក​ដំណោះស្រាយ ដោយ​សង្ឃឹម​ថា គណបក្ស​របស់​លោក​ នឹង​អាច​ចូលរួម​ការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ២០១៨​ខាង​មុខ។​

លោក​ សុន ឆ័យ មាន​ប្រសាសន៍​ថា៖​«ការ​ធ្វើ​នេះ​ជា​ការ​បាក់បែក​ជាតិ​ធ្ងន់ធ្ងរ​ណាស់។ ហើយ​វា​ជា​ការ​វិល​ត្រឡប់​នូវ​ប្រវត្តិសាស្ត្រ​អាក្រក់​របស់​ប្រទេស​កម្ពុជា​យើង ដែល​អ្នក​នយោបាយ​ ត្រូវ​តែ​ធ្វើ​ការបញ្ចៀស​ ពិចារណា ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ»។

ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​កាលពី​ខែ​មិថុនា​កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​ ​ដណ្ដើម​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​៥០០៧ ​និង​ទទួល​បាន​តំណែង​ជា​មេឃុំ-ចៅ​សង្កាត់​ចំនួន​៤៨៩ ​ក្នុង​ចំណោម ​១៦៤៦​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស ​និង​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៣​លាន​សំឡេង។

លោក មាស នី អ្នកវិភាគ​នយោបាយ​ មាន​ប្រសាសន៍​ថា ប្រសិន​បើ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បំបាត់​សិទ្ធិ​នយោបាយ​របស់​អ្នក​នយោបាយ​ នោះ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល នឹង​ត្រូវ​បាន​ចោទ​ជា​សំណួរ​ក្នុង​ថ្នាក់​ជាតិ និង​អន្តរជាតិ។​

លោក​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ តាមរយៈ​គំនាប​សហគមន៍​អន្តរជាតិ ប្រសិន​បើ​ប្រទេស​នេះ ​ដើរ​លើ​ផ្លូវ​ដ៏​គ្រោះ​ថ្នាក់​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ប្រើ​ច្បាប់​ដើម្បី​បង្ខំ​រំលាយ​គណបក្សដែល​មាន​មនុស្សស្ទើរ​តែ​ពាក់​កណ្ដាល​ប្រទេស​គាំទ្រ។ បើ​សិន​ជា​ពលរដ្ឋ​ទាំងអស់​នោះ គេ​នៅ​តែ​ប្រកាន់​ថា ដោយ​សារ​គណបក្ស​របស់​គេ​ បានត្រូវ​រំលាយ​ដោយ​អយុត្តិធម៌ សម្រាប់​ខ្លួន​គេ​ អា​ហ្នឹង​គេ​នឹង​មិន​ទៅ​បោះ​ឆ្នោត»។​

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា កាល​ពី​ខែ​កញ្ញា ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ក្បត់ជាតិ តាម​រយៈ​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ និង​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​ ​ ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន និង​សហគមន៍​អន្តរជាតិ ​រួមមាន​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ​ហើយ​និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ជាដើម​ ​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។ ពួកគេ​បាន​បង្ហាញ​ពី​ការ​បារម្ភ​ថា ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។​

សភា​អឺរ៉ុប ក៏​បានព្រមាន​ផ្ដាច់​ជំនួយ ​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម ដោយសារ​ការ​ធ្លាក់​ដុនដាប​នៃ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ចំណែក​សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ ​ក៏​បាន​ព្រមាន​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ និង​បាន​ដាក់​ឱសានវាទ ​ឲ្យ​មានការ​ដោះលែង​លោក​ ​កឹម សុខា​ ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​ ​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា​ ​ពួកគេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​ណា​មួយ​របស់​បរទេស​នោះ​ទេ៕

XS
SM
MD
LG